អង្គការ​សប្បុរសធម៌ The Lighthouse Club Cambodia បាន​រៀបចំ​ព្រឹត្តិការណ៍​វាយ​កូនហ្គោល​សប្បុរសធម៌​ប្រចាំឆ្នាំ​លើក​ទី​ ៦ នៅ​ក្លិប​វាយកូនហ្គោល Royal Cambodia Phnom Penh Golf Club កាលពី​ថ្ងៃទី​ ១៣ ខែកុម្ភៈ កន្លងទៅ​។

កីឡាករ​ប្រមាណ​ ៦០ ​នាក់​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ដែល​ធំ​បំផុត​របស់​ពួកគេ​នៅក្នុង​ឆ្នាំនេះ ហើយ​ថវិកា​ដែល​រៃអង្គាស​បាន​គឺ​ត្រូវ​យកទៅជួយ​ដល់​សិស្ស​ក្រីក្រ​ចំនួន​ ១០ ​នាក់​តាមរយៈ​ការអប់រំ​ទាក់ទង​នឹង​វិស័យ​សំណង់​ពេញ​ ១ ​ឆ្នាំ​ក្នុង​នោះ​គឺ​ត្រូវ​ចំណាយ​លើ​ថ្លៃ​សិក្សា និង​ថ្លៃ​សម្រាប់​ការរស់នៅ​។

ចាប់ផ្តើម​នៅ​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​ ១៩៥៦ អង្គការ Lighthouse Club បាន​ពង្រីក​ជាង​ ១០០ ​សាខា​នៅ​ទូទាំង​ពិភពលោក ហើយ​សាខា​ក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១០ ដោយ​បច្ចុប្បន្ន​មាន​សមាជិក​ជាង​ ១០០ ​នាក់​។

លោក Chhom Chhy ។

លោក Kerr Thomson សហប្រធាន​អង្គការ Lighthouse បានឱ្យដឹងថា ចាប់តាំងពី​ការចាប់ផ្តើម គោលបំណង​សំខាន់​របស់​អង្គការ​គឺ​ជួយ​ដល់​យុវជន​កម្ពុជា​ក្រីក្រ តាមរយៈ​ការអប់រំ​ជួយ​កម្មករ​សំណង់​ដែល​ជួប​គ្រោះថ្នាក់ និង​លើកកម្ពស់​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​ចំណោម​សមាជិក​របស់ខ្លួន​។

«​នៅ​កម្ពុជា Lighthouse Club Cambodia បាន​ឧបត្ថម្ភ​ថវិកា​ដល់​សិស្ស​ជាង​ ៥០ ​នាក់​ដោយ​អ្នកខ្លះ​បាន​បញ្ចប់​ការសិក្សា ហើយ​មួយចំនួន​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​លើ​មុខវិជ្ជា​ទាក់ទង​នឹង​វិស័យ​សំណង់​។ យើង​ក៏បាន​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ដល់​ក្រុមគ្រួសារ​កម្មករសំណង់​មួយចំនួន​ដែល​រងរបួស​ធ្ងន់ធ្ងរ​នៅ​ការដ្ឋាន​សំណង់​ផងដែរ​»​។

«​មូលនិធិ​របស់​អង្គការ Lighthouse Club Cambodia បានមកពី​ព្រឹត្តិការណ៍​មួយចំនួន​ដូចជា​ការវាយ​កូនហ្គោល​ប្រចាំឆ្នាំ និង​ព្រឹត្តិការណ៍​តភ្ជាប់​បណ្តាញ​ជាដើម​។ ព្រឹត្តិការណ៍​ទាំងនេះ​ក៏​ផ្តល់នូវ​ឱកាស​ដ៏ល្អ​សម្រាប់​សមាជិក​មកពី​វិស័យ​សំណង់ និង​ឧស្សាហកម្ម​ដែល​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ភ្ជាប់​ទំនាក់ទំនង​អាជីវកម្ម​របស់​ពួកគេ​»​។

លោក Thomson បាន​ថ្លែងថា​៖ «​អង្គការ​សូម​ថ្លែងអំណរគុណ​ម្ចាស់​ឧបត្ថម្ភ​ជាច្រើន ដែល​បាន​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​ទាំងនេះ​ក្នុង​នោះ​រួមមាន​ក្រុមហ៊ុន Evermore ដែលជា​អ្នក​ឧបត្ថម្ភ​ធំ​, ក្រុមហ៊ុន Chip Mong/Khmer Beverages ក្រុមហ៊ុន Hongkong Land, Knight Frank, COVA, Soksiphana, Associates, Coldwell Banker, CBRE និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​»​។

លោក Chhom Chhy មកពី​ខេត្ត​ព្រះវិហារ ដែល​សិក្សា​ផ្នែក​វិស្វកម្ម​អគ្គិសនី​នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) គឺជា​យុវជន​កម្ពុជា​ម្នាក់​ដែល​បច្ចុប្បន្នកំពុង​មាន​អាជីព​ដ៏ល្អ​មួយ​នៅក្នុង​វិស័យ​សំណង់​។

«​ខ្ញុំ​សូម​អរគុណ​យ៉ាងខ្លាំង​ចំពោះ​ការគាំទ្រ​ដែល​ខ្ញុំ​បានទទួល​ពី​អង្គការ Lighthouse Club ដែល​បាន​ជួយ​ខ្ញុំ​ក្នុងពេល​សិក្សា​នៅ​សាកល​វិទ្យាល័យ ជួយ​ខ្ញុំ​បង់ថ្លៃ​សិក្សា និង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការចំណាយ​រស់នៅ​ប្រចាំខែ​។ ឥឡូវនេះ​ខ្ញុំ​ធ្វើការ​ជា​វិស្វករ​អគ្គិសនី​នៅ​ក្រុមហ៊ុន COVA Thinking»​។

បុរស​វ័យ​ ២៦ ​ឆ្នាំ​ថ្លែងថា​៖ «​បើ​គ្មាន​ការគាំទ្រ​ពី​អង្គការ Lighthouse Club ទេ នោះ​ខ្ញុំ​នឹងមិន​អាច​បន្ត​ការសិក្សា​របស់ខ្ញុំ​បានឡើយ ហើយ​ពេលនេះ​ខ្ញុំ​ប្រហែលជា​កំពុង​ធ្វើស្រែ​ចម្ការ​នៅឯ​ស្រុកកំណើត​ជាមួយ​គ្រួសារ​ខ្ញុំ​ផង​ក៏​មិនដឹង​។ ខ្ញុំ​សង្ឃឹមថា អង្គការ Lighthouse Club នឹង​នៅតែ​បន្ត​គាំទ្រ​ដល់​សិស្ស​ក្រីក្រ ដូច​រូបខ្ញុំ​ដែរ ដើម្បីឱ្យ​ពួកគេ​មាន​ឱកាស​អាច​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​»​។

ព្រឹតិ្តការណ៍​វាយ​កូនហ្គោល​ប្រចាំឆ្នាំ​របស់​អង្គការ Lighthouse Club Cambodia បាន​ទាក់ទាញ​កីឡាករ​មកពី​អង្គភាព​ធំៗ ជាច្រើន​ដូចជា​មកពី​វិស័យ​សំណង់​ជាដើម ក្នុងនោះ​មានដូចជា​លោក Michael Freeman​មកពី​ក្រុមហ៊ុន Comin Khmere​។

«Comin Khmere មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​ ៣០ ​ឆ្នាំ​មកហើយ ហើយ​យើង​បាន​ឧបត្ថម្ភ​កម្មវិធី​កីឡា​វាយ​កូនហ្គោល​របស់​អង្គការ Lighthouse Club ជា​រៀងរាល់​ឆ្នាំ​គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៤»​។

មាន​កីឡាករ​ប្រមាណ​ ៦០ ​នាក់​បាន​ចូលរួម​ព្រឹត្តិការណ៍​វាយ​កូនហ្គោល​សប្បុរសធម៌​លើក​ទី​ ៦ ​ក្នុងឆ្នាំនេះ​។ហុង មិនា

«​យើង​បាន​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ជាច្រើន​ទៀត​របស់​អង្គការ Lighthouse ហើយ​យើង​រីករាយ​ក្នុង​ការផ្សារភ្ជាប់​ម៉ាក​យីហោ​របស់​យើង​ជាមួយ​នឹង​ប្រភេទ​ការងារ​ដែល​អង្គការ Lighthouse បាន​អនុវត្ត​នៅក្នុង​វិស័យនេះ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្តង់ដា​ឧស្សាហកម្ម កែលម្អ​ការអប់រំ និង​ផ្តល់ឱ្យ​យុវជន​កម្ពុជា​កាន់តែច្រើន​ចូលធ្វើការ​ទៅក្នុង​ឧស្សាហកម្ម​សំណង់​ដូចជា​វិស្វករ ឬ​ស្ថាបត្យករ​»​។

លោក Freeman បន្តថា​៖ «​យើង​ទទួលយក​វិស្វករ​ដែល​ឧបត្ថម្ភ​ដោយ​អង្គការ Lighthouse ពីព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ទស្សនៈ​របស់​ក្រុមហ៊ុន​ Comin ដើម្បី​ទទួល​ពលរដ្ឋ​កម្ពុជា​កាន់តែច្រើន​ឱ្យមក​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​របស់​យើង​ខណៈ​ប្រទេស​កម្ពុជា​កំពុងអភិវឌ្ឍន៍​»​។

លោក Brenden McNally អ្នកគ្រប់គ្រង​ព្រឹត្តិការណ៍​របស់​អង្គការ Lighthouse ថ្លែងថា​អង្គការ Lighthouse គឺ​ចង់​ផ្លាស់​ប្តូរជីវិត​របស់​យុវជន​កម្ពុជា​ដែលមាន​ជីវភាព​ខ្វះខាត​។

«​សិស្ស​ទាំងអស់​ដែល​ទទួលបាន​ការឧបត្ថម្ភ ពួកគេ​បានបញ្ចប់​ការសិក្សា​លើ​មុខវិជ្ជា​ទាក់ទង​នឹង​វិស័យ​សំណង់​យ៉ាង​ជោគជ័យ ហើយ​ពួកគេ​ទាំងអស់​នោះបាន​បន្ត​ធ្វើកា​រងារ​នៅក្នុង​ឧស្សាហកម្ម​សំណង់​»​។

បច្ចុប្បន្ន​យើង​មាន​អតីត​និស្សិត​មួយចំនួន​កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​សំណង់​អន្ដរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងនោះ​មាន​ ២ ​នាក់​ដែល​បច្ចុប្បន្ន​កំពុង​ធ្វើការ​នៅ​ក្រុមហ៊ុន COVA ជា​ក្រុមហ៊ុន​ស្ថិតនៅក្នុង​ឧស្សាហកម្ម​សំណង់​ឈានមុខ​មួយ​។

«​ខណៈ​ដែល​យើង​ពេញចិត្ត​នឹង​អ្វី​ដែល​យើង​សម្រេចបាន​ក្នុង​រយៈពេល​ដ៏ខ្លី​បែបនេះ យើង​ពិតជា​ចង់ឱ្យ​ប្រជាជន​កាន់តែច្រើន​ទាញយក​អត្ថប្រយោជន៍​ពី​ផ្នែក​អប់រំ​ដែល​យើង​ផ្តល់ជូន​»​។

លោក McNally មានប្រសាសន៍​ថា​៖ «​ទាក់ទង​ជាមួយ​អង្គការ សប្បុរសធម៌ Lighthouse Club Cambodia គឺជា​ជំហាន​ដំបូង​ដើម្បី​ឆ្ពោះ​ទៅ​រក​អាជីព​ដ៏ល្អ​មួយ​នៅក្នុង​វិស័យ​សំណង់​»៕