អគារ Royal Train Square ដែលជាអគារប្រវត្តិសាស្ត្រដ៏លេចធ្លោបំផុតមួយនៅក្នុងរាជធានីភ្នំពេញនឹងក្លាយជាកន្លែង «ជួបជុំថ្មី» ដ៏ទាក់ទាញ។ ស្ថានីយរថភ្លើងក្រុងភ្នំពេញត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៣២ ក្រោមរជ្ជកាលព្រះបាទស៊ីសុវត្ថិ មុនីវង្ស ជាមួយនឹងរចនាប័ទ្មស្ថាបត្យកម្ម Art Deco នៅតែជាអគារដ៏លេចធ្លោ ១ នៅក្នុងទីក្រុង។
ប្រវត្តិនៃគម្រោងនេះគឺសំខាន់ណាស់ចំពោះលោក Scott Bolls ជានាយកគ្រប់គ្រងអគារ Royal Train Square ដែលកំពុងស្វែងរកអតិថិជនដែលមានទស្សនៈដូចលោក ដើម្បីចូលរួមជាមួយលោកក្នុងដំណើរជាប្រវត្តិសាស្ត្រមួយនេះ។
«ប្រវត្តិសាស្ត្រសម្រាប់ខ្ញុំគឺប្លង់មេ ជាគំរូមួយដែលយើងអាចកសាង។ ប្រវត្តិសាស្ត្រគូសវាសសម្រាប់យើងនាពេលបច្ចុប្បន្ន និងរៀបចំយើងសម្រាប់អនាគត នៅពេលយើងរៀនសូត្រពីអតីតកាលរបស់យើង»។
លោកថ្លែងថា៖ «ក្នុងនាមជាជនបរទេសម្នាក់ ខ្ញុំគោរពខ្លាំងណាស់ចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសកម្ពុជា ហើយខ្ញុំពិតជាចង់ការពារវា។ គោលដៅទី ១ របស់ខ្ញុំនៅពេលកែលម្អស្ថានីយរថភ្លើងនេះ គឺត្រូវថែរក្សាអគារប្រវត្តិសាស្ត្រមួយនេះ ហើយមិនជំនួសដោយប្លុកការិយាល័យដែលមិនទាក់ទាញនោះទេ»។
ស្ថានីយរថភ្លើងក្រុងភ្នំពេញជាថ្មីម្តងទៀតនឹងក្លាយជាទីកន្លែងសម្រាប់អ្នករស់នៅក្នុងទីក្រុងដើម្បីជួបជុំគ្នាដូចកាលពីអតីតកាល នៅពេលដែលប្រជាជនបានមកជួបជុំគ្នាដ៏អ៊ូអរនៅជុំវិញតូបលក់ទំនិញផ្សេងៗ ទោះបីពួកគេមិនមកដើម្បីជិះរថភ្លើងក៏ដោយ។
«អគារ Royal Train Square កំពុងផ្លាស់ប្តូរស្ថានីយរថភ្លើងដែលធ្លាប់ជាអតីតមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ទៅជាកន្លែងជួបជុំថ្មីនៅក្នុងទីក្រុង ដែលនៅមិនឆ្ងាយពីតំបន់អភិវឌ្ឍដ៏សំខាន់ៗក្នុងទីក្រុងភ្នំពេញ»។
លោក Bolls បានបន្តថា៖ «យើងធ្វើឱ្យមានភាពអ៊ូអរនៅក្នុងអគារនោះឡើងវិញ ហើយធ្វើឱ្យអគារ Royal Train Square ក្លាយជាកន្លែងជួបជុំសម្រាប់ទីក្រុងភ្នំពេញ»។
បុរសជនជាតិអាមេរិករូបនេះបានលើកឡើងថា អគារ Royal Train Square គឺជាទីតាំងដ៏ល្អបំផុតសម្រាប់អ្នកជួលរយៈពេលវែងនៅចំកណ្តាលរាជធានីភ្នំពេញ។
«តើមានកន្លែងណាផ្សេងទៀតនៅលើពិភពលោកនេះ ដែលក្រុមហ៊ុនអាចមានឱកាសមានទីកន្លែងរបស់ពួកគេនៅក្នុងអគារប្រវត្តិសាស្ត្រ នៅក្នុងរាជធានីនៃប្រទេសមួយ និងនៅក្នុងទីតាំងដ៏មានសក្តានុពលបែបនេះនៅចំកណ្តាលទីក្រុង?
«យើងមានទីធ្លាដែលអតិថិជនអាចសាងសង់តាមលក្ខណៈជាក់លាក់របស់ពួកគេ នៅក្នុងដែនកំណត់របស់វា ដែលត្រូវគោរពតាមអគារដើម។ ទីធ្លានោះគឺជាអ្វីដែលយើងអាចសាងសង់សម្រាប់នរណាម្នាក់ដែលមានចក្ខុវិស័យសម្រាប់ពេលអនាគត»។
ស្ថានីយរថភ្លើងក្រុងភ្នំពេញ និងផ្សារធំថ្មីដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៣៧ គឺត្រូវបានរចនាតាមបែបរចនាបថ Art Deco ដ៏លេចធ្លោនៅក្នុងរាជធានីភ្នំពេញជាមួយនឹងអគារ Cathedral of Phnom Penh។
បញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ១៩២៧ អគារ Cathedral of Phnom Penh គឺជាអគារដំបូងគេនៅទីក្រុងភ្នំពេញត្រូវបានបំផ្លាញដោយខ្មែរក្រហម នៅពេលពួកគេចូលកាន់កាប់ទីក្រុងភ្នំពេញនៅក្នុង ឆ្នាំ ១៩៧៥។
ត្រូវបានសាងសង់ឡើងកាលពីជិត ៩០ មុនខ្សែរថភ្លើងនៃស្ថានីយរថភ្លើងក្រុងភ្នំពេញក៏ត្រូវបានសាងសង់ឆ្ពោះទៅប៉ោយប៉ែត្រ ដើម្បីជំរុញពាណិជ្ជកម្មជាមួយប្រទេសថៃ។ ស្ថានីយរថភ្លើងនេះមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ បច្ចុប្បន្នអគារនេះបើមើលពីសួនច្បារទៅគឺស្ថិតនៅចន្លោះអគារវឌ្ឍនៈ និងអគារកាណាឌីយ៉ា។ ដំបូងឡើយវាជាប្រឡាយ (Grand Canal) ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៨៩៤ ដែលលាតសន្ធឹងចាប់ពីដងទន្លេសាបទៅស្ថានីយរថភ្លើង ដើម្បីដឹកជញ្ជូនទំនិញដាក់លើរថភ្លើង។
លោក Bolls ពន្យល់ថា៖ «អស់រយៈពេល ៩០ ឆ្នាំមកហើយ ស្ថានីយរថភ្លើងនេះគឺជាអគារប្រវត្តិសាស្ត្រនៅក្នុងទីក្រុងភ្នំពេញ។ វាតែងតែដើរតួនាទីសំខាន់នៅក្នុងប្រទេសកម្ពុជាពីព្រោះវាជាមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ ដោយសារតែធ្លាប់មានប្រឡាយទៅកៀកនឹងស្ថានីយនោះ ដែលទំនិញត្រូវបានដឹកជញ្ជូនដាក់ក្នុងរថភ្លើង ដើម្បីដឹកជញ្ជូនទៅទូទាំងតំបន់អាស៊ីអាគ្នេយ៍»។
«អគារ Royal Train Square គោរព និងទទួលស្គាល់នូវប្រវត្តិសាស្ត្ររាជានិយមដែលបានជួយកសាងប្រទេសជាតិឱ្យមានដូចសព្វថ្ងៃ ហើយវាសំខាន់ណាស់សម្រាប់ខ្ញុំក្នុងការរក្សានូវប្រវត្តិសាស្ត្រនេះ»។
«វាជាកិត្តិយសធំណាស់សម្រាប់ខ្ញុំ ដែលជាកាតាលីករមួយក្នុងការនាំយកទីតាំងនេះឱ្យមានជីវិតរស់រវើកឡើងវិញ បន្ទាប់ពីវាអសកម្មអស់រយៈពេលជាយូរមកហើយនោះ»។ លោក Maurice ដែលជាអ្នកជំនាញខាងហិរញ្ញវត្ថុ និងជាអ្នកអភិវឌ្ឍន៍ម្នាក់មកពីប្រទេសហូឡង់ក៏ជាអ្នកត្រួសត្រាយផ្លូវម្នាក់ ទៀតដែលស័ក្តិសមនឹងទទួលបានការកោតសរសើរដែរ សម្រាប់ការអភិវឌ្ឍជាប្រវត្តិសាស្ត្រនេះ។ ការជួសជុលអគារដ៏ស្រស់ស្អាតតាមរបៀបនេះគឺយើងកំពុងធ្វើឱ្យអគារចំណាស់មួយនេះក្លាយជាអគារដ៏ស្រស់បំព្រងជាថ្មីម្តងទៀត»។ លោក Bolls បានថ្លែងថា៖ «ឥឡូវ អគារនេះបានត្រៀមខ្លួន និងផ្លាស់ប្តូរមុខមាត់ថ្មីសម្រាប់ទីក្រុងភ្នំពេញដើម្បីឱ្យមនុស្សគ្រប់គ្នាបានរីករាយ។ ប៉ុន្តែអ្វីដែលកាន់តែសំខាន់ទៀតនោះគឺអគារនេះបានថែរក្សានូវមុខមាត់ជាប្រវត្តិសាស្ត្រ ដែលយើងចង់ថែរក្សាឱ្យមនុស្សជំនាន់ក្រោយបានឃើញ និងទទួលបទពិសោធ»៕