ជា​ផ្នែក​មួយ​នៃ​ការ​ផ្សព្វផ្សាយ​ម៉ាក​យីហោ​របស់​ខ្លួន និង​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន​ដើម្បី​ឈាន ទៅ​ដល់​សហគមន៍​មូលដ្ឋាន ស្រាបៀរ ABC Extra Stout បាន​បង្កើត​កម្មវិធី ABC Lions of Fashion ដ៏​អស្ទារ្យ កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​គោល​បំណង​ចម្បង ​គឺ​ដើម្បី​ស្វែងរក​អ្នក​រចនា​ម៉ូដ ​និង​ម៉ូដែល​ខ្មែរ ដែល​មាន​ទេពកោសល្យ ​ដើម្បី​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ច្នៃ​ម៉ូដ និង​ដើរ​ម៉ូដ​ក្នុង​ស្រុក​រស់​រវើក​ និង​រីក​ចម្រើន​។

ABC Lions Fashion គឺ​ជា​សកម្មភាព​បង្ហាញ​ម៉ូដ​ជា​ច្រើន​រួម​ទាំង​ការ​ប្រកួត​ប្រជែង​សម្រាប់​អ្នក​ច្នៃ​ម៉ូដ ​និង​អ្នក​បង្ហាញ​ម៉ូដ ក៏​ដូច​ជា​កម្មវិធី​បង្ហាញ​ម៉ូដ​ និង​កម្មវិធី​រាត្រី​សមោសរ​បង្ហាញ​ម៉ូដ​ពិសេស​។ ​​​​​

«​ជំនួស​ឱ្យ​ការ​លើក​កម្ពស់​ម៉ាក​យីហោ​របស់​យើង​ឥឡូវ​នេះ​យើង​ចង់​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​សហគមន៍​។ ​យើង​បាន​ចាប់​ផ្តើម​វេទិកា​សិល្បៈ ជំនួញ សហគមន៍ និង​កម្មវិធី Lions of Fashion ដែល​ជា​គម្រោង​ទី​២ របស់​យើង បន្ទាប់​ពី​យើង​បាន​គាំទ្រ​ដល់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​»​។

«​ឥឡូវ​យើង​ចង់​ឈោង​ទៅ​ដល់​វេទិកា​សិល្បៈ ការ​រចនា​ម៉ូដ ​និង​បង្ហាញ​ម៉ូដ​ហើយ​ភ្ជាប់​ទៅ​នឹង​ឧស្សាហកម្ម​សម្លៀក​បំពាក់​របស់​យើង ​(​កម្ពុជា​)​។ អាជីវកម្ម​សម្លៀក​បំពាក់​របស់​យើង ​គឺ​មាន​ទំហំ​ធំ​ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង​យើង​មិន​អាច​បន្ថែម​តម្លៃ​បន្ថែម​ណា​មួយ​បាន​ទេ​»​។

លោក Moon Yoo នាយក​ផ្នែក​ទីផ្សារ​នៃ​ស្រាបៀរ ABC Extra Stout បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ទាប់​ពី​ការ​បើក​កម្មវិធី ABC Lions of Fashion នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​​ថ្ងៃ​ទី​ ៣០​ ខែ មេសា​ ថា​៖«​ប្រសិន​បើ​យើង​ជ្រើសរើស​អ្នក​ច្នៃ​ម៉ូដ​ដែល​មាន​សក្ដានុពល​យើង​អាច​បន្ថែម​ជំនាញ​ ឬ​ទេពកោសល្យ​ទៅ​ក្នុង​អាជីវកម្ម​សម្លៀក​បំពាក់​។ ដោយសារ​តែ​តម្លៃ​ពលកម្ម​កម្ពុជា មិន​មាន​ការ​ប្រកួត ប្រជែង​ដូច​ប្រទេស​ដទៃ​ទៀត​នោះ វា​ជា​ពេលវេលា​សមស្រប​ក្នុង​ការ​បង្កើត​កម្មវិធី​នេះ ហើយ​វិស័យ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់ ​គឺ​សំខាន់​ណាស់​។ ក្រោយ​មក​អ្នក​ច្នៃ​ម៉ូដ​អាច​លក់​គំនិត​ ច្នៃ​ម៉ូដ​របស់​ពួក​គេ​»​។

លោក Moon នាយកផ្នែកទីផ្សារនៃស្រាបៀរ ABC Extra Stout។

ដោយ​សហការ​ជាមួយ​ទស្សនា​វដ្តី Sovrin Magazine ដែល​ជា​ទស្សនាវដ្តី​ម៉ូដ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ និង Arise Modeling Agency កម្មវិធី ABC Lions of Fashion នឹង​ពាំនាំ​អ្នក​ច្នៃ​ម៉ូដ​អ្នក​បង្ហាញ​ម៉ូដ​ជោគជ័យ​បំផុត​នៅ​ក្នុង​ប្រទេស ​កម្ពុជា ព្រម​ទាំង​ណែនាំ​អ្នក​ច្នៃ​ម៉ូដ​ និង​អ្នក​បង្ហាញ​ម៉ូដ​វ័យ​ក្មេង​ដែល​អាច​ក្លាយជា​តារា​តំណាង​ម៉ូដ​សម្លៀក​បំពាក់​នៅ​ថ្ងៃ​ណា​មួយ​។

នៅ​ក្នុង​កម្មវិធី​ប្រកួត​សម្រាប់​អ្នក​ច្នៃ​ម៉ូដ និង​ធ្វើ​ការ​ជ្រើសរើស​អ្នក​ច្នៃ​ម៉ូដ​ចំនួន ​១០ ​នាក់ ​ដែល​បង្ហាញ​ខ្លួន​នៅ​ក្នុង​វីដេអូ​ឃ្លីប​នៅ​លើ​ហ្វេសប៊ុក​នឹង​ចូលរួម​ប្រកួត​ប្រជែង​ច្នៃ​ម៉ូដ ហើយ​ការច្នៃ​ម៉ូដ​របស់​ពួក​គេ​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​លើ​ទំព័រ​ទស្សនាវដ្ដី​សូវរីន​។​

អ្នក​ទទួល​ជយលាភី​នឹង​ទទួល​បាន​រង្វាន់​ជា​សាច់​ប្រាក់ ​ដើម្បី​គាំទ្រ​ឧបត្ថម្ភ​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​ចាប់​អាជីព​ច្នៃ​ម៉ូដ ទទួល​បាន​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​អន្តរជាតិ Fashion Week ហើយ​ម៉ូដ​សម្លៀក បំពាក់​របស់​អ្នក​ឈ្នះ​នឹង​ត្រូវ​បាន​ចុះផ្សាយ​ប្រចាំ​ទស្សនាវដ្តី​សូវរីន​។

អ្នក​ទទួល​ជយលាភី​ជើង​ឯក​នឹង​ទទួល​បាន​កិច្ចសន្យា​ការងារ​បង្ហាញ​ម៉ូដ​ជាមួយ Arise Modeling Agency និង​ត្រូវ​ចុះផ្សាយ​នៅ​លើ​គម្រប​មុខ​នៃ​ទស្សនាវដ្តី​សូវរីន​ផង​ដែរ​។​

ស្រាបៀរ ABC នៅតែជាស្រាបៀរដែលឈានមុខគេនៅក្នុងប្រទេស កម្ពុជា។

ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ដែល​មាន​អាយុ​ចន្លោះ​ពី ​២០ ​ដល់ ​៣៥ ​ឆ្នាំ ​ដែល​មាន​ចំណាប់​អារម្មណ៍ ​និង​ស្រលាញ់​ការច្នៃ​ម៉ូដ​អាច​ចូលរួម​ប្រកួតប្រជែង​បាន​។

នៅ​ពេល​សួរ​ថា​ហេតុ​អ្វី​បាន​ជា​ព្រឹត្តិការណ៍​នេះ​មាន​ឈ្មោះ​ថា «ABC Lions of Fashion» លោក Moon ថ្លែង​ថា​៖ «​វា​ត្រូវ​បាន​ហៅ​ថា​ «Lions of Fashion» ពី​ព្រោះ​យើង​ចង់​លើកស្ទួយ​អ្នក​រចនា​ម៉ូដ​វ័យ​ក្មេង​ឲ្យ​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូដ​ និង​អ្នក​បង្ហាញ​ម៉ូដ ​ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់​ និង​ទទួល​បាន​ភាព​ជោគជ័យ​ក្លាយជា​អ្នក​ដឹកនាំ និង​ក្លាយ​ជា​អ្នក​ជំនាញ​ខាង​ម៉ូដ​ និង​ម៉ូដែល​ច្បាស់លាស់ នឹង​ដើម្បី​ក្លាយ​ជា “Lions of Fashion”៕