AIA បាននាំការគាំទ្ររបស់ខ្លួនចំពោះអង្គការ ISF Cambodia ទៅដល់ទស្សនិកជនអន្តរជាតិ នៅក្នុងសប្តាហ៍នេះ ខណៈឡូហ្គោរបស់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយនេះ លេចឡើងនៅលើអាវខាងមុខរបស់កីឡាករក្លឹប Tottenham Hotspur នៅក្នុងលីគកំពូលអង់គ្លេស។
ISF គឺជាអង្គការក្រៅរដ្ឋាភិបាលដ៏លេចធ្លោមួយនៅកម្ពុជា ដែលគាំទ្រដល់កុមារដែលជួបការលំបាកតាមរយៈការអប់រំ សុខភាព និងកីឡា។
ការប្រកួតបាល់ទាត់សប្បុរសធម៌រវាងក្រុម Tottenham Hotspur និង Sheffield United គឺក្រុមយក្សអង់គ្លេស បានយកឈ្នះក្រុម Sheffield United ក្នុងលទ្ធផល ៤-០ កាលពីយប់ថ្ងៃអាទិត្យ ហើយអាវត្រូវបានចុះហត្ថលេខាដោយកីឡាករ ក្នុងនោះរួមមានកីឡាករ Gareth Bale ដែលស៊ុតបាន hat-trick កីឡាករ Son Heung-min តារាឆ្នើមជើងស៊ុងអង់គ្លេស Harry Kane និងអ្នកចាំទីសញ្ជាត្តិបារាំង Hugo Lloris ត្រូវបានដាក់ដេញថ្លៃនៅថ្ងៃសុក្រ។
៧៥ ភាគរយនៃថវិកាដែលប្រមូលបានពីការដេញថ្លៃអាវពិសេសនេះ នឹងយកទៅជួយអង្គការ ISF និង២៥ ភាគរយទៀតគឺផ្តល់ដល់មូលនិធិ Tottenham Hotspur Foundation ដែលជាមូលនិធិសប្បុរសធម៌របស់ក្លឹបត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសដល់សហគមន៍មូលដ្ឋានរបស់ខ្លួន។ ដើម្បីមានឱកាសក្លាយជាម្ចាស់អាវដែលចុះហត្ថលេខាដោយកីឡាករក្លឹប Spurs ដែលចំនួនមានកំណត់ និងដើម្បីបុព្វហេតុសប្បុរសធម៌ សូមចូលទៅគេហទំព័រ www.matchwornshirt.com។
«ISF បានបំពេញការងារយ៉ាងធំធេង នៅក្នុងការជួយកុមារកម្ពុជាដែលមានជីវភាពក្រីក្រ តាមរយៈកម្មវិធីអប់រំ បាល់ទាត់ និងសហគមន៍ ហើយយើងពិតជារីករាយណាស់ដែលបានបង្ហាញការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះពួកគេ តាមរយៈភាពជាដៃគូរបស់យើងជាមួយក្លឹបបាល់ទាត់ Spurs»។
លោកស្រី Pauline Teoh នាយិកាក្រុមហ៊ុន AIA Cambodia បានថ្លែងថា៖«នៅពេលគាំទ្រដល់ ISF គឺ យើងមិនភ្លេចហេតុផលចម្បងដែលយើងគាំទ្រពួកគេនោះទេ គឺការជួយដល់កុមារក្រីក្រនៅកម្ពុជា ដោយមានការដាក់ដេញថ្លៃអាវដែលចំនួនមានកំណត់ មានឡូហ្គោអង្គការ ISF អមដោយពាក្ស «ពីកម្ពុជា ដោយ AIA» ។
លោកស្រីបន្ថែមថា អាវនេះគឺជាផ្នែកមួយនៃការទទួលខុសសហគមន៍របស់ក្រុមហ៊ុនធានារ៉ាប់រងចម្រុះជាតិសាសន៍មួយនេះ។ AIA និង AIA Cambodia បានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាមួយការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយដល់ប្រជាជនរាប់លាននាក់នៅទូទាំងទ្វីបអាស៊ី ឱ្យមាន«សុខភាពល្អ អាយុវែង និងកាន់តែប្រសើរ»។
លោកស្រីបានថ្លែងថា៖«ដូច្នេះយើងព្យាយាមលើកស្ទួយនិងផ្តល់អត្ថប្រយោជន៍ដល់សង្គម ក្នុង។ នោះយើងជួយជនរងគ្រោះដោយទឹកជំនន់ បានបរិច្ចាគដល់បុព្វហេតុសប្បុរសធម៌ និងជួយលើកកម្ពស់ការងារនិងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការក្រៅរដ្ឋាភិបាលដូចជាអង្គការ ISF នេះជាដើម»។
«ការមានឡូហ្គោរបស់ ISF Cambodia នៅផ្នែកខាងមុខនៃអាវរបស់ក្រុម Tottenham Hotspur អំឡុងនៃការប្រកួត English Premier League កាលពីចុងសប្តាហ៍មុន វាគឺជាកិត្តិយសដ៏ធំធេងសម្រាប់អង្គការរបស់យើង។ យើងមិនត្រឹមតែមានឱកាសចែករំលែកបេសកកម្មរបស់យើងជាមួយទស្សនិកជននៅទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងអាចធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើនផងដែរ»។
លោកស្រី Vicheka Chourp អ្នកគ្រប់គ្រងអង្គការ ISF Cambodia ថ្លែងថា៖«យើងពិតជាសូមថ្លែងអំណរគុណដល់ក្លឹបបាល់ទាត់ Tottenham Hotspur និងក្រុមហ៊ុន AIA ខ្លាំងណាស់ សម្រាប់ឱកាសនេះ ដើម្បីនាំបេសកកកម្មរបស់យើងទៅឱ្យគេស្គាល់ជាលក្ខណៈសកល ដើម្បីធ្វើឱ្យកុមារក្រីក្រនិងសហគមន៍របស់ពួកគេងើបចេញពីភាពក្រីក្រ តាមរយៈការបង្កើនការទទួលបាន ការអប់រំ សុខភាព និងកីឡា»។
ខណៈ ក្របខ័ណ្ឌ Premier League គឺ ទទួលបាន ប្រជាប្រិយភាពខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះការគាំទ្រក្លឹបបាល់ទាត់ Spurs ក៏កំពុងកើនឡើង ហើយកីឡាករម្នាក់ក្នុង ចំណោមកីឡាករនៅក្លឹបភាគខាង ជើងទីក្រុងឡុងដ៍មួយនេះបានផ្ញើសារអរគុណដល់អ្នកគាំទ្រជាច្រើនរបស់ពួកគេនៅក្នុងព្រះរាជា ណាចក្រកម្ពុជា។
កីឡាករ Son ដែលជាខ្សែបម្រើក្លឹប Supr ថ្លែងមុនការប្រកួតថា៖«សួស្តីអ្នកគាំទ្រទាំងអស់នៅក្នុងប្រទេសកម្ពុជា។ សូមអរគុណខ្លាំងណាស់ចំពោះការគាំទ្រដ៏ធំធេងរបស់អ្នកទាំងអស់គ្នា។ ខ្ញុំសង្ឃឹមថានឹងជួបអ្នកក្នុងពេលឆាប់ៗ»។
Tottenham និង AIA Cambodia បានធ្វើការជាមួយអង្គការ ISF ចាប់តាំងពីឆ្នាំ២០១៧។
Spurs ក៏បានសម្តែងការគោរពចំពោះការងារដ៏សំខាន់របស់ ISF នៅក្នុងថ្ងៃប្រកួតផ្លូវការ ដោយបានចេញសារចំនួន២ទំព័រស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការនៅក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាពនៅកម្ពុជា។
«យើងបានឃើញពីឥទ្ធិពលវិជ្ជមាននៃមូលនិធិ Indochina Starfish នៅទីក្រុងភ្នំពេញ ហើយយើងរីករាយដែលបានគាំទ្របុព្វហេតុដ៏មានតម្លៃនេះ ដើម្បីជួយលើកស្ទួយមូលនិធិ ជាមួយដៃគូរបស់យើងនៅ AIA»។
លោក Donna-Maria Cullen នាយកប្រតិបត្តិក្លឹបបាល់ទាត់ Tottenham Hotspur បានមាន ប្រសាសន៍ថា៖«អង្គការ ISF គឺជាបុព្វហេតុដ៏ល្អមួយដែលយើងបានគាំទ្រជាមួយ AIA នៅពេលយើងបន្តធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សុខមាលភាព និងសុខភាពនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាទីកន្លែងដែលយើងទទួលបានការគាំទ្រខ្លាំង»។
គ្រូបង្វឹករបស់ក្លឹបបានដឹកនាំវគ្គបង្ហាត់បង្រៀនសម្រាប់គម្រោងអ្នកស្ម័គ្រចិត្តតាមអនឡាញមួយសប្តាហ៍មុនការប្រកួតចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ដោយមានអ្នក ចូលរួមខ្លះមានកិត្តិយសធ្វើជានិមិត្តរូប (mascots) សម្រាប់ការប្រកួតនោះផងដែរ៕