កាលពីថ្ងៃពុធកន្លងទៅ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) បានប្រកាសថា លោក Anthony Galliano គឺជាប្រធានថ្មីរបស់ខ្លួន។ លោក Galliano គឺជាអគ្គនាយកក្រុមហ៊ុន Cambodia Investment Management ហើយលោកនឹងចូលបម្រើការងារនៅ AmCham នៅឆ្នាំក្រោយ។
លោក Galliano គឺជាអ្នកជំនាញខាងសាជីវកម្មធនាគារជាន់ខ្ពស់ ដែលមានបទពិសោធនៅលើឆាកអន្តរជាតិរយៈពេល ២៧ ឆ្នាំ និងធ្លាប់បម្រើការងារនៅធនាគារ ANZ, Citibank, JP Morgan Chase និង Bank of New York។
លោក Galliano ក៏ធ្លាប់ធ្វើជាប្រធានក្រុមហ៊ុន Hong Kong Securities Industry Group ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០០ និងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់នៃក្រុមហ៊ុន Hong Kong Exchanges and និង Clearing Ltd ផងដែរ។
លោក Galliano ថ្លែងថា៖ «ខ្ញុំរីករាយ និងមានកិត្តិយសណាស់ដែលទទួលបានឱកាសក្លាយជាប្រធាន AmCham និងធ្វើការជាមួយក្រុមប្រឹក្សាដែលមានទេពកោសល្យខ្ពស់។ ខ្ញុំទទួលបានតំណែងដ៏រឹងមាំ ហើយខ្ញុំក៏សូមអរគុណដល់អតីតប្រធាន លោក Allen Tan ដែលបានបំពេញមុខងារដ៏អស្ចារ្យក្នុងអំឡុងពេលដែលលោកកាន់តំណែងមួយនេះ។ «AmCham បានពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជាដោយជោគជ័យ និងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយស្ថានទូតអាមេរិក និងបម្រើផលប្រយោជន៍ដល់សមាជិកភាពរបស់យើង»។
លោក Galliano បន្តថា៖ «យើងនឹងបន្តកសាងសមិទ្ធផលនេះ និងបង្កើនការផ្តោតអារម្មណ៍របស់យើងទៅលើការជួយជ្រោមជ្រែង ការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនទំនាក់ទំនងសហគមន៍ និងបញ្ហានានាដែលទាក់ទងសមាជិករបស់យើង។ ទោះបីស្ថិតក្នុងពេលវេលាដ៏លំបាកក្តីក៏ខ្ញុំមានសុទិដ្ឋិនិយមថា ប្រទេសកម្ពុជា នឹងមានអនាគតកាន់តែល្អប្រសើរ ហើយ AmCham អាចដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យ និងភាពរុងរឿងរបស់ប្រទេសជាតិ»។
លោក Pily Wong ត្រូវបានតែងតាំងជាអនុប្រធាន ហើយលោក Chris McCarthy គឺជាលេខាធិការ។ លោកស្រី Tean Ly នឹងក្លាយជាហេរញ្ញិក។ លក្ខខណ្ឌសម្រាប់មុខតំណែងក្រុមប្រឹក្សាភិបាលទាំងនេះ គឺមានរយៈពេល ១ ឆ្នាំ។ លោក Wong គឺជាអគ្គនាយកក្រុមហ៊ុន Hung Hiep (Cambodia) ចំណែកឯ លោក McCarthy គឺជាអគ្គនាយកក្រុមហ៊ុនសេវាកម្មទីផ្សារ MangoTango Asia លោកស្រី Ly គឺជាដៃគូគ្រប់គ្រងក្រុមហ៊ុន Seeva Capital។
លោក Anthony Galliano លោកស្រី Tean Ly លោកស្រី Pauline Teoh លោក Michael Berg លោក Chris McCarthy លោក Pily Wong លោក Ashley Irving លោក Steven Path និងលោក Sophea Ros ត្រូវបានជាប់ឆ្នោតជាសមាជិកថ្មីនៃក្រុមប្រឹក្សាភិបាលក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ AmCham (AGM) កាលថ្ងៃទី ២៤ ខែវិច្ឆិកា។
ការបោះឆ្នោតត្រូវបានធ្វើឡើងនៅថ្ងៃទី ១៣ ខែវិច្ឆិកា ដោយសមាជិកថ្មីចំនួន ៦ រូប ត្រូវបានជ្រើសរើសពីបេក្ខជន ១៦ រូប។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា Patrick Murphy បានចូលកម្មវិធី AGM ដែលត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ Raffles Hotel Le Royal អមជាមួយការប្រារព្ធពិធីបុណ្យថ្លែងអំណរគុណ។ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងពិធីនោះផងដែរ។
លោកឯកអគ្គរដ្ឋទូត Murphy បានថ្លែងសុន្ទរកថា ស្វាគមន៍ និងបានលើកឡើងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា និងបានថ្លែងអំណរគុណដល់ AmCham ដែលបានជួយលើកកម្ពស់ធុរកិច្ច។
លោក Allen Dodgson Tan អតីតប្រធាន AmCham ដែលបានបម្រើការងារនៅ AmCham ចំនួន ២ អាណត្តិក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ AmCham។ «ខ្ញុំសូមថ្លែងអំណរគុណដល់សមាជិក និងដៃគូទាំងអស់ដែលបានគាំទ្ររូបខ្ញុំក្នុងរយៈពេល ២ ឆ្នាំមកនេះ។ វាពិតជាកិត្តិយសណាស់ដែលទទួលបានការជឿទុកចិត្តដ៏ខ្លាំងក្លាបែបនេះ»។
លោក Tan ថ្លែងថា៖ «ខ្ញុំក៏សូមថ្លែងអំណរគុណជាពិសេសដល់ដៃគូរបស់យើង គឺស្ថានទូតសហរដ្ឋអាមេរិក និងចំពោះរាជរដ្ឋាភិបាល ដែលតែងតែបន្តគាំទ្រដល់វិស័យឯកជន និង AmCham ក្នុងការពិគ្រោះយោបល់ និងភាពជាដៃគូ។ សូមអរគុណចំពោះសមាជិកអាជីវកម្មរបស់យើងផ្សេងទៀត ដែលជួយយើងក្នុងការកសាងវិស័យឯកជនដ៏រឹងមាំ»។
បង្កើតឡើងក្នុងឆ្នាំ ១៩៩៦ AmCham ជួយគាំទ្រ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងវិស័យសាធារណៈ និងឯកជន ដើម្បីឆ្ពោះទៅរកការរីកចម្រើនក្នុងតំបន់ និងការរីកចម្រើនជាសកលនៃបរិយាកាសធុរកិច្ចនៅកម្ពុជា។
នៅក្នុងសុន្ទរកថាចុងក្រោយរបស់លោកទៅកាន់សមាជិក AmCham ដែលបានមកជួបជុំគ្នានៅសណ្ឋាគារ Raffles លោក Tan បានប្រកាសដោយមោទនភាពថា សមាគមនេះនឹងស្ថិតនៅក្នុងជំហរដ៏រឹងមាំបំផុត។
ខណៈលើកឡើងពីភាពជោគជ័យរបស់ខ្លួន លោក Tan ក៏បានលើកឡើងអំពីបញ្ហាប្រឈមដែលមិនធ្លាប់មាន ដែលបានជួបប្រទះនៅឆ្នាំនេះ ដោយសារតែមេរោគរាតត្បាតកូរ៉ូណា ប៉ុន្តែលោកបានបង្ហាញអំពីសុទិដ្ឋិនិយមនៅពេលខាងមុខ។
យោងតាមការស្ទង់មតិសមាជិកភាពឆ្នាំ ២០២០ បានបង្ហាញថា ៩០ ភាគរយ នៃសមាជិក AmCham គឺមានការពេញចិត្តនឹងសមាជិកភាពរបស់ពួកគេ។ ការស្ទង់មតិនោះក៏បានបង្ហាញផងដែរថា ទោះបីមានវិបត្តិជំងឺកូវីដ ១៩ និងបញ្ហាប្រឈមនៃសេដ្ឋកិច្ចសកលក្តី ប៉ុន្តែភាគច្រើននៃអាជីវកម្មរបស់សមាជិកបានបង្ហាញអារម្មណ៍សុទិដ្ឋិនិយមចំពោះអនាគតរបស់ពួកគេនៅឆ្នាំ ២០២១។
លោក Tan ក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ «ក្នុងនាមជាអង្គការមួយ ពេលនេះគឺគ្មានមន្ទិលទេដែលថា AmCham ដែលខ្ញុំឈរជាមួយនៅថ្ងៃនេះ គឺល្អបំផុត ដែលខ្ញុំមិនធ្លាប់បានឃើញពីមុន យើងមានទំនាក់ទំនងដ៏ល្អ មានភាពចម្រុះ និងមានភាពទូលំទូលាយ»៕