អ្នក​ជំនាញ​ខាង​វិទ្យាសាស្រ្ត​ម្ហូប​អាហារ​វ័យ​ក្មេង​កម្ពុជា​មាន​គំនិត​ច្នៃ​ប្រឌិត​ស្ករ​គ្រាប់​រសជាតិ​ប្លែកៗ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ និង​ពិភព​លោក​។ ក្រុម​អ្នក​ជំនាញ​ទាំង​នេះ​បាន​ផលិត​ស្ករ​គ្រាប់​មាន​រសជាតិ​ពិសេស​ជាច្រើន​ប្រភេទ ដាក់​ដាក់​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ ខណៈ​តម្រូវការ​ស្ករ​គ្រាប់​កំពុង​កើន​ឡើង​។​

នៅ​ក្នុង​បន្ទប់​ពិសោធន៍​របស់​ពួក​គេ ពួក​គេ​បាន​ធ្វើ​ការ​សាកល្បង​បង្កើត​នូវ​ស្ករ​គ្រាប់​ដែល​មាន​នៅ​ទី​ជនបទ ដូចជា​ផ្លែ​អម្ពិល ផ្លែ​ព្រីង និង​ស្វាយ​ខ្ចី​ជាដើម ដើម្បី​ផលិត​ជា​ស្ករ​គ្រាប់​រឹង​ដែល​មាន​រសជាតិ​ប្លែក ឈ្ងុយឆ្ងាញ់​ពិសេស​សម្រាប់​អតិថិជន​។

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ក្រុមហ៊ុន Aprati Foods (Cambodia) Ltd បាន​នាំចេញ​ស្ករ​គ្រាប់​រឹង​ម៉ាក ​«Frutati» ​និង ​«Mocati» ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដែល​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឧស្សាហកម្ម​មួយ​នេះ និង​ជា​សញ្ញា​មួយ​នៃ​ការ​ចូល​ម៉ាក​សញ្ញា​ថ្មី​ទៅ​ក្នុង​ទីផ្សារ​ពិភព​លោក​។​

យុវជនពោរពេញដោយទេពកោសល្យកំពុងធ្វើការស្រាវជ្រាវនៅក្នុងបន្ទប់ពិសោធន៍។

ថ្មីៗ​នេះ អ្នក​វិទ្យាសាស្ត្រ​ផ្នែក​អាហារ​របស់​ក្រុមហ៊ុន Aprati Foods (Cambodia) ទើប​បាន​បញ្ចប់ ​«​ដំណើរ​​ស្វែង​យល់​ពី​រសជាតិ​» នៅ​តាម​បណ្តា​ខេត្ត​មួយ ចំនួន ដូចជា​បាត់ដំបង ពោធិ៍សាត់ និង​កំពង់ឆ្នាំង​។ ដំណើរ​ស្វែងយល់​ពី​រសជាតិ នេះ​ផ្តោត​ទៅ​លើ​ការ​ស្វែងរក​ផ្លែ​ឈើ​ព្រៃ​ក្នុង​ស្រុក​តាម​រដូវកាល​។

ក្រុម​យុវជន​វ័យ​ក្មេង​ពោរពេញ​ដោយ​ទេពកោសល្យ​ខ្ពស់​ទាំង​នេះ​សុទ្ធ​តែ​បាន​បញ្ចប់​ការ​សិក្សា​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​សាកលវិទ្យាល័យ​មានជ័យ​។ នៅ​ប៉ុន្មាន​ខែ​ខាង​មុខ ក្រុម​ការងារ​នេះ​នឹង​បន្ត​ចុះ​ទៅ​តំបន់​ជនបទ ដើម្បី​រក​ស្វែងរក​រសជាតិ​ថ្មី និង​រសជាតិ​តាម​ការ​ស្រមើស្រមៃ​របស់​ពួក​គេ​។​

លោក Benjamin Pedro នាយក​ផ្នែក​បង្កើត​ចំណេះ​ដឹង​នៃ​ក្រុមហ៊ុន Aprati បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍ ​ដឹង​ថា​៖ «​សម្រាប់​ការ​ស្វែង​យល់​ពី​រសជាតិ​នេះ គឺ​ជា​ការ​ជំរុញ​ទឹក​ចិត្ត ចង់​ចេះ ចង់​ដឹង ចង់​រៀនសូត្រ ដែល​សុទ្ធ​ជា​ចំណុច​ល្អ​សម្រាប់​ក្រុម​យុវជន​កម្ពុជា​ក្នុង​ការ​បង្កើត​ថ្មី​។ វា​ទើប​តែ​ជា​ការ​ចាប់​ផ្តើម​នៃ​ឧស្សាហកម្ម​ថ្មី​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ប៉ុណ្ណោះ​»​។

ប្រទេស​កម្ពុជា មាន​វត្ថុធាតុ​ដើម​យ៉ាង​​​ល្អ ​និង​គួ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​ការ​ផលិត​ស្ករ​គ្រាប់​ចូល​ទៅ​ក្នុង​ទីផ្សារ​សកល​។ ជាមួយ​នឹង​វត្ថុធាតុ​ដើម​កសិកម្ម​ដ៏​សម្បូរ​បែប កម្លាំង​ពលកម្ម​វ័យ​ក្មេង​ច្រើន​ភាព​រីក​ចម្រើន​ផ្នែក​ប្រាក់​ចំណូល វិស័យ​ផលិតកម្ម​កំពុង​រីក​ចម្រើន អាច​ធ្វើ​ឲ្យ​ការ​ផលិត​ស្ករ​គ្រាប់​ឈាន​ដល់​កម្រិត​ថ្មី​មួយ​ទៀត​។

មាន​ទីតាំង​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្រុមហ៊ុន Aprati Foods (Cambodia) គឺ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​អាមេរិក Licorice ដែល​បាន​ផលិត​ស្ករ​គ្រាប់​ចាប់​តាំង​ពី​ឆ្នាំ ១៩១៤ មក​ម្ល៉េះ បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​នូវ​អានុភាព​បន្ថែម​ក្នុង​អាជីវកម្ម​ប្រកួត​ប្រជែង​មួយ​នេះ​។​

ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​នៅ​កម្ពុជា​នេះ ផលិត​នូវ​ស្ករ​គ្រាប់​រឹង​ពិសេស ​៣ ​ប្រភេទ គឺ​ម៉ាក Mocati (​រសជាតិ​កាហ្វេ​) Aprati (​រសជាតិ​ជីរអង្កាម និង​​ម៉ុងតុល​) និង Frutati (​រសជាតិ​ផ្លែ​ឈើ​ពិសេសៗ​របស់​កម្ពុជា​) ។

ក្រុមហ៊ុន Aprati Foods មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

ជា​រៀងរាល់​ឆ្នាំ ក្រុមហ៊ុន Aprati Foods (Cambodia) ផលិត​ស្ករ​គ្រាប់​​ប្រមាណ ​១៥០ ​តោន​ដែល​ភាគ​ច្រើន​ត្រូវ​បាន​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក និង​សហរដ្ឋអាមេរិក​។​

យោង​តាម​របាយការណ៍​របស់ Grand View Research, Inc បាន​ឱ្យ​ដឹង​ថា ​ទីផ្សារ​ស្ករ​គ្រាប់​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​កើន​ឡើង​ដល់ ​១៩,៦ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥។​

«បច្ចុប្បន្ន​ក្រុមហ៊ុន Aprati Foods (Cambodia) កំពុង​អភិវឌ្ឍ​ផលិតផល​ស្ករ​គ្រាប់​ដែល​ផលិត​ពី​ស្ករ​ត្នោត​ជា​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញាចិត្ត ​ដើម្បី​គាំទ្រ​សហគ្រាស​ក្នុង​ស្រុក​ និង​កសិកម្ម​កម្ពុជា​»​។

ចំណុច​នេះ​នឹង​ពង្រីក​បន្ថែម​ទៀត​ដល់​វត្ថុធាតុ​ដើម​ក្នុង​ស្រុក​ផ្សេង​ទៀត​នាពេល​អនាគត​នៅ​ពេល​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ហើយ​ការ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ក្នុង​ស្រុក​កាន់​តែ​មាន​ច្រើន ដែល​អាច​បំពេញ​តាម​ស្តង់ដា​គុណភាព​ដ៏​តឹងរ៊ឹង​របស់​ក្រុមហ៊ុន​។​

«​តាមរយៈ​ការ​ប្រើប្រាស់​វិធីសាស្ត្រ​អភិវឌ្ឍន៍​ផលិតផល​តាមបែប Agile របស់​ខ្លួន បច្ចុប្បន្ន Aprati Foods (Cambodia) គឺ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ ផ្នែក​វិធីសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​ផលិតផល​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខាង​ចំណី​អាហារ​ក្នុង​ស្រុក និង​​វិស្វករ​ផ្នែក​កែច្នៃ​សហការ​គ្នា​យ៉ាង​ស្អិតល្មួត ដើម្បី​ធ្វើ​ការ​កែលម្អ​ដំណើរការ​ផលិត​ស្ករ​គ្រាប់​។

លោក Pedro បន្ថែម​ថា៖ «នេះ​នឹង​ជួយ​ធានា​ដល់​ការ​ផលិត​ស្ករ​គ្រាប់​ ដែល​មាន​គុណភាព​ខ្ពស់​ និង​មាន​ស្ថិរភាព​សម្រាប់​អតិថិជន​»៕