នៅក្នុង​ទីក្រុង​ភ្នំពេញ​មនុស្ស​ ១ ​ក្រុម​តូច​កំពុង​ផលិត​សូកូឡា​ដែលមាន​គុណភាព​ខ្ពស់​ជាមួយ​ការច្នៃប្រឌិត​តាម​ស្តង់ដា​បែលហ្ស៊ិក ដែល​កើតចេញ​ពី​ក្តីស្រឡាញ់​ចំពោះ​អាជីវកម្ម​មួយ​នេះ​។

នៅក្នុង​ហាង​សូកូឡា The Chocolate Shop ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ ៦៣ ស្រីមុំ អាលី និង​សុភ័ក្រ កំពុង​ផលិត និង​រចនា​ស្ករ​សូកូឡា​ដ៏ឈ្ងុយឆ្ងាញ់​ជាច្រើន​ប្រភេទ​រាប់​ចាប់ពី​ការផលិត​លក្ខណៈ​ដើម​រហូត​ដល់​ការផលិត​ដោយ​ប្រើ​គ្រឿងផ្សំ​របស់​ខ្មែរ​គុណភាព​ខ្ពស់ និង​រៀប​ជា​ឈុត​ដាក់​ក្នុង​ប្រអប់​សូកូឡា​ដ៏​ស្រស់ស្អាត​។

អ្នកនាង​ ស្រីមុំ ​គឺជា​អ្នកគ្រប់គ្រង ហើយ​អ្នកនាង​បាន​ធ្វើការ​នៅ​ហាង​ផលិត​សូកូឡា​នេះ​អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំ​មកហើយ​។

អ្នកនាង​ស្រីមុំ​៖ ខ្ញុំ​រីករាយ​ដែល​បាន​ធ្វើការ​នៅ​ហាង​ផលិត​សូកូឡា​ដ៏ល្អ​នេះ​។

អ្នកនាង​ ស្រីមុំ ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​ធ្វើការ​នៅ​ហាង​ផលិត​សូកូឡា​នេះ​ដែល​ជា​កន្លែង​ផលិត​ស្ករ​សូកូឡា​ពិតប្រាកដ​តែ​ ១ ​គត់​នៅក្នុង​ប្រទេស​កម្ពុជា​។

អ្នកស្រី Griet Lorre ដែល​បាន​បើកហាង​សូកូឡា​នេះ​ដំបូង​ក្នុង​ឆ្នាំ​ ២០០៧ បាន​ឲ្យ​ដឹងថា បុគ្គលិក​របស់​លោកស្រី​គឺ​ពិតជា​សំខាន់​ណាស់​ចំពោះ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​។

«​ពិតណាស់​អតិថិជន​របស់​យើង​គឺ​សំខាន់​ប៉ុន្តែ​បុគ្គលិក​របស់​យើង​ក៏​សំខាន់​ដូចគ្នា​។ ការស្រាវជ្រាវ ការរៀនសូត្រ​ពី​រៀប​ផលិត សូកូឡា​ដើម ការអនុវត្ត និង​ការច្នៃប្រឌិត និង​ការលះបង់​ជាច្រើន​ឆ្នាំ​មក​នេះ​បាន​ធ្វើឱ្យ​ក្រុម​ផលិតកម្ម​របស់​យើង​មាន​ជំនាញ​យ៉ាងពិត​ប្រាកដ​»​។

«​ខ្ញុំ​បាន​បើកហាង​នំ​ និង​ហាង​កាហ្វេ​នៅ​ឆ្នាំ​ ២០០១​។ បន្ទាប់មក​នៅ​ឆ្នាំ​ ២០០៧ ខ្ញុំ​បាន​បន្ថែម​ហាង​សូកូឡា​ដែល​នៅជាប់​ហាង The Shop 240​។ នេះ​គឺជា​ផលិតកម្ម​ផលិត​ស្ករ​សូកូឡា​ពិតប្រាកដ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​»​។

អ្នកស្រី​បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​បន្ទាប់ពី​បើក​ដំណើរការ​ហាង​នំ និង​ហាង​កាហ្វេ​អស់​រយៈពេល​ ២-៣ ​ឆ្នាំ​មក ខ្ញុំ​មាន​អារម្មណ៍​ថា ចង់​បន្ថែម​ហាង​សូកូឡា​មួយទៀត​នៅក្នុង​ផលិតកម្ម​របស់​យើង​។ ដោយ​មាន​ផលិតផល​ល្អៗ​ជាច្រើន​នៅ​កម្ពុជា​ដូចជា​ម្រេច​កំពត ទឹកឃ្មុំ​មណ្ឌលគិរី និង​ស្ករត្នោត​កំពង់ស្ពឺ យើង​បានធ្វើ​ពិសោធន៍ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការនាំ​មក​នូវ​រសជាតិ​ថ្មី​»​។

សូកូឡា​គឺជា​ផលិតផល​សម្រាប់​ការចែករំលែក​ និង​ក្តីរីករាយ ហើយ​ការទិញ​សូកូឡា​ដាក់​ប្រអប់​ជា​កាដូ​ពី​សំណាក់​ប្រជាជន​កម្ពុជា​កំពុង​កើនឡើង​ជា​លំដាប់​។

«​សូកូឡា​របស់​យើង​កំពុង​ពេញនិយម​ទាំងពី​សំណាក់​ជនបរទេស និង​ប្រជាជន​កម្ពុជា​ពីព្រោះ​មនុស្ស​គ្រប់គ្នា​ចូលចិត្ត​សូកូឡា ហើយ​វា​កាន់​តែ​ពេញនិយម​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ដែល​មាន​ចំនួន​ ៦០ ​ទៅ​ ៧០ ​ភាគរយ​នៃ​ការលក់​របស់​យើង​»​។

ស្ត្រី​ជនជាតិ​បែលហ្ស៊ិក​រូបនេះ​បន្ថែមថា​៖ «​សូកូឡា​គឺជា​អំណោយ​ដ៏ល្អ ឥតខ្ចោះ​សម្រាប់​ឱកាស​ពិសេសៗ​ដូចជា​ថ្ងៃ​ខួបកំណើត បុណ្យ​ណូអែល ឬ​ទិវា​នៃ​ក្តីស្រឡាញ់​ជាដើម​។ ការបង្កើត​ និង​ច្នៃប្រឌិត​ប្រអប់​កាដូ​ស្រស់ស្អាត និង​គួរឱ្យ​ទាក់ទាញ ហើយ​មើលឃើញ​ស្នាមញញឹម និង​ក្តីរីករាយ​នៅពេល​គេ​ទទួល​អំណោយ​ទាំងនេះ​ធ្វើឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​កាន់តែ​មាន​សម្ទុះ​ទឹកចិត្ត​»​។

«​ជាមួយ​ការប្តេជ្ញាចិត្ត​ក្នុង​ការបង្កើត​ក្តីរីករាយ​បាន​ធ្វើឱ្យ​យើង​មាន​កំណើន​ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំ យើង​ពិតជា​រីកចម្រើន​ជា​រៀងរាល់​ឆ្នាំ​ពិតមែន​» ។

ចំពោះ​សូកូឡា​ទម្ងន់​ ១០០ ​ក្រាម​មាន​តម្លៃ​ ៦ ​ដុល្លារ អតិថិជន​អាច​ទិញ​ទទួលទាន​ធម្មតា ឬ​ទិញ​ខ្ចប់​ដាក់​ក្នុង​ប្រអប់​កាដូ​។

«​ប្រជាជន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ស្គាល់​សូកូឡា​តែង​ណែនាំ​ឲ្យ​ទៅ​ហាង The Shop ព្រោះ​នៅ​ទីនេះ​គ្មាន​កន្លែង​ណា​ផលិត​សូកូឡា​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​ដូច​ហាង​នេះ​ទេ​។ គ្រាប់​កាកាវ​របស់​យើង​គឺ​ត្រូវបាន​កែច្នៃ​ដោយ​ក្រុមហ៊ុន​បែលហ្ស៊ិក និង​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​បែលហ្ស៊ិក​»​។

អ្នកស្រី Lorre បន្តថា​៖ «​ខ្ញុំ​និយាយ​ដោយ​មោទនភាព​ថា ផលិតផល​របស់​យើង​ដែល​លក់​នៅ​ហាង The Chocolate Shop នេះ​គឺអាច​ប្រៀបធៀប​ជាមួយ​ផលិតផល​ល្បីៗ​របស់​បែលហ្ស៊ិក​បាន​ដូចជា​ម៉ាក Godiva និង Neuhaus ជាដើម​។

អ្នកស្រី Griet Lorre ស្ថាបនិក​ហាង The Chocolate Shop ។

អ្នកស្រី​បន្តថា ជោគជ័យ​របស់​ហាង​សូកូឡា The Chocolate Shop ចាប់ផ្តើម​ពី​ការងារ​ដែល​ស្រឡាញ់​ពិតប្រាកដ ហើយ​អ្នកស្រី​ដឹង​ពី​អ្វី​ដែល​ធ្វើឱ្យ​អតិថិជន​រីករាយ​។

«​ពេល​បើកហាង​សូកូឡា​ដំបូង ខ្ញុំ​ដឹងថា ខ្ញុំ​មិន​ទាន់​យល់​ច្រើន​អំពី​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន​គោលដៅ​របស់​យើង​ទេ​។ ប៉ុន្តែ​វា​ក្លាយ​ជា​រឿង​ល្អ​សម្រាប់​អតិថិជន​របស់ The Shop 240 ដែល​នៅ​ជាប់​ហាង​សូកូឡា The Chocolate Shop ពីព្រោះ​មុន​បើកហាង​សូកូឡា​ ៦ ​ខែ យើង​តែងតែ​យក​គំរូ​សូកូឡា​ឲ្យ​ពួកគាត់​ភ្លក្ស​រសជាតិ និង​ផ្តល់​ជា​មតិយោបល់​»​។

អ្នកស្រី​ថ្លែងថា​៖ «​នេះ​បង្កើត​បាន​បរិយាកាស​ដ៏រីករាយ​នៅក្នុង​ហាង The Shop 240 ហើយ​ឥឡូវនេះ​យើង​អាច​និយាយ​បាន​ថា រសជាតិ​របស់​យើង​ជាច្រើន​កើតឡើង​ពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​អតិថិជន​»៕