ប្រទេស​ម៉ាឡេស៊ី​គឺជា​គោលដៅ​ទេសចរណ៍​វេជ្ជសាស្ត្រ​លំដាប់​កំពូល​មួយ​នៅក្នុង​តំបន់​អាស៊ាន ទោះបី​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ​១៩​ក្តី​។

កាលពី​ឆ្នាំមុន​មាន​ជនបរទេស​ប្រមាណ​ ១,៣ ​លាន​នាក់​បានមក​កាន់​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ស្វែងរក​ការព្យាបាល និង​ថែទាំ​សុខភាព​ធៀប​នឹង​ ១,២ ​លាន​នាក់​នៅក្នុង​ឆ្នាំ​ ២០១៨ ដែល​វា​គឺជា​សក្ខីភាព​មួយ​បញ្ជាក់​យ៉ាងច្បាស់​អំពី​សមត្ថភាព​របស់​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ការផ្តល់​សេវាកម្ម​វេជ្ជសាស្ត្រ​ដែលមាន​គុណភាព​ខ្ពស់ និង​បាន​ធ្វើ​ឱ្យ​អ្នកស្វែងរក​សេវា​ព្យាបាល​ដែល​ជា​ជនបរទេស​កាន់តែ​មាន​ទំនុកចិត្ត​ខ្លាំង​ឡើង​។

ការផ្ទុះ​ឡើង​ជំងឺ​កូវីដ​១៩ អាច​ផ្លាស់ប្តូរ​ដំណើរការ​ព្យាបាល​ និង​ថែទាំ​សុខភាព​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​វេជ្ជសាស្ត្រ​នៅ​ទូទាំង​ពិភពលោក ខណៈ​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ត្រូវបាន​រឹតបន្តឹង ហើយ​ប្រទេស​ម៉ាឡេស៊ី​ក៏​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត​មួយ​នេះដែរ​។

ទោះយ៉ាងណា​ដោយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ថែទាំ​វេជ្ជសាស្ត្រ​លំដាប់​ពិភពលោក ជាមួយ​នឹង​តម្លៃ​សមរម្យ​រួម​នឹង​មន្ទីរពេទ្យ​ស្តង់ដា​អន្តរជាតិ និង​មាន​បុគ្គលិក​សុខាភិបាល​ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាងស្ទាត់​ជំនាញ បាន​ធ្វើឱ្យ​ប្រទេស​ម៉ាឡេស៊ី​ក្លាយ​ជា​គោលដៅ​ព្យាបាល​ និង​ថែទាំ​សុខភាព​ដ៏សំខាន់​មួយ​សម្រាប់​អ្នកជំងឺ​ទាំង​នៅក្នុង​តំបន់ និង​មកពី​ជុំវិញ​ពិភពលោក​។

មន្ទីរពេទ្យ​ឯកជន​ប្រមាណ​ ៧៦ ​គាំទ្រ​វិស័យ​ទេសចរណ៍​វេជ្ជសាស្ត្រ​ដោយ​ផ្តល់ជូន​នូវ​ការព្យាបាល​ជាច្រើន​ប្រភេទ​ដូចជា​ការបង្ក​កំណើត​រោគ​ក្រពះ​ពោះវៀន សុខភាព​មាត់​ធ្មេញ ប្រព័ន្ធ​ប្រសាទ ថត​ឆ្លុះ​ជំងឺ​ទូទៅ​គ្រប់​ប្រភេទ ជំងឺ​បេះដូង មហារីក និង​ការព្យាបាល​ជំងឺ​ផ្សេងៗ​ជាច្រើន​មុខ​ទៀត​។

លោកស្រី Sherene Azli

លោកស្រី Sherene Azli អគ្គនាយក​ក្រុមប្រឹក្សា​ទេសចរណ៍​សុខភាព​ម៉ាឡេស៊ី (MHTC) មាន​ប្រសាសន៍​ថា​៖ «​អ្នកជំងឺ​មកពី​ជុំវិញ​ពិភពលោក​ត្រូវបាន​ស្វាគមន៍​មកកាន់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ សម្រាប់​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​»​។

«​ម៉ាឡេស៊ី​គឺជា​គោលដៅ​ទេសចរណ៍​វេជ្ជសាស្ត្រ​លំដាប់​កំពូល ដោយសារ​តែ​គុណភាព​លំដាប់ថ្នាក់​ពិភពលោក​ភាព​ងាយស្រួល​ក្នុង​ការទទួល​សេវា​ព្យាបាល និង​មាន​តម្លៃ​សមរម្យ​។ យើង​មាន​មន្ទីរពេទ្យ​សម្រាប់​បម្រើ​សេវាកម្ម​វេជ្ជសាស្ត្រ​ល្អ​បំផុត​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើបៗ និង​មាន​អ្នកជំនាញ​វេជ្ជសាស្ត្រ​ដ៏សម្បូរបែប ដើម្បី​ផ្តល់ជូន​ការព្យាបាល​ និង​ថែទាំ​សុខភាព​អ្នកជំងឺ​ល្អ​បំផុត​»​។

«​ទន្ទឹមនឹង​ការផ្តល់​ជូន​ការពិគ្រោះ​យោបល់​ផ្នែក​វេជ្ជសាស្ត្រ​ដ៏ល្អ​វិស័យ​សុខាភិបាល​ម៉ាឡេស៊ី​ក៏​ជួយ​សម្រួល​ដល់​ការធ្វើ​ដំណើរ​របស់​ជំងឺ​ឱ្យមាន​ដំណើរការ​ទៅ​ដោយ​រលូន​ផងដែរ​»​។

លោកស្រី Sherene ថ្លែងថា​៖ «​នេះ​រួមបញ្ចូល​ទាំង​ការស្វាគមន៍​អ្នកដំណើរ​ស្វែងរក​សេវា​វេជ្ជសាស្ត្រ​នៅឯ​ព្រលាន​យន្តហោះ ជួយ​សម្រួល​គ្រប់​ជំហាន​នៃ​ការធ្វើដំណើរ​រហូត​ដល់​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​»​។

ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បានទទួល​ស្គាល់​ជា​គោលដៅ​ «Destination of the Year» ដោយ​ទិនានុប្បវត្តិ​វេជ្ជសាស្ត្រ​អន្តរជាតិ International Medical Travel Journal រយៈពេល​ ៣ ​ឆ្នាំ ពី​ឆ្នាំ​ ២០១៥ ដល់​ ២០១៧​។ ប្រទេស​ម៉ាឡេស៊ី​គឺជា​ទិសដៅ​សម្រាប់​ទេសចរណ៍​វេជ្ជសាស្ត្រ​លំដាប់​លេខ​ ១ ​ផ្អែកលើ​បរិមាណ​។ នេះ​បើ​យោងតាម​របាយការណ៍​ទីផ្សារ​ពិភពលោក​ឆ្នាំ​ ២០១៨ ដែល​ផលិត​ដោយ​ស្ថាប័ន Laing Buisson​។

«​យើង​ក៏មាន​អ្នកជំនាញ​ខាង​ថែទាំ​វេជ្ជសាស្ត្រ​ដែលមាន​បទពិសោធ​ខ្ពស់​ទាំង​ក្នុងស្រុក​ និង​អន្តរជាតិ ដែល​អាច​ផ្តល់​ការពិគ្រោះ​យោបល់​ និង​ការព្យាបាល​ដ៏ល្អ​ក្នុង​តម្លៃ​សមរម្យ​។ មិន​ថា អ្នកជំងឺ​ជ្រើសរើស​មន្ទីរពេទ្យ​ណាមួយ​ដើម្បី​ទទួល​ការព្យាបាល​គឺ​ពួកគេ​នឹង​ត្រូវបាន​ស្វាគមន៍​ពី​បុគ្គលិក​វេជ្ជសាស្ត្រ​ដែលមាន​សមត្ថភាព​ខ្ពស់​យ៉ាង​កក់ក្តៅ​»​។

លោកស្រី Sherene មាន​ប្រសាសន៍​ថា​៖ «​កន្លែង​ផ្តល់​សេវា​វេជ្ជសាស្ត្រ​ល្អ​បំផុត​ដែល​ប្រទេស​ម៉ាឡេស៊ី​មាន​បាន​ធ្វើ​ម៉ាឡេស៊ី​ក្លាយជា​គោលដៅ​ព្យាបាល​ និង​ថែទាំ​សុខភាព​ដ៏ទាក់ទាញ​សម្រាប់​ជនបរទេស​ដែល​កំពុង​ស្វែងរក​ការព្យាបាល​ជំងឺ​ជាច្រើន​ប្រភេទ​ប្រកប​ដោយ​សុវត្ថិភាព អាច​ជឿ​ទុកចិត្ត​បាន និង​មាន​គុណភាព​ខ្ពស់​»​។

លោកស្រី​បន្តថា​៖ «​យើង​ស្វាគមន៍​អ្នកជំងឺ​មកពី​ជុំវិញ​ពិភពលោក​ចូលមក​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ទទួល​ការព្យាបាល​។ ទោះជា​យ៉ាងណា​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ បច្ចុប្បន្ន MHTC បានដាក់​បញ្ចូល​នូវ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា (SOPs) ដ៏ហ្មត់ចត់ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រជាជន​ម៉ាឡេស៊ី និង​អ្នកជំងឺ​ដែល​ជា​ជនបរទេស​»​។

ប្រព័ន្ធ​ថែទាំ​វេជ្ជសាស្ត្រ​របស់​ប្រទេស​ម៉ាឡេស៊ី​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ដោយ​ទស្សនាវដ្តី International Living ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ក្នុង​នាម​ជា​ប្រទេស​ដែលមាន​ «​សេវា​វេជ្ជសាស្ត្រ​ល្អ​បំផុត​នៅលើ​ពិភពលោក​» ដោយ​ផ្អែក​លើ​សន្ទស្សន៍ Global Retirement Index ចាប់ពី​ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ​ ២០១៩ ។

អ្នកដំណើរ​ស្វែងរក​ការព្យាបាល​ និង​ថែទាំ​សុខភាព នឹង​កាន់​តែ​មាន​ភាពងាយស្រួល​ក្នុង​ការប្រាស្រ័យ​ទាក់ទង ពីព្រោះ​បុគ្គលិក​វេជ្ជសាស្ត្រ​ម៉ាឡេស៊ី​អាច​និយាយ​បាន​ច្រើន​ភាសា​ក្នុង​នោះ​មាន​ភាសា​អង់គ្លេស ភាសា​ម៉ាឡេ ភាសា​ចិន និង​ភាសា​ឥណ្ឌា​ជាដើម ខណៈ​ការរៀបចំ​សម្រាប់​អ្នកបកប្រែ​គឺ​កាន់តែ​មាន​ភាពងាយស្រួល​។

បន្ថែម​ពីលើ​ការផ្តល់​សេវា​វេជ្ជសាស្ត្រ​លំដាប់​ពិភពលោក​មាន​ភាពងាយស្រួល និង​តម្លៃ​សមរម្យ ហើយ​នោះ​ប្រទេស​ម៉ាឡេស៊ី​ក៏បាន​វិនិយោគ​យ៉ាងច្រើន​ទៅលើ​ការនាំ​យក​បច្ចេកវិទ្យា​ថ្មីៗ​មកកាន់​មន្ទីរពេទ្យ​របស់​ខ្លួន ដើម្បីឱ្យ​ពួកគេ​អាច​បន្ត​ផ្តល់​ការព្យាបាល​ដល់​អ្នកជំងឺ​អន្តរជាតិ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​។

ប្រទេស​ម៉ាឡេស៊ី​បាន​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​វេជ្ជសាស្ត្រ​កំពូល​មួយ​នៅក្នុង​តំបន់ ដែល​កំពុង​មាន​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​មួយ​ចំនួន​ដូចជា ប្រទេស​ថៃ ឥណ្ឌូនេស៊ី និង​ប្រទេស​ហ្វីលីពីន​ជាដើម​៕