ភ្នំពេញ (​ថ្ងៃទី​ ១៧ ខែ​តុលា​)៖ ស្ថិតក្នុង​ផ្នែក​មួយ​នៃ​យុទ្ធនាការ Education is GREAT (​ការអប់រំ​ពិតជា​អស្ចារ្យ​) របស់​ចក្រភព​អង់គ្លេស​នៅ​តំបន់​អាស៊ាន កាលពី​ចន្លោះ​ថ្ងៃទី​ ១ និង​ថ្ងៃទី​ ៨ ខែ​តុលា​ស្ថានទូត​ចក្រភព​អង់គ្លេស​នៅ​រាជធានី​ភ្នំពេញ និង​នាយកដ្ឋាន​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ចក្រភព​អង់គ្លេស​បាន​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនិច្ច​របស់​ប្រតិភូ​មកពី​សាលា​អន្តរជាតិ និង​វិទ្យាស្ថាន​ឧត្តមសិក្សា​របស់​ចក្រភពអង់គ្លេស​ចំនួន​ ២ ​ក្រុម​ដែល​មក​ដើម្បី​ស្វែងរក​ឱកាស​សម្រាប់​ការបង្កើត​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​នៅ​កម្ពុជា​។

យុទ្ធនាការការ Education is GREAT នៅ​តំបន់​អាស៊ាន​មាន​គោលបំណង​ក្នុង​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​អាជីវកម្ម​រវាង​ចក្រភព​អង់គ្លេស និង​អាស៊ាន ក្នុង​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​។ យុទ្ធនាការ​ប្រចាំ​តំបន់​មួយ​នេះ​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​របស់​អាស៊ាន ហើយ​នឹង​មាន​គោលបំណង​ធ្វើឲ្យ​ចក្រភព​អង់គ្លេស​ក្លាយ​ជា​ជម្រើស​នៃ​ដៃគូ​ក្នុង​វិស័យ​អប់រំ​ក្នុង​រដ្ឋ​ជា​សមាជិក​នីមួយៗ​។

ក្រោយពី​មាន​ការអំពាវនាវ​ដោយ​ផ្ទាល់​ឲ្យ​មាន​ភាព​ជា​ដៃគូ​ជាមួយ​នឹង​ចក្រភព​អង់គ្លេស​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅក្នុង​វេទិកា​ស្តីពី​វិស័យ​អប់រំ​ពិភពលោក​នៅ​ទីក្រុង​ឡុងដ៍ កាលពី​ខែ​មករា​ឆ្នាំ​ ២០១៩ ប្រតិភូ​ក្នុង​វិស័យ​អប់រំ​ពិតជា​ចង់​ស្វែងរក​ឱកាស​សម្រាប់​ការបង្កើត​ភាពជា​ដៃគូ​នៅ​កម្ពុជា ខណៈ​ដែល​ភាព​រីកចម្រើន​ដ៏រឹងមាំ​ក្នុង​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កំពុង​បង្កើត​ឲ្យ​មាន​តម្រូវការ​ឥតឈប់ឈរ​ទៅលើ​ជម្រើស​នៃ​ការអប់រំ​ប្រកប​ដោយ​គុណភាព​ខ្ពស់​។ បច្ចុប្បន្ន​សាកលវិទ្យាល័យ​ជាច្រើន​របស់​ចក្រភព​អង់គ្លេស​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​អន្តរជាតិ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​នៅ​កម្ពុជា និង​ក្នុង​តំបន់​អាស៊ាន​។

សមាជិកសភា​ស្តាំនិយម​លោក Ed Vaizey ដែលជា​បេសកជន​ពាណិជ្ជកម្ម​របស់​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​បាន​ដឹកនាំ​ប្រតិភូ​ ១ ​ក្រុម​ដែល​តំណាង​ឲ្យ​សាលា​អន្តរជាតិ​ចក្រភព​អង់គ្លេស​រួមមាន សាលា Ardingly College, Reigate Grammar School, St Mary’s School, Cambridge School, St. Paul’s Girls’ School, Uppingham School និង​ក្រុមប្រឹក្សា​សាលា​អន្តរជាតិ​ចក្រភព​អង់គ្លេស​។ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើ​ជា​គណៈអធិបតី និង​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ផ្សេងៗ​ទៅ​លើ​ការពង្រីក​បរិបទ​ឲ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​វិស័យ​អប់រំ​របស់​កម្ពុជា​។

លោក Ed Vaizey ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធី​នោះ​។

សាកលវិទ្យាល័យ​អន្តរជាតិ​ចក្រភព​អង់គ្លេស​ដែល​តំណាង​ឲ្យ​សាកលវិទ្យាល័យ​នានា​របស់​ចក្រភព​អង់គ្លេស និង​ផលប្រយោជន៍​រួម​គ្នា​ជា​សាកល​របស់​សាកលវិទ្យាល័យ​ទាំងនោះ និង​ក្រុមប្រឹក្សា​ចក្រភពអង់គ្លេស​ប្រចាំ​ប្រទេស​ថៃ​បាន​ចូលរួម​គាំទ្រ​ដល់​ប្រតិភូ​របស់​វិទ្យាស្ថាន​ឧត្តមសិក្សា​ចក្រភព​អង់គ្លេស​។ សាកល​វិទ្យាល័យ​ឈានមុខ​គេ​ជាច្រើន​របស់​ចក្រភព​អង់គ្លេស​ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក៏​រាប់​បញ្ចូល​ទាំង​សាកលវិទ្យាល័យ Cardiff Metropolitan, Goldsmiths, University of London វិទ្យាស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទីក្រុង​ឡុងដ៍​សាកលវិទ្យាល័យ Manchester Metropolitan, Nottingham Trent និង​សាកលវិទ្យាល័យ University of Sunderland ផងដែរ ក៏ដូចជា​ក្រុមហ៊ុន​លើ​វិស័យ​អប់រំ NCC Education​។

ប្រតិភូ​ចក្រភព​អង់គ្លេស​បាន​រៀបចំ​កិច្ចប្រជុំតុមូល និង​បែប​អាជីវកម្ម​ទៅ​អាជីវកម្ម​ជាមួយ​នឹង​សាកល​វិទ្យាល័យ​ជាច្រើន​ទាំង​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន ក្នុង​នោះ​រាប់បញ្ចូល​ទាំង​សាកលវិទ្យាល័យ​អន្តរជាតិ​ប៉ារ៉ាហ្គន សាកលវិទ្យាល័យ​កម្ពុជា សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ និង​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។

កិច្ចសន្ទនា​ផ្សេងៗ​បាន​ចាប់ផ្តើម​ពី​ឱកាស​ផ្សេងគ្នា​ជាច្រើន​នៃ​ការបង្កើត​ភាព​ជា​ដៃគូ​ក្នុង​វិស័យ​អប់រំ​អន្តរប្រទេស សម្រាប់​វិទ្យាស្ថាន​នានា​របស់​កម្ពុជា និង​ចក្រភព​អង់គ្លេស ដើម្បី​ធ្វើការ​ជាមួយគ្នា​ទៅ​ថ្ងៃ​អនាគត​។ ការពិភាក្សា​ទាំងនោះ​ក៏​បាន​ពង្រីក​ទៅលើ​ភាព​ជា​ដៃគូ​ក្នុង​ចំណុច​ជាច្រើន​ផ្សេងទៀត ក្នុង​នោះ​រាប់បញ្ចូល​ទាំង​កិច្ចសហការ​លើ​ការស្រាវជ្រាវ ការដោះដូរ​និស្សិត​គ្នា និង​ការអភិវឌ្ឍ​សមត្ថភាព​របស់​មហាវិទ្យាល័យ​ផង​ដែរ​។

លោកស្រី Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា មានប្រសាសន៍​ថា​៖ «​ការអប់រំ​គឺជា​មូលដ្ឋានគ្រឹះ​ដ៏សំខាន់​មួយ​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ហើយ​ភាព​ជា​ដៃគូ​លើ​វិស័យ​អប់រំ​អន្តរជាតិ​មាន​តួនាទី​ដ៏សំខាន់​ក្នុង​ការពន្លឿន​ការអភិវឌ្ឍ​ក្នុង​វិស័យ​អប់រំ​។ ស្ថានទូត​ចក្រភព​អង់គ្លេសរួម​ជាមួយ​នឹង​នាយកដ្ឋាន​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​យើង ចូលរួម​លើកស្ទួយ និង​គាំទ្រ​ដល់​ការបង្កើត​ភាពជា​ដៃគូ​នៃ​វិស័យ​អប់រំ​អន្តរ ប្រទេស និង​ការអប់រំ​ប្រកប​ដោយ​គុណភាព ដើម្បី​ជួយ​ពង្រឹង​ដល់​ការអប់រំ​នៅ​កម្ពុជា​។ យើង​ពិតជា​រីករាយ​ណាស់​ក្នុង​ការបង្កើត​ឲ្យ​មាន​ការវិវឌ្ឍ​ដ៏គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​បន្ទាប់ពី​វេទិកា​ស្តីពី​ការអប់រំ​ពិភពលោក​»​។

លោកស្រី​បាន​ថ្លែង​បន្ថែម​ទៀត​ថា​៖ «​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​រាជធានី​ភ្នំពេញ​នឹង​រក្សា​ការប្តេជ្ញាចិត្ត​ក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ពោលគឺ​គ្រប់​ចំណុច​ទាំងអស់​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​ការពង្រីក និង​ពង្រឹង​កម្មវិធីសិក្សា ការកសាង​សមត្ថភាព​សម្រាប់​អង្គភាព​អប់រំ និង​ការធ្វើឲ្យ​មាន​ប្រជាប្រិយភាព​ទៅលើ TVET (​ការអប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស​) និង STEM (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​)»​។

ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​បាន​កំពុង​តែ​ធ្វើការ​ផ្សព្វផ្សាយ​ឱកាស​នៃ​ការសិក្សា​តាម​សាកលវិទ្យាល័យ​នានា​នៅ​ចក្រភព​អង់គ្លេស​តាមរយៈ​ទំព័រ Facebook ដ៏មាន​ប្រជាប្រិយភាព​របស់​ខ្លួន​ដោយ​ការបង្ហាញ​ពី​គុណភាព​អប់រំ និង​ជីវិត​ក្នុង​នាម​ជា​និស្សិត​សាកលវិទ្យាល័យ​នៅ​ចក្រភព​អង់គ្លេស​ក៏​ដូចជា​ឱកាស​ការងារ​ជាច្រើន​ដែល​រង់ចាំ​និស្សិត​បញ្ចប់​ការសិក្សា​លើ​មុខវិជ្ជា​ផ្សេងៗ ជាពិសេស​មុខវិជ្ជា​ស្តែម (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វរកម្ម និង​គណិតវិទ្យា​)​។ កិច្ចពិភាក្សា​រវាង​វិទ្យាស្ថាន​ឧត្តមសិក្សា​របស់​ចក្រភព​អង់គ្លេស និង​កម្ពុជា​នឹង​បន្ត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​ស្រប​ពេល​ដែល​អង្គភាព​ទាំងនោះ​នឹង​ធ្វើការ​ដើម្បី​បង្កើត​ភាព​ជា​ដៃគូ​កាន់តែ​ស៊ីជម្រៅ​៕