នៅពេល​និយាយ​អំពី​នាឡិកាដៃ ពិតណាស់​គឺ​មនុស្ស​ភាគច្រើន​តែង​គិត​អំពី​នាឡិការ​បស់​ប្រទេស​ស្វ៊ីស​ដ៏ល្បីល្បាញ​។ ទោះយ៉ាងណា​ក្តី ការគិត​បែបនេះ​អាច​នឹង​ផ្លាស់ប្តូរ​នាពេល​អនាគត ខណៈ​សហគ្រាស​កម្ពុជា ពេល​នះ​កំពុង​ផ្តោតលើ​ការបង្កើត ម៉ាកយីហោ ដែលមាន​គុណភាព​ខ្ពស់​ដំបូង​គេ​ទាំង​សម្រាប់​ទីផ្សារ​ក្នុងស្រុក​ និង​អន្តរជាតិ​។

ដោយសារ​ការស្រឡាញ់ និង​ចូលចិត្ត​ពាក់​នាឡិកាដៃ​តាំងតែ​ពី​នៅ​វ័យក្មេង រួមផ្សំ​មាន​បទពិសោធ និង​ចំណេះ​ផ្នែក​នាឡិកាដៃ​ក្នុង​នាម​ជា​អ្នកលក់​នាឡិកា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ផង​នោះ បាន​ជំរុញ​ឱ្យ​លោក ជុន សីហា មាន​មហិច្ឆតា​បង្កើត​ក្រុមហ៊ុន​នាឡិកា VarmanKH Co., Ltd ក្នុង​ឆ្នាំ​ ២០១៨ ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់ខ្លួន​ក្នុង​ការអភិវឌ្ឍ​ឧស្សាហកម្ម​នាឡិកាដៃ​ប្រណីត​ផ្ទាល់ខ្លួន​នៅ​កម្ពុជា​។

«​ចំណាប់អារម្មណ៍​រួមផ្សំ​នឹង​ទឹកចិត្ត​ស្រឡាញ់​នាឡិកាដៃ ទីបំផុត​ខ្ញុំ​ក៏​ចាប់ផ្តើម​បង្កើត​នាឡិកាដៃ​នេះ​ឡើង​នៅពេល​ដែល​ប្រជាជន​កម្ពុជា​ពាក់​នាឡិកា​នេះ​គឺ​ពួកគាត់​មាន​មោទនភាព​»​។

លោក ជុន សីហា ស្ថាបនិក​នាឡិកា​ដៃម៉ាក Varman និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន VARMANKH Co., Ltd មាន​ប្រសាសន៍​ថា​៖​ «​ក្រៅពី​មើលឃើញ​សក្តានុពល​ដ៏ធំ​សម្រាប់​ម៉ាក​នាឡិកា​ដែលមាន​គុណភាព​ខ្ពស់​នៅក្នុង​ទីផ្សារ វា​គឺជា​ទស្សនៈ​ដ៏គួរ​ឱ្យ​ទាក់ទាញ​ក្នុង​ការចូលរួម​ការអភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង តាមរយៈ​ការបង្កើត​ការងារ​សម្រាប់​ប្រជាជន​ដែល​នៅ​ទីបំផុត​បាន​ធ្វើឱ្យ​ខ្ញុំ​សម្រេច​ក្តី​សុបិន​របស់​ខ្ញុំ ដោយ​បង្កើត​នាឡិកា​ម៉ាក​វ៉ាមែន​នេះ​ឡើង​»​។

ក្រុម​អ្នករចនា​ជនជាតិខ្មែរ​ដ៏ជំនាញ​កំពុង​រចនា​ម៉ូដ​នាឡិកា​វ៉ាមែន​ដ៏រស់រវើក​។

ក្នុង​រយៈពេល​ជិត​ ២ ​ឆ្នាំ​មកនេះ នាឡិកា​ វ៉ាមែន មាន​ ២ ​ម៉ូដែល គឺ BAME2 និង BAME3 ដើម្បី​តម្រូវការ​អតិថិជន​គ្រប់​វ័យ ដែល​មាន​ចាប់ពី​វ័យក្មេង​រហូតដល់​វ័យ​កណ្តាល ទាំង​អតិថិជន​ក្នុងស្រុក និង​ជនបរទេស ហើយ​រហូតដល់​បច្ចុប្បន្ន គឺ​ក្រុមហ៊ុន​ទទួល​បាន​ការគាំទ្រ​ជា​លំដាប់​។

គ្មានអ្វី​ប្លែក​ទេ ដែល​ម៉ាក​យីហោ​នេះ​កំពុង​ទទួលបាន​ការគាំទ្រ និង​ពេញនិយម ជាពិសេស​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ខណៈ​ពាក្យ វ៉ាមែន​ (Varman) ដែល​ក្នុង​វចនានុក្រម​ខ្មែរ​បកប្រែ​ថា​ «​អាវក្រោះ​» ដូច្នេះ វ៉ាមែន គឺ​ចង់​សំដៅ​ទៅលើ​ភាពរឹងមាំ អង់អាច និង​ក្លាហាន​។

លោក សីហា ថ្លែងថា ម៉ាក​យីហោ​របស់​ក្រុមហ៊ុន​ត្រូវបាន​ជ្រើសរើស​យ៉ាង​យកចិត្ត​ទុកដាក់ បន្ទាប់ពី​ការគិត​ពិចារណា​ជាច្រើនលើក​។ តាមរយៈ​ការសង្កេត យើង​បាន​ដឹង​អំពី​មូលហេតុ​ដែល​នាឡិកា​របស់​ប្រទេស​ស្វ៊ីស​ក្លាយ​ជា​នាឡិកា​ដ៏ល្បីល្បាញ​នៅលើ​ទីផ្សារ គឺ​ដោយសារ​តែ​គុណភាព​ខ្ពស់ និង​ការរចនា​ដ៏អស្ចារ្យ​ដែល​កើតចេញ​ពី​ការយកចិត្ត​ទុកដាក់​យ៉ាង​ល្អិតល្អន់​បំផុត​។ នេះ​ជា​អ្វីដែល​យើង​ចង់​បាន​សម្រាប់​ម៉ាក​យីហោ​របស់​យើង ដែល​ឆ្លុះបញ្ចាំង​អំពី​របៀប​ដែល​នាឡិកា​របស់​យើង​ត្រូវបាន​ផលិត​ឡើង​»​។

នាឡិកា​ វ៉ាមែន ​បញ្ចូល​គ្នា​នូវ​គុណភាព និង​ភាពទំនើប សោភណភាព​ដ៏ស្រស់ស្អាត ដើម្បី​ផ្តល់​ភាពជឿជាក់ គួបផ្សំ និង​ភាពច្នៃប្រឌិត សិល្បៈ​នៃ​ការរចនា​របស់​កូន​ខ្មែរ​។ គ្រឿង​ផ្គុំ​នាឡិកា​ វ៉ាមែន ​គឺ​នាំចូល​មកពី​ប្រទេស​ជប៉ុន និង​ប្រទេស​ស្វ៊ីស​ដែល​សុទ្ធតែ​មាន​គុណភាព​ខ្ពស់ ហើយ​នៅពេល​ផលិត​ធនធាន​មនុស្ស​ដែលមាន​ចំណេះដឹង​ទាក់ទង​នឹង​នាឡិកា​ច្រើន​ហើយ​នោះ​នឹង​ដំឡើង​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​នៅ​ចុងឆ្នាំ​នេះ Varman ក៏​នឹង​ចេញលក់​ ៣ ​ម៉ូដែល​បន្ថែមទៀត​គឺ The Milkey Way, The Prestige និង The Elites ។

លោក ជុន សីហា ស្ថាបនិក​នាឡិកាដៃ​ម៉ាក​ វ៉ាមែន​។

នាឡិកា​ប្រណីត Varman មាន​ការរចនា​លក្ខណ​ពិសេស ស្អាត​ប្លែក និង​មាន​ភាព​ទាក់ទាញ បែប​សិល្បៈ​ដ៏រស់រវើក បើ​និយាយ​ពី​គុណភាព​វិញ គឺ វ៉ាមែន មាន​គុណភាព​ខ្ពស់ ប្រើប្រាស់​សម្ភារ និង​វត្ថុធាតុដើម​សុទ្ធតែ​ល្អៗ​គឺ​ផលិត​ពី​លោហៈ​ស្ទែនលែស​ស្ទៀល ១០០% ជា​ប្រភេទ​ដែក​មិនចេះ​ច្រែះ ហើយ​ចំពោះ​តម្លៃ​វិញ​គឺ​មាន​ចាប់ពី​ ១៥០ ​ដុល្លារ​រហូតដល់​ ១២៣០០ ​ដុល្លារ ដោយ​នាឡិកា​តម្លៃ​ ១២៣០០ ​ដុល្លារ គឺជា​ប្រភេទ Limited Edition ដែល​តួ​របស់​វា​មាន​ដាំ​ពេជ្រ និង​ផលិត​ពី​ប្លាទីន​តាន់ទឹក​ ៧​។

លោក សីហា ថ្លែងថា​៖ ««​ចំណែកឯ​កញ្ចក់​វិញ​គឺជា​ប្រភេទ​កញ្ចក់ Sapphire Crystal ដែល​អាច​ធន់​នឹង​ភាព​ឆ្កូត​ក្នុង​កម្រិត​ខ្ពស់ ហើយ​វា​ក៏​អាច​ការពារ​ជម្រាប​ទឹក​ក្នុង​កម្រិត​ចាប់ពី​ ៥០ រហូតដល់​ ១០០ ​ម៉ែត្រ​ផងដែរ​។ ចំពោះ​ម៉ាស៊ីន​វិញ Varman ជ្រើសរើស​យកតែ​ម៉ាស៊ីន​ណា​ដែល​មាន​គុណភាព​ខ្ពស់​មក​បំពាក់​តែ​ប៉ុណ្ណោះ សូម្បីតែ​ផូស្វ័រ​សម្រាប់​មើល​នៅ​ទីងងឹត​ក៏​វ៉ាមែន​ប្រើប្រាស់​ផលិតផល​របស់​ប្រទេស​ស្វ៊ីស​ដែរ​»​។

បច្ចុប្បន្ន​ វ៉ាមែន​ មាន​ ២ ​សាខា គឺ​សាខា​ទី​ ១ នៅ​ផ្លូវ​កម្ពុជា​ក្រោម​នឹង​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​បន្ថែម​ទៀត​គឺ​សាខា​ទី​ ២ នៅ​ផ្លូវ​ម៉ៅសេទុង​ដែល​នឹង​សម្ពោធ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ ក្រុមហ៊ុន​មាន​ផែនការ​បន្ត​ពង្រីក​ហាង​របស់ខ្លួន​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំងប្រទេស ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​របស់ខ្លួន​ក្នុង​ការឈានដល់​ការលក់​ប្រចាំឆ្នាំ​ឱ្យដល់​ ២ ​ម៉ឺន​គ្រឿង ហើយ​ Varman ក៏មាន​គម្រោង ចែកចាយ ហ្វ្រេនឆាយ (Franchise) វ៉ាមែន (Varman) នៅក្នុង​ទីផ្សារ​នាឡិកាដៃ​កម្ពុជា នាពេល​ខាង​មុខ​ផងដែរ​។

«​ជោគជ័យ​ដែល​មិន​នឹកស្មាន​ដល់​ដែល​យើង​មាន​ក្នុង​រយៈពេល​ដ៏ខ្លី​នេះ​គឺ​បានបង្ហាញ​យ៉ាងច្បាស់​ថា ការយល់ឃើញ និង​ផ្នត់គំនិត​កំពុង​ចាប់ផ្តើម​ផ្លាស់ប្តូរ នៅពេល​អតិថិជន​វ័យ ក្មេង​កំពុង​ចាប់ផ្តើម​គាំទ្រ និង​ស្វែងរក​ផលិតផល​ម៉ាក​ថី្មៗ​»​។

លោក សីហា បន្ថែមថា​៖ «​ក្រៅពី​លក់​ក្នុងស្រុក វ៉ាមែន ​ក៏​ទទួលបាន​ការបញ្ជាទិញ​រួចមក​ហើយ​ពី​ក្រៅ​ប្រទេស​ដូចជា​ប្រទេស​កូរ៉េ ប្រទេស​វៀតណាម សហរដ្ឋអាមេរិក និង​ប្រទេស​បារាំង​ជាដើម​។ សម្រាប់​ឆ្នាំ​ ២០២១ វ៉ាមែន ​នឹង​ពង្រីក​សក្តានុពល​របស់​ខ្លួន​ទៅ​ក្រៅប្រទេស​ឱ្យ​អន្តរជាតិ​បាន​ស្គាល់​តាមរយ:​ការសហការ​ជាមួយ​ដៃគូ​ខាងក្រៅ ដើម្បី​អាចឱ្យ​អតិថិជន​នៅ​ទូទាំង​ពិភពលោក​អាច​បញ្ជា​ទិញ​ វ៉ាមែន ​តាមរយៈ​វេបសាយ​ល្បីៗ​ដូចជា Amazon និង Ebay ជាដើម​៕