The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឥដ្ឋ​ស្រាល ភីខេ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន កាត់បន្ថយ​ពេលវេលា​សាងសង់ និង​សន្សំ​សំចៃ​ថវិកា

ឥដ្ឋ​ស្រាល ភីខេ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន កាត់បន្ថយ​ពេលវេលា​សាងសង់ និង​សន្សំ​សំចៃ​ថវិកា

Content image - Phnom Penh Post
រោងចក្រមានសមត្ថភាពផលិតឥដ្ឋស្រាល ភីខេ ACC ចំនួន ១៥០ ០០០ ម៉ែត្រគុប ប្រចាំឆ្នាំ ។

ឥដ្ឋ​ស្រាល ភីខេ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន កាត់បន្ថយ​ពេលវេលា​សាងសង់ និង​សន្សំ​សំចៃ​ថវិកា

ក្រុមហ៊ុន P.K Light Block Co Ltd ជា​ក្រុមហ៊ុន​កំពុង​ដើរ​តួនាទី​ថ្មី​នៅ​ក្នុង​វិស័យ​សម្ភារ​សំណង់​នៅ​កម្ពុជា​កំពុង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​សំណង់​ដែល​កំពុង​រីក​ចម្រើន ដោយ​ការ​ផ្គត់ផ្គង់​សម្ភារ​ដែល​ជួយ​កាត់​បន្ថយ​ពេលវេលា​សាងសង់ កាត់​បន្ថយ​ការ​ចំណាយ​នៅ​ឯ​ការដ្ឋាន​សំណង់​។

ក្រុមហ៊ុន​ផលិត​សម្ភារ​សំណង់​នេះ ​គឺ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​នាំយក​បច្ចេកវិទ្យា Autoclaved Aerated Concrete (AAC) មក​កាន់​ប្រទេស ​កម្ពុជា​។ ឥដ្ឋ​ស្រាល ភីខេ (AAC) ជា​ផលិតផល​សំណង់ ដែល​មាន​ទម្ងន់​ស្រាល កម្លាំង​ខ្លាំង រឹងមាំ ធន់ កាត់​បន្ថយ​សំឡេង​ឆ្លង​កាត់ ក៏​ដូចជា​កាត់​បន្ថយ​ទម្ងន់​អគារ​។

ឥដ្ឋ​ស្រាល ភីខេ ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន P.K Light Block មាន​ទម្ងន់​ស្រាល គឺ​ស្រាល​ជាង ​៣ ​ដង ធៀប​ទៅ​នឹង​ឥដ្ឋ​ក្រហម​។ ឥដ្ឋ​នេះ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ការ​សាងសង់​សំណង់​អគារ​​ជា​ច្រើន ដូចជា​អគារ​លំនៅឋាន អគារ​ពាណិជ្ជកម្ម និង​អគារ​ឧស្សាហកម្ម​ជា​ដើម​។

ឥដ្ឋ​ស្រាល ភីខេ (AAC) ជា​ប្រភេទ​សម្ភារ​សំណង់​ដែល​មាន​លក្ខណ​ពិសេស ធន់​នឹង​កម្តៅ ងាយ​ស្រួល​ប្រើប្រាស់ បើ​ធៀប​ទៅ​នឹង​ឥដ្ឋ​ក្រហម ហើយ​ធាតុ​ផ្សំ​សំខាន់ៗ រួម​មាន ខ្សាច់ ទឹក ថ្ម​កំបោរ ស៊ីម៉ងត៍ និង​ម្នាង​សិលា​។

លោក Khou Youheang ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន P.K Light Block បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​ឥដ្ឋ​ស្រាល ភី​ខេ (ACC) ក៏​សម​ស្រប​សម្រាប់​ការងារ ជួសជុល​អគារ ចាស់ៗ​ផង​ដែរ​។ ដោយសារ​តែ​អគារ​ចាស់ៗ​ទាំង​នោះ​មិន​រឹងមាំ​ ដូច្នេះ​នៅ​ពេល​ពួក​គេ​ចង់​ជួសជុល ​ឬ​ពង្រីក​អគារ ពួក​គេ​នឹង​ពិចារណា​ប្រើប្រាស់​ផលិតផល​របស់​យើង​»​។

Content image - Phnom Penh Post
លោក Khou ៖ ឥដ្ឋស្រាល ភីខេ មិនប៉ះពាល់ដល់បរិស្ថាន ។

លោក​ពន្យល់​ថា​៖ «​ឥដ្ឋ​ស្រាល ភីខេ (ACC) ក៏​ជួយ​ឲ្យ​ការ​ប្រើប្រាស់​អគារ​ចាស់ៗ សន្សំ​សំចៃ​ថ្លែ​ចំណាយ​លើ​អគ្គិសនី​ផង​ដែរ ពី​ព្រោះ​វា​ធន់​នឹង​កម្ដៅ​ខ្ពស់​បើ​ធៀប​នឹង​សម្ភារ​ដទៃ​»​។

ចាប់​តាំង​ពី​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១៥ ​មក P.K Light Block ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​ក្រុមហ៊ុន​​ថ្មីៗ​ចូល​មក​ប្រកួត​ប្រជែង​។ ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក Khou ថ្លែង​ថា៖ ​«ខ្ញុំ​ជឿជាក់​ថា​អតិថិជន នឹង​នៅ​តែ​ត្រឡប់​មក​ប្រើប្រាស់​ផលិតផល​របស់​យើង​វិញ ដោយសារ​គុណភាព​នៃ​ផលិតផល​របស់​យើង​។ យើង​ជឿ​ជាក់ [​និង​វិនិយោគ​] ទៅ​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ពី​ព្រោះ​យើង​តែងតែ​ចង់​ក្លាយជា​ក្រុមហ៊ុន​ផលិត​ឥដ្ឋ​ស្រាល AAC ដែល​ឈាន​មុខ​គេ​»​។

យោង​តាម​ប្រធាន​គ្រប់គ្រង​ទូទៅ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ប្រតិបត្តិការ​ឆ្នាំ​ដំបូង​របស់​ក្រុមហ៊ុន P.K Light Block គឺ​គ្មាន​នរណា​ស្គាល់​ផលិតផល​របស់​ពួកគេ​ទេ ហើយ​ក្រុមហ៊ុន​ខាត​ជា​រៀងរាល់​ខែ​។

លោក​បន្ថែម​ថា​៖ «​ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​នេះ ក្រុមហ៊ុន P.K Light Block មាន​កំណើន​រហូត​ដល់ ​៥០ ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន​។ បច្ចុប្បន្ន​យើង​ផលិត​ឥដ្ឋ​ស្រាល ​(AAC) ចំនួន ១៥០ ០០០ ម៉ែត្រ​គុប ប្រចាំ​ឆ្នាំ​»​។

លោក Khou បន្ត​ថា​គោល​បំណង​របស់​ក្រុមហ៊ុន P.K Light Block ក្នុង​ការ​ចូលរួម​ពិធី​តាំង​ពិព័រណ៍​វិស័យ​សំណង់ Cambuild'19 គឺ​ដើម្បី​ឲ្យ​អតិថិជន​កាន់​តែ​ច្រើន​ស្គាល់​ក្រុមហ៊ុន​មួយ​នេះ និង​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​​សម្ភារ​សំណង់ (AAC) នៅ​កម្ពុជា​។ ​«​គោលដៅ​របស់​យើង គឺ​ណែនាំ​ផលិតផល​ថ្មី​ចូល​ទៅ​ក្នុង​ទីផ្សារ គឺ​បន្ទះ AAC​។ ផលិតផល​នេះ​នឹង​ជួយ​សន្សំ​សំចៃ​ការ​ចំណាយ​កាន់​តែ​ច្រើន [​បើ​​ធៀប​ទៅ​នឹង​ឥដ្ឋ​ស្រាល AAC]​។ បន្ទះ​នេះ​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​រៀប​​ជញ្ជាំង​អគារ និង​ក្រាល​កម្រាល​»​។

Content image - Phnom Penh Post
​ក្រុមហ៊ុន P.K Light Block Co Ltd ផលិតឥដ្ឋស្រាល ភីខេ មានគុណភាពខ្ពស់ ។

លោក​បន្ថែម​ថា​៖ «​យើង​ក៏​កំពុង​សម្លឹង​​ទៅ​រក​ការ​ពង្រីក​រោងចក្រ​ផលិត​របស់​យើង​ផង​ដែរ ខណៈ​ទំហំ​បច្ចុប្បន្ន​នៅ​មាន​កម្រិត​។ រោងចក្រ​ថ្មី​ត្រូវ​បាន​រំពឹង​ថា​នឹង​រួចរាល់​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ​»​។

អគារ​ដែល​បាន​ប្រើប្រាស់​ឥដ្ឋ​ស្រាល ​ភីខេ រួម​មាន អគារ Courtyard by Marriot Phnom Penh អគារ Sky Villa និង​អគារ Vattanac Capital Tower។​

ឥដ្ឋ​ស្រាល ភីខេ (AAC) មិន​បំពុល ដី ខ្យល់ ឬ​ទឹក​។ អំឡុង​ពេល​ដំណើរការ​ផលិត កាក​សំណល់​ពី​ការ​កាត់​ឥដ្ឋ​ត្រូវ​បាន​កែច្នៃ​ជាមួយ​វត្ថុធាតុ​ដើម និង​យក​ទៅ​ប្រើប្រាស់​ឡើង​វិញ​។

ចំណែក​ថាមពល​ប្រើប្រាស់​នៅ​ក្នុង​ដំណើរ​ការ​ផលិត គឺ​តិចតួច​ប៉ុណ្ណោះ​បើ​ធៀប​ទៅ​នឹង​ការ​ផលិត​សម្ភារ​ផ្សេងៗ​។ ដំណើរការ​ផលិត​មិន​បញ្ចេញ​សារធាតុ​ពុល ហើយ​កាក​សំណល់​ក៏​មិនមាន​ជាតិ​ពុល​ដែរ​។

ឥដ្ឋ​ស្រាល ភីខេ (AAC) ត្រូវ​បាន​ផលិត​ពី​វត្ថុ​ធាតុ​ដើម​ធម្មជាតិ​។ ការ​ផលិត​​ត្រូវ​បាន​គណនា​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ ដូច​នេះ​គុណភាព​មាន​ភាព​សុក្រឹត តាម​ស្តង់ដា​អន្តរជាតិ និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​៕

អត្ថបទគួរចាប់អារម្មណ៍