ទស្សនៈ​ការងារ​សប្បុរសធម៌​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺ​បាន​ជះឥទ្ធិពល​ដល់​គ្រប់ផ្នែក​នៃ​ជីវិត​រស់នៅ​ក្នុងសង្គម​កម្ពុជា​។ គំនិត​ផ្តួចផ្តើម​នៃ​ការទទួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ (CSR) ដែល​ផ្តោតលើ​ប្រជាជន​របស់​ក្រុមហ៊ុន​គឺ​បាន​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ជីវិត​រស់នៅ​របស់​សហគមន៍​ក្រីក្រ​ជួយ​ដល់​ប្រទេស​ជាតិ​ក្នុង​អំឡុងពេល​មាន​គ្រោះមហន្តរាយ​ផ្សេងៗ និង​ដោះស្រាយ​ការអប់រំ​ដល់​បញ្ហា​សុខភាព​ជាដើម​។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក ប្រធាន និង​ជា​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បាន​មានប្រសាសន៍​ថា​៖ «​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការប្រកាន់​លើ​គោលការណ៍​របស់​ក្រុមហ៊ុន​យើង និង​ដើម្បី​បង្ហាញ​នូវ​អ្វីដែល​យើង​ធ្វើ ជាពិសេស​នៅក្នុង​គ្រា​ដ៏លំបាក​។ យើង​គឺជា​អាជីវកម្ម​ដែល​យកចិត្ត​ទុកដាក់​ខ្ពស់​ដល់​សហគមន៍​របស់​យើង​»​។

ក្រុមហ៊ុន​ដែល​បង្កើតឡើង​នៅក្នុង​ស្រុក​មួយ​នេះ​បាន​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ជាមួយ​នឹង​គំនិត​ផ្តួចផ្តើម CSR របស់ខ្លួន ដែល​ត្រូវបាន​រាប់បញ្ចូល​ជា​យុទ្ធសាស្ត្រ​អាជីវកម្ម​ដ៏ទូលំទូលាយ និង​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួយ​ដល់​កម្មវិធី​សង្គម​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន សម្រាប់​គ្រា​លំបាក​។

វីង បរិច្ចាគ​ថវិកា​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។ រូបថត Supplied

កិច្ចខិតខំ​ប្រឹងប្រែង​តាមរយៈ​កម្មវិធី CSR របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប​នៅក្នុង​ឆ្នាំ​នេះ​គឺ​ផ្តោត​សំខាន់​លើ​សកម្មភាព​ដែល​ទាក់ទង​នឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩​។ អ្នកឧកញ៉ា គិត ម៉េង និង​លោកជំទាវ ម៉ៅ ចំណាន កាលពី​ពេល​ថ្មីៗ​នេះ បាន​បរិច្ចាគ​ថវិកា​ចំនួន​ ៣ ​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩ សម្រាប់​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។

មុន​ព្រឹត្តិការណ៍​នេះ អ្នកឧកញ៉ា និង​លោកជំទាវ​ក៏បាន​បរិច្ចាគ​ថវិកា​ចំនួន​ ៣ ​លាន​ដុល្លារ​ផងដែរ ដើម្បី​ជួយ​រដ្ឋាភិបាល​ក្នុង​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​។ ការចូលរួម​វិភាគទាន​ហិរញ្ញវត្ថុ​របស់​លោក​ទាំង​ ២ ​ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​នៃ​ជំងឺ​កូវីដ​១៩ គឺ​បានចាប់ផ្តើម​កាលពី​ឆ្នាំមុន នៅពេល​លោក​បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន ៥០០ ០០០​ ​ដុល្លារ នៅពេល​ដែល​ជំងឺ​រាតត្បាត​នេះ​ត្រូវបាន​គេ​រាយការណ៍​ជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន​ទូរទស្សន៍ CBS របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​គឺជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈានមុខ​គេ​មួយ និង​បាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ការផ្តល់​ព័ត៌មាន​ដ៏គួរ​ឱ្យ​ជឿទុកចិត្ត​ដល់​សាធារណជន​អំពី​ហានិភ័យ​សុខភាព​នៃ​ជំងឺ​កូវីដ​១៩ គិត​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​កាលពី​ដើម​ឆ្នាំមុន​។

គុណតម្លៃ​នៃ​ការផ្តល់​ត្រលប់​ទៅឱ្យ​សង្គម​វិញ​នេះ គឺ​ត្រូវបាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​។

ធនាគារ​ឯកទេស​វីង (​ខេមបូឌា) ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក៏បាន​ចូលរួម​វិភាគទាន​ចំនួន​ ១០ ​ម៉ឺន​ដុល្លារ​ដល់​អ្នករត់​រ៉ឺម៉ក​កង់ ​៣ (Tuk Tuk) ដែល​បាន​បាត់បង់​ប្រាក់​ចំណូល​របស់​ពួកគេ​បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩​។

Ezecom បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប​ផ្តល់​មូលនិធិ​សប្បុរសធម៌​។

ក្រៅពីនេះ វីង​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​សប្បុរសធម៌​ផ្សេងៗ ដូចជា​មូលនិធិ​គន្ធបុប្ផា និង​អង្គការ​ស្នាម​ញញឹម​កម្ពុជា​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ផ្តល់​ការវះកាត់​មាត់​ឆែប​​ដល់​កុមារ​ដោយ​ឥតគិតថ្លៃ​។

នៅមុន​ពេល​ជំងឺ​រាតត្បាត​នេះ​ផ្ទុះឡើង អ្នកឧកញ៉ា និង​លោកជំទាវ​តែងតែ​បរិច្ចាគ​ថវិកា​ជាប្រចាំ​ដល់​កាកបាទក្រហម​កម្ពុជា ហើយ​នៅ​រៀងរាល់​ទិវា​កាកបាទក្រហម និង​អឌ្ឍច័ន្ទ​ក្រហម​ពិភពលោក ដែល​ប្រារព្វ​ធ្វើឡើង​នៅ​ថ្ងៃទី​ ៨ ខែឧសភា លោក​ទាំង​ ២ បាន​បរិច្ចាគ​ថវិកា​ចំនួន​ ៥០ ​ម៉ឺន​ដុល្លារ​ដល់​អង្គការ​មនុស្សធម៌​ធំ​បំផុត​មួយ​នេះ​នៅ​កម្ពុជា​។

ការងារ​សប្បុរសធម៌​របស់​អ្នកឧកញ៉ា គិត ម៉េង និង​លោកជំទាវ ម៉ៅ ចំណាន ក៏បាន​ផ្តល់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​។ នៅក្នុង​ឆ្នាំ​ ២០១៨ អ្នកឧកញ៉ា និង​លោកជំទាវ​បាន​បរិច្ចាគ​ដី​ទំហំ ១ ៣៧២ ​ម៉ែត្រការ៉េ ដែល​មាន​តម្លៃ​ ៨ ​លាន​ដុល្លារ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដែល​បង្កើតឡើង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន​។

ជំនួយ​មនុស្សធម៌​របស់​លោក​ទាំង​ ២ ​ក៏បាន​ទៅដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខែតុលា ឆ្នាំ​ ២០២០ ផងដែរ នៅពេល​ដែល​លោក​បាន​បរិច្ចាគ​ទឹកប្រាក់​ ២០ ​ម៉ឺន​ដុល្លារ ខណៈ​ក្រុមហ៊ុន​បណ្តាញ​ទូរស័ព្ទ​ចល័ត Cellcard ដែលជា​ក្រុមហ៊ុន​មួយ​ផ្សេងទៀត​ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានផ្តល់​ជូន​នូវ​ការតេ​ចេញ និង​ការប្រើប្រាស់​ទិន្នន័យ​ដោយ​ឥត​គិតថ្លៃ សម្រាប់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ក៏ដូចជា​ផ្តល់ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ និង​ក្រុម​ជួយសង្គ្រោះ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ក្នុង​គ្រោះមហន្តរាយ​ធម្មជាតិ​នេះ​។

ខណៈ​ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង Infinity Insurance របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ធំជាងគេ​របស់​កម្ពុជា​បាន​សហការ​ជាមួយ​អង្គការ Sustainable Cambodia, Komar Pikar Foundation និង Riverkids ដើម្បី​គាំទ្រ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជាពិសេស​កុមារ​មកពី​សហគមន៍​ក្រីក្រ​។

តាម​វិធី​នេះ​ជាមួយ​នឹង​ជំងឺ​កូវីដ​១៩ ផ្ទុះឡើង វា​បាន​បញ្ជាក់​ពី​តម្រូវការ​បន្ថែម​ក្នុងការ​ «​ឱ្យ​ត្រលប់​» ​ខណៈ​ការប្រឹងប្រែង​កាលពី​ពេល​ថ្មីៗ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប បានបង្ហាញ​ពី​ការបន្ត​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ឈានមុខ​គេ​ជាមួយ​គម្រោង CSR ដ៏ធំ​ទូលាយ​របស់ខ្លួន​នៅក្នុង​ការគាំទ្រ​ដល់​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​សម្រាប់​ការរីកចម្រើន និង​ការច្នៃប្រឌិត​នៃ​សង្គមជាតិ​៕