ក្រុមហ៊ុន Amber International កំពុង​បង្កើត​នូវ​បទពិសោធ​សណ្ឋាគារ​នៅ​ខេត្តកំពត​ជាមួយនឹង​រមណីយដ្ឋាន​លំដាប់​ផ្កាយ​៥​ដ៏ប្រណីត​ដំបូង​គេ​នៅក្នុង​តំបន់​នោះ ក្នុង​គោលបំណង​ប្រែក្លាយ​តំបន់​ដែល​ហ៊ុមព័ទ្ធ​ដោយ​សម្រស់​ធម្មជាតិ​ដ៏អស្ទារ្យ​នេះ​ដាក់​នៅលើ​ផែនទី​ពិភពលោក​។

ស្ថិតនៅលើ​ផ្ទៃដី​ដែលមាន​ទេសភាព​ដ៏ស្រស់បំព្រង​ជាង​ ១,៥ ​ហិកតា​នៅ​តាម​ដង​ទន្លេ អម​ដោយ​ទេសភាព​ដ៏ស្រស់ត្រកាល​នៃ​ជួរ​ភ្នំ​ដំរី និង​ទីក្រុង​ដ៏ស្រស់ស្អាត​នៅ​ផ្ទៃ​ខាងក្រោយ រមណីយដ្ឋាន​ប្រណីត Amber Kampot កំពុង​បង្ហាញ​នូវ​ភាពទាក់ទាញ​ដ៏ខ្លាំង​ជាមួយ​នឹង​ការផ្តល់ជូន​បទពិសោធ​ល្អ​ប្រណីត​កម្រិត​អន្ដរជាតិ​។

ប្រធាន​ក្រុមហ៊ុន Amber International Holdings លោក Taihei Yamada ថ្លែងថា​៖ «​យើង​គ្រោង​ធ្វើឱ្យ​ខេត្តកំពត​ក្លាយ​ទៅជា​ទិសដៅ​ដ៏ល្បីល្បាញ​លំដាប់​អន្តរជាតិ ខណៈ​យើង​សាងសង់​រមណីយដ្ឋាន​ប្រណីត​លំដាប់​ផ្កាយ​៥ ដំបូង​គេ​បង្អស់​នៅក្នុង​ទីតាំង​ដែល​មិនទាន់​មាន​ការកែច្នៃ​នៃ​សម្រស់​ធម្មជាតិ​ដ៏ប្រណីត​ដែល​មិន​ធ្លាប់​មាន​នៅ​តំបន់​អាស៊ី​ដូចជា​តំបន់ Labuan Bajo ក្នុងប្រទេស​ឥណ្ឌូនេស៊ី កោះ Ogasawara ក្នុងប្រទេស​ជប៉ុន និង​តំបន់ Tash-kent នៅ​អ៊ូសបេគីស្ថាន​ជាដើម​។

ជាមួយនឹង​ទេសភាព​ដ៏ស្រស់ស្អាត​ដែល​លាក់ខ្លួន​នៅ​ជុំវិញ​ពិភពលោក គោលដៅ​របស់​ក្រុមហ៊ុន Amber International គឺ​បើកចំហ​ទៅកាន់​ពិភពលោក ដោយ​ធ្វើការ​ជាមួយ​សហគមន៍​ក្នុង​តំបន់ និង​ធ្វើឱ្យ​តំបន់​នេះ​កាន់តែ​មាន​ភាពទាក់ទាញ និង​អាច​ទៅ​កម្សាន្ត​បាន​។

ខណៈ​ខេត្តកំពត​គឺ​ជាទី​តាំងទី​ ១ គម្រោង​ទី​ ២ ​របស់ Amber គ្រោង​ធ្វើ​នៅ Labuan Bajo នៅលើ​កោះ Flores ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែលជា​ច្រក​ផ្លូវ​ទៅកាន់​កោះ Komodo និង​កោះ​នាគ​របស់ខ្លួន មុនពេល​ពង្រីក​រមណីយដ្ឋាន​ប្រណីត​ទៅកាន់​ទីតាំង​ដ៏ស្រស់បំព្រង​ផ្សេងទៀត​ដែល​មិនទាន់​មាន​ការប៉ះពាល់​។

ជាមួយ​នឹង​ឆ្នេរ​ខ្សាច់​សក្បុស​ប្រវែង​ ១ ៥០០ ម៉ែត្រ​កំពុង​រង់ចាំ​ស្វាគមន៍​ភ្ញៀវទេសចរ​ជា​បន្តបន្ទាប់​ដែល​បាន​កក់​បន្ទប់ គួបផ្សំ​នឹង​ការ​ជិះទូក​លក្ខណៈ​ឯកជន​ពី​ទីប្រជុំជន​គឺ​រមណីយដ្ឋាន Amber Kampot ត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធ​ដ៏អស្ទារ្យ​។

«​ដើម្បី​បំពេញ​តម្រូវការ​របស់​ភ្ញៀវទេសចរ ដែល​ធុញទ្រាន់​នឹង​គោលដៅ​ធំៗ​ដូចជា​នៅ​កោះបាលី និង​ភូកេត យើង​កំពុង​រកមើល​ទីតាំង​ដែល​កំពុង​លាក់ខ្លួន​។ ទោះយ៉ាងណា ដោយ​ខ្វះ​កន្លែង​ស្នាក់នៅ​ប្រណីត​ក្នុង​តំបន់​ទាំងនោះ ទើប​ក្រុមហ៊ុន Amber International គឺជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បង្កើត​រមណីយដ្ឋាន​ប្រណីត​លំដាប់​ផ្កាយ​ ៥ នេះ​ឡើង​»​។

លោក Yamada បន្តថា​៖ «​ខេត្ត​កំពត​គឺជា​ទីកន្លែង​មួយ​ដែល​មាន​ធនធាន​សម្រាប់​វិស័យ​ទេសចរណ៍​ដ៏អស្ចារ្យ​ជាច្រើន រួមមាន​ធម្មជាតិ​ដ៏ស្រស់បំព្រង សំណង់​អគារ​ប្រវត្តិសាស្ត្រ​ដ៏អស្ចារ្យ​។ ដូច្នេះ​ផែនការ​របស់ខ្ញុំ​គឺ​កសាង​រមណីយដ្ឋាន​ប្រណីត​នៅក្នុង​ទីតាំង​ដែល​កំពុង​លាក់ខ្លួន​បែបនេះ​។ ខ្ញុំ​ទទួល​ស្គាល់​ថា ខេត្តកំពត​មាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏អស្ចារ្យ​ដូចជា​អគារ​សម័យកាល​អាណានិគម​បារាំង ព្រៃភ្នំ និង​ដង​ទន្លេ​ជាដើម ប៉ុន្តែ​វា​នៅ​ខ្វះ​កន្លែង​សម្រាក​លម្ហែកាយ​ស្តង់ដា​អន្តរជាតិ​លំដាប់​ផ្កាយ​ ៥ រហូតមកដល់​ពេលនេះ​»​។

រមណីយដ្ឋាន​ប្រណីត​នេះ​គឺ​មិន​ប៉ះពាល់​បរិស្ថាន ១០០ ​ភាគរយ​គឺ​មិន​ប្រើ​ប្លាស្ទិក និង​មាន​ទីតាំង​ស្ថិត​នៅ​តាម​ដង​ទន្លេ​នៃ​ខេត្តកំពត និង​នៅ​ជិត​ធនាគារជាតិ​នៃ​កម្ពុជា​សាខា​ខេត្តកំពត ដែល​ជា​ឧទាហរណ៍​នៃ​សម្រស់​ស្ថាបត្យកម្ម​អាណានិគម​បារាំង​ដ៏ស្រស់ស្អាត​។

Amber Kampot មាន​វីឡា​ប្រណីត ប្រភេទ​បន្ទប់​គេង​ ១ ចំនួន​ ២១ ​វីឡា ទំហំ ៧៧ ម៉ែត្រការ៉េ ខណៈ​វីឡា​ប្រភេទ​បន្ទប់​គេង​ ២ មាន​ ៥ ​វីឡា មាន​ទំហំ​ ១៨០ ម៉ែត្រការ៉េ និង​មាន​បន្ទប់ទទួលភ្ញៀវ​។ គ្រប់​វីឡា​ទាំងអស់​មាន​បំពាក់​ឧបករណ៍​ប្រើប្រាស់​រួចជាស្រេច និង​មាន​អាង​ហែល​ទឹក​លក្ខណៈ​ឯកជន​មាន​ផ្ទះបាយ​នៅ​ខាងក្នុង និង​កន្លែង​សម្រាប់​ចម្អិន​អាហារ​នៅ​ខាងក្រៅ ហើយ​ក៏​មាន​ចុងភៅ​សម្រាប់​រៀបចំ​ម្ហូប​ផ្ទាល់ខ្លួន​ផងដែរ​។

រមណីយដ្ឋាន​លំដាប់​ផ្កាយ​ ៥ ​ដ៏​ប្រណីត​នេះ​មាន​បម្រើ​សេវាកម្ម​ជាច្រើន​ប្រភេទ​ដូចជា ស្ប៉ា ភោជនីយដ្ឋាន និង​បារ៍​នៅ​ជិត​អាង​ហែលទឹក​ដែល Amber Kampot កំពុង​បន្ត​ផ្តល់ជូន​នូវ​បទពិសោធ​កាន់តែ​សម្បូរបែប​ និង​ប្រណីត​។

«​ក្រុមហ៊ុន Amber International ប្តេជ្ញា​ចូលរួម​ចំណែក​ ៣ ​ភាគរយ​នៃ​ប្រាក់ចំណេញ​សុទ្ធ​របស់ខ្លួន​ដល់​សហគមន៍​ជា​កន្លែង​ដែល​ពួកគេ​ធ្វើ​អាជីវកម្ម​។ ឧទាហរណ៍ ទិសដៅ​ដែល​កំពុង​សំងំ​លាក់ខ្លួន ជារឿយៗ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ មិន​ត្រូវបាន​អភិវឌ្ឍ​ពេញលេញ​នៅឡើយ​»​។

លោក Yamada ថ្លែងថា​៖ «​ខណៈ​យើង​កំពុង​ចង់​រីកចម្រើន​រួមគ្នា​ជាមួយ​សហគមន៍ រមណីយដ្ឋាន Amber Kampot ផ្តល់ជូន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ប្រជាជន​ក្នុង​តំបន់​ដែល​មាន​បំណង​ចង់​ក្លាយជា​អ្នកធ្វើការ​នៅ​សណ្ឋាគារ ដែល​ដឹកនាំ​ដោយ​អ្នកគ្រប់គ្រង​សណ្ឋាគារ​ជាន់ខ្ពស់ និង​មាន​បទពិសោធ​ការងារ​នៅ​សណ្ឋាគារ Aman, Sofitel និង Four Seasons ។ យើង​ក៏​ផ្តល់ឱកាស​ការងារ​ដល់​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នៅ Amber Kampot ផងដែរ​។

ជាមួយ​នឹង​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការធានា​បាន​នូវ​ស្តង់ដា គុណភាព​ខ្ពស់បំផុត Amber Kampot បច្ចុប្បន្ន​គឺ​ត្រូវបាន​បើក​ដំណើរការ​សាកល្បង មុនពេល​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ខែមករា​ខាងមុខ​។

សហគ្រិន​ជនជាតិ​ជប៉ុន​រូបនេះ​បន្ថែមថា​៖ «​ខណៈ​យើង​កំពុង​ធ្វើឱ្យ​ខេត្តកំពត​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏ល្បីល្បាញ​នោះ យើង​ត្រូវផ្តោត​សំខាន់​លើ​ឧត្តមភាព ហើយ​ឥឡូវនេះ​វា​មិនមាន​អ្វី​ល្អប្រសើរ​ជាង​ម្ហូបអាហារ​របស់​យើង​នោះទេ ដោយ​ផ្តោតលើ​អហារ​កម្ពុជា​ដ៏ឈ្ងុយឆ្ងាញ់​រួមជាមួយ​ម្ហូបអាហារ​បែប​បស្ចិមប្រទេស និង​បែប​អាស៊ី​ផង​ដែរ​។

Amber Kampot ផ្តល់ជូន​នូវ​សកម្មភាព​ជាច្រើន​រួមមាន​ការជិះស្គី ជិះ​កាយ៉ាក់ ជិះ​ក្តារបន្ទះ ឬក៏​ភ្ញៀវ​អាច​សម្រាក​នៅ​កន្លែង​លម្ហែកាយ​នៅលើ​ឆ្នេរ​ខ្សាច់​សក្បុស និង​រីករាយ​ជាមួយ​ទេសភាព​ដ៏ស្រស់ត្រកាល ខណៈ​គយគន់​ទឹកទន្លេ​ហូរ​ដ៏ស្ងប់ស្ងាត់​។

ជាមួយ​គ្នា​នេះ​ដែរ រមណីយដ្ឋាន​ប្រណីត Amber Kampot ក៏​ផ្តល់ជូន​ការទៅ​ទស្សនា​កោះ​ឯកជន​មួយ ដោយ​ជិះទូក​ចេញពី​រមណីយដ្ឋាន​ចន្លោះ​ពី​ ១៥ ​ទៅ​ ២០ ​នាទី​ទៅ​ដល់​កោះ​នោះ ដើម្បី​រីករាយ​ជាមួយ​បទពិសោធ​នៅ​ឆ្នេរ​ដ៏ស្រស់ស្អាត​ដែល​មិន​អាច​រៀបរាប់​បាន​។

លោក Yamada បញ្ជាក់ថា​៖ «​នៅពេល​យើង​ជិះទូក​ទៅលេង​កោះ យើង​អាច​ឈប់​មើល​ទូក​កំពុង​នេសាទ ដែល​មានន័យថា យើង​អាច​ទិញ​អាហារ​សមុទ្រ​ស្រស់ៗ យក​ទៅ​ធ្វើជា​ម្ហូប និយាយ​រួម​វា​ពិតជា​អស្ទារ្យ​»​។

អ្វី​ទាំងអស់​ដែល​បាន​ផ្តល់ជូន​គឺជា ការប្តេជ្ញាចិត្ត​ខ្ពស់​ដើម្បី​ឲ្យ​ការស្នាក់នៅ​រមណីយដ្ឋាន​ប្រណីត Amber Kampot ប្រកបដោយ​ភាពជឿជាក់ និង​ជា​បទពិសោធ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ការចងចាំ​របស់​លោកអ្នក​ដែល​មិនអាច​បំភ្លេចបាន​៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://amber-kampot.com/