ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ជប៉ុន Dai-ichi Life Holdings Inc បាន​ចូល​មក​ប្រទេស ​កម្ពុជា ​ជា​លើក​ដំបូង​ជាមួយ​នឹង​គម្រោង​ផ្តល់​ជូន​នូវ​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ការ​សន្សំ​រយៈពេល​វែង​សម្រាប់​ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា​ដែល​កំពុង​រីក​ចម្រើន​។

ក្រុមហ៊ុន​ដែល​មាន​បទពិសោធ​ជាង ​១ ​សតវត្សរ៍ ​នៅ​ក្នុង​អាជីវកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​មួយ​នេះ បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Dai-ichi Life Insurance (Cambodia) PLC នៅ​ថ្ងៃ​ទី ​២៤​ ខែ មេសា​ និង​បាន​សហការ​ជាមួយ​ធនាគារ​វឌ្ឍនៈ ​ដើម្បី​ណែនាំ​សេវាកម្ម​របស់​ខ្លួន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង Dai-ichi Life Insurance (Cambodia) Plc លោក Allen Thai បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​ក្រុមហ៊ុន Dai-ichi Life Group បាន​សម្រេច​ចិត្ត​ចូល​មក​ក្នុង​ទីផ្សារ​នេះ​គឺ​ដើម្បី​ជួយ​បំពេញ​នូវ​ការ​ការពារ​ផ្នែក​ធានា​រ៉ាប់រង ​និង​ការ​សន្សំ​រយៈពេល​វែង​របស់​ប្រជាជន​កម្ពុជា​»​។

វិស័យ​ធានា​រ៉ាប់រង​កម្ពុជា ជា​ពិសេស ​ផ្នែក​ធានា​រ៉ាប់រង​អាយុ​ជីវិត ផ្តល់ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​បរទេស​ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​កំពុង​រីក​ចម្រើន ហើយ​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម​ក៏​កំពុង​កើន​ឡើង​ដែល​ជា​កត្តា​ជំរុញ​ដល់​កំណើន​ឧស្សាហកម្ម​មួយ​នេះ​។

លើស​ពី​នេះ​ទៀត ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ ១៦ ​លាន​នាក់ នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ​គឺ​មាន​ក្រោម ​៣ ​ភាគរយ​ប៉ុណ្ណោះ​។

«​កំណើន​ប្រជាជន​កម្ពុជា​វ័យ​ក្មេង​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។ ប្រមាណ​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ​កម្ពុជា ​មាន​ការ​រីក​ចម្រើន​លឿន​បំផុត​មួយ​នៅ​ក្នុង​ទ្វីប​អាស៊ី ដែល​មាន​កំណើន​ជា​មធ្យម​ចំនួន ​៧ ​ភាគរយ​ជា​រៀងរាល់​ឆ្នាំ​»​។

លោក Thai បាន​បន្ថែម​ថា​៖ «​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏​វិជ្ជមាន​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កើន​ឡើង ដូច្នេះ​តម្រូវ​ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ក៏​កំពុង​ចាប់​ផ្តើម​កើន​ឡើង​ដែរ​»​។

លោក ​Thai: កំណើន​ប្រជាជន​មាន​ចំណូល​មធ្យម ​ធ្វើ​ឲ្យ​មាន​ត្រូវ​ការ​ធានា​រ៉ាប់រង​កើន​ឡើង។សហការី

យោង​តាម​សមាគម​ធានា​រ៉ាប់រង​កម្ពុជា (IAC) បាន​ឲ្យ​ដឹង​ថា​ មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ចំនួន ​១២ ​និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ចំនួន ​៨ ​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​គិត​ត្រឹម​ឆ្នាំ​មុន​។​

វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ​គឺ​ជា​ទីផ្សារ​មួយ​ដ៏​មាន​សក្តានុពល​បំផុត​នៅ​ក្នុង​តំបន់​។ ដោយ​វា​មាន​កំណើន​រហូត​ដល់ ​៣០ ​ភាគរយ ​កាល​ពី​ឆ្នាំ​មុន បើ​ធៀប​នឹង​ឆ្នាំ ​២០១៧ ដែល​បុព្វលាភ​រ៉ាប់រង​ដុល​មាន​ជាង ​១៩០ ​លាន​ដុល្លារ ​នៅ​ក្នុង​ឆ្នាំ​ ២០១៨​។

ជាមួយ​នឹង​ប្រាក់​ចំណូល​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​ប្រមាណ ​១ ៥០០ ​ដុល្លារ ​កាល​ពី​ឆ្នាំ​មុន និង​កំណើន​យុវជន​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ​កាន់​តែ​ច្រើន​ផង​នោះ វា​អាច​ជំរុញ​ឱ្យ​មាន​តម្រូវ​ការ​ធានា​រ៉ាប់រង​កើន​ឡើង​ដែរ​។

ក្រុមហ៊ុន Dai-ichi មាន​សុទិដ្ឋិនិយម​អំពី​ទស្សន​វិស័យ​កំណើន​របស់ ខ្លួន ទោះបី​ទើប​ចូល​មក​ក្នុង​ទីផ្សារ​នេះ​ក៏​ដោយ​។​

«​ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ហើយ​តម្រូវ​ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​កំពុង​កើន​ឡើង​ជា​លំដាប់​។ ស្រប​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា​ និង​កេរ​ដំណែល​របស់​ជប៉ុន​ដ៏​យូរ​លង់​អម​ជាមួយ​ការ​ជឿ​ទុក​ចិត្ត​ខ្ពស់​របស់​អតិថិជន​កម្ពុជា​ទៅ​លើ​ផលិតផល​ជប៉ុន ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្លាំង​ណាស់​អំពី​ការ​រីក​ចម្រើន​របស់​យើង​នៅ​ក្នុង​ការ​ពង្រីក​ទីផ្សារ​នេះ​នៅ​ក្នុង​ឆ្នាំ ​២០១៩ និង​ទៅ​មុខ​ទៀត​»​។

លោក​បន្ត​ថា​ប្រទេស ​កម្ពុជា​ កំពុង​បន្ត​រីករាយ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​។ ប្រជា​ពលរដ្ឋ​ដែល​មាន​ចំណូល​មធ្យម​កាន់​តែ​កើន​ឡើង​ជា​លំដាប់ ដូច្នេះ​ហើយ​ការ​យល់ដឹង​ពី​ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​នឹង​ជួយ​ជំរុញ​វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​។ លោក Thai បន្ថែម​ថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្លាំង​ណាស់​អំពី​កំណើន​នេះ​»​។

ក្រុមហ៊ុន Dai-ichi ផ្តល់​ជូន​នូវ​ផលិតផល​ពិសេសៗ​ជា​ច្រើន​។ មាន​ផ្តល់ជូន​នូវ​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ ​និង​ការ​សន្សំ​សម្រាប់​បុគ្គល​ និង​ក្រុម​គ្រួសារ​ដែល​ចង់​សន្សំ​សម្រាប់​ពេល​អនាគត​ដូចជា​សម្រាប់​ការ​ចំណាយ​ទៅ​លើ​ការ​សិក្សា​របស់​កូន​ចៅ​របស់​ពួក​គេ ឬ​ការ​ផ្តល់​ចំណូល​ដល់​សមាជិក​គ្រួសារ​ជា​ដើម​។

លោក​បន្ថែម​ថា​៖ «​ផលិតផល​របស់​យើង​មាន​ភាព​បត់បែន ​និង​មាន​តម្លៃ​សមរម្យ​។ យើង​ចែកចាយ​ផលិតផល​ធានា​រ៉ាប់រង​អាយុ​ជីវិត​របស់​យើង​តាមរយៈ​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​ផែនការ​ហិរញ្ញវត្ថុ​ និង​ធនាគារ​ដៃគូ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​សំខាន់ៗ​ដទៃ​ទៀត​»​។

លោក Thai លើក​ឡើង​ទៀត​ថា​វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ក្នុង​ស្រុក​កំពុង​ដំណើរការ​ទៅ​យ៉ាង​រលូន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ហើយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បុព្វលាភ​រ៉ាប់រង​មាន​កំណើន​ជាង ​៥០ ​ភាគរយ ជា​រៀង​រាល់​ឆ្នាំ​។

តាមរយៈ​កំណើន​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ទីផ្សារ​ធានា​រ៉ាប់រង​ដែល​រីក​លូតលាស់​លឿន​បំផុត​មួយ​នៅ​ក្នុង​តំបន់​។ បច្ចុប្បន្ន​បុព្វលាភ​រ៉ាប់រង​មាន​ជាង ​១០០ ​លាន​ដុល្លារ ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ ដែល​ផ្តល់​នូវ​លំហូរ​ទុន​ជា​អចិន្ត្រៃយ៍ នឹង​ផ្តល់​អត្ថប្រយោជន៍​បន្ថែម​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​កំពុង​រីក​ចម្រើន​របស់​កម្ពុជា​៕