បន្ទាប់ពី​ដំណើរការ​ផ្គត់ផ្គង់​អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន An Cuong ដែល​ជា​ក្រុមហ៊ុន​ផ្តត់ផ្គង់​សម្ភារ ដេគ័រ​គ្រប់​ប្រភេទ ជាពិសេស​ក្តារ​សម្រាប់​ដេគ័រ និង​តុបតែង​ផ្ទៃ​ខាងក្នុង​ធ្វើ​ពី​ឈើ កំពុង​ត្រៀម​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​តម្រូវ​ការផលិតផល ដេគ័រ ​ផ្ទៃ​ខាងក្នុង​ធ្វើ​ពី​ឈើ​កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន​។

ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុងការ​លើក​កម្ពស់​ក្រុមហ៊ុន ទាំង​សម្រាប់​ផ្នែក​ពាណិជ្ជកម្ម និង​សម្រាប់​អ្នកទិញ​ជា​បុគ្គល ក្រុមហ៊ុន An Cuong ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ​មួយ​នេះ និង​បង្ហាញ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​របស់​ខ្លួន​ក្នុង​ស្តង់​ចំនួន​ ៨ នៅឯ​ពិធី​តាំងពិព័រណ៍​វិស័យ​សំណង់ និង​អគារ Cambuild''19 នៅ​ខែក្រោយ​។

ផលិតផល​របស់​ក្រុមហ៊ុន An Cuong មាន​ដូចជា ក្ដារ MFC& Melamine Face Board ក្ដារ​ High Pressure Laminate ការ៉ូ ឈើ An Cuong ក្ដា High gloss Acrylic, Eco veener Interior Panel និង ប្រភេទ​ទ្វារ​ខាងក្នុង បរិក្ខារ​ទូទៅ និង​គ្រឿងសង្ហារិម​សម្រាប់​ផ្គត់ផ្គង់​តាម​គម្រោង​ដូចជា​ខុនដូ ឬ​សណ្ឋាគារ​ជាដើម​។

លោក សុធានី ថ្លែង​ថា​តម្រូវការ​ផលិតផល​ដេគ័រ និង​តុបតែង​ផ្ទៃ​ខាង​ក្នុង​ធ្វើ​ពី​ឈើ​កំពុង​មាន​កំណើន​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក សឿង សុធានី ប្រធាន​ការិយាល័យ​តំណាង​របស់​ក្រុមហ៊ុន An Cuong ប្រចាំ​កម្ពុជា​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ « យើង​ជា​ក្រុមហ៊ុន​ផលិត​ផលិតផល​តុបតែង និង​ដេគ័រ​ធ្វើ​ពី​ឈើ​ធំ​ជាង​គេ​បំផុត​នៅក្នុង​ប្រទេស​វៀតណាម ហើយ​យើង​មាន​បំណង​ពង្រីក​អាជីវកម្ម​របស់​យើង​នៅក្នុង​ទីផ្សារ​កម្ពុជា​ឲ្យ​កាន់តែ​ធំ​។ កម្ពុជា​កំពុង​រីកចម្រើន ជាពិសេស​វិស័យ​សំណង់​គឺ​មាន​អគារ​ជាច្រើន​កំពុង​ត្រូវ​បាន​សាងសង់​។ ទីផ្សារ​ក្នុង​ស្រុក​កំពុង​កើនឡើង ហើយ​យើង​មើល​ឃើញ​ពី​តម្រូវការ​ខ្ពស់​សម្រាប់​ទំនិញ​ទាំងនេះ​នាពេល​អនាគត​»​។

លោក​ សុធានី​ ​បន្តថា​៖ «​យើង​កំពុង​ស្វែងរក​ដៃគូ​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ពង្រីក​អាជីវកម្ម​នេះ ហើយ​យើង​សង្ឃឹម​ថា​នឹង​លក់​ផលិតផល​របស់​យើង​ទៅ​អ្នក​ទិញ​មកពី​គ្រប់ផ្នែក (​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​អ្នកទិញ​ជា​លក្ខណៈ​បុគ្គល​)​។ ផលិតផល​របស់​យើង​សមស្រប​បំផុត​សម្រាប់​អគារ​ខុនដូ​ថ្មីៗ​ដែល​កំពុង​ត្រូវ​បាន​សាងសង់​»​។

ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់ និង​ទំនើប​ចុង​ក្រោយ​ក្រុមហ៊ុន An Cuong ផលិត​បាន​នូវ​ផលិតផល​ដេគ័រ និង​តុបតែង​ផ្ទៃ​ខាងក្នុង​ដ៏ប្រណីត ហើយ​ត្រូវបាន​នាំ​ចេញ​ទៅ​ទូទាំង​ពិភពលោក​។

លោក​បញ្ជាក់​ថា​កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន​លក់​ផលិតផល​ធ្វើ​ពី​ឈើ​បាន​ក្នុង​តម្លៃ​ ៤ ​លាន​ដុល្លារ ហើយ​នៅក្នុង​ឆ្នាំនេះ​ប្រាក់​ចំណូល​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​ទ្វេដង​។

ជាមួយ​កម្លាំង​ពលកម្ម​ដ៏រឹងមាំ​ដែល​មាន​បុគ្គលិក​ជាង​ ៤០០០ នាក់​ក្រុមហ៊ុន An Cuong ផលិត ផលិតផល​មួយ​ចំនួន​ដូចជា សម្ភារៈ​តុបតែង​ និង​ដេគ័រ​ផ្ទះបាយ បន្ទប់​គេង ទូ​សម្លៀកបំពាក់ និង​គ្រឿងសង្ហារិម ហើយ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អាស៊ាន ជប៉ុន អឺរ៉ុប និង​អាមេរិក​ខាងជើង​។

បច្ចុប្បន្ន​ក្រុមហ៊ុន An Cuong មាន​អគារ​តាំង​បង្ហាញ​ចំនួន​ ១១ ​នៅក្នុង​ប្រទេស​វៀតណាម និង​មាន​ការិយាល័យ​តំណាង​នៅ​ប្រទេស អូស្ត្រាលី កាណាដា ជប៉ុន ម៉ាឡេស៊ី និង​អាមេរិក និង​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់​ខាងមុខ​។

ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់ និង​ទំនើប​ចុង​ក្រោយ​ក្រុមហ៊ុន An Cuong ផលិត​បាន​នូវ​ផលិតផល​ដេគ័រ និង​តុបតែង​ផ្ទៃ​ខាងក្នុង​ដ៏ប្រណីត ហើយ​ត្រូវបាន​នាំ​ចេញ​ទៅ​ទូទាំង​ពិភពលោក​។

ក្រុមហ៊ុន​បរទេស​ដូចជា​ក្រុមហ៊ុន An Cuong គឺ​កំពុង​ចាប់ផ្តើម​ស្វែងយល់​អំពី​សេដ្ឋកិច្ច​កម្ពុជា​ដែល​កំពុង​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នឹង​ត្រូវ​បាន​ជំរុញ​ដោយ​វិស័យ​សំណង់ ទេសចរណ៍ និង​វិស័យ​កាត់ដេរ​។

ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​អន្តរជាតិ​កំពុង​បន្ត​វិនិយោគ​យ៉ាង​ខ្លាំងក្លា​ទៅលើ​អគារ​ការិយាល័យ​ខ្ពស់ៗ និង​អគារ​លំនៅឋាន​ប្រណីតៗ​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​ជំរុញ​ឲ្យ​មាន​តម្រូវការ​សម្ភារ​ដេគ័រ និង​តុបតែង​កាន់តែ​ច្រើន​។

ការតាំងពិព័រណ៍​វិស័យ​សំណង់ និង​អគារ Cambuild''19 លើក​ទី​ ៩ នឹង​ប្រារព្ធ​ធ្វើឡើង​នៅឯ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ​ចាប់​ពី​ថ្ងៃ​ទី ១៨-២០ ខែ​កញ្ញា​។ ក្រុមហ៊ុន​ជាង ៥០០ ក្រុមហ៊ុន និង​ម៉ាក​សញ្ញា​មកពី​ជាង ២០ ប្រទេស​នឹង​មក​បង្ហាញ​ផលិតផល សេវា និង​ដំណោះស្រាយ​ថ្មី​បំផុត​របស់​ពួកគេ សម្រាប់​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​រីកចម្រើន​ខ្លាំង​៕