សណ្ឋាគារ Memoire Hotels & Resorts (MHR) មាន​គោល​បំណង​បំពេញ​នូវ​ភាព​ជោគជ័យ​របស់​សមាជិក​​ខ្លួន ដូច្នេះ​ហើយ​ទើប​កាល​ពី​ពេល​ថ្មីៗ​នេះ សណ្ឋាគារ MHR បាន​ឧបត្ថម្ភ លោក ម៉ី សុធាវុធ ដែល​ជា​អ្នក​ជំនាញ​ខាង​ស្ស៉ា និង​ជា​ប្រធាន Memorie Spa Wellness Center ដែលជា​បុត្រ​សម្ព័ន្ធ​របស់ សណ្ឋាគារ Memoire Hotels & Resorts ឲ្យ​សម្រេច​បំណង​របស់​លោក​ ក្នុង​ការ​ឡើង​ភ្នំ​អេវើរ៉េស ដែល​ជា​ភ្នំ​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភព​លោក​។

គោល​បំណង​ឡើង​ភ្នំ​អេវើរ៉េស​របស់ លោក សុធាវុធ អាយុ ៤៥ ​ឆ្នាំ រូប​នេះ គឺ​លោក​ចង់​បង្ហាញ​ពី​សមត្ថភាព​របស់​លោ​ក្នុង​នាម​ជា​អ្នក​ជំនាញ​យូហ្គា សមាធិ និង​ស្ប៉ា​ក៏​ដូចជា​ចង់​នាំ​ដួង​ព្រលឹង​​របស់​​​​​លោក លឹម ពិសិដ្ឋ​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​នាម​ជា​កូន​ខ្មែរ​ដំបូង​គេ​ដែល​ប៉ុនប៉ង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​អេវើរ៉េស កាល​ពី​ឆ្នាំ ​២០១២ ផង​ដែរ ដោយ​ពេល​នោះ​លោក​បាន​ឡើង​ដល់​រយៈ​កម្ពស់​ប្រមាណ​ ៤,០០០ ​ម៉ែត្រ​។

លោក សុធាវុធ ចង់​ឃើញ​ទង់ជាតិ​របស់​កម្ពុជា​ត្រូវ​បាន​យកទៅ​ដោត​នៅ​លើ​កំពូល​ភ្នំ​អេវើរ៉េស​ដែល​មាន​កម្ពស់ ​៨,៨៤៨ ម៉ែត្រ ប៉ុន្តែ​គាត់​នៅ​មិន​ប្រាកដ​ទេ​ថា​តើ​គាត់​នឹង​អាច​ធ្វើ​វា​បាន ដែរ​ឬ​យ៉ាងណា​?

លោក ​សុធាវុធ​ ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​សណ្ឋាគារ Memoire Hotels & Resorts សម្រាប់​ការ​ឧបត្ថម្ភ ​និង​លើក​ទឹក​ចិត្ត​រូប​ខ្ញុំ ហើយ​ក៏​សូម​អរគុណ​ដល់​ក្រុម​គ្រួសារ មិត្ត​រួម​ការងារ អ្នក​គាំទ្រ ​និង​មិត្តភក្តិ​របស់​ខ្ញុំ​ទាំង​អស់​សម្រាប់​ការ​គាំទ្រ​របស់​ពួក​គេ​»​។​

លោក​បាន​ឡើង​ភ្នំ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក ដល់​រយៈ​កម្ពស់ ​៥,៣៨០ ​ម៉ែត្រ កាល​ពី​ថ្ងៃទី ​២២ ខែ មីនា ឆ្នាំ ​២០១៩ ​កន្លង​ទៅ មុន​ពេល​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​​វិញ​ដែល​ធ្វើ​ឱ្យ​លោក​ក្លាយជា​ពលរដ្ឋ​ខ្មែរ​ដែល​ឡើង​កំពូល​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេ​។

លោក សុធាវុធ ចង់​ឃើញ​ទង់ជាតិ​ខ្មែរ ​ត្រូវ​បាន​ដោត​នៅ​លើ​កំពូល​ភ្នំអេវើរ៉េស។

លោក​បន្ថែម​ថា​៖ «​មនុស្ស​តែងតែ​ចង់​បង្ហាញ​ហេតុ​ផង​មួយ​ថា​ ហេតុអ្វី​បាន​ជា​ពួក​គេ​អាច​ធ្វើ​អ្វី​មួយ​ដែល​អស្ចារ្យ​បាន? ប៉ុន្តែ​សម្រាប់​ខ្ញុំ​គឺ​វា​មាន​ច្រើន​ជាង​នេះ​។ ខ្ញុំ​ចង់​ឲ្យ​វិញ្ញាណក្ខន្ធ​​លោក ​លឹម ពិសិដ្ឋ​ បាន​ស្ងប់ ហើយ​ខ្ញុំ​ក៏​ចង់​សាកល្បង​ការ​អត់ធ្មត់​ និង​តស៊ូ​របស់​ខ្ញុំ​ផង​ដែរ ជា​ពិសេស​ដើម្បី​ដឹង​ថា​អ្វី​ដែល​ខ្ញុំ​បង្រៀន​នៅ​ឯ​សណ្ឋាគារ​ពិត​ជា​មាន​ប្រយោជន៍​ដល់​ទាំង​រាង​កាយ ផ្លូវ​ចិត្ត និង​សុខុមាលភាព​ពិត​ប្រាកដ​​មែន​»​។

លោក Philip Kao ដែល​ជា​ស្ថាបនិក ​និង​ជា​អគ្គនាយក​របស់​សណ្ឋាគា​រ MHR ថ្លែង​ថា​៖ «​ដើម្បី​គាំទ្រ​សកម្មភាព​បែប​នេះ ​ឬ​កម្មវិធី​ស្រដៀង​គ្នា​នេះ​យើង​ក៏​នឹង​គាំទ្រ​ដល់​ក្តី​សុបិន​របស់​សមាជិក​ក្រុម​របស់​យើង​ផង​ដែរ ដើម្បី​សម្រេច​បាន​តាម​ក្តី​សុបិន​របស់​ពួក​គេ​ដែល​វា​ស្រប​តាម​ទិសដៅ​ជា​យុទ្ធសាស្ត្រ​របស់​យើង​»​។

លោក Kao ​បន្ត​ថា​៖ «វា​ក៏​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ពួក​យើង​ផង​ដែរ ដើម្បី​បង្កើត​ការ​យល់ដឹង​ទាំង​ក្នុង​ប្រទេស​ និង​អន្តរជាតិ ​ដើម្បី​បញ្ជាក់​ថា​ក្រុមហ៊ុន​បាន​ជួយ​ចូលរួម​ចំណែក​ដល់​សហគមន៍​យ៉ាង​ដូច​ម្តេច​ខ្លះ?​»​។

បច្ចុប្បន្ន បេសកកម្ម​របស់​សណ្ឋាគា​រ Memoire Hotels and Resorts គឺ​ដើម្បី​​គាំទ្រ​ដល់​គម្រោង​បរិស្ថាន​ប្រកប​ដោយ​​និរន្តរភាព​ និង​គម្រោង​អភិវឌ្ឍ​វិស័យ​ការ​អប់រំ​នៅ​ក្នុង​ខេត្ត​សៀមរាប ​ដែល​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​ច្រើន​។

ចំពោះ​ការ​លើក​កម្ពស់​បរិស្ថាន​ប្រកប​ដោយ​ចីរភាព សណ្ឋាគារ Memoire Palace Resort (MPR) កំពុង​អនុវត្ត​គម្រោង​មិន​ប្រើប្រាស់​ប្លាស្ទិក​។ ជំនួស​ឲ្យ​ការ​ប្រើប្រាស់​កែវ​ទឹក​ធ្វើ​ពី​ប្លាស្ទិក សណ្ឋាគារ MHR ប្រើប្រាស់​កែវ​ទឹក​ធ្វើ​ពី​កែវ​ថ្ម​ជំនួស​វិញ ហើយ​ជំនួស​​ឲ្យ​ការ​ប្រើ​ទុយោ​ប្លាស្ទិក ​គឺ​សណ្ឋាគារ​​ប្រើ​ទុយោ​ធ្វើ​ពី​ស្លឹកគ្រៃ​។

វត្ថុ​សិល្បៈ​ដាក់​តាំង​លម្អ​នៅ​ក្នុង​សណ្ឋាគារ ​ដែល​ធ្វើ​ឡើង​អំពី​ផ្តៅ។

អ្វី​ដែល​កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៀត​នោះ ​គឺ​ក្នុង​បន្ទប់​ទាំង​អស់​មាន​តែ​ដប​ទឹក​ធ្វើ​ពី​កែវ​ថ្ម​ប៉ុណ្ណោះ​។ សណ្ឋាគារ​​ផ្តល់​ដប​ទឹក​ធ្វើ​ពី​កែវ​ថ្ម​ដល់​បុគ្គលិក​របស់​ខ្លួន​ប្រើប្រាស់​នឹង​ហាម​ឃាត់​យ៉ាង​តឹងរ៉ឹង​ចំពោះ​ការ​ប្រើប្រាស់​សម្ភារ​ធ្វើ​ពី​ប្លាស្ទិក​ណា​មួយ​នៅ​ក្នុង​ការ​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ​។

លើស​ពី​នេះ​ទៀត សណ្ឋាគារ​ក៏​បាន​តាំង​បង្ហាញ​វត្ថុ​សិល្បៈ​ផ្សេងៗ របស់​វិចិត្រករ​ខ្មែរ​ផង​ដែរ ដែល​វត្ថុ​សិល្បៈ​ទាំង​នោះ​កែច្នៃ​ឡើង​ពី​ប្លាស្ទិក ដើម្បី​បង្កើន​ការ​យល់ដឹង​ដល់​បុគ្គលិក អតិថិជន​​ក៏​ដូចជា​សាធារណជន​ទូទៅ​។

Memoire Palace Resort & Spa ចូលរួម​យ៉ាង​សកម្ម​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​រដ្ឋាភិបាល​តាមរយៈ​ការ​ចុះ​កម្មសិក្សា ក៏​ដូច​ជា​បញ្ជួន​អ្នក​ស្ម័គ្រចិត្ត​ទៅ​បណ្តុះបណ្តាល​ និង​បង្រៀន​ដល់​សិស្សានុសិស្ស​ឱ្យ​យល់ដឹង​​កាន់​តែ​ច្បាស់​អំពី​ឧស្សាហកម្ម​បដិសណ្ឋារ​កិច្ច​។​

MPR ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍​សប្បុរសធម៌​ជាច្រើន​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ​និង​ព្រឹត្តិការណ៍​សប្បុរសធម៌​ផ្សេងៗ​ជា​ច្រើន​ថែម​ទៀត​ផង​។

លោក Philip Kao ជឿជាក់​ថា ​អាជីវកម្ម​នេះ​មិនមែន​គ្រាន់​តែ​ដើម្បី​ស្វែងរក​ប្រាក់​ចំណេញ​នោះទេ​ប៉ុន្តែ​វា​ក៏​ជា​ការ​ចូលរួម​ចំណែក​របស់​ខ្លួន​ជាមួយ​នឹង​សហគមន៍​ផង​ដែរ ​ដើម្បី​ធានា​ឱ្យ​មាន​កំណើន​ប្រកប​ដោយ​និរន្តរភាព​។

ជាមួយ​នឹង​ការ​ប្តេជ្ញា​ចិត្ដ​ដ៏​មោះមុត​បែប​នេះ លោក Phillip Kao ​ក៏​បាន​ចូលរួម​ជាមួយ​អង្គការ​ជា​ច្រើន​ផ្សេង​ទៀត​ដើម្បី​ជួយ​គាំទ្រ និង​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​ឲ្យ​កាន់​តែ​មាន​និរន្តរភាព​។ ដូច្នេះ​ហើយ​វា​មិនមែន​ជា​រឿង​ភ្ញាក់​ផ្អើល​នោះ​ទេ ​ដែល​លោក​ Kao ជា​ប្រធាន​សមាគម​ក្លិប​ទេសចរណ៍​ខេត្ត​សៀមរាប​នោះ​៕ Bartholomew Sinos, Siem Reap