អគ្គនាយក​ថ្មី​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី លោក Loke Kah Meng មាន​ទំនុកចិត្ត​ថា ក្រុមហ៊ុន​ធានារ៉ាប់រង​មួយ​នេះ​អាចនឹង​ទទួល​បាន​កំណើន​ដ៏រឹងមាំ​បន្តទៀត​នៅក្នុង​ឆ្នាំនេះ ទោះបី​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​កំពុង​រងផលប៉ះពាល់​ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ក៏ដោយ​។

ស្ថាប័ន​ហិរញ្ញវត្ថុ Global Banking and Finance Review បានផ្តល់​ពានរង្វាន់​ដល់​ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដែល​រីកចម្រើន​លឿន​ជាងគេ​នៅ​កម្ពុជា​រយៈពេល​ ៣ ​ឆ្នាំ​ជាប់ៗ​គ្នា​គឺ​ពី​ឆ្នាំ​ ២០១៨, ២០១៩ និង​ ២០២០​។

ក្នុងឱកាស​អបអរសាទរ​ខួប​លើក​ទី​ ៥ ​របស់​ខ្លួន​នៅ​ថ្ងៃទី​ ១ ខែមេសា លោក Loke បាន​មាន​ប្រសាសន៍ថា​ក្រុមហ៊ុន​អាច​ទទួលបាន​សមិទ្ធផល​ដ៏ធំធេង​មួយទៀត ខណៈ​ដែល​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​ក្នុងស្រុក​ហាក់​ស្ថិតនៅលើ​គន្លង​នៃ​កំណើន​កាន់តែ​រឹងមាំ​។

«​យើង​រំពឹង​នឹង​បន្ត​ក៏ដូចជា​ពន្លឿន​ល្បឿន​នៃ​កំណើន​យ៉ាង​ហោចណាស់​ឱ្យបាន ២ ទៅ ៣ ដង នៃ​មធ្យមភាគ​ឧស្សាហកម្ម ដោយ​មាន​មហិច្ឆតា​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ឈានមុខ​នៅលើ​ទីផ្សារ ផ្អែកលើ​បុព្វលាភ​អាជីវកម្ម​ថ្មី​សរុប​»​។

លោក​បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​យើង​នឹង​សម្រេចបាន​តាមរយៈ​ការពង្រីក​បណ្តាញ​ជាមួយ​ដៃគូ​ធនាគារ និង​បង្កើន​ការគ្រប​ដណ្តប់​ទៅលើ​សាខា​។ ណែនាំ​យុទ្ធសាស្ត្រ​ឆាប់រហ័ស​ដើម្បី​បង្កើន​ការចែកចាយ​ភ្នាក់ងារ ដែល​យើង​នឹង​ជ្រើសរើស​បុគ្គល​ជា​សហគ្រិន​ដែល​មាន​បំណង​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន ដោយ​មិនចាំបាច់​មាន​ទុន​ផ្ទាល់ខ្លួន​»​។

ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំ​ទិវា​រត់ប្រណាំង​ស្ត្រី​កាលពី​ឆ្នាំមុន ដែលជា​ផ្នែក​មួយ​នៃ CSR របស់ខ្លួន​។ Supplied

មុនពេល​ជំងឺ​កូវីដ​ផ្ទុះឡើង ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​មួយ​នៅក្នុង​តំបន់​អាស៊ាន​អស់​រយៈពេល​ជិត ​១ ​ទសវត្សរ៍ ជាមួយ​នឹង​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ជា​មធ្យម​ ៨ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​។

យោងតាម​សមាគម​ធានារ៉ាប់រង​កម្ពុជា​បាន​ឱ្យ​ដឹងថា កត្តា​នេះ​បាន​ធ្វើ​ឱ្យ​វិស័យ​ធានារ៉ាប់រង​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ដោយ​បុព្វលាភ​ដុល​សរុប​កើន​ឡើង​ជា​មធ្យម​ ៣៥ ​ភាគរយ​ជា​រៀងរាល់​ឆ្នាំ​ក្នុង​រយៈពេល​កន្លះ​ទសវត្សរ៍​កន្លងមកនេះ​។

«​ការប៉ាន់ស្មាន​គោល​នៃ​អត្រា​កំណើន​ឧស្សាហកម្ម​ធានារ៉ាប់រង​អាយុជីវិត គួរតែមាន​យ៉ាងហោចណាស់​ ២ ​ដង​នៃ​អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​។ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ខណៈ​ប្រជាជន​ដែលមាន​កម្រិតជីវភាព​មធ្យម​កំពុង​កើនឡើង​គួរឱ្យ​កត់សម្គាល់ ដែល​បាន​ជួយ​លើកកម្ពស់​ស្តង់ដា និង​គុណភាព​នៃ​ការរស់នៅ​របស់​ពួកគេ​»​។

«​យុវជន​កម្ពុជា​កាន់តែ​ច្រើន​មាន​ការអប់រំ​ខ្ពស់ ដែល​បាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ធានារ៉ាប់រង និង​តម្រូវការ​សម្រាប់​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ​នាពេល​អនាគត ដើម្បី​ការពារ​ពួកគេ និង​ក្រុមគ្រួសារ​អំពី​ព្រឹត្តិការណ៍​អកុសល​ណាមួយ​»​។

«​នៅក្នុង​ប្រទេស​កម្ពុជា ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម គឺជា​ឧបករណ៍​ដ៏មាន​ឥទ្ធិពល​។ យើង​ព្យាយាម​ពង្រីក​សេវាកម្ម​របស់​យើង​ឱ្យបាន​ទៅដល់​ប្រជាជន​កម្ពុជា​វ័យក្មេង​ជំនាន់ ក្រោយ​តាមរយៈ​ហ្វេសប៊ុក​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ផ្សេងទៀត​។ ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ផ្លាស់ប្តូរ​ឌីជីថល​របស់​យើង យើង​ក៏បាន​ដាក់ចេញ​នូវ​ប្រព័ន្ធ “U Smile System” ដែលជា​វេទិកា​ឌីជីថល​ដ៏ពិសេស​របស់​យើង ដើម្បី​ជួយ​កាត់បន្ថយ​ពេលវេលា​សម្រាប់​ការចេញ​គោលនយោបាយ​ដើម្បីឱ្យ​ស្របតាម​និន្នាការ​ទីផ្សារ​»​។

ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំ​ទិវា​រត់ប្រណាំង​ស្ត្រី​កាលពី​ឆ្នាំមុន ដែលជា​ផ្នែក​មួយ​នៃ CSR របស់ខ្លួន​។ Supplied

ដោយ​ដឹងថា​នឹង​មានការរំខាន​ដល់​សេដ្ឋកិច្ច​ជាថ្មី​ម្តងទៀត​នៅក្នុង​ឆ្នាំនេះ ក្រុមហ៊ុន​បាន​អះអាងថា ខ្លួន​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការរក្សា​ទិសដៅ​នៃ​ផែនការអាជីវកម្ម​បច្ចុប្បន្ន​ក្នុង​រយៈពេល​មធ្យម ទោះបីជា​មាន​បញ្ហា​ប្រឈម​ដោយសារ​ជំងឺ​រាតត្បាត​កូវីដ​១៩ ក៏ដោយ​។

ដើម្បី​កាត់បន្ថយ​បញ្ហា​ប្រឈម​ទាំងនេះ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានកំណត់​ទិសដៅ​ទីផ្សារ​ចំពោះ​ប្រជាជនមាន​កម្រិត​ជីវភាព​មធ្យម​ដែល​កំពុង​កើនឡើង​សម្រាប់​ផលិតផល សន្សំ និង​ការអប់រំ​ក៏​ដូចជា​អតិថិជន​របស់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជាមួយ​នឹង​ប្រាក់កម្ចី​ការការពារ​ដោយ​ប្រើប្រាស់​ផលិតផល​ “Credit Life” របស់​ក្រុមហ៊ុន​។

ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ប្រារព្ធ​ខួប​ដ៏សំខាន់​របស់ខ្លួន​នៅក្នុង​ឆ្នាំនេះ ក្រុមហ៊ុន​មាន​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​មួយ ដើម្បី​អបអរ​ដល់​ឱកាស​នេះ និង​ចែករំលែក​ភាពជោគជ័យ​របស់ខ្លួន​ជាមួយ​អតិថិជន​របស់ខ្លួន​។

«​សុវណ្ណាភូមិ ឡាយហ្វ៍ បាន​ប្រារព្ធ​ខួប​ ៥ ​ឆ្នាំ​របស់ខ្លួន​នៅ​ថ្ងៃទី​ ១ ខែ​មេសា យើង​សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន​របស់​យើង​ដែល​បាន​គាំទ្រ​យើង​អស់​រយៈពេល​ ៥ ​ឆ្នាំ​កន្លងមកនេះ​ក្នុង​នោះ​ក៏មាន​ការប្រកួតប្រជែង ''Sovannaphum Life 5th Anniversary Contest'' ដែលមាន​រង្វាន់​ជា​ទឹកប្រាក់​សរុប​ ១២៥ ​លាន​រៀល​»​។

លោក​បន្ថែមថា​៖ «​យើង​នឹង​ធ្វើការ​ចាប់​រង្វាន់​នូវ​ទឹកប្រាក់​ ៥ ​លាន​រៀល​ចំនួន​ ៥ ​រង្វាន់​ក្នុង​ ១ ​ខែ​ទៅក្នុង​គណនី​សន្សំ​នៅក្នុង​ធនាគារ ឬ​ដៃគូ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​។ ការប្រកួតប្រជែង​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១ ខែ​មេសា និង​បញ្ចប់​នៅ​ថ្ងៃទី​ ៣១ ខែសីហា ដែលមាន​រយៈពេល​ ៥ ​ខែ​»​។

លើសពីនេះ​ទៀត​ខួប​ ៥ ​ឆ្នាំ​នេះ​ក៏​នឹង​រួមបញ្ចូល​យុទ្ធនាការ​ ៣៦០ ​ដឺក្រេ​ដែល​គ្របដណ្តប់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ប្រព័ន្ធ​ផ្សព្វផ្សាយ​ខាងក្រៅ ពហុព័ត៌មាន កាសែត​បោះពុម្ព និង​សារព័ត៌មាន​ឌីជីថល រួម​នឹង​ព្រឹត្តិការណ៍​ផ្សេងៗ​ជាច្រើន​ទៀត​។

លោក Loke Kah Meng បាន​បន្តថា​៖ «​ក្នុងនាម​ជា​អាជីវកម្ម​ដែល​ផ្តោត​សំខាន់​លើ​ប្រជាជន ក្រុមហ៊ុន​ជឿជាក់​លើ​ការស្តាប់​អតិថិជន​របស់​ខ្លួន​។ សុវណ្ណាភូមិ ឡាយហ្វ៍ សង្ឃឹម​ថា​នឹង​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​បន្ថែមទៀត​ដើម្បី​ផ្តល់នូវ​សន្តិភាព​ផ្លូវចិត្ត និង​ការពារ​ហិរញ្ញវត្ថុ​គ្រួសារ​នៅ​ទូទាំងប្រទេស ដោយ​បង្កើត​ឡើងវិញ​ជាមួយ​នឹង​ពាក្យស្លោក​ «​នៅទីនេះ​ដើម្បី​អ្នក​នៅ​ទីនេះ​ដើម្បី​កម្ពុជា​»៕