កម្មករ​កំពុង​មមាញឹក​ក្នុង​ការជួសជុល​ផ្លូវជាតិ​លេខ​ ៥ ដែលជា​សរសៃ​ឈាម​ដ៏សំខាន់​មួយ​នៃ​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​។ នៅពេល​បញ្ចប់​ការសាងសង់ ច្រករបៀង​នេះ​នឹង​ភ្ជាប់​ទៅកាន់​ទីក្រុង​បាងកក និង​ទីក្រុង​ហូជីមិញ និង​ពង្រីក​ទៅដល់​ប្រទេស​ភូមា​។

លោក ឌុន វណ្ឌីរីហ្គែន មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​នាយកដ្ឋាន​ផ្លូវថ្នល់​ថ្លែងថា វា​នឹង​ក្លាយជា​សមិទ្ធផល​ដែល​មិនអាច​ប្រកែក​បាន​នៅក្នុង​ការធ្វើ​នគរូបនីយកម្ម ខណៈ​ការស្ថាបនា​ផ្លូវ​វាង​ និង​ស្ពាន​នឹង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុវត្ថិភាព​ផ្លូវថ្នល់​ក៏ដូចជា​ការដឹកជញ្ជូន​របស់​សហគមន៍​ក្នុង​តំបន់​ទាំងមូល​ផងដែរ​។

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តជាតិ​ជប៉ុន (JICA) ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ (ODA) ចំនួន​ ៦០០ ​លាន​ដុល្លារ​ក្នុង​អត្រា​ការប្រាក់ ០,០១ ភាគរយ ដើម្បី​ស្ថាបនា និង​កែលម្អ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​។

គម្រោង​នេះ​លាតសន្ធឹង​ពី​ជាយក្រុង​ភ្នំពេញ​ឆ្លងកាត់​តាម​ខេត្តកណ្ដាល​រហូត​ដល់​ខេត្ត​បន្ទាយមានជ័យ​កាត់​តាម​ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង​មាន​ប្រវែង​ជាង​ ៣៥០ ​គីឡូម៉ែត្រ​។

ការស្តារ​ឡើងវិញ​ផ្លូវជាតិ​នេះ​គឺ​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន មិន​ត្រឹមតែ​សម្រាប់​ការធ្វើដំណើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​អាច​ដឹក​កសិផល​ទៅកាន់​ទីផ្សារ​បាន​កាន់តែ​ងាយស្រួល ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន​កាន់តែ​ប្រសើរ​។

លោក មូល ម៉ឺន ប្រធាន​សហគមន៍​ជ្រៃ​បង្កើន​ផល​មកពី​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង​បាន​រៀបរាប់​ថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​អង្គការ JICA បាន​កែលម្អ​ផ្លូវជាតិ​នេះ ហើយ​សហគមន៍​របស់​លោក​កំពុង​ទន្ទឹងរង់ចាំ​ពេល​ផ្លូវ​សាងសង់​រួច​។ បច្ចុប្បន្ន​សហគមន៍​ជ្រៃ​បង្កើន​ផល​មាន​សមាជិក​ចំនួន​ ១២១ ​គ្រួសារ​។

ប្រព័ន្ធ​ស្រោចស្រព​ និង​រំដោះ​ទឹក​ស្តារឡើងវិញ​ដោយ​អង្គការ JICA ។

លោក ម៉ឺន ថ្លែងថា​៖ «​ពីមុន​សហគមន៍​របស់លោក​ធ្លាប់​ប្រមូលផល​ស្រូវ​បានតែ​ ៣៩ ​តោន​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ​ប៉ុន្តែ​បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​ពី​អង្គការ JICA សហគមន៍​លោក​ប្រមូលផល​បាន​ជាង​ ១០០ ​តោន​ក្នុង​ ១ ​ឆ្នាំ​។

នៅ​ឆ្នាំ​ ២០០៩ មុន​ពេលដែល​អង្គការ JICA ចាប់ផ្តើម​ជួយ​បណ្តុះបណ្តាល​កសិករ ពួកគាត់​ធ្វើស្រែ​បានតែ​ម្តង​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ ប៉ុន្តែ​ពេលនេះ​ពួកគាត់​អាចធ្វើ​បាន​ ២ ​ដង​ក្នុង​ ១ ​ឆ្នាំ​ហើយ​នៅក្នុង​ឆ្នាំ​ ២០១៤ សហគមន៍​របស់​លោក​ឈ្នះ​ពាន​រង្វាន់​កសិករ​គំរូ​ក្នុង​ឆ្នាំ​ ២០១៨ អង្ករ​ផ្ការំដួល​របស់​សហគមន៍​លោក​បាន​ឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​បំផុត​ក្នុង​ពិភពលោក និង​ក្នុង​ឆ្នាំ​ ២០១៩ បានឈ្នះ​ពាន​អង្ករ​សែន​ក្រអូប​ល្អ​បំផុត​។

លោក ម៉ឺន លើកឡើង​ថា​៖ «​បញ្ហា​ប្រឈម​ធំ​បំផុត​របស់​យើង​នៅពេល​នេះ​គឺ​យើង​ផលិត​ស្រូវ​បាន​ច្រើន​ជាង​អ្វីដែល​យើង​អាច​ស្តុក​ទុក​នៅក្នុង​ឃ្លាំង​របស់​យើង​បាន​។ ពេលខ្លះ​តម្រូវការ​គឺ​ខ្ពស់​ណាស់​សម្រាប់​អង្ករ​របស់​សហគមន៍​យើង​ដែល​លោក​មិន​អាច​បំពេញ​តាម​ការបញ្ជាទិញ​បាន​។ ទោះយ៉ាងណា កសិករ​ក៏​ជួប​ការលំបាក​ដែរ ខណៈ​រដូវប្រាំង​ក្នុង​ឆ្នាំ​នេះ​មាន​សភាព​ហួតហែង​ និង​ក្តៅ​ខ្លាំង​»​។

«​យើង​ពឹង​ផ្អែកលើ​ប្រព័ន្ធ​ធារាសាស្ត្រ​ដើម្បី​ស្រោចស្រព្វ​ដីស្រែ​របស់​យើង​ហើយ​ចាប់តាំងពី​អង្គការ JICA ចាប់ផ្តើម​ជួយ​ប្រព័ន្ធ​ធារាសស្ត្រ យើង​អាច​ប្រើប្រាស់​បាន​លើកដី​ស្រែ​មួយចំនួន​ដែល​នៅ​ជិត​ផ្លូវទឹក ប៉ុន្តែ​បន្ទាប់ពី​ការងារ​នេះ​បញ្ចប់​រួចរាល់ យើង​រំពឹងថា​នឹង​អាច​ស្រោចស្រព​លើដី​ស្រែ​ប្រមាណ​ ៦០ ​ហិកតា​បន្ថែម ហើយ​នឹង​អាច​ទទួល​បាន​ទិន្និផល​ស្រូវ​ប្រមាណ​ ១០០-២០០ ​តោន ច្រើន​ជាង​អ្វីដែល​យើង​ទទួលបាន​ពេលបច្ចុប្បន្ន​»​។

តាមផ្លូវ​ទៅមុខទៀត​គឺ​គម្រោង​ធារាសាស្ត្រ​វត្តជ្រេ និង​គម្រោង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​រំដោះ​ទឹកធំៗ​មួយចំនួន​ទៀត​របស់​អង្គការ JICA នៅក្នុង​ប្រទេស​កម្ពុជា ។

JICA ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ​ (ODA) ​ជិត​ ៤១,៥ ​លាន​ដុល្លារ សម្រាប់​គម្រោង​សាងសង់​នេះ​។

ពេលនេះ​រួចរាល់​បាន ​៩៥ ភាគរយ​ហើយ​វា​មិន​ត្រឹមតែ​គ្រប់គ្រង​ប្រព័ន្ធ​រំដោះ​ទឹក​ប៉ុណ្ណោះ​ទេ ថែមទាំង​បញ្ជូន​ទឹក​ដល់​ប្រជាកសិករ​នៅ​ទូទាំង​តំបន់​តាមរយៈ​ប្រឡាយ​រង​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៨ ៥០០ ​គ្រួសារ​។ នេះ​បើយោង​តាម​ការ​ស្ទាបស្ទង់​រួមគ្នា​របស់​អង្គការ JICA និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ពីមុន​ប្រជាកសិករ​ពឹងផ្អែក​តែ​ទៅលើ​ប្រឡាយ​ធារាសាស្ត្រ​ដែល​មិនល្អ ដែល​បាន​សាងសង់​ដោយ​ប្រើ​កម្លាំង​ពលកម្ម​ក្នុងសម័យ​ខ្មែរក្រហម​។

លោក Akio Yamashita ប្រធាន​គម្រោង​គម្រោង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​ខាងលិច​បឹង​ទន្លេសាប​បាន​ធ្វើការ​កត់សម្គាល់​ថា​ប្រឡាយ​មេ​ត្រូវបាន​ស្តារឡើងវិញ​តាមរយៈ​ជំនួយ​របស់​ចិន​។ នេះ​គឺជា​ឧទាហរណ៍​ដ៏ល្អ​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​។

នៅពេល​គម្រោង​ទាំងនេះ​រួចរាល់ វា​នឹង​ជួយ​ធានា​ដល់​សហគមន៍​ដែល​ពឹង​ផ្អែកលើ​ធនធានទឹក​ជួយ​បង្កើន​ចំណូល​របស់​ពួកគេ​ដែល​នឹង​ធ្វើឲ្យ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​។

អ្នកស្រី ម៉ៅ អាយុ​ ៤២ ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​អ្នកបកប្រែ​ថា​អ្នកស្រី​រកប្រាក់​ចំណូល​បន្ថែម​តាមរយៈ​ការលក់​ភេសជ្ជៈ​នំ ចំណី រួមផ្សំ​នឹង​ការ​ធ្វើស្រែ លក់​បន្លែ​ និង​ផ្លែស្វាយ​ជាដើម​។

អ្នកស្រី ម៉ៅ បន្ថែមថា​ «​ខ្ញុំ​ពិបាក​រក​ប្រភពទឹក​ប្រើប្រាស់​ណាស់​ពីព្រោះ​ពេលខ្លះ​មាន​ច្រើន​ពេលខ្លះ​មិនមាន​នោះទេ​។ យើង​រំពឹង​ថា​នឹងមាន​ទឹក​គ្រប់គ្រាន់​បន្ទាប់ពី​គម្រោង​នេះ​បាន​បញ្ចប់​រួចរាល់ ដូច្នេះ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ដឹងថា គម្រោង​នេះ​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ ពីព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ជួយ​ដល់​សហគមន៍​ទាំងមូល​ផងដែរ​»៕