ក្រុមហ៊ុន អ៊ីដតដូ គ្រុប ​(edotco Group) ដែល​ជា​ក្រុមហ៊ុន​ផ្តល់ជូន​សេវាកម្ម ហេដ្ឋា​រចនា​សម្ព័ន្ធ ​ទូរគមនាគមន៍ ​នៅ​ក្នុង​តំបន់ កំពុង​ពង្រឹង​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស ​កម្ពុជា ដោយ​ជំរុញ​គំនិត​ផ្តួចផ្តើម​បៃតង ​ដើម្បី​កសាង​បណ្ដាញ​ទូរគមនាគមន៍​ប្រកប​ដោយ​និរន្តរភាព​ឲ្យ​ស្រប​ទៅ​តាម​ការ​ប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​ការ​ការពារ​បរិស្ថាន​។

នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន​ផ្តល់​នូវ​សេវាកម្ម​ជា​ច្រើន​ដែល​ទាក់ទង​នឹង​បង្គោល​អង់តែន​ទូរគមនាគមន៍​ដូច​ជា​ការ​ជួល​បង្គោល​អង់តែន ការ​ប្រើ​បង្គោល​អង់​តែន​រួម ការ​សាងសង់​បង្គោល​អង់តែន​ស្រប​តាម​ការ​ចង់​បាន​របស់​អតិថិជន កិច្ច​ប្រតិបត្តិការ ​និង​ការ​ថែទាំ ដើម្បី​ធានា​បាន​នូវ​គុណភាព​ខ្ពស់​ និង​បណ្តាញ​មួយ​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​។

គិត​ត្រឹម​ចុង​ខែ​មីនា ឆ្នាំ ​២០១៩ ក្រុមហ៊ុន​គ្រប់គ្រង ​និង​ប្រតិបត្តិការ​ដោយផ្ទាល់​លើ​បង្គោល​អង់តែន​ចំនួន ​៣ ៦២៥ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក Phillip Wong នាយក​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន ​អ៊ីដតកូ ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ចំពោះ​ក្រុមហ៊ុន ​អ៊ីដតកូ និរន្តរភាព​គឺ​ជា​គោលការណ៍​ស្នូល ដែល​ដឹកនាំ​ប្រតិបត្តិការ​អាជីវកម្ម​ជា​ទូទៅ​របស់​យើង​។ ការ​ប្តេជ្ញាចិត្ត​នេះ​គឺ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រកួត​ប្រជែង​របស់​យើង ហើយ​ជាមួយ​គ្នា​នេះ​ដែរ គឺ​ដើម្បី​ធានា​ថា​មិន​មាន​ផល​ប៉ះពាល់​ដល់​ សង្គម​នៅ​ក្នុង​ទីផ្សារ​ដែល​យើង​ប្រតិបត្តិការ​»​។

លោក Phillip Wong នាយក​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន ​អ៊ីដតកូ។

«​នៅ​ទូទាំង​តំបន់​ដែល​យើង​ប្រតិបត្តិការ គឺ​យើង​ដោះស្រាយ​រាល់​បញ្ហា​ប៉ះពាល់​ដល់​សហគមន៍​រាប់​ចាប់​ពី​ដំណើរការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ ដូចជា​កាត់​បន្ថយ​សំឡេង​រំខាន​ពី​ម៉ាស៊ីន​ភ្លើង​ប្រើ​ប្រេង​ឥន្ធនៈ មក​ប្រើ​ម៉ាស៊ីន​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ ដែល​មិនមាន​សំឡេង​រំខាន និង​ដំណោះ​ស្រាយ​ផ្សេងៗ​ទៀត​ដូចជា​ឥន្ធនៈ​អ៊ីដ្រូហ៊្សែន​​ជា​ដើម​»​។

ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស ​ម៉ាឡេស៊ី ​មួយ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Axiata Group Bhd ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​លេច​ធ្លោ​ជា​ច្រើន​ដូច​ជា​នៅ​​ប្រទេស ​បង់ក្លាដែស កម្ពុជា មីយ៉ាន់ម៉ា ប៉ាគីស្ថាន និង​ប្រទេស ​ស្រីលង្កា​។

បង្គោល​អង់តែន​ធ្វើ​ពី​ឫស្សី ​ដែល​ជា​ការ​រួម​ចំណែក​ដល់​ការ​ការពារ​បរិស្ថាន​​​។

ក្រុមហ៊ុន​អ៊ីដតកូ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដល់​ក្រុមហ៊ុន​ទូរគមនាគមន៍​ក៏​ដូច​ជា​គ្រប់គ្រង​ និង​ប្រតិបត្តិការ​ដោយ​ផ្ទាល់​លើ​បង្គោល​អង់តែន​ជាង ២៨ ៥០០ នៅ​ក្នុង​បណ្តាល​ប្រទេស​ទាំង​នោះ​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​បៃតង ​ដើម្បី​ទប់ស្កាត់​ការ​បំភាយ​ឧស្ម័ន​កាបូន​ និង​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​។

«​បិទ​បញ្ចប់​ឆ្នាំ ​២០១៨ យើង​មាន​បង្គោល​អង់តែន​បៃតង​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​សរុប​ចំនួន ​១ ១១២ នៅ​ក្នុង​ប្រទេស​ចំនួន ​៦ ​ដែល​យើង​មាន​វត្តមាន ដូច​ជា​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ ហើយ​យើង​សម្រេច​បាន​តាម​គោលដៅ​របស់​យើង ដោយ​បាន​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​បាន​ចំនួន ​៤៤ ​ភាគរយ ​នៅ​ក្នុង​ឆ្នាំ ​២០១៨ លើស​ផែនការ​ដើម ​១ ​ឆ្នាំ​»​។

«​បច្ចុប្បន្ន នៅ​ក្នុង​ប្រទេស ​កម្ពុជា យើង​កំពុង​ធ្វើ​ការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​និង Atelier Cole ដើម្បី​សិក្សា​អំពី​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​ឫស្សី​សម្រាប់​សាងសង់​បង្គោល​អង់តែន​ទូរគមនាគមន៍​»​។

លោក Wong បាន​បន្ថែម​ថា​៖ «​គោល​បំណង​របស់​យើង​គឺ​មាន​អង់តែន​ទូរគមនាគមន៍​ធ្វើ​ពី​ឫស្សី​លើក​ដំបូង​សម្រាប់​ប្រើប្រាស់​នៅ​កម្ពុជា​នៅ​ត្រឹម​ចុង​ឆ្នាំ​»​។

មាន​ការ​ទទួល​ស្គាល់​​គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន​អ៊ីដតកូ ចំពោះ​ការ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​។ អស់​រយៈពេល ​៣ ​ឆ្នាំ​ជាប់ៗ​គ្នា រួម​ទាំង​ក្នុង​ឆ្នាំ ​២០១៩ ​នេះ​ផង​ដែរ ក្រុមហ៊ុន​បាន​ទទួល​ពាន​រង្វាន់​ក្នុង​នាម​ជា ​«​ក្រុមហ៊ុន​ទូរគមនាគមន៍ អាស៊ី​ប៉ាស៊ីហ្វិក ប្រចាំ​ឆ្នាំ​» ពី​ស្ថាប័ន Frost & Sullivan​។

វិស័យ​ទូរគមនាគមន៍​កម្ពុជា​កំពុង​មាន​ការ​រីក​ចម្រើន​។ យោង​តាម​របាយការណ៍​បាន​ឱ្យ​ដឹង​ថា ​អ្នក​ប្រើប្រាស់​បណ្តាញ​ទូរស័ព្ទ​មាន​ប្រមាណ​ ២៥ ​លាន ក្នុង​ចំណោម​ប្រជាជន ​១៦ ​លាន​នាក់ ​នៅ​ក្នុង​ប្រទេស​។

ប្រជាជន​កម្ពុជា​វ័យ​ក្មេង​ដែល​មាន​អាយុ​ក្រោម ​៣០ ​ឆ្នាំ យ៉ាង​ហោច​ណាស់​មាន​ចំនួន ​៦០ ​ភាគរយ គួប​ផ្សំ​ជាមួយ​កំណើន​ប្រជាជន​មក​រស់​នៅ​ក្នុង​ទីក្រុង និង​ការ​កើន​ឡើង​ប្រាក់​ចំណូល​ផង​នោះ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​មាន​លទ្ធភាព​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​កាន់​តែ​ជឿនលឿន ​និង​មាន​តម្លៃ​សមរម្យ​។

លោក Wong ថ្លែង​ថា​៖ «​យើង​មើល​ឃើញ​ចំនួន​បង្គោល​អង់តែន​របស់​យើង​កើន​ឡើង ​ខណៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​កំពុង​រីក​ចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ កំណើន​នៅ​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ គឺ​តម្រូវ​ឱ្យ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរគមនាគមន៍​កាន់​តែ​ច្រើន ដូច្នេះ​ហើយ​ក្រុមហ៊ុន​អ៊ីដតកូ​កម្ពុជា នឹង​សហការ​ជាមួយ​រដ្ឋាភិបាល ​និង​ប្រតិបត្តិករ​បណ្តាញ​ទូរស័ព្ទ​ចល័ត ​(MNOs) ​ក្នុង​ស្រុក​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​ឲ្យ​បាន​​នូវ​មហិច្ឆតា​នេះ​»៕