សាលា​អន្តរជាតិ Invictus ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​សិង្ហបុរី​ដោយ​លោក John Fearon ដែលជា​សហគ្រិន​បច្ចេកវិទ្យា​កំពុង​នាំយកមក​នូវ​គំរូ​នៃ​ការអប់រំ​ដែលមាន​គុណភាព​ខ្ពស់​ក្នុងតម្លៃ​មួយ​ដ៏សមរម្យ​គឺ​ ៨០០០ ​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

ទើបតែ​បើក​នៅក្នុង​ឆ្នាំ​ ២០១៥ សាលា​អន្តរជាតិ​នេះ​បាននិង​កំពុង​ស្ថិតនៅក្នុង​ចំណោម​សាលា​កំពូល​ទាំង​ ១០ ​នៅ​ប្រទេស​សិង្ហបុរី​ហើយ​នៅ​ថ្ងៃទី​ ១ ខែ​មេសា ខាងមុខ​នេះ​សាលា​អន្តរជាតិ Invictus Phnom Penh ដែល​មាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​នឹង​បើក​ដំណើរការ​ជាមួយ​ការផ្តល់ជូន​ពិសេស នៅពេល​ចុះឈ្មោះ​ចូលរៀន​នឹង​ទទួលបាន​ការសិក្សា​ ១ ​ឆមាស​ដោយ​ឥតគិតថ្លៃ​ដែល​អាច​សន្សំ​បាន​ ២០០០ ​ដុល្លារ​។

ការផ្តល់ជូន​នេះ​គឺ​ឆ្លុះបញ្ចាំង​អំពី​ការប្តេជ្ញាចិត្ត​របស់​សាលា​ក្នុងការ​ផ្តល់ជូន​ការសិក្សា​ប្រកប​ដោយ​គុណភាព​ក្នុងតម្លៃ​ត្រឹមតែ​ ៨០០០ ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ​។

លោក Fearon បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​លោក​បាន​បង្កើត​សាលា​អន្តរជាតិ​Invictus បន្ទាប់ពី​បាន​មើលឃើញ​កង្វះ​សាលា​អន្តរជាតិ​នៅក្នុង​ប្រទេស​សិង្ហបុរី​ដែល​ផ្តល់ជូន​ការសិក្សា​ប្រកបដោយ​គុណភាព​ក្នុងតម្លៃ​សមរម្យ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​បង្កើត​សាលា​ Invictus ​ដើម្បី​ផ្តល់​ជម្រើស​មួយ​ជំនួស​ឲ្យ​សាលា​ឯកជន​ដែលមាន​តម្លៃ​ថ្លៃ​ហើយ​នៅតែ​អាច​ផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​សម្រាប់​កូនៗ​របស់ខ្ញុំ ហើយ​ខ្ញុំ​គិតថា​នេះ​ក៏​ជា​អ្វីដែល​ឪពុកម្តាយ​ដទៃទៀត​ចង់បាន​ផងដែរ​»​។

បុរស​ដែលជា​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​រូបនេះ​បាន​បន្តថា អ្វីដែល​ធ្វើ​ឲ្យ​សាលា Invictus ប្លែក​ពី​គេ​គឺថា​សាលា​របស់​យើង​ដែល​មាននៅ​ប្រទេស​សិង្ហបុរី​ និង​ហុងកុង​ហើយ​ទំនង​ជា​ឆាប់ៗ​មាននៅ​ក្នុងប្រទេស​អូស្ត្រាលី​ដែរនោះ​គឺជា​សាលា​អន្តរជាតិ​មួយ​ដែល​សិស្ស​អាច​សិក្សា​នៅ​សាខា​របស់ខ្លួន​នៅឯ​បរទេស​បាន​។

បន្ទប់រៀន​នៃ​សាលា​អន្តរជាតិ Invictus ត្រូវ​បាន​រចនា​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​។

លោក​ថ្លែងថា​៖ «​យើង​គឺជា​សាលា​អន្តរជាតិ​ដែលមាន​បណ្តាញ​សាលារៀន​យ៉ាងពិត​ប្រាកដ ខណៈ​ដែល​យើង​គ្រប់គ្រង​ដោយ​ម្ចាស់​តែមួយ​។ ​តាមពិត​ទៅ​សាលា​អន្តរជាតិ​ភាគច្រើន​មិនមាន​ទំនាក់ទំនង​ជាមួយ​សាលា​ផ្សេង​នៅ​កន្លែង​ផ្សេងទៀត​ទេ​។ ពួកគេ​ដំណើរការ​តែឯង​នៅទីនេះ​។ ​ពួកគេ​មិនមាន​ទំនាក់ទំនង​ជាមួយ​សាលា​ផ្សេងទៀត​នៅ​កន្លែង​ដទៃទៀត​ទេ​»​។

ភាពច្នៃប្រឌិត និង​ការគិត​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ​ដែល​ដំណើរការ​តាមរយៈ​គ្រឹះ​អប់រំ​របស់​សាលា Invictus គឺ​ផ្តោត​ជាពិសេស​លើ​ការរៀបចំ​សិស្ស​ឱ្យ​ទទួលបាន​ជោគជ័យ​ទាំង​ក្នុង​ការសិក្សា​ និង​ក្នុង​ជីវិត​ពិត​។

«​នៅ​ថ្នាក់​ទី​ ៣ និង​ថ្នាក់​ទី​ ៦ សិស្ស​របស់​យើង​ផ្នែក​លើ​លទ្ធផល​ធ្វើតេស្ត​ដែល​យើង​បានទទួល​រហូត​មកដល់​ពេលនេះ​គឺ​ប្រសើរ​ជាង​សាលា​អន្តរជាតិ​ដទៃទៀត​»​។

«​ប៉ុន្តែ​ខ្ញុំ​និយាយ​អំពី​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ទៅលើ​ជីវិត​ពិត [​ពីព្រោះ​] ប្រសិនបើ​អ្នក​ក្រឡេកមើល​អ្វីដែល​យើង​ត្រូវការ​ដើម្បី​បង្រៀន​កូនៗ​របស់​យើង​គឺ​វា​ជា​របៀប​ច្នៃប្រឌិត​ពីព្រោះ​ជាមួយនឹង​បច្ចេកវិទ្យា​បញ្ញា​និម្មិត​ (Artificial Intelligence) ​និង​វិធី​ដែល​បច្ចេកវិទ្យា​កំពុង​រីកចម្រើន​ក៏ដូចជា​ការច្នៃប្រឌិត​គឺជា​អ្វីដែល​សំខាន់បំផុត​»​។

លោក Fearon ពន្យល់ថា​៖ «​តើ​អ្នកបង្រៀន​ការច្នៃប្រឌិត​យ៉ាង​ដូចម្តេច​? ​ចម្លើយ​គឺថា​មនុស្ស​រៀន​ដើម្បី​ចេះ​ច្នៃប្រឌិត​ដោយ​ស្ថិតនៅក្នុង​បរិយាកាស​ច្នៃប្រឌិត និង​ការមើល​មនុស្ស​ដែល​ចេះ​ច្នៃប្រឌិត ដូច្នេះ​យើង​ឲ្យ​គ្រូ​របស់​យើង​ចេះ​ច្នៃប្រឌិត​»​។

សាលា​អន្តរជាតិ​នេះ​ផ្តោត​សំខាន់​ទៅលើ​ការអប់រំ​គ្រប់​ជ្រុងជ្រោយ និង​ការអភិវឌ្ឍ​អត្តចរិត​ដោយ​ផ្តោត​ជាពិសេស​លើ​ភាពជា​អ្នកដឹកនាំ និង​ពហុភាសា​ដោយ​បង្រៀន​ជា​ភាសា​អង់គ្លេស ភាសា​ខ្មែរ និង​ភាសា​ចិន និង​វិធីសាស្ត្រ​បង្រៀន​គណិតវិទ្យា​ស្តង់ដា​សិង្ហបុរី​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ធានាថា សិស្ស​ដែល​បញ្ចប់​ការសិក្សា​គឺមាន​ជំនាញ​ចាំបាច់​ដើម្បី​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា​ដែលជា​ជម្រើស​របស់​ពួកគេ​។

លោក​ពន្យល់ថា​៖ «​ពាក្យ Invictus ជា​ភាសា​ឡាទីន​មានន័យថា​ «​អង់អាច​» ​ហើយ​ខ្ញុំ​យល់ថា វា​ជា​ឈ្មោះ​ដែល​សមស្រប​សម្រាប់​សាលា​នេះ​ពីព្រោះ​ខ្ញុំ​យល់ថា​យើង​មាន​ស្មារតី​ដ៏មោះមុត និង​រឹងមាំ គឺជា​គន្លឹះ​នៃ​ភាពជោគជ័យ​នៅក្នុង​ជីវិត​ពិត​»​។

ប្រជាប្រិយភាព​របស់​សាលា Invictus ​នៅ​ប្រទេស​សិង្ហបុរី​បាន​ជំរុញ​ឱ្យ​លោក​ Fearon បង្កើត​សាលា​នេះ​នៅ​បរទេស​។ លោក​បន្ថែមថា​៖ «​យើង​យល់ថា ផ្នែក​ផ្សេងទៀត​នៃ​ពិភពលោក​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ទស្សនវិជ្ជា​អប់រំ​របស់​យើង ហើយ​យើង​ចង់​កសាង​បណ្តាញ​សាលារៀន​មួយ​ដែល​អាច​អនុញ្ញាតឱ្យ​ឪពុកម្តាយ​ដែល​រស់នៅ​ប្រទេស​ផ្សេង​អាច​មាន​សាលា​មួយ​ដ៏ល្អ​ដែល​រក្សាបាន​នូវ​គុណភាព​អប់រំ​ដូចគ្នា​»​។

បុរស​ដែលមាន​ដើមកំណើត​មកពី​ទីក្រុង Cape Town រូបនេះ​បាន​លើកឡើង​ថា ប្រទេស​កម្ពុជា​គឺជា​ជម្រើស​ដ៏ជាក់លាក់​មួយ​សម្រាប់​សាលា​អន្តរជាតិ​ Invictus​។

«​ប្រទេស​កម្ពុជា​មាន​សេដ្ឋកិច្ច​កំពុង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​ចំនួន​ប្រជាជន​កំពុងមាន​កំណើន និង​មាន​ក្របខ័ណ្ឌ​ច្បាប់​ល្អ​ដែល​បាន​ធ្វើឱ្យ​មាន​ភាព​ទាក់ទាញ​សម្រាប់​ពួកយើង​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​យើង​ចូលមក​ក្នុងប្រទេស​ដ៏អស្ចារ្យ​មួយ​នេះ​»​។

លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា យើង​អាចជួយ​ផ្តល់​ការអប់រំ​ដល់​ប្រជាជន​កម្ពុជា​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ផ្តល់ឱ្យ​ពួកគេ​នូវ​លទ្ធផល​ដ៏​គាប់ប្រសើរ​ស្តង់ដា​អន្ដរជាតិ​ហើយ​បង្ហាញថា វា​អាចធ្វើ​ទៅបាន​ក្នុង​ការទទួល​បាន​ការអប់រំ​ប្រកប​ដោយ​គុណភាព​ក្នុង​តម្លៃ​សមរម្យ​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​ធ្វើដំណើរ​គ្រប់​ពេលវេលា ហើយ​ខ្ញុំ​ជួប​បុគ្គល​ជោគជ័យ​ជាច្រើន​ហើយ​នៅពេល​អ្នក​សួរ​ប្រវត្តិ​ពួកគេ​ជាទូទៅ​ពួកគេ​រៀន​នៅ​សាលា​ល្បីៗ​បន្ទាប់មក​សិក្សា​នៅ​បរទេស​។ ​ចំណុច​នេះ​គឺ​ផ្តល់ឱ្យ​ពួកគេ​នូវ​ផ្នត់គំនិត​អន្តរជាតិ​ហើយ​ខ្ញុំ​ចង់​ផ្តល់ឱ្យ​សិស្ស​របស់​យើង​នូវ​ផ្នត់គំនិត​នេះ​។ សាលា​អន្តរជាតិ​ Invictus មាន​លក្ខណពិសេស​ដែល​ដៃគូ​ប្រកួតប្រជែង​ភាគច្រើន​របស់​យើង​មិនអាច​ផ្តល់​ឲ្យ​បាន​»៕

http://www.cambodia.invictus.school/

https://www.facebook.com/invictusintlschoolcambodia/