បើ​និយាយ​ពី​ម្រេច​គ្រប់​គ្នា​ភាគច្រើន​ស្គាល់​តែ​ម្រេច​ដែល​ដាំដុះ​ក្នុង​ទឹកដី​ខេត្តកំពត ដោយសារ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ គុណភាព​ខ្ពស់ និង​ជា​ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ GI ដែល​ត្រូវ​បាន​ចុះបញ្ជី​ទទួលស្គាល់​ជោគជ័យ​ដោយ​សហភាព​អឺរ៉ុប​។ តែ​ជាក់ស្តែង​ម្រេច​កម្ពុជា មិនមែន​ដាំ​បាន​តែ​ក្នុង​ខេត្តកំពត​នោះទេ​ពោលគឺ​អាច​ដាំ​បាន​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​។

ដើម្បី​លើកកម្ពស់​គុណភាព​ម្រេច​នៅ​តំបន់​ផ្សេងទៀត​ឱ្យ​សាធារណជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​បាន​ស្គាល់ សហគ្រិន​ស្ត្រី​ឆ្នើម​ ១ ​រូប កញ្ញា ស៊ឹង សុផា ខិតខំ​ជម្នះ​គ្រប់​បញ្ហា​ប្រឈម​នានា​ដើម្បី​បញ្ជាក់ថា ម្រេចខ្មៅ​មកពី​ខេត្ត​ត្បូងឃ្មុំ គឺ​ល្អ​ដូច​ម្រេច​ដែល​ផលិត​នៅ​តំបន់​ផ្សេងទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ប៉ុន្តែ​វា​មិន​ងាយស្រួល​ដូច​ការនិយាយ​នោះទេ សហគ្រិន​វ័យក្មេង​រូបនេះ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ម្រេច​គ្រួសារ គឺ​ម្រេច​កំពត​ដែល​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ ដោយសារ​រសជាតិ និង​គុណភាព​ហើយ​វា​ត្រូវបាន​លក់​នៅ​ទូទាំង​ប្រទេស​។ ប្រហែលជា​ ៥ ​ឆ្នាំ​មកនេះ ដោយ​មាន​ជំនួយ​ពី​វិនិយោគិន​បរទេស និង​ការប្តេជ្ញាចិត្ត​ខ្ពស់ សុផា ដែលជា​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ពី​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​នៃ​កម្ពុជា បាន​សម្រេច​គោលដៅ​របស់​នាង​។

សិលា ផិបភើរ មាន​ឈ្មោះ​ល្បីល្បាញ​នៅលើ​ទីផ្សារ​។

ដោយ​ក្នុង​ឆ្នាំ​ ២០១៥ កញ្ញា សុផា បាន​បង្កើត​ក្រុមហ៊ុន សិលា ផិបភើរ ខូអិលធីឌី ខេមបូឌា ក្នុងស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​ដែល​សព្វថ្ងៃ​ផលិត​ម្រេចខ្មៅ​ប្រមាណ ១០០ តោន​ជា​រៀងរាល់​ឆ្នាំ​។

កញ្ញា ស៊ឹង សុផា នាយិកា​ក្រុមហ៊ុន សិលា ផិបភើរ ខូអិលធីឌី ខេមបូឌា បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា​៖ “ មូលហេតុ​ដែល​បង្កើត​រោងចក្រ​កែច្នៃ​ម្រេច​នៅ​ស្រុក​មេមត់ គឺ​ដោយសារ​តែ​ដី​មាន​ជីជាតិ និង​មាន​សំណើម​ដូច​ខេត្តកំពត និង​មាន​ផ្ទៃដី​ធំ​សម្រាប់​ដាំ​ម្រេច ហើយ​ម្រេច​ប្រហែល ៧៥ ភាគរយ​ដែល​ប្រើ​នៅក្នុង​ប្រទេស​នេះ​គឺ​មកពី​មេមត់​” ។

កម្ពុជា​មាន​អាកាសធាតុ​ត្រូពិក ដែល​ងាយស្រួល​ឱ្យ​ចម្ការ​ម្រេច​មាន​ការរីកលូតលាស់​ពេញ​ ១ ​ឆ្នាំ និង​អាច​ដាំ​ម្រេច​បាន​នៅក្នុង​ខេត្ត​មួយចំនួន​លើ​ដី​មាន​ជីជាតិ​ដូចជា ខេត្ត​កំពង់ចាម កែប និង​រតនគិរី ជាដើម ដែល​ជា​កន្លែង​ឱ្យ​អ្នក​ដាំដុះ​ម្រេច​អាច​ផលិត​ម្រេច​ដែល​មាន​គុណភាព និង​ហឹរ​សម្រាប់​ទៅ​លក់​ទីផ្សារ​ក្នុង​ស្រុក និង​នាំចេញ​ក្រៅ​ស្រុក​។

ម្រេច​ច្រក​ដាក់​ក្នុង​ដប​ដ៏គួរ​ឱ្យ​ទាក់ទាញ​សម្រាប់​លក់​។

ដោយសារ​អាកាសធាតុ អំណោយផល កសិករ​នៅ​កម្ពុជា ផលិត​បាន​ម្រេច GI (​ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​) ជា​ម្រេច​ដែល​មាន​គុណភាព​ខ្ពស់ និង​ទទួលស្គាល់​ដោយ​សហគមន៍​អឺរ៉ុប​។

Sela Pepper ជា​ក្រុមហ៊ុន​ម្រេច​ដំបូង​គេ​ដែល​បាន​សង់​រោងចក្រ​ផលិត​ម្រេច និង​មាន​ឧបករណ៍​ទំនើបៗ​ជាច្រើន​រួមមាន ម៉ាស៊ីន សម្ងួត សម្លាប់​មេរោគ កិន វេចខ្ចប់ និង​មាន​បន្ទប់ពិសោធន៍​ផងដែរ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ ៦០០ ​គ្រួសារ​នៅក្នុង​ស្រុក​។

រោងចក្រ​នេះ​អាច​ផលិត​បាន​ផលិតផល​ចំនួន ២៥ មុខ​ផ្សេងៗ​គ្នា​រាប់​ពី​ម្រេចខ្មៅ ម្រេចស ម្រេច​ក្រហម និង រហូត​ដល់​ផលិត​ទឹក​ជ្រលក់​អាហារ​ពិសេស​ថែម​ទៀតផង​។

ផលិតផល​របស់ Sela Pepper ត្រូវបាន​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ជាច្រើន​រួមមាន​អ៊ឺរ៉ុប អាមេរិក កូរ៉េ ជប៉ុន តៃវ៉ាន់ អាល្លឺម៉ង់ និង​ត្រៀម​នាំ​ចេញទៅ​ប្រទេស​ហូឡង់ ទៀតផង​។

កញ្ញា សុផា បាន​និយាយថា​៖ "​គ្រប់គ្នា​តែង​សួរ​ខ្ញុំ​ថា ហេតុអ្វី​មិន​បង្កើត​រោងចក្រ​កែច្នៃ​នៅ​ខេត្ត​កំពត​បែរ​ជា​ទៅ​បង្កើត​នៅ​ស្រុក​មេមត់ កញ្ញា​ថា ម្រេច​កំពត​មាន​ទីផ្សារ​រួច​ទៅ​ហើយ នៅឡើយ​តែ​ម្រេច​ដែល​ដាំ​នៅ​តំបន់​ផ្សេង​ទៀត​ពុំទាន់​មាន​ទីផ្សារ"​។ សូម្បីតែ​នៅ​ស្រុក​ខ្មែរ ប្រជាជន​មួយ​ចំនួន​រាល់ថ្ងៃ​មិនទាន់​ដឹងថា​ម្រេច​មាន​នៅ​មេមត់​ទេ សូម្បីតែ​បុគ្គលិក​របស់​ខ្ញុំ​ដែល​ចូល​ធ្វើការ​មិនដឹងថា​មាន​ម្រេច​នៅ​មេមត់​ផង ភាគច្រើន​គាត់​ដឹង​តែ​ម្រេច​មកពី​ខេត្តកំពត​។ ម្រេច​កំពត​ទទួល​ស្គាល់​ដោយ GI ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​មាន​រសជាតិ​ឆ្ងាញ់ តែ​ម្រេច​ស្រុក​មេមត់​ក៏​មាន​រសជាតិ​ឆ្ងាញ់​របស់​វា និង​ហឹរ​ខ្លាំង​"​។

កញ្ញា ស៊ឹង សុផា នាយិកា​ក្រុមហ៊ុន​។

ម្រេច​គឺជា​គ្រឿងទេស​ដែល​លក់ដាច់​ជាងគេ​បំផុត​នៅលើ​ទីផ្សារ​ពិភពលោក​ដោយសារ​តែ​មាន​តម្រូវការ​ខ្លាំង​សម្រាប់​គ្រឿងទេស​ដែល​ត្រូវ​បាន​ប្រើ​ជាប្រចាំ​ដើម្បី​បង្កើន​រសជាតិ​នៅក្នុង​ម្ហូប​ស្ទើរតែ​ទូទាំង​ពិភពលោក​។

យោង​តាម​ការចុះផ្សាយ​របស់ Global Trade នៅ​ថ្ងៃទី​ ២៥ ខែធ្នូ ឆ្នាំ ២០១៩ វៀតណាម​នៅ​តែ​ជា​ប្រទេស​ផលិត​ម្រេច​លំដាប់​លេខ​មួយ​លើ​ពិភពលោក​ដោយមាន​ម្រេច​ចំនួន ២៧៣ ០០០ តោន បន្ទាប់មក​ប្រទេស​ឥណ្ឌូនេស៊ី​មាន​ចំនួន ៨៨ ០០០ តោន​ និង​ប្រទេស​ប្រេស៊ីល​ឈរ​នៅ​លំដាប់​លេខ ៣ ដែលមាន ៨០ ០០០ តោន​។

អ្នកជំនាញ​និយាយថា ដោយសារ​តម្រូវការ​ម្រេច​កើនឡើង​នៅក្នុង​ផលិតកម្ម​ស្បៀងអាហារ និង​ទទួល​បាន​ផលចំណេញ​មកវិញ​នោះ កសិករ​ក្នុង​តំបន់​ជាច្រើន​បាន​ងាក​មក​ដាំដុះ​ម្រេច​ដោយ​ផ្លាស់ប្តូរ​ពី​ដំណាំ​ប្រពៃណី​ដូចជា​ដំឡូងមី និង​ស្វាយចន្ទី​។

ក្រុមហ៊ុន Sela Pepper បាន​ដំឡើង​ឧបករណ៍​ទំនើប​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​។ រោងចក្រ​កែច្នៃ​ទំនើប​របស់ខ្លួន​មាន​សមត្ថភាព​ផលិត​ម្រេច​បាន ១,៥ តោន​ក្នុង​ ១ ​ម៉ោង​, ម៉ាស៊ីន​ចំហុយ​ម្រេច​មាន​សមត្ថភាព​ផលិត ៦០០ គីឡូក្រាម​ក្នុង​ ១ ​ម៉ោង និង​កែច្នៃ​កិន​ម្រេច​ដែល​មាន​សមត្ថភាព​ផលិត ៥០០ គីឡូក្រាម​ក្នុង​ ១ ​ម៉ោង​។

ក្រុមហ៊ុន Sela Pepper ក៏បាន​បង្កើត​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ម្រេច​ខ្នាតធំ​នៅក្នុង​ស្រុក​មេមត់​ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ទំនិញ​របស់ខ្លួន​។ មជ្ឈមណ្ឌល​ផលិត​ម្រេច​ដ៏ធំ​មួយ​នេះ​ក៏​បាន​ជួយ​ក្នុង​ការលើក​កម្ពស់​បច្ចេកទេស​ធ្វើ​កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​ធន់​នឹង​អាកាសធាតុ​ផងដែរ​៕