ក្រុមហ៊ុន Only One Planet ផ្តល់​នូវ​សម្ភារ​វេចខ្ចប់​ដែល​មិន​ប៉ះពាល់​បរិស្ថាន​ដល់​ភោជនីយដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស​។

ក្រុមហ៊ុន​នេះ​ផ្តល់នូវ​ប្រអប់​វេចខ្ចប់​ចំណីអាហារ​ដែល​មាន​ដូចជា​ចាន គោម ពែង ចាន​ដាក់​ទឹកជ្រលក់ និង​ចាន​ដែល​មាន​ទំហំ​ខុសៗ​គ្នា​ជាច្រើន​ទៀត​ធ្វើឡើង​ពី​អំពៅ​។

លោកស្រី Sandy Kotan ដែល​បាន​កាន់កាប់​ក្រុមហ៊ុន​នេះ​ក្នុង​ឆ្នាំ​ ២០១៨ បាន​បន្ថែម​សម្ភារ​សម្រាប់​ភោជនីយដ្ឋាន​កាន់តែ​ច្រើន​ដូចជា​ទុយោ​ធ្វើ​ពី​គុយទាវ និង​ស្លាបព្រា​ធ្វើ​ពី​ឈើ​។ លោកស្រី​ថ្លែងថា ប្រអប់​ដាក់​ម្ហូប​ដែល​អាច​ប្រើ​ឡើងវិញ​បាន​គឺ​ជួយ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​វត្ថុ​ធ្វើ​ពី​ប្លាស្ទិក​ដែល​ប្រើប្រាស់​បានតែ​ម្តង​។

ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​តែ​ ៣ ​នាក់​នេះ​បាន​ធ្វើការ​ផ្គត់ផ្គង់​សម្ភារ​វេចខ្ចប់​ប្រកប​ដោយ​ចីរភាព​ដល់​ឧស្សាហកម្ម​ភេសជ្ជៈ និង​បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​សហគមន៍​អេកូ​របស់​កម្ពុជា ប៉ុន្តែ​ពេលនេះ​កំពុង​ប្រឈម​បញ្ហា​មួយចំនួន​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩​។

ក្មេងស្រី​កំពុង​ទទួល​អាហារ​ដោយ​ឥតគិតថ្លៃ​តាមរយៈ​កម្មវិធី Eat2Donate​។

លោកស្រី Kotan ថ្លែងថា​៖ «​ខ្ញុំ​ប៉ាន់ស្មាន​ថា យ៉ាង​ហោចណាស់​ ៦០-៧០ ភាគរយ​នៃ​អតិថិជន​របស់ខ្ញុំ​បាន​បិទទ្វារ​ដោយ​អ្នកខ្លះ​បិទ​ជា​បណ្តោះអាសន្ន ប៉ុន្តែ​មួយ​ចំនួន​បិទ​ជា​អចិន្ត្រៃយ៍​។ ទោះបី​ការទិញ​ម្ហូបអាហារ​លក្ខណៈ​វេចខ្ចប់ ហាក់​ពេញនិយម​ខ្លាំង​នៅពេល​បច្ចុប្បន្ន​ក្តី ក៏​អាជីវកម្ម​ទូទៅ​បាន​ធ្លាក់ចុះ​ពី​ ៦០ ទៅ​ ៧០ ​ភាគរយ​»​។

ចាន​ និង​ប្រអប់​ដាក់​ម្ហូប​មាន​ចំនួន​ ៨០ ​ភាគរយ​នៃ​អាជីវកម្ម​។ វា​ត្រូវការ​ពេលវេលា​ប្រមាណ​ ៤ ​សប្តាហ៍​ដើម្បីឱ្យ​សម្ភារ​ទាំងនោះ​រលួយ​នៅ​កន្លែង​ចាក់សំរាម​។

ប៉ុន្តែ​ទោះបី​អាជីវកម្ម​របស់​គាត់​ហាក់​ស្ថិត​ក្នុង​ស្ថាន​ភាពមិនប្រាកដ​ប្រជា ដោយសារ​តែ​ការបញ្ជាទិញ​ធ្លាក់ចុះ​ក្តី​លោកស្រី Kotan នៅតែ​អាច​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​ជាមួយ​បញ្ហា​នេះ​បាន​។

លោកស្រី​តែងតែ​គាំទ្រ​ដល់​គម្រោង​ និង​គំនិត​ផ្តួចផ្តើម​ការពារ​បរិស្ថាន​មួយចំនួន​ក្នុង​នោះ​រួមមាន​ការផ្តល់​ដើម​កោងកាង​ចំនួន​ ៥០០ ​ដើម​ដល់​រមណីយដ្ឋាន​ត្រពាំង​សង្កែ​ និង​សម្ភារ​សម្រាប់​ផ្ទះសំណាក់​របស់ខ្លួន​។

លោកស្រី​ក៏បាន​លើកទឹកចិត្ត​ឲ្យ​កម្មវិធី​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជួន​ម្ហូបអាហារ បន្ថែម​ការ​កត់ចំណាំ​ភោជនីយដ្ឋាន​ដែល​គិតគូរ​ពី​បរិស្ថាន និង​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​មិនចាំបាច់​យក​ទឹកជ្រលក់​ ឬ​ស្លាបព្រា​បើសិន​មិនចាំបាច់​។

លើសពីនេះ​ទៀត​លោកស្រី​ក៏បាន​នាំមក​នូវ​សៀវភៅ​ឌីជីថល Cocolist ស្តីអំពី​អាជីវកម្ម​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​មក​កាន់​ប្រទេស​កម្ពុជា​ផងដែរ​។

កាលពី​ពេល​ថ្មីៗ​នេះ​លោកស្រី​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ប្រឹក្សា​អាជីវកម្ម The Idea ដើម្បី​ជួយ​អភិវឌ្ឍ​កម្មវិធី​ «Eat2Donate» មានន័យថា ដើម្បី​ជួយ​ដល់​ភោជនីយដ្ឋាន​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​អាជីវកម្ម​របស់​ពួកគេ​។

អង្គការ Friends International សហការ​ដើម្បី​គាំទ្រ​កម្មវិធី Eat2Donate ។

កម្មវិធី​នេះ​អនុញ្ញាត​ឱ្យគេ​ចូលរួម​វិភាគទាន​ ២ ​ទៅ​ ៣ ​ដុល្លារ​សម្រាប់​ដឹកជញ្ជូន​ម្ហូបអាហារ​ដល់​សហគមន៍​ដែល​ជួប​ការលំបាក និង​បុគ្គលិក​ជួរមុខ​នៅ​មន្ទីរពេទ្យ​ខ្មែរ-សូវៀត​តាមរយៈ​អង្គការ Friends International ។

«​ចាប់តាំងពី​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃទី​ ៣ ខែ​មេសា កន្លង​ទៅ​កម្មវិធី​នេះ​បាន​ផ្តល់​អាហារ​ជិត​ ២៥០ ​ឈុត ហើយ​ទទួល​បាន​ការឧបត្ថម្ភ​លើស​ពី​ ៣០០ ​ឈុត​។

«​ខ្ញុំ​ស្រឡាញ់​ការងារ​របស់​ខ្ញុំ ប៉ុន្តែ​គម្រោង​បែបនេះ​ពិតជា​ជួយ​ជំរុញ​អាជីវកម្ម​របស់ខ្ញុំ ហើយ​ខ្ញុំ​អាច​ប្រើប្រាស់​ប្រាក់ចំណេញ​ដើម្បី​គាំទ្រ​ដល់​គម្រោង​នានា​ដែល​ផ្តល់​ផលវិជ្ជមាន​សម្រាប់​ប្រជាជន​កម្ពុជា​»​។

លោកស្រី Kotan បាន​សង្កត់ធ្ងន់​ថា​ប្រជាជន​ត្រូវតែ​ចាប់ផ្តើម​បែងចែក​រវាង​វត្ថុ​ដែលជា​ «​កាកសំណល់​យូរអង្វែង​» និង​ «​កាកសំណល់​ឆាប់​រលាយ​»​។

លោកស្រី Kotan បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ ៥ ​ឆ្នាំ​មុន​ដោយ​ចាត់ទុក​កម្ពុជា​ដូចជា​ផ្ទះ​របស់​លោកស្រី ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​នៃ​របៀប​ដែល​គាត់​ផ្តល់​ដល់​សហគមន៍​វិញ​ប៉ុណ្ណោះ​។

ប៉ុន្តែ​ទោះយ៉ាងណា​ជាមួយ​សេវា​ដឹកជញ្ជូន​ និង​ការវេចខ្ចប់​កើនឡើង ស្ត្រី​ដែល​មាន​ដើមកំណើត​មកពី​រដ្ឋ Arizona រូបនេះ​ថ្លែង​ថា លោកស្រី​កំពុង​ទន្ទឹង​រង់ចាំ​ឲ្យ​ជំងឺ​កូវីដ​១៩​នេះ​កន្លង​ផុត​ទៅ ដើម្បី​ឲ្យ​អាជីវកម្ម​របស់គាត់​នៅ​ដំណើការ​ដោយ​រលូន​។

«​យើង​មាន​ដំណើការ​ល្អ​រហូត​ដល់​ ៦ ​សប្តាហ៍​មុន ប៉ុន្តែ​និយាយ​ដោយស្មោះ ខ្ញុំ​មិនដឹងថា តើ​អនាគត​នឹង​ទៅជា​យ៉ាងណា​នោះទេ​»​។

នៅពេល​សួរថា តើ​ឱកាស​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Only One Planet នៅពេល​ខាងមុខ​យ៉ាងណា លោកស្រី​ថ្លែង​ថា​ប្រហែល​វា​មាន​ប្រហែល​ ៤ ​ឬ​ ៦ (​លើ​ ១០)​។

លោកស្រី​មាន​បំណង​ផ្តល់​ម៉ាស់​ និង​ទឹក​លាងដៃ​ដែល​ទទួលបាន​ពី​អង្គការ Rotarian Club of Phnom Penhalong ជាមួយ​នឹង​អាហារ​តាមរយៈ​កម្មវិធី Eat2Donate ។

លោកស្រី Kotan ថ្លែងថា​៖ «​មាន​ការងារ​សប្បុរស​ច្រើនណាស់​ក្នុងអំឡុង​ពេលវេលា​ដ៏លំបាក​នេះ​»៕