The Ascott Limited (Ascott) ដែល​ជា​អង្គភាព​អាជីវកម្ម​គ្រប់គ្រង​លំនៅឋាន​របស់ CapitaLand បាន​ឈរជើង​ជា​ប្រតិបត្តិករ​បម្រើ​សេវាកម្ម​លំនៅឋាន​ដែល​មាន​កិត្តិសព្ទ​ទូទាំង​សកលលោក និង​មាន​កំណត់ត្រា​ក្នុង​ការបើក​សម្ភោធ​ជាច្រើន​ទីតាំង​។

យើង​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​នាយក​គ្រប់គ្រង​ទូទៅ​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន The Ascott Limited កញ្ញា Lew Yen Ping ដែល​ទទួល​ខុសត្រូវ​ទូទៅ​លើ​ប្រទេស​វៀតណាម ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​កម្ពុជា​បាន​មក​ចូលរួម​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​យើងខ្ញុំ​។

កញ្ញា LEW YEN PING នាយក​គ្រប់គ្រង​ទូទៅ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន THE ASCOTT LIMITED

កញ្ញា Lew ៖ អរុណសួស្តី​! នាង​ខ្ញុំ​មាន​ភាព​រីករាយ​ណាស់​ដែល​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ម្តងទៀត​ក្នុង​គោលបំណង​ពង្រឹង​ភាព​ជា​ដៃគូ​យូរអង្វែង​រវាង​ក្រុមហ៊ុន Meridian International Holding និង​ក្រុមហ៊ុន The Ascott Limited​។

ជាដំបូង​នេះ​នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​លោក Ko និង​គណៈគ្រប់គ្រង​របស់​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ​នឹង​ក្រុមហ៊ុន Ascott ក្នុង​ការគ្រប់គ្រង​លំនៅឋាន​បម្រើ​សេវាកម្ម​ទៅ​លើ​គម្រោង​ថ្មី​ចុងក្រោយ​របស់​ខ្លួន​គឺ​គម្រោង The Flatiron by Meridian​។

ចំពោះ​មិត្ត​អ្នកអាន​ដែល​មិនទាន់​បាន​ស្គាល់​អំពី​ក្រុមហ៊ុន Ascott តើ​កញ្ញា​អាច​ចែករំលែក​បានទេ​អំពី​ប្រវត្តិ​របស់​ក្រុមហ៊ុន​នេះ​?

កញ្ញា Lew ៖ Ascott បាន​ត្រួសត្រាយ​បង្កើត​គំនិត​គ្រប់គ្រង​លំនៅឋាន​ជា​លក្ខណៈ​បម្រើ​សេវាកម្ម​តាំងតែ​ពី​​ ៣៥ ​ឆ្នាំ​មុន​ដោយ​បាន​បើក​សម្ភោធ​លំនៅឋាន​បម្រើ​សេវាកម្ម​ស្តង់ដា​អន្តរជាតិ​ដំបូង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ប្រទេស​​សាំងហ្កាពួរ​។ ចាប់​តាំងពី​ពេលនោះ​មក យើង​បាន​រីកចម្រើន​ទៅមុខ​ជា​លំដាប់ និង​ក្លាយ​ជា​ប្រតិបត្តិករ​លំដាប់​អន្តរជាតិ​ឈាន​មុខ​មួយ​។

គិត​មក​ទល់​សព្វថ្ងៃនេះ យើង​មាន​យូនីត​បម្រើ​សេវាកម្ម​លើស​ពី ១១២,០០០ យូនីត​ក្នុង​ទីក្រុង​ចំនួន​ ១៨០ នៃ​ប្រទេស​ចំនួន​ ៣០ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អឺរ៉ុប មជ្ឈិម​បូពា អាហ្វ្រិក និង​សហរដ្ឋអាមេរិក​។

តើ​កញ្ញា​អាច​ពិពណ៌នា​យ៉ាងដូចម្តេច​អំពី​ជំហរ​ទីផ្សា​របស់​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា​?

កញ្ញា Lew ៖ Ascott ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ត្រួសត្រាយ​ឲ្យ​មាន​សេវា​កម្មនេះ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ននេះ​យើង​ជា​ក្រុមហ៊ុន​ប្រតិបត្តិករ​ដែល​បម្រើ​សេវាកម្ម​លំនៅឋាន​លំដាប់​អន្តរជាតិ​ធំជាងគេ​នៅក្នុង​ប្រទេស​នេះ​។ ​មាន​អគារ​លំនៅឋាន​ចំនួន​ ៣ ដែល​យើង​កំពុង​គ្រប់គ្រង​នៅក្នុង​ទីក្រុង​ដែល​នេះ​ជា​សញ្ញា​បង្ហាញថា យើង​កំពុងតែ​ពង្រឹង​ជំហរ​នៃ​ភាព​ដឹកនាំ​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។

ផលប័ត្រ​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កើនឡើង​ប្រមាណ​ដល់​ទៅ​ ៥៧៣ ​យូនីត​ដែល​គ្រប់គ្រង​ក្នុង​អគារ​លំនៅឋាន​សរុប​ចំនួន ៣ ​ក្នុង​រាជធានី​ភ្នំពេញ​។

ដូច្នេះ​តើក​ញ្ញា​មាន​ការរំពឹង​​ទុក​យ៉ាងណា​ដែរ​នាពេល​​នេះ​?

កញ្ញា Lew ៖ គម្រោង​ដែល​នឹង​បើក​សម្ភោធ​ក្នុង​ឆ្នាំ​ ២០២១ Citadine Flatiron Phnom Penh នឹង​ក្លាយ​ទៅ​ជា​លំនៅឋាន​បម្រើ​សេវាកម្ម​ទី​ ៣ ​របស់ Ascott នៅក្នុង​រាជធានី​ភ្នំពេញ​។ យើង​រំពឹងទុក​ថា​នឹង​មាន​តម្រូវការ​យ៉ាង​ខ្លាំងក្លា​លើ​លំនៅឋាន បម្រើ​សេវាកម្ម​ដោយ​ហេតុថា​វា​មាន​ទីតាំង​ល្អឥតខ្ចោះ និង​សុទិដ្ឋិនិយម​ខ្ពស់​ទៅលើ​អនាគត​របស់​គម្រោង​នេះ​។

ជាមួយ​នឹង​សមិទ្ធផល​ដែល​យើង​ទទួល​បាន​ដោយ​ការសាទរ​ជា​សកល​កន្លង​ទៅ យើង​បានទទួល​ស្គាល់​ពី​អត្ថប្រយោជន៍​នៃ​ទីតាំង​ល្អ​របស់​គម្រោង​នេះ​។ ទីតាំង​នេះ​ជា​តំបន់​ទីក្រុង​ថ្មី​មួយ និង​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ទីក្រុង​ដែល​មាន​ផែនការ​រៀបចំ​ល្អ​ដំបូង​គេ​បង្អស់​ស្ថិត​នៅក្បែរ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ (CBD)​។

វា​មាន​ទីតាំង​ជិត​ទៅ​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ជា​ទីតាំង​ឈរជើង​នៃ​ក្រុមហ៊ុន​ផលិតកម្ម​ខ្នាត​អន្តរជាតិ​ជាច្រើន​ទៀត​។ រឹតតែ​ពិសេស​ជាងនេះ​ទៅ​ទៀត ទីតាំង​អគារ​លំនៅឋាន​បម្រើសេវា​កម្មនេះ​មាន​ទីតាំង​ក្បែរ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ស្ថានីយរាជាយស្ម័យយាន​រាជធានី​ភ្នំពេញ និង​បណ្តុំ​ផ្សារ​ទំនើប​ជាច្រើន​។

តើ​កញ្ញា​មាន​ការយល់ឃើញ​យ៉ាងណា​ដែរ​ចំពោះ​ភាព​ខុសគ្នា​នៃ​គម្រោង​មួយ​នេះ​?

កញ្ញា Lew ៖ ក្រៅតែ​ពី​បដិសណ្ឋារកិច្ច​ល្អ និង​បទពិសោធ​ស្នាក់នៅ​ដែល​អតិថិជន​មាន​អារម្មណ៍​ថា​ជា​ផ្ទះ​ទី​ ២ ​របស់​ខ្លួន​នៅក្នុង​លំនៅឋាន​បម្រើ​សេវាកម្ម​របស់ Ascott លំនៅឋាន​បម្រើ​សេវាកម្ម Citadines Flatiron Phnom Penh នឹង​មាន​ប្រភេទ​យូនីត​ដូចជា​ប្រភេទ អូតែល ស្ទូឌីយោ មួយ​បន្ទប់​គេង ដល់​ ៣ ​បន្ទប់​គេង ដើម្បី​តម្រូវ​តាម​របៀប​រស់នៅ​ផ្សេងៗ​គ្នា​របស់​អ្នកធ្វើ​ដំណើរ​ទាំងអស់​។

បន្ថែម​ពីនេះ​ទៅ​ទៀត​លំនៅឋាន​នេះ​នឹង​ផ្តល់​ជូន​អ្នកដំណើរ​នូវ​ភាពងាយស្រួល​ក្នុង​ការរស់នៅ​ដោយ​គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន និង​ផ្តល់​ជូន​នូវ​បទពិសោធ​រស់នៅ​ដោយ​ពេញលេញ​គ្មាន​ទាស់​។ ពួកគេ​នឹង​អាច​រីករាយ​ជាមួយ​នឹង​គ្រឿង​បរិក្ខារ​សម្បូរបែប​ដូចជា​អាង​ហែល​ទឹក ក្លិប​ហាត់ប្រាណ អារហារ​ពេលព្រឹក កន្លែង​សម្រាកលម្ហែ ប្រកប​ដោយ​ផាសុកភាព និង​បន្ទប់​ប្រជុំ​ជាដើម​។

ជាង​នេះ​ទៅ​ទៀត​ពួកគេ​នឹង​រីករាយ​ក្នុង​ការ​ទទួលទាន​អាហារ​សម្បូរបែប ទិញ​ទំនិញ និង​សម្ភារ​បរិក្ខារ​ផ្សេង​ទៀត​ដូចជា​កន្លែង​ចម្អិន​អាហារ​រួម​​គ្នា (Social Kitchen) ប្រកប​ដោយ​ភាពងាយស្រួល​ដោយ​ការផ្តល់​ជូន​ទាំងនេះ​ត្រូវបាន​ទទួលស្គាល់​ថា​ជា​ការច្របាច់​បញ្ចូល​គ្នា​នូវ​បរិយាកាស​រស់នៅ ធ្វើការ និង​កម្សាន្ត​។

នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​នៃ​ភាព​ជា​ដៃគូ​សហការ​រវាង​ក្រុមហ៊ុន Ascott និង Meridian International Holding ។ យើង​កំពុងតែ​ទន្ទឹងរង់ចាំ​នូវ​ការបើក​សម្ភោធ​អគារ Citadine Flatiron Phnom Penh និង​ស្វាគមន៍​អ្នកដំណើរ​ទូទាំង​សកលលោក​មក​ទទួល​យក​បទពិសោធ​នៃ​បដិសណ្ឋារកិច្ច​ដែល​ទទួល​បាន​ពានរង្វាន់​របស់ Ascott ។

ជាចុងក្រោយ យើង​សូម​ធ្វើការ​កោតសរសើរ​ជាថ្មី​ម្តងទៀត​ដល់​ក្រុមហ៊ុន Meridian International Holding ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​ក្រុមហ៊ុន Ascott និង​ផ្តល់​ឳកាស​ឲ្យ​យើង​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដ៏ប្រណីត Flatiron By Meridian៕

សូម​អរគុណ​!