ហ្គោលថាវ័រ ​៤២ ​ដែល​ជា​អគារ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន នឹង​ចាប់​ផ្តើម​បើក​លក់ ​(​យូនីត​) របស់​ខ្លួន​នៅ​ខែ មិថុនា ​ក្នុង​ឆ្នាំ​នេះ គឺ​ប្រមាណ​ ១ ឆ្នាំ​មុន​ពេល​បញ្ចប់​ការ​សាងសង់​។

បន្ទាប់​ពី​មាន​ការ​ពន្យារពេល​អស់​ជា​ច្រើន​ដង សំណង់​អគារ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម ​និង​លំនៅឋាន​មួយ​នេះ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​របស់​ខ្លួន​នៅ​ចុង ខែ មិថុនា ឆ្នាំ ​២០២០ ​ខាង​មុខ ដោយ​ក្រុមហ៊ុន Yon Woo របស់​ប្រទេស ​កូរ៉េខាងត្បូង​។

លោក Kim Kyowon ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Yon Woo Cambodia Co., Ltd បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​៖ «​ការ​សាងសង់​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ខែ​ មិថុនា ឆ្នាំ ​២០២០​។ គ្រោង​អគារ​បាន​បញ្ចប់​សព្វ​គ្រប់​រួច​ហើយ ចំណែក​ឯ​ការ​ដំឡើង​ជញ្ជាំង​កញ្ចក់​ផ្ទៃ​ខាង​ក្រៅ [​បន្ទប់​តាំង​បង្ហាញ​] និង​ការ​ដំឡើង​ជណ្តើរ​យន្ត​កំពុង​ដំណើរការ​»​។

លោក Kim បន្ថែម​ថា​៖ «​២ ​ឆ្នាំ ​បន្ទាប់​ពី​គម្រោង​បាន​ចាប់​ផ្តើម​នៅ ឆ្នាំ ២០០៨ ការ​សាងសង់​អគារ​នេះ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​តែ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ការងារ​សាងសង់​បាន​ចាប់​ផ្តើម​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ ​២០១៨»​។

លោក​បន្ត​ថា​៖ «​យើង​នឹង​ចាប់​ផ្តើម​បើក​លក់​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ ដែល​ទាំង​អស់​មាន​ចំនួន ​៦១៥ ​យូនីត​»​។

ស្ថិត​នៅ​ចំណុច​ប្រសព្វ​នៃ​មហាវិថី​ព្រះមុនីវង្ស​ និង​មហាវិថី​សីហនុ អគារ​ដ៏​ខ្ពស់​ស្កឹមស្កៃ​មួយ​នេះ​នឹង​ក្លាយ​ជា​អគារ​ដ៏​លេច​ធ្លោ​ដែល​រំលេច​ទេសភាព​ទីក្រុង​ដ៏​មមាញឹក​មួយ​នេះ​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​ដោយសារ​អគារ​​នេះ​មាន​​កម្ពស់​រហូត​ដល់ ១៩៥.៥ ម៉ែត្រ​។

ក្រុម​វិស្វករ​ និង​ស្ថាបត្យករ​កូរ៉េ​ខាង​ត្បូង​បាន​រចនា​នូវ​លក្ខណ​ពិសេស​មួយ​ចំនួន​សម្រាប់​អគារ​ដ៏​ទំនើប​​មួយ​នេះ​។ ឧទាហរណ៍ ផ្ទៃ​ខាង​ក្រៅ​នៃ​អគារ​ទាំង​មូល ​គឺ​ឆ្លុះ​ពណ៌​មាស​ដ៏​ភ្លឺ​ចិញ្ចែង​ចិញ្ចាច ប៉ុន្តែ​ផ្ទៃ​ខាង​ក្នុង​វា​បញ្ចេញ​ពណ៌​ខៀវ​ស្រទន់​ដែល​ធ្វើ​ឲ្យ​ផ្ទៃ​អគារ​កាន់​តែ​ត្រជាក់ ដោយសារ​កញ្ចក់​ដែល​មាន​លក្ខណ​ពិសេស ធ្វើ​ឲ្យ​ការ​មើល​ទៅ​ទិដ្ឋភាព​ខាង​ក្រៅ​ពី​ក្នុង​អគារ​ឃើញ​ពណ៌​ខៀវ​ស្រាល​ស្រទន់​ដ៏​ស្រស់​ស្អាត​។

លោក Kim ថ្លែង​ថា​៖ «ចំពោះ​ជញ្ជាំង យើង​ប្រើ​កញ្ចក់​ប្រភេទ Low-E ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​ក្នុង​អគារ​ត្រជាក់ មាន​ផាសុកភាព​សម្រាប់​អ្នក​រស់នៅ ហើយ​ក៏​មាន​ការ​សន្សំ​សំចៃ​ថាមពល​ផង​ដែរ​។ មើល​ពី​ខាង​ក្រៅ​ហាក់​ដូចជា​ក្តៅ ដោយសារ តែ​ពណ៌​មាស ប៉ុន្តែ​តាម​ពិត​ទៅ​ផ្ទៃ​ខាង​ក្នុង​អគារ​គឺ ​ត្រជាក់​»​។

បន្ទប់​គំរូ (mock-up room) បន្ទប់​គេង។សហការី

ម្យ៉ាង​វិញ​ទៀត​ការ​សាងសង់​អគារ​នេះ ​គឺ​មិន​ប្រើប្រាស់​រន្ទា​ដើម្បី​សាងសាង់​នោះ​ទេ គឺ​យើង​បាន​ដំឡើង​បន្ទះ​ក្តារ​តាម​បច្ចេកទេស​របស់​យើង​ចេញ​ពី​បង្អួច​ខាង​ក្នុង​អគារ ដែល​វា​ជួយ​សន្សំ​សំចៃ​ពេលវេលា​ និង​ការ​ចំណាយ​។

លោក​បន្ថែម​ថា​៖ «​វា​គឺ​ជា​ការ​ដំឡើង​ដ៏​ងាយ​ស្រួល​តាម​បច្ចេកវិទ្យា​របស់​យើង ដែល​យើង​មិន​ចាំបាច់​ប្រើ​រន្ទា ហើយ​ត្រូវ​ចំណាយ​ពេល​ប្រហែល ​៣ ​ថ្ងៃ ​ដើម្បី​បញ្ចប់​មួយ​ជាន់ៗ​»​។

អគារ​ភ្លោះ​ដ៏​ទំនើប​នេះ​មាន​ចំណត​យានយន្ត​ក្រោម​ដី​ចំនួន ​៥ ​ជាន់ ដែល​បច្ចុប្បន្ន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​វា​ជា​អគារ​តែ​មួយ​គត់​ដែល​មាន​ចំណត​យានយន្ត​ក្រោម​ដី ​៥ ​ជាន់​។ ចាប់​ពី​ជាន់​ទី​១ ​ដល់​ជាន់​ទី​៣ ​គឺ​ផ្សារ​ទំនើប ហើយ​ចាប់ពី​ជាន់​ទី​៤ ​ដល់​ជាន់​ទី​១២ ​គឺ​អគារ​ការិយាល័យ​។​

ចំពោះ​យូនីត​សម្រាប់​លំនៅឋាន ​គឺ​មាន​ប្រភេទ​ស្ទូឌីយោ ប្រភេទ​បន្ទប់​គេង ​១ បន្ទប់​គេង ​២ ​បន្ទប់​គេង ​៣ និង​បន្ទប់គេង ៤ ផេនហៅស៍។

លោក Kim បន្ត​ថា​៖ «​យើង​ផ្តល់​ជូន​នូវ​យូនីត ​២០ ​ប្រភេទ​ផ្សេងៗ​គ្នា​ហើយ​ថែម​ទាំង​ផ្តល់ជូន​នូវ​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ និង​ការ​ដំឡើង​ផង​ដែរ​។ អតិថិជន​​គ្រាន់​តែ​ត្រូវ​រៀបចំ​គ្រែ​ដេក​ និង​គ្រឿង​សង្ហារិម​មួយ​ចំនួន​ប៉ុណ្ណោះ​» ។

ចំពោះ​កន្លែង​ហាត់​ប្រាណ ​និង​អាង​ហែល​ទឹក​ស្ថិត​នៅ​ជាន់​ទី​១៣​។ ខណៈ​យូនីត​សម្រាប់​លំនៅឋាន​គឺ​មាន​ចាប់​ពី​ជាន់​ទី​១៤ ​ដល់​ជាន់​ទី៤២​។ ចំពោះ​បន្ទប់​ប្រភេទ​ផេនហៅស៍​ដែល​មាន​ទំហំ​ដ៏​ធំ​ទូលាយ​ចំនួន ​១២ ​គឺ​ស្ថិត​នៅ​ជាន់​ទី៤១ និង៤២​។

នៅ​ជាន់​ទី​៤៣​ មាន​សួនច្បារ មាន​ស្ពាន​តភ្ជាប់​នៃ​អគារ​ទាំង​ពីរ​សម្រាប់​ដើរ​​ឆ្លង​កាត់​ហើយ​ក៏​មាន​ច្រកចេញ​ក្នុង​ករណី​មាន​អាសន្ន​ផង​ដែរ ដូចជា​មាន​ករណី​អគ្គិភ័យ​ជា​ដើម​ ហើយ​នៅ​​លើ​ដំបូល​អគារ​មាន​កន្លែង​ចុះចត​ឧទ្ធម្ភាគចក្រ​ចំនួន ​២។

ក្រុមហ៊ុន​សាងសង់​ធំ​សម្រាប់​គម្រោង​នេះ ​គឺ​ក្រុមហ៊ុន HTWM Construction Engineering (Cambodia) Co. Ltd មក​ពី​ប្រទេស ​ចិន​៕