សេដ្ឋកិច្ច​កម្ពុជា​កំពុង​មាន​កំណើន​ក្នុង​ល្បឿន​មួយ​ដ៏​លឿន ដូច្នេះ​ហើយ​តម្រូវការ​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ​គឺ​ពិត​ជា​ចាំបាច់​ខ្លាំង​ណាស់ ដើម្បី​ជំរុញ​ទីផ្សារ​មូលធន​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​។

ប៉ុន្ដែ​ការ​ផ្គត់ផ្គង់​អ្នក​ដែល​មាន​ទេពកោសល្យ​នៅ​ក្នុង​ជំនាញ​បែប​នេះ ​គឺ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​សម្រាប់​បំពេញ​តម្រូវការ​នៅ​ក្នុង​ស្រុក​។ ក្រុម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា កង្វះ​ជំនាញ​ពិត​ប្រាកដ​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ ដែល​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។

លោក Casey Barnett នាយក​វិទ្យាស្ថាន CamEd Business School បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ ​«​ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ ​គឺ​មាន​សារៈសំខាន់​ណាស់ ​ដើម្បី​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ប៉ុន្តែ​វា​អាច​កើត​ឡើង​បាន​លុះត្រា​តែ​មាន​ការ​វិនិយោគ​លើ​ជំនាញ​នេះ​»។

​ទិដ្ឋភាពសិក្សារបស់វិទ្យាស្ថាន CamEd ក្នុងទីក្រុងភ្នំពេញ។ សហការី

លោក​ថ្លែង​បែប​នេះ​បន្ទាប់​ពី​ពិធី​ទទួល​ស្គាល់​ជា​អន្តរជាតិ​ចំពោះ​បរិញ្ញាបត្រ​គណនេយ្យ ​និង​ហិរញ្ញវត្ថុ​របស់ CamEd ពី​វិទ្យាស្ថាន CFA Institute ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ​៣០​ ខែ មេសា​។​

រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​បើក​ដំណើរ​ទីផ្សារ​មូលបត្រ​កម្ពុជា​ក្នុង​ឆ្នាំ ​២០១២ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ ​២០០៦-២០១៥ ដែល​សំដៅ​សម្រេច​ឲ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ដោយ​សម្របសម្រួល​លំហូរ​ដើមទុន​ និង​ការ​វិនិយោគ​។ រហូត​មក​ដល់​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​តែ ​៥ ​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​ដែល​ជា​ការ​ឆ្លើយ​តប​មួយ​ដ៏​យឺតយ៉ាវ​ពី​វិស័យ​សាជីវកម្ម​។

«​បច្ចុប្បន្ន ទីផ្សារ​មូលបត្រ​មាន​ការ​រីក​ចម្រើន​យឺត ដោយសារ​តែ​កង្វះ​ការ​យល់​ដឹង​អំពី​ការ​វិនិយោគ​លើ​មូលបត្រ ហើយ​សូម្បី​តែ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​លក់ដូរ​ភាគហ៊ុន​ក៏​ពួក​គេ​មិន​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វា​បាន​ដែរ​»​។

លោក Casey បន្ថែម​ថា​៖ «​យុទ្ធសាស្ត្រ​របស់​យើង​នៅ​ទី​នេះ ​គឺ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជាមួយ​នឹង​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ ដូច្នេះ​យើង​អាច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​នៅ​ក្នុង​ទីផ្សារ​មូលបត្រ​»​។

វិទ្យាស្ថាន CamEd ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ បាន​បោះ​ជំហាន​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​គាំទ្រ​ដល់​ទីផ្សារ​មូលធន​កម្ពុជា ដោយ​ផ្តល់​ការ​បណ្តុះបណ្តាល​ឲ្យ​មាន​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ពិត​ប្រាកដ ​ដើម្បី​ជំរុញ​ដល់​វិស័យ​មួយ​នេះ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​។

​លោក Gasey: អាទិភាព គឺអភិវឌ្ឍន៍អ្នកជំនាញវិស័យហិរញ្ញវត្ថុ។សហការី

ដោយ​មើល​ឃើញ​ពី​តម្រូវការ​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​កំពុង​កើន​ឡើង វិទ្យាស្ថាន CamEd ដែល​មាន​ជំនាញ​បណ្តុះបណ្តាល​មុខវិជ្ជា​ហិរញ្ញវត្ថុ​ និង​គណនេយ្យ​ចាប់​តាំង​ពី​ឆ្នាំ ​២០០០ មក​នោះ​បាន​ពង្រឹង​កម្មវិធី​សិក្សា Charter Financial Analyst (CFA) ដែល​ជា​វគ្គ​សិក្សា​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ចំណោម​កម្មវិធី​សិក្សា​ដទៃ​ទៀត​របស់​វិទ្យាស្ថាន​។​

យោង​តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា ​កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​លំហូរ​សាច់ប្រាក់​ និង​សកម្មភាព​នៅ​ក្នុង​ទីផ្សារ​មូលបត្រ​។ ការ​រីក​ចម្រើន​នៃ​ទីផ្សារ​មូលបត្រ​អាច​ជួយ​បង្កើន​លំហូរ​សាច់​ប្រាក់​កាន់​តែ​ច្រើន ដូច្នេះ​រូបិយប័ណ្ណ​ក្នុង​ស្រុក ត្រូវ​បាន​ចរាចរ​ និង​វិនិយោគ​កាន់​តែ​មាន​ប្រសិទ្ធភាព​តាមរយៈ​ទីផ្សារ​។ ទីផ្សារ​មូលបត្រ​ក៏​អាច​ជា​មធ្យោបាយ​មួយ ​ដើម្បី​ទាក់ទាញ​ផលបត្រ​បរទេស​ផង​ដែរ​។

ភ្ញៀវវីអាយភីនៅក្នុងកម្មវិធីសម្ពោធ CFA University Affiliation។ សហការី

លោក​បន្ត​ថា​៖ «​កម្ពុជា​នៅ​ខ្វះ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ដូច្នេះ​វា​ជា​ដំណាក់​កាល​ដ៏​សំខាន់​ដែល​យើង​កំពុង​វិនិយោគ​លើ​ធនធាន​មនុស្ស ដែល​ជា​កិច្ចការ​បន្ទាន់ ​ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ (​ទីផ្សារ​មូលបត្រ​)»​។​

វិទ្យាស្ថាន CamEd បាន​ក្លាយ​ជា​វិទ្យាស្ថាន​ថ្នាក់​ឧត្តម​សិក្សា​ដំបូង​គេ​នៅក្នុង​ប្រទេស ​កម្ពុជា ​ដែល​មាន​កម្មវិធី​សិក្សា Charted Financial Analyst សម្រាប់​និស្សិត​របស់​ខ្លួន​។

ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ដែរ លោក Nick Pollard នាយក​គ្រប់គ្រង​វិទ្យាស្ថាន CFA ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ថ្លែង​ថា ​កម្ពុជា​គឺ​ជា​ទីផ្សារ​ដ៏​ល្អ​សម្រាប់​ការ​វិនិយោគ ​ប៉ុន្តែ​ត្រូវ​ការ​ជំនាញ​ដែល​មាន​សក្តានុពល​ក្នុង​ការ​ជំរុញ​វិស័យ​នេះ​។

លោក​បន្ត​ថា​៖ «មិន​មាន​វេទមន្ត​ណា​មក​ជប់​បាន​នោះ​ទេ គឺ​យើង​ត្រូវ​វិនិយោគ​លើ​ធនធាន​មនុស្ស កសាង​ទេពកោសល្យ​ និង​កសាង​ទំនុក​ចិត្ត​ជាមួយ​អតិថិជន ដែល​វា​ជា​​កត្តា​ចាំបាច់ ​ដើម្បី​កសាង​ទីផ្សារ​មូល​ធន ហើយ​ត្រូវ​អត់​ធ្មត់​»​។

លោក Pollard បន្ថែម​ទៀត​ថា​៖«​ការ​វិនិយោគ​ដ៏​ធំ​តែ​មួយ​គត់​ដែល​យើង​កំពុង​ធ្វើ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ​គឺ មជ្ឈមណ្ឌល​ប្រឡង CFA នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ពី​មុន​បេក្ខជន​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ផ្សេង​ដើម្បី​​ប្រឡង CFA ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​តែ​ម្តង​»៕