ហាង Mama Turk បាន​នាំមក​នូវ​រសជាតិ​ពិត​នៃ​អាហារ​តួកគី​មកកាន់​ទីក្រុង​ភ្នំពេញ ខណៈ​ដែល​អាហារ​ត្រូវបាន​ផ្តល់ជូន​សម្រាប់តែ​ការដឹកជញ្ជូន​ប៉ុណ្ណោះ ក្នុងនោះ​មាន​ម្ហូប​ដ៏ឈ្ងុយឆ្ងាញ់ ដូចជា សាច់គោ​គីប៉ាប សាច់មាន់​គីប៉ាប ទឹកជ្រលក់ hummus និង​សាឡាត់​បែប​មេឌីទែរ៉ាណេ ក៏​ដូចជា​អាហារ​បួស​ជាដើម​។

«​យើង​សម្រេច​បើកហាង Mama Turk នេះ​ឡើង​គឺ​ដោយសារ​តែ​បាន​មើលឃើញ​ពី​តម្រូវការ​ដ៏ខ្លាំងក្លា​នៅក្នុង​ទីក្រុង​ភ្នំពេញ​សម្រាប់​មុខម្ហូប kebabs របស់​តួកគី​។ មាន​ភោជនីយដ្ឋាន​ជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដែលមាន​បម្រើ​ម្ហូប kebabs ប៉ុន្តែ​ខ្ញុំ​មិនអាច​រកឃើញ​រសជាតិ​ពិត​នៃ​ម្ហូប​តួកគី​ដែល​ខ្ញុំ​បាន​ចងចាំ​យ៉ាងច្បាស់​នោះទេ​»​។

អ្នកស្រី Merve Alaz Vardarli told The Post ដែលជា​ស្ថាបនិក​ហាង Mama Turk និង​ជា​មេចុងភៅ​ផងដែរ​នោះ​បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​​ថា​៖ «​អាហារ​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​វប្បធម៌​របស់​តួកគី​ដែល​អ្នក​មិនអាច​​និយាយ​បាន​ថា​អាហារ​នេះ​ជា​អាហារ​ពិត​របស់​តួកគី​ដោយ​គ្មាន​ការពេញចិត្ត និង​សេចក្តី​ស្រឡាញ់​ចំពោះ​ម្ហូបអាហារ​នេះ​ទេ​។ ត្រូវមាន​កិច្ចខិតខំ​ប្រឹងប្រែង និង​ក្តីស្រឡាញ់​ដ៏ខ្លាំងក្លា​ចំពោះ​ការចម្អិនម្ហូប​សាច់គោ​គីប៉ាប​របស់​យើង ហើយ​យើង​សង្ឃឹម​ថា​អតិថិជន​របស់​យើង​ពិតជា​រីករាយ​នឹង​រសជាតិ​ពិត​នៃ​អាហារ​តួកគី និង​ធ្វើការ​កុម្ម៉ង់​កាន់តែ​ច្រើន​»​។

ស្ត្រី​ដែល​មាន​ដើមកំណើត​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​រូបនេះ​បាន​ឲ្យ​ដឹងថា ខណៈ​ឈ្មោះ​ «Mama Turk» ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ឆ្លុះបញ្ចាំង​ពី​អាហារ​ចម្អិន​នៅផ្ទះ​វា​ក៏​មាន​អត្ថន័យ​កាន់តែ​ពិសេស​ផងដែរ​។

«​វា​ជា​ភាសា​សកល​នៅពេល​អ្នកណាម្នាក់​និយាយថា​ «​ម្ហូប​នេះ​ធ្វើឲ្យ​ខ្ញុំ​នឹក​ផ្ទះ​» នៅក្នុង​ភាសា​តួកគី​ពាក្យ​មួយ​ទៀត​ដែល​កាន់តែ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ជាង​នេះ​គឺថា​ «​ម្ហូប​នេះ​មាន​រសជាតិ​ដូច​ម្ហូប​ម្តាយ​របស់ខ្ញុំ​»​។ ម្ហូប​តួកគី គឺ​កើត​ចេញ​ពី​បេះដូង​នៃ​អ្នក​ចម្អិន ហើយ​បេះដូង​នេះ​គឺ​នៅ​ជាមួយ​អ្នក​ម្តាយ​»​។

អ្នកស្រី Vardarli ថ្លែងថា​៖ «​ខ្ញុំ​សូម​សម្តែង​ការដឹងគុណ​ដល់​អ្នក​ម្តាយ និង​ជីដូន​គ្រប់រូប និង​ស្ត្រី​ទាំងអស់​ដែល​បាន​ផ្តល់​អាហារ​ដល់​ពួកយើង និង​ចែករំលែក​នូវ​រូបមន្ត​ធ្វើ​ម្ហូប​របស់​ពួកគេ​។ ​ខ្ញុំ​ក្នុងនាម​ជា​ស្ត្រី​តួកគី​ម្នាក់ ខ្ញុំ​ចង់​បង្ហាញ​ការដឹងគុណ​ដល់​ស្ត្រី​តួកគី​គ្រប់រូប​ដែល​បាន​ខិតខំ​ប្រឹងប្រែង ដោយ​ផ្តល់​ឱ្យ​អាជីវកម្ម​របស់​ខ្ញុំ​ដាក់​ឈ្មោះ​លក្ខណៈ​ស្ត្រី​បែបនេះ​»​។

ការផ្តល់​កិត្តិយស​ដល់​តួនាទី​របស់​ស្ត្រី​ក្នុង​ការចម្អិន​អាហារ គឺ​ត្រូវបាន​ឆ្លុះបញ្ចាំង​ពី​ប្រភព​នៃ​គ្រឿងផ្សំ​របស់​ហាង Mama Turk​។

«​យើង​ប្រើតែ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់បំផុត និង​ស្រស់​បំផុត​ដែល​យើង​ទិញ​តែ​ពី​អ្នកលក់​ដែល​ជា​ស្ត្រី​ប៉ុណ្ណោះ​។ ប្រភព​បន្លែ​ក្នុងស្រុក​របស់​យើង​គឺ​ទិញ​នៅ​ផ្សារ​ដើម​គ លក់​ពេលយប់​ដែល​ជា​ផ្សារ​បន្លែ​ធំជាងគេ​បង្អស់​នៅ​កម្ពុជា ដែល​មាន​លក់​បន្លែស្រស់ៗ​គ្រប់​ប្រភេទ​មកពី​តាម​ខេត្ត​នានា ទូទាំង​ប្រទេស​»​។

អ្នកស្រី Vardarli បន្តថា​៖ «​សាច់ និង​ទឹកដោះគោ​របស់​យើង​មាន​ប្រភព​មកពី​ប្រទេស​អូស្ត្រាលី​ ញូវហ្សេឡេន សហរដ្ឋ​អាមេរិក និង​ឥណ្ឌា​។ រាល់​សាច់​ដែល​យើង​ទិញ​គឺ​ស្ថិតនៅ​ក្នុងចំណោម​សាច់​ដែល​មាន​គុណភាព​ល្អ​បំផុត​»​។

«​ម្ហូប​ដ៏ពេញនិយម​របស់​យើង​គឺ​សាច់គោ​គីប៉ាប​។ យើង​ប្រើ​សាច់គោ​កិន​អូស្ត្រាលី និង​មាន​បន្ថែម​ខ្លាញ់ ដើម្បី​បង្កើន​រសជាតិ​អាហារ kebab ពិតៗ និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។ បន្ទាប់មក​យើង​បន្ថែម​ដោយ​ការលាយ​គ្រឿងទេស​តួកគី​របស់​យើង ហើយ​ធ្វើ​ដោយ​ដៃ​ផ្ទាល់​»​។

លោកស្រី​បន្តថា​៖ « kebab ដែល​ធ្វើ​រួចរាល់​គឺ​វេច​នឹង​បន្លែស្រស់​ដាក់​នៅក្នុង​នំបុ័ង ''lavash'' របស់​តួកគី​ដែល​យើង​ធ្វើ​នៅក្នុង​ផ្ទះ ផលិត​បាន​ម្ហូប kebab ដ៏ឈ្ងុយឆ្ងាញ់​»​។

សាច់គោ​គីប៉ាប​គឺជា​អាហារ​ដ៏ពេញនិយម​នៅ​ហាង Mama Turk​។

អ្នកស្រី Vardarli ដែល​បាន​ធ្វើការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅក្នុង​ភោជនីយដ្ឋាន​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​មុនពេល​មកដល់​ទីក្រុង​ភ្នំពេញ​បាន​និយាយ​ថា ផលប៉ះពាល់​លើ​ឧស្សាហកម្ម​ភោជនីយដ្ឋាន​ដោយសារ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩ បាន​ធ្វើឲ្យ​លោកស្រី​គិតពី​គំរូ​ថ្មី​។

ជំងឺ​រាតត្បាត​កូវីដ​១៩ និង​កំណើន​សេវាកម្ម​ដឹកជញ្ជូន​អាហារ​គឺជា​កត្តា​គន្លឹះ​នៅ​ពីក្រោយ​ការសម្រេចចិត្ត​បើក​អាជីវកម្ម​លក់​អាហារ​សម្រាប់តែ​ការដឹកជញ្ជូន​តែប៉ុណ្ណោះ​។ យើង​បាន​មើលឃើញ​ឱកាស​ដ៏ធំធេង​ចំពោះ​អាជីវកម្ម​បែបនេះ ដោយ​ប្រើ​ទម្រង់​អាជីវកម្ម​ពិសេស​មួយ​នេះ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ឧស្សាហកម្ម​ម្ហូបអាហារ​បច្ចុប្បន្ន​។

«​យើង​មើលឃើញ​ថា ភោជនីយដ្ឋាន​ជាច្រើន​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ស្វែងរក​ចំណូល ដោយ​ធ្វើ​ម៉េច​ឲ្យ​ភោជនីយដ្ឋាន​របស់​ពួកគេ​នៅ​បើក​ដំណើការ ដូច្នេះ​យើង​ដឹងថា មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ការពារ​ខ្លួន​យើង​ និង​អតិថិជន​របស់​យើង និង​បង្កើន​ប្រតិបត្តិការ​របស់​យើង​គឺ​តាមរយៈ​ការបង្កើត​អាជីវកម្ម​ប្រភេទ​ថ្មី​ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការកាត់បន្ថយ​លើ​ការចំណាយ​ច្រើន​ហួស​ជាមួយ​នឹង​លទ្ធភាព​នៃ​ការប្រើប្រាស់​កម្មវិធី​ដឹកជញ្ជូន​ម្ហូបអាហារ​ជាច្រើន​»​។

អ្នកស្រី Vardarli ថ្លែងថា​៖ «​យើង​បាន​ចំណូល​ពី​ ១០ ទៅ ២០ ​ភាគរយ​មកវិញ ចាប់​តាំងពី​បាន​បើក​ដំណើរការ​នៅ​ថ្ងៃទី​ ១៧ ខែកក្កដា ដែល​វា​ល្អ​សម្រាប់​អាជីវកម្ម​ក្នុង​អំឡុង​ពេលវេលា​ដ៏លំបាក​នេះ​។ ដោយ​បន្ថែម​កម្មវិធី​ដឹកជញ្ជូន​បន្ថែម​ដូចជា Nham-24 និង Your Phnom Penh យើង​នឹង​អាច​យ៉ាងហោចណាស់​វត្តមាន​នៅលើ​ទីផ្សារ​របស់​យើង​មាន​កំណើន​សន្សឹមៗ ហើយ​មូលដ្ឋាន​អតិថិជន​គឺ​នៅ​រាជធានី​ភ្នំពេញ​។ យ៉ាងហោច​ណាស់​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​ចំនួន ​១០ នៅ​រាជធានី​ភ្នំពេញ​ហើយ​នៅពេល​ដែល​យើង​សហការ​កាន់តែ​ច្រើន យើង​មាន​ទំនុកចិត្ត​ថា កំណើន​នឹង​កើនឡើង​ដែរ​»​។

អាហារ​តួកគី មាន​ល្បាយ​នៃ​មុខម្ហូប​ផ្សេងៗ​គ្នា​ជាច្រើន​មកពី​តំបន់​អាស៊ី-កណ្តាល អឺរ៉ុប​ខាងកើត តំបន់​បាល់កង់ មជ្ឈិមបូព៌ា និង​មេឌីទែរ៉ាណេ និង​មាន​ប្រវត្តិ​ដ៏យូរលង់​ណាស់​មកហើយ ដែល​បន្សល់​ពី​មនុស្ស​ ១ ​ជំនាន់ ទៅ​ ១ ​ជំនាន់​។

អ្នកស្រី​បន្តថា​៖ «​យើង​មើលឃើញ​អាជីវកម្ម​របស់​យើង​កំពុង​រីកចម្រើន​។ នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​គោលដៅ​របស់​យើង​គឺ​បង្កើត​ផលិតផល​ដែល​អាច​វេចខ្ចប់ និង​លក់​នៅតាម​ផ្សារ​ទំនើប​បាន​រួមទាំង kebabs នំប៉័ង និង​ម្ហូប​តួកគី​ផ្សេងទៀត​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។ យើង​ក៏មាន​គម្រោង​ពង្រីក​ហាង និង​ផលិតផល​របស់​យើង​ទៅ​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​នៅ​អាស៊ីអាគ្នេយ៍​ផងដែរ​»៕