ហាង​កាហ្វេ Hard Rock Café គឺ​ជា​ម៉ាក​យីហោ​ហាង​ម្ហូប​អាហារ​ និង​ភេសជ្ជៈ​អន្តរជាតិ​ដ៏​ល្បីល្បាញ​នៅ​ទូទាំង​ពិភព​លោក​។ ស្លាក​យីហោ Hard Rock Café មាន​វត្តមាន​នៅ​អាមេរិក​ខាង​ជើង​តំបន់​ការាបៀន អាមេរិក​ខាង​ត្បូង ទ្វីប​អឺរ៉ុប តំបន់​មជ្ឈិម​បូព៌ា ទ្វិប​អាហ្រ្វិក និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​មាន​នៅ ៧៦ ប្រទេស​។

បច្ចុប្បន្ន Hard Rock Café មាន​ហាង​ចំនួន​ ​២ កន្លែង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។​​ហាង​ទី​១ ​នៅ​ក្នុង​ខេត្តសៀមរាប​ដែល​បាន​បើក​ដំណើរការ​អស់​រយៈពេល ​២ ឆ្នាំ​កន្លង​មក​ហើយ។ ចំពោះ​ហាង​ទី​២ ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​នៅ​ក្នុង​អគារ Exchange Square ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​បើក​ដំណើរការ​បាន​ជាង ​១ ឆ្នាំ​។

ទន្ទឹម​នឹង​នេះ​ដែរ លោក Richard Tan ប្រធាន​ផ្នែក​ទីផ្សារ​របស់ Hard Rock Café ប្រចាំ​កម្ពុជា​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អំពី​បទពិសោធ​នៅ​ក្នុង​វិស័យ​ម្ហូប​អាហារ​ និង​ភេសជ្ជៈ​នៃ​ម៉ាក​យីហោ​ល្បីៗ​នៅ​កម្ពុជា​ក្នុង ពេល​បច្ចុប្បន្ន​នេះ។

លោក Tan បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​ជា​ម៉ាក​យីហោ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​តាម​រយៈ​ប្រតិបត្តិការ​ចម្រុះ​ដ៏​សម្បួរ​បែប ហាង​កាហ្វេ Hard Rock Café គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​អតិថិជន​គ្រប់​រូប​។ ជា​មួយ​នឹង​កំណើន​​ដ៏​ឆាប់​រហ័ស​នៃ​វិស័យ​ម្ហូប​អាហារ​ និង​ភេសជ្ជៈ​នៅ​ក្នុង​ប្រទេស ​កម្ពុជា នា​រយៈពេល ៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​វា​គឺ​ជា​សញ្ញា​ដ៏​វិជ្ជមាន​មួយ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ឱកាស​ដ៏​ធំ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។

លោក Tan ថ្លែង​ថា​៖«​ក្នុង​នាម​ជា​ម៉ាក​យីហោ​​អន្តរជាតិ ហាង​កាហ្វេ Hard Rock Café ផ្តល់​ជូន​នូវ​ម្ហូបអាហារ​ភេសជ្ជៈ​ស្រា​ក្រឡុក​​រួម​នឹង​សេវាកម្ម​ដែល​មាន​គុណភាព​ខ្ពស់​ជា​ច្រើន​ទៀត​។ យើង​ក៏​បាន​ផ្តល់​ការងារ​ដល់​​ប្រជាជន​កម្ពុជា​ជាង ​១២០ ​នាក់​ផង​ដែរ​រួម​នឹង​ការ​បណ្តុះបណ្តាល​ក្រុម​ការងារ​ដើម្បី​រក្សា​គុណភាព​សេវាកម្ម​របស់​យើង​ឲ្យ​បាន​ល្អ​បំផុត​»​។

ហាង​កាហ្វេ Hard Rock Café កំពុង​ស្ថិត​នៅ​ក្នុង​ទីតាំង​មួយ​ដ៏​ល្អ​ក្នុង​ការ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​នេះ​ហើយ​នឹង​បន្ត​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាជន​​កម្ពុជា​ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​។​ កូន​សោ​​គន្លឹះ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ធ្វើ​ជំនួញ​ប្រកប​ដោយ​ភាព​ជោគជ័យ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​គឺ​អាជីវកម្ម​ដែល​អាច​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​។​

លោក Tan ឲ្យ​ដឹង​ទៀត​ថា​៖ «​តាមរយៈ​បទពិសោធ ៨ ​ឆ្នាំ​ចុង​ក្រោយ​របស់​ខ្ញុំៗ​មើល​ឃើញ​ថា​មាន​ម៉ាក​យីហោ​អន្តរជាតិ​ល្បីៗ​ច្រើន​ឡើងៗ ​បាន​ហក់​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា​ [​ហើយ​] ​នៅ​ក្នុង​រយៈពេល ​២ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​មាន​មួយ​ចំនួន​បាន​ចាក​ចេញ​ទៅ​វិញ​ដែរ​»​។

ទាក់ទង​ទៅ​នឹង​យុទ្ធសាស្ត្រ​របស់ Hard Rock Cafes គឺ​ក្រុមហ៊ុន​ប្រើ​យុទ្ធសាស្ត្រ​ខុសគ្នា​រវាង​ហាង​ទាំង ២ ​របស់​ខ្លួន​។ ការ​ទាក់ទាញ​អតិថិជន​នៅ​ខេត្ត​សៀមរាប​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ហាង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ លោក​Tan បាន​កត់​សម្គាល់​ថា​៖ «​នៅ​ក្នុង​ខេត្ត​សៀមរាប​​អតិថិជន​ភាគ​ច្រើន​គឺ​ជា​ភ្ញៀវ​ទេសចរ​ខណៈ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ភាគ​ច្រើន​អតិថិជន​​ក្នុង​ស្រុក​និង​អ្នក​ស្នាក់នៅ​ជា​ជន​បរទេស​»​។

លោក Tan បន្ថែម​ថា​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​យើង​ចង់​បញ្ជ្រាប​​ប្រជា​ពលរដ្ឋ​ឲ្យ​ស្គាល់​​អំពី​ម៉ាក​យីហោ នេះដែល​វា​គឺ​ជា​ធាតុផ្សំ​ដ៏​សំខាន់​នៅ​ក្នុង​​យុទ្ធសាស្ត្រ​របស់​យើង​ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​បទពិសោធដ៏​អស្ចារ្យ​ពី​ម៉ាក​យីហោ​ដ៏​ល្បីល្បាញ​មួយ​នេះ​។

យោង​តាម​លោក Tan បាន​ឲ្យ​ដឹង​ថា​ដើម្បី​រៀបចំ​ផែនការ​នា​ពេល​អនាគត វិស័យ​នេះ​ត្រូវ​ការ​ស្ថិរភាព​និង​កំណើន។ អាជីវកម្ម​ម្ហូប​អាហារ​​និង​ភេសជ្ជៈ​នឹង​បន្ត​កើន​ឡើង​ជា​និច្ច​ដរាបណា​នៅ​តែ​មាន​តម្រូវការ​។ ប្រទេស​មួយ​ចំនួន​ដូច​ជា​​សិង្ហបុរី​ និង​ថៃ​គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ដែល​​បាន​បង្ហាញ​អំពី​របៀប​ដែល​ឧស្សាហកម្ម​ម្ហូប​អាហារ​រីក​លូតលាស់​និង​ផ្លាស់​ប្តូរ​ជា​លំដាប់​។ ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ទីផ្សារ​ម្ហូប​អាហារ​ និង​ភេសជ្ជៈ​កំពុង​រីក​ចម្រើន​ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​ដែល​ចំណូល​មធ្យម​កំពុង​កើន​ឡើង​ហើយ​​​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​មាន​ប្រាក់​ចំណូល​កាន់​តែ​ខ្ពស់​បើ​ប្រៀបធៀប​ទៅ​នឹង​អតីត​កាល​។

នៅ​ពេល​ប្រជា​ពលរដ្ឋ​ដែល​មាន​ចំណូល​មធ្យម​នៅ​កម្ពុជា​កើន​ឡើង​នោះ​ទីផ្សារ​ម្ហូប​អាហារ​ភេសជ្ជៈ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ទាំង​​កំណើន ​នៃ​ការ​លក់​និង​កំណើន​ប្រាក់​ខែ​របស់​បុគ្គលិក​។ លោក​បាន​បន្ត​ថា​៖ «គ្រាន់​តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​តែ ១ ប្រាក់ខែ ​គឺ​ខ្ពស់​ជាង​នៅ​តាម​ខេត្ត​នានា​ក្នុង​ប្រទេស ​កម្ពុជា ​រហូត​ដល់​ ៥៩ ភាគរយ​ឯណោះ​»​។

លោក Tan ពន្យល់ថា​ វា​នឹង​នៅ​តែ​បន្ត​មួយ​រយៈពេល​ទៅ​មុខ​ទៀត​ដោយសារ​តែ​និរន្តរភាព​សេដ្ឋកិច្ច​កម្ពុជា​»​។ Hard Rock Café មាន​លក់ ម្ហូប​អាហារ ភេសជ្ជៈ សម្លៀក​បំពាក់ កាបូប ពែង មាន​ផ្សាយ​ផ្ទាល់​ការ​ប្រគំ​តន្ត្រី និង​ផលិតផល​ជា​ច្រើន​មុខ​ទៀត​។ Hard Rock Café ជា​ម៉ាក​យីហោ​ដ៏​ល្បីល្បាញ​ដែល​ផ្តល់​ជូន​នូវ​បទពិសោធដ៏​អស្ចារ្យ​ដល់​អតិថិជន​គ្រប់រូប​។

លោក Tan ជឿជាក់​ថា ​ទីផ្សារ​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទទួល​ស្វាគមន៍​ម៉ាក​យីហោ​អន្តរជាតិ​ល្បីៗ​ដើម្បី​បម្រើ​ដល់​អតិថិជន​របស់​ពួក​គេ​នៅក្នុង​ប្រទេស ​កម្ពុជា​។ ហាង​កាហ្វេ Hard Rock Café ជឿជាក់​ថា​ខ្លួន​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ទីផ្សារ​ជា​អចិន្រ្តៃយ៍​នៅ​កម្ពុជា​៕​