ខណៈ​ដែល​ក្រុមហ៊ុន Ford, General Motors និង​សូម្បីតែ​ក្រុម Formula 1 បាន​បង្វែរ​អ្នកជំនាញ​របស់​ពួកគេ​ឲ្យ​មក​ផលិត​ម៉ាស៊ីន​ជំនួយ​ការដក​ដង្ហើម អំឡុង​ការផ្ទុះឡើង​ជំងឺ Covid-19 នេះ​ក្រុម​វិស្វករ​កម្ពុជា​មួយក្រុម​ក៏​កំពុង​បំពេញភារកិច្ច​របស់​ពួកគេ​ដូចគ្នា​ដែរ​។

លោក Allen Dodgson Tan នាយក​គម្រោង​បច្ចេកវិទ្យា​អនុវត្ត​នៃ​មូលនិធិ Golden West Humanitarian Foundation (GWHF) បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​បច្ចុប្បន្ន​មន្ទីរ ពិសោធន៍ Design Lab របស់ខ្លួន​កំពុង​ប្រើ​ម៉ាស៊ីនបោះពុម្ព 3D ដើម្បី​ផលិត​របាំងមុខ​សម្រាប់​បុគ្គលិក​វេជ្ជសាស្ត្រ និង​ធ្វើតេស្ត​ម៉ាស៊ីន​ជំនួយ ការដកដង្ហើម​ដែល​មាន​តម្លៃ​ទាប​សម្រាប់​អ្នក​ដែល​ឆ្លង​វីរុស​នេះ​។

លោក Tan ថ្លែងថា​៖ «​តម្លៃ​ផលិត​ចំណាយ​ត្រឹមតែ​ ១០០ ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ ១ ​គ្រឿង​ដោយ​បច្ចុប្បន្ន​ម៉ាស៊ីន​ជំនួយការ​ដកដង្ហើម (LIBV) កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ធ្វើតេស្ត​ក្នុង​គោលបំណង​ដោះស្រាយ​កង្វះ​ម៉ាស៊ីន​ជំនួយការ​ដកដង្ហើម​នៅ​ទូទាំង​ពិភពលោក​ហើយ​ជាពិសេស​គឺ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក គង់ ធារ៉ា អាយុ​ ២៤ ​ឆ្នាំ និង​សម្ព័ន្ធ​ដៃគូ​មកពី​សហរដ្ឋអាមេរិក និង​កម្ពុជា​រួមមាន​សាជីវកម្ម Cushbots Corporation (US), សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ Villanova និង J-Hook Co Ltd (Cambodia) បាន​រចនា​ម៉ាស៊ីន LIBV ។

លោក Tan ឲ្យ​ដឹងថា​៖ «​យើង​សង្ឃឹមថា​យើង​អាច​ចាប់ផ្តើម​ផលិត​វា​ក្នុង​រយៈពេល​ ២ ​ឬ​ ៣ ​សប្តាហ៍​ទៀត​។ ហើយ​យើង​ក៏​សង្ឃឹមថា ការរចនា​របស់​យើង​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃទៀត​ដែល​ធនធាន​មានកំណត់​»​។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក Patrick Murphy ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​ទីតាំង​នេះ​កាលពី​សប្តាហ៍​មុន​បាន​មាន​ប្រសាសន៍​ថា លោក​មាន​មោទនភាព​ដែល​បានឃើញ​ជនជាតិ​អាមេរិក និង​អង្គការ​អាមេរិក​ដើរតួនាទី​ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការបញ្ឈប់​វីរុស Covid-19 នេះ​។

ក្រុម​វិស្វករ​កំពុង​ផលិត​របាំងមុខ​សម្រាប់​បុគ្គលិក​វេជ្ជសាស្ត្រ​។

លោក​បន្ថែមថា កិច្ចខិតខំ​ប្រឹងប្រែង​នេះ​បង្ហាញ​អំពី​ភាពជា​ដៃគូ​យូរអង្វែង ហើយ​ភ្នាក់ងារ​សុខភាព​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​សមភាគី​កម្ពុជា​ដែល​កំពុង​ធ្វើការ​ជាមួយ​គ្នា​។

បន្ទប់ពិសោធន៍ Design Lab របស់ GWHF ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៣ ដែលជា​កន្លែង​បោះពុម្ព 3D ធំជាងគេ​នៅ​កម្ពុជា​។ GWHF ដែល​បាន​បង្កើត​កម្មវិធី​ឯកសារ​បណ្តុះបណ្តាល​ថ្នាក់ខ្ពស់​ស្តីពី​យុទ្ធភណ្ឌ (AOTM) បានទទួល​រង្វាន់​ផ្នែក​គំនិត​ច្នៃប្រឌិត​ថ្មី​ (Innovation Awards Honoree) ក្រោម​ប្រធានបទ​« បច្ចេកវិទ្យា​សម្រាប់​ពិភពលោក​កាន់តែ​ប្រសើរ​» ក្នុង​ពិព័រណ៍ Consumer Electronics Show ឆ្នាំ​ ២០១៦ នៅ​ទីក្រុង Las Vegas​។

វិស្វករ​ចំនួន​ ៨ ​នាក់​ត្រូវបាន​បែងចែក​ជា​ ២ ​ក្រុម​ដោយ​ ១ ​ក្រុម​មាន​ ៤ ​នាក់​កំពុង​ខិតខំ​ធ្វើការ​យ៉ាងសកម្ម​ក្នុង​ការផលិត​របាំង​មុខ​សម្រាប់​បុគ្គលិក​វេជ្ជសាស្ត្រ​ជួរមុខ​។ ពួកគេ​ផលិត​របាំងមុខ​បាន​ចំនួន​ ៥០ ​ក្នុង​ ១ ​ថ្ងៃ ហើយ​គ្រោង​នឹង​ផលិត​ឲ្យ​បាន​ចំនួន ៣ ០០០​។

វិស្វករ​វ័យក្មេង​ទាំងនេះ​បាន​ផ្លាស់ប្តូរ​វេន​គ្នា​ធ្វើការ​ក្នុង​ការផលិត​របាំងមុខ (២៤/៧) ដែល​នេះ​គឺជា​ការប្តេជ្ញាចិត្ត​មួយ​ដ៏អស្ចារ្យ​ពី​ក្រុម​វិស្វករ​ទាំងនេះ​។

លោក Tan លើកឡើង​ថា​៖ «​ចំពោះ​ថ្លៃ​ផលិត​គឺមាន​តម្លៃ​ ៣ ​ដុល្លារ​ក្នុង​មួយ​ឯកតា​រួមទាំង​កម្លាំង​ពលកម្ម សម្ភារ​និង​ពេលវេលា​ដំណើរការ​ម៉ាស៊ីន​។ នេះ​គឺ​មិន​រាប់បញ្ចូល​ការចំណាយ​លើ​ការគ្រប់គ្រង ឬ​ការជួល​អគារ​។

លោក Tan ដែលជា​ប្រធាន​ក្រុមប្រឹក្សា​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​ផងដែរ​នោះ​បាន​គូសបញ្ជាក់​ថា ឧបករណ៍​វេជ្ជសាស្ត្រ​នេះ​គឺ​ត្រូវបាន​ប្រើ​សម្រាប់​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ប៉ុណ្ណោះ​។

លោក​សង្កត់ធ្ងន់​ថា​៖ «​មាន​បុគ្គល​ និង​អ្នក​មកពី​ផ្នែក​ជាច្រើន​ទៀត​បាន​ព្យាយាម​ទិញ​របាំងមុខ​នេះ​ពី​យើង​សម្រាប់​ប្រើប្រាស់​ក្នុង​អាជីវកម្ម​លក្ខណៈ​ឯកជន​របស់​ពួកគេ និង​សម្រាប់​នាំ​ចេញទៅ​ក្រៅប្រទេស ប៉ុន្តែ​យើង​បាន​បដិសេធ​ភ្លាមៗ​។

លោក​ ម៉ុក តុងលី (Mork Tongly) អាយុ ២៥ ​ឆ្នាំ​ម្នាក់​ក្នុងចំណោម​ក្រុម​វិស្វករ​ដែល​កំពុងធ្វើការ​នៅ​ទីនោះ​បាន​និយាយថា ម៉ាស៊ីន​ទាំងនេះ​តូច ប៉ុន្តែ​វា​អនុញ្ញាត​ឲ្យ​យើង​ផលិត​របាំងមុខ​បាន​យ៉ាង​ល្អ​។ ពេលនេះ​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​ធ្វើការ និង​ជួយ​ប្រទេស​របស់ខ្ញុំ​ដោយ​ប្រើ​បច្ចេកវិទ្យា​»​។

លោក Tan បាន​ថ្លែងថា​ «​ម៉ាស៊ីន​បោះពុម្ព 3D អនុញ្ញាតឱ្យ​យើង​ផលិត​នូវ​ផលិតផល​ប្រកបដោយ​វិជ្ជាជីវៈ​។ គម្រោង​នេះ​បង្ហាញ​ពី​របៀប​ដែល​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ អាច​ផ្តល់​ដល់​សហគមន៍​ដើម្បី​ឲ្យ​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​»​។

ការធ្វើ​មូលដ្ឋាន​នីយកម្ម​នៃ​ផលិតកម្ម​គឺមាន​សារៈសំខាន់​សម្រាប់​សន្តិសុខ​ជាតិ ហើយ​យើង​មាន​កិត្តិយស​ដែល​អាច​ចូលរួម​ចំណែក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ទោះ​ក្នុង​បរិមាណ​តិចតួច​ក៏ដោយ​»៕