កាលពី​ថ្ងៃ​ចន្ទ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ភីអិលស៊ី និង​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF) ជំរុញ​ការ​ផ្សព្វផ្សាយ​កម្មវិធី​ទីផ្សារ​អនឡាញ ទីផ្សារ​កសិកម្ម ក្នុង​គោល​បំណង​ជួយ​លើក​កម្ពស់​ជីវភាព​របស់​កសិករ​នៅ​តាម​ជនបទ​។​

ស្ថាប័ន​ទាំង ២ បាន​បង្ហាញ​កម្មវិធី​​ទូរស័ព្ទ CamAgriMarket ដើម្បី​ឲ្យ​កសិករ អ្នក​លក់ និង​ភាគី​ពាក់ព័ន្ធ ប្រើប្រាស់​កម្មវិធី​នេះ​ទាំង​អស់គ្នា ដើម្បី​លើក​កម្ពស់​ទីផ្សារ​កសិផល​ឲ្យ​មាន​ប្រសិទ្ធភាព និង​ជួយ​អ្នក​ផលិត​អាច​បង្កើន​ប្រាក់​ចំណូល​បាន​កាន់​តែ​ច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។ ជាង​នេះ​ទៅទៀត កសិករ​អាច​​បង្កើន​ផលិតកម្ម ដើម្បី​ធានា​ឲ្យ​បាន​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ជាពិសេស​ក្នុង​អំឡុង​ពេល​កូវីដ ​១៩ ដែល​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដែរ​។​

លោក មៀច យ៉ាឌី ប្រធាន​ការិយាល័យ​ទីផ្សារ​កសិកម្ម​នៃ​ MAFF និង​លោក Alan Wee នាយក​អង្គភាព​ពាណិជ្ជកម្ម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ភីអិលស៊ី បាន​ចែក​រំលែក​ទស្សនៈ​របស់​ពួក​គាត់​អំពី​ភាព​ជា​ដៃគូ​នេះ​ដូច​ខាង​ក្រោម​៖

Q. សូម​លោក​ពន្យល់​បន្ថែម​អំពី​កម្មវិធី​ទូរស័ព្ទដៃ​សម្រាប់​ទីផ្សារ​កសិកម្ម​កម្ពុជា​នេះ​បាន​ទេ​?

លោក​យ៉ាឌី​៖ កម្មវិធី​ទូរស័ព្ទ​ដៃ​សម្រាប់​​ទីផ្សារ​កសិកម្ម​នៅ​កម្ពុជា ឬ​ហៅ​ថា CamAgriMarket ​គឺ​ជា​កម្មវិធី​ច្នៃ​ប្រឌិត​ថ្មី​មួយ ​ដើម្បី​លើក​កម្ពស់​ការ​ធ្វើ​អាជីវកម្ម​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​រវាង​កសិករ និង​អ្នក​លក់​បន្ត​ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​ផ្ទាល់​។ វា​គឺ​ជា​កម្មវិធី​ទូរស័ព្ទ​ដៃ​ដែល​ផ្តល់​ជូន​ដោយ​ឥត​គិតថ្លៃ ហើយ​សាធារណជន​អាច​ទាញ​យកបាន​យ៉ាង​ងាយស្រួល​សម្រាប់​ប្រើប្រាស់ ដែល​អាច​ប្រើ​បាន​នៅ​លើ​ទូរស័ព្ទ​ដែល​ប្រើប្រាស់​ប្រព័ន្ធ IOS និង Android​។

Q. ហេតុអ្វី​បាន​ជា​បង្កើត​កម្មវិធី CamAgriMarket នេះ​ឡើង​?

លោក យ៉ាឌី​៖ ដោយសារ​តែ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន និង​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​កំណើន​យ៉ាង​ខ្លាំង ទើប​ក្រសួង​បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ CamAgriMarket នេះ​ឡើង ដែល​កសិករ ពាណិជ្ជករ និង​ភាគី​ពាក់ព័ន្ធ នៅ​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ទាំង​អស់ ងាយ​ស្រួល​ទទួល​បាន​ព័ត៌មាន​ពី​ទីផ្សារ​កសិកម្ម​ទាន់ពេល​វេលា ត្រឹមត្រូវ និង​ឆ្លើយតប​ទៅ​នឹង​ការ​ផ្គត់ផ្គង់​រហ័ស​។ ព័ត៌មាន​ និង​ការ​តភ្ជាប់​បណ្តាញ​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ស្វែងរក​ប្រភព​អ្នក​ទិញ និង​អ្នកលក់​ផលិតផល​កសិកម្ម​ច្រើន​ប្រភេទ​ដូចជា​បសុសត្វ ជលផល ផ្លែ ឈើ ធញ្ញជាតិ បន្លែ សាច់ ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ផលិតផល​មិន​មែន​កសិកម្ម​ជា​ច្រើន​ទៀត​ប្រមាណ​ជា ២៥០ ​ប្រភេទ ដែល​មាន​តម្លៃ​លក់​សមរម្យ និង​បង្កើត​បណ្តាញ​ទំនាក់ទំនង​ទីផ្សារ​កសិកម្ម​តាមរយៈ​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន​របស់​ពួក​គេ​។

Q. តើ MAFF ប្រមូល​ព័ត៌មាន​ថ្មីៗ​ស្តីពី​ការ​កំណត់​តម្លៃ​ផលិតផល​កសិកម្ម​ដូចម្តេច​?

លោក​ យ៉ាឌី​៖ ការិយាល័យ​ទីផ្សារ​កសិកម្ម​មាន​មន្ត្រី​នៅ​ស្នាក់ការ​កណ្តាល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​​ក្នុង​រាជធានី​ភ្នំពេញ និង​មាន​មន្ត្រី​ទីផ្សារ​កសិកម្ម ២៥ ​ខេត្ត​ក្រុង ​ដើម្បី​ប្រមូល​ព័ត៌មាន​ពី​តម្លៃ​លក់ដុំ​ផលិតផល​កសិកម្ម ​៣ ​ដង ​ក្នុង ​១ សប្តាហ៍ និង​ព័ត៌មាន​តម្លៃ​លក់​រាយ​ផលិតផល​កសិកម្ម ​១ ​ដង​ ​ក្នុង ​១ សប្តាហ៍​នៅ​តាម​ផ្សារ​សំខាន់ៗ​ចំនួន ​៣០ ​និង​ទីកន្លែង​ផ្សេងៗ​ជាច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស​។ បន្ទាប់​មក​ទិន្នន័យ​ទាំង​នេះ​ត្រូវ​រៀបចំ វាយ​តម្លៃ និង​បញ្ចូល​ទៅ​ក្នុង​គេហទំព័រ www.amis.org.kh និង​កម្មវិធី ទូរស័ព្ទដៃ CamAgriMarket App។​

Q. តើ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ​បាន​ចាប់ផ្តើម​យ៉ាង​ដូចម្តេច​រវាង​អម្រឹត ​និង MAFF?

លោក Alan Wee៖ អម្រឹត ​គឺ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​បាន​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​នេះ​អស់​រយៈពេល ​៣០ ​ឆ្នាំ​មក​ហើយ ដោយ​ផ្តល់នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​ដែល​មិន​ទាន់​មាន​គណនី​​ធនាគារ និង​អ្នក​ដែល​មិន​ទាន់​ទទួល​បាន​សេវាកម្ម​ធនាគារ ក្រៅ​ពី​សហគ្រាស​ធុន​តូច ​និង​មធ្យម​។ អម្រឹត​មាន​ទិសដៅ​កាតព្វកិច្ច​សង្គម និង​ការ​ប្តេជ្ញាចិត្ត​ដូច ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដែរ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​ផ្នែក​កសិកម្ម​ដល់​កសិករ​ខ្នាត​តូច និង​សហគ្រាស​ធុន​តូច ​និង​មធ្យម ជាពិសេស​ជំរុញ​ការ​ផ្សព្វផ្សាយ​កម្មវិធី​ទីផ្សារ​អនឡាញ​ផលិតផល​កសិកម្ម​នេះ​។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ អម្រឹត​បាន​បើក​កម្មវិធី​បណ្តុះបណ្តាល​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជាច្រើន​ដល់​កសិករ​ខ្នាត​តូច​នៅ​តំបន់​ជនបទ ក្រៅ​ពី​ធ្វើ​ការ​ជាមួយ MAFF ស្តីពី​ការ​បណ្តុះបណ្តាល​សមត្ថភាព​កសិកម្ម​ដែល​ជួយ​បង្កើន​ផលិតភាព​កសិកម្ម​។ ក្នុង​រយៈពេល ​២ ​ឆ្នាំ​ចុង​ក្រោយ​នេះ អម្រឹត និង MAFF បាន​បណ្តុះបណ្តាល​ដល់​កសិករ​ខ្នាត​តូច​ប្រមាណ ​៤ ០០០ ​នាក់ ​ដោយ​ជោគជ័យ ហើយ​បាន​ជួយ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួក​គេ​កាន់​តែ​ប្រសើរ​ឡើង​។

Q. តើ​អ្វី​ជា​ផែនការ​របស់​អម្រឹត​ក្នុង​ការ​ជំរុញ​ និង​លើក​កម្ពស់​ការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ​នៅ​ក្នុង​សហគមន៍​កសិកម្ម​?

លោក Alan Wee៖ ទាំង​អម្រឹត ​និង MAFF មាន​ចក្ខុវិស័យ​ដូចគ្នា​ចំពោះ​កាតព្វកិច្ច​សង្គម​ដែល​ជួយ​ពង្រឹង​និង​លើក​កម្ពស់​សហគមន៍​របស់​យើង ទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​ និង​មិន​មែន​ហិរញ្ញវត្ថុ ដែល​អាច​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ក្រុម​គ្រួសារ បង្កើន​ប្រាក់​ចំណូល​របស់​ពួក​គេ​ជាមួយ​នឹង​ផលិតភាព​កសិកម្ម​កាន់​តែ​ប្រសើរ​ឡើង​។

CamAgriMarket គឺជា​ច្រកចូល​ដ៏​សំខាន់​ដែល​បម្រើ​ដល់​វិស័យ​កសិកម្ម ហើយ​យើង​ជឿ​ជាក់​ថា​ វា​មាន​សក្តានុពល និង​អត្ថប្រយោជន៍​យ៉ាង​ធំធេង​ដល់​សហគមន៍​កសិកម្ម​នៅ​ទូទាំង​ប្រទេស​។ អតិថិជន​របស់​អម្រឹត​ភាគ​ច្រើន​ជា​កសិករ សហគ្រាស​ធុន​តូច​និង​មធ្យម និង​បុគ្គល​ដែល​មាន​ចំណូល​​ទាប​នៅ​ក្នុង​អាជីវកម្ម​កសិកម្ម​ខ្នាត​តូច​ និង​មធ្យម​។

កសិករ​ខ្នាត​តូច​ទាំង​នេះ​ត្រូវ​ការ​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​អំពី​តម្លៃ​ទំនិញ និង​អ្នក​ទិញ​ផលិតផល​របស់​ពួក​គេ​។ អម្រឹត​មាន​បំណង​ពង្រីក​កម្មវិធី​នេះ​ឲ្យ​ដល់​អតិថិជន​ទាំង​អស់​ដែល​ពាក់ព័ន្ធ​ក្នុង​អាជីវកម្ម​កសិកម្ម សម្រាប់​ទាំង​អតិថិជន​ថ្មី ​និង​អតិថិជន​របស់​យើង​ដែល មាន​ស្រាប់​ចំនួន ​៥០០ ០០០ ​នាក់​។ អម្រឹត​ក្នុង​នាម​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​នឹង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ MAFF ដើម្បី​កំណត់​ និង​ផ្តល់​ប្រាក់​កម្ចី​ដល់​អ្នក​ដែល​ប្រើប្រាស់​កម្មវិធី​នេះ​។​

យើង​ក៏​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ MAFF ដើម្បី​ជួយ​កែ​លម្អ​កម្មវិធី​ដោយ​បន្ថែម​លក្ខណ​ពិសេស​មួយ​ចំនួន ដូចជា​ច្រក​ទូទាត់ និង​មធ្យោបាយ​ដឹក​ជញ្ជូន ដើម្បី​ធ្វើ​ឱ្យ​កម្មវិធី​នេះ​កាន់​តែ​មាន​វិសាលភាព​ទូលំ​ទូលាយ និង​មាន​ភាព​ទាក់ទាញ​នៅ​តាម​សហគមន៍​កសិកម្ម រាប់​ចាប់ពី​កសិករ​រហូត​ដល់​ពាណិជ្ជករ និង​អ្នក​លក់​រាយ​នៅ​ទូទាំង​ប្រទេស​៕