ស្រាបៀរ Paulaner ជា​ស្រាបៀរ​ស្រូវ​សាលី (weissbier) ​លេខ​ ១ ​របស់​អាល្លឺម៉ង់​កំពុង​ទទួលបាន​ប្រជាប្រិយភាព​កាន់តែខ្លាំង​ឡើងៗ​នៅក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​វា​ផ្តល់ឱ្យ​អ្នក​ចូលចិត្ត​ស្រាបៀរ​នៅ​កម្ពុជា​នូវ​ជម្រើស​កាន់តែ​ពិសេស​ប្លែក​នៅក្នុង​ទីផ្សារ​។

ស្រាបៀរ​អាល្លឺម៉ង់​ដ៏ល្បីល្បាញ​នៅលើ​ពិភពលោក​មួយ​នេះ​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ ១ ​ឆ្នាំ​មកហើយ និង​ត្រូវបាន​កត់សម្គាល់​ឃើញថា​ការលក់​មាន​សម្ទុះ​ខ្លាំង ហើយ​មាន​សុទិដ្ឋិនិយម​ខ្ពស់​សម្រាប់​ឆ្នាំ​ ២០២១​។

«​ស្រាបៀរ Paulaner គឺជា​ស្រាបៀរ​ដើម​នាំចូល​ពី​អាល្លឺម៉ង់​តែមួយ​នៅ​កម្ពុជា ហើយ​ជា​ស្រាបៀរ​ឧបត្ថម្ភ​ផ្លូវការ​របស់​ក្លិប Bayern Munich FC ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​បាន​បន្ត​មើលឃើញ​ការលក់​មាន​កំណើន​ខ្លាំង ទោះបី​រង​ឥទ្ធិពល​ជំងឺ​កូវីដ​១៩ និង​វិធានការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីករាលដាល​ក៏ដោយ​»​។

លោក Dirk Zylla នាយក​ក្រុមហ៊ុន DKJ Co Ltd ដែលជា​ក្រុមហ៊ុន​ចែកចាយ​ផ្លូវការ​របស់​ស្រាបៀរ Paulaner នៅ​កម្ពុជា​ធ្វើការ​ជាមួយ​ដៃគូ​នាំចូល CYCS Co Ltd បាន​ថ្លែងថា​៖ «​ដូច្នេះ​យើង​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការសម្រេច​ឲ្យ​បាន​ដល់​គោលដៅ​របស់​យើង​សម្រាប់​ឆ្នាំនេះ គឺ​គ្រោង​លក់​ឱ្យបាន ១ ០០០ ហិកតូលីត​ (hectalitres)»​។

ប្រជាជន​កម្ពុជា​ទទួល​ទាន​ស្រាបៀរ​ប្រមាណ ៦,១ លាន​ហិកតូលីត​ក្នុង​ ១ ​ឆ្នាំ ឬ​ ៦០០ ​លាន​លីត្រ ដែល​ជា​មធ្យម ៣៨,៦ លីត្រ សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ ១ ​ឆ្នាំ​តំណាង​ឱ្យ​ចំណែក​ទីផ្សារ ០,១ ភាគរយ​។

លោក Dirk Zylla ប្រធាន​ក្រុមហ៊ុន DKJ Co Ltd​។

លោក Zylla បញ្ជាក់ថា​៖ «​យើង​រីករាយ​ដែល​យើង​ជា​យីហោ​ដ៏មាន​គុណភាព​។ បច្ចុប្បន្ន​គេ​ឃើញ​មាន​ស្រាបៀរ​ក្នុងស្រុក និង​ស្រាបៀរ​ប្រភេទ craft beer កាន់តែច្រើន ប៉ុន្តែ​យើង​ផ្តល់ជូន​នូវ​បទពិសោធ​ស្រាបៀរ​អាល្លឺម៉ង់​ពិសេស​ និង​ពិតប្រាកដ​»​។

បុរស​ជនជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ Paulaner នៅ​ប្រទេស​អាល្លឺម៉ង់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​លោក​ធ្លាប់​គ្រប់គ្រង​បារ៍​មួយ ជា​កន្លែង​ដែល​កីឡាករ​បាល់ទាត់ Mainz បុគ្គលិក គ្រូបង្វឹក ជួបជុំគ្នា ហើយ​លោក​នៅតែ​ជា​មិត្តភក្តិ​របស់​អ្នកចាត់ការ​ក្រុម Liverpool បច្ចុប្បន្ន​លោក Jurgen Klopp​។

ដោយ​បាន​ឈាន​ជើង​ចូលក្នុង​វិស័យ​ផលិត​ស្រាបៀរ​បែប​ប្រពៃណី​អាល្លឺម៉ង់ លោក Zylla បាន​មើលឃើញ​កង្វះ​ស្រាបៀរ​គុណភាព​ខ្ពស់​នាំចូល​កម្ពុជា បន្ទាប់ពី​បាន​ផ្លាស់​មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ប្រហែល​មួយ​ទសវត្សរ៍​មុន ហើយ​លោក​ក៏បាន​ចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​ស្រាបៀរ Paulaner នៅ​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «Paulaner weissbier ស្រាបៀរ​ស្រូវ​សាលី​រហូត​មក​ដល់​ពេលនេះ​ជា​ផលិតផល​ដ៏មាន​ប្រជាប្រិយ​បំផុត​របស់​យើង ហើយ​យើង​ក៏​លក់​ស្រាបៀរ Paulaner Hefe Weizen Dunkel ដែលជា​ម៉ាក​លក់ដាច់​បន្ទាប់ ក៏ដូចជា​ស្រាបៀរ Paulaner Muncher Hell​។ ដូច្នេះ​យើង​ផ្គត់ផ្គង់​ស្រាបៀរ​ជាច្រើន​ប្រភេទ​»​។

Paulaner ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៦៣៤ នៅក្នុង​ទីក្រុង​មុយនិច ហើយ​ក្រុមហ៊ុន​ស្រាបៀរ​នៅ​រដ្ឋ Bavarian មួយ​នេះ គឺ​ ១ ​ក្នុង​ចំណោម​ ៦ ដែល​ផលិត​សម្រាប់​ពិធីបុណ្យ Oktoberfest ដ៏ល្បីល្បាញ ដែលជា​ពិធីបុណ្យ​ស្រាបៀរ​របស់​ទីក្រុង​ដែល​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​ ១៨១០​។

ស្រាបៀរ​ត្រូវបាន​ផលិត​ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​គុណភាព​ខ្ពស់​ពិតប្រាកដ និង​ប្រកាន់ខ្ជាប់​យ៉ាងតឹងរ៉ឹង​ស្រប​តាម​ច្បាប់​របស់​អាល្លឺម៉ង់ Reinheitsgebot ឆ្នាំ ១៥១៦ ដែល​ចែងថា​មានតែ​ទឹក​ស្រូវបាឡេ​ (barley) និង​ផ្កាហប់ ប៉ុណ្ណោះ ដែល​អាច​ប្រើ​ដើម្បី​ផលិតកម្ម​ស្រាបៀរ​។

ក្នុងនាម​ជា​ស្រាបៀរ​ស្រូវ​សាលី​ដែល​ត្រូវបាន​ផលិត​ជា​បន្តបន្ទាប់​នៅក្នុង​រដ្ឋ Bavaria ចាប់តាំងពី​ឆ្នាំ​ ១០៤០ មក​នោះ​មាន​ន័យថា ស្រាបៀរ Paulaner weissbier ផ្តល់នូវ​បទពិសោធ​ដ៏ពិសេស​ជា​អ្វី​ដែល​ក្រុមហ៊ុន​ផលិត​ស្រាបៀរ មាន​មោទភាព​។

លោក​បន្តថា​៖ «​អ្នកជំនាញ​ស្រាបៀរ​បាន​កោតសរសើរ​ចំពោះ​កំណត់ត្រា​ដ៏ល្អ​នៃ​ដំបែ​ និង​ក្លិនក្រអូប​ និង​រសជាតិ​ដ៏ឈ្ងុយឆ្ងាញ់​។ វា​ជា​ស្រាបៀរ​ផ្តល់​ភាពរីករាយ​សម្រាប់​ការជួបជុំ​របស់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​»​។

លោក Zylla ក៏បាន​លើកឡើង​ថា​រសជាតិ​ទាំងនេះ​ផ្សំគ្នា​ដែល​ធ្វើឱ្យ​ស្រាបៀរ Paulaner ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​នៅ​កម្ពុជា​។

«​វា​មិនមែន​គ្រាន់តែ​ពេញនិយម​សម្រាប់​ប្រជាជន​លោក​ខាងលិច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រជាជន​កម្ពុជា​ក៏​ពេញនិយម​ដែរ​។ វា​មាន​រសជាតិ​ផ្អែម​តិចតួច និង​មិន​ជូរ ជា​រសជាតិ​ដែល​ត្រូវ​នឹង​ប្រជាជន​កម្ពុជា​»​។

«៦០ ​ភាគរយ​នៃ​ការលក់​របស់​យើង​បច្ចុប្បន្ន​គឺ​នៅតាម​បារ៍​ និង​ភោជនីយដ្ឋាន ដោយ​ស្រាបៀរ Paulaner មាននៅ​តាម​ហាង​ពេញនិយម​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​រួមទាំង​ហាង Rukkha មាត់ទន្លេ ភោជនីយដ្ឋាន Samba Brazilian Samba និង​ហាង Drum Bar នៅ​ទួលគោក​។

«​ការលក់ ៤០ ភាគរយ​ផ្សេងទៀត​គឺ​ត្រូវ​លក់​នៅក្នុង​ចំនួន​ប្រហាក់ប្រហែល​គ្នា​នៅតាម​សណ្ឋាគារ​ និង​តាមរយៈ​ការដឹកជញ្ជូន​ទៅតាម​ផ្ទះ​»​។

លោក Zylla បាន​លើកឡើងថា​៖ «​បណ្តា​សណ្ឋាគារ​អន្តរជាតិ​ល្បីៗ​នៅក្នុង​ប្រទេស​កម្ពុជា Sofitel និង Raffles ជ្រើសរើស​ស្រាបៀរ Paulaner ដោយសារ​តែ​គុណភាព​របស់​វា និង​ដោយសារតែ​យីហោ​អន្តរជាតិ​ដ៏ល្បីល្បាញ​នៅលើ​ពិភពលោក​ដែល​ត្រូវបាន​ទទួលទាន​នៅក្នុង​ប្រទេស​ជាង​ ៧០ ​នៅ​ជុំវិញ​ពិភពលោក​»​។

«​យើង​កំពុង​ពង្រីក​នៅ​ខាងក្រៅ​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្តសៀមរាប កំពត និង​នៅតាម​កោះ​មួយចំនួន​។ គោលដៅ​សម្រាប់​ឆ្នាំនេះ​គឺ​ធ្វើឱ្យ​ស្រាបៀរ Paulaner ក្លាយជា​យីហោ​ដ៏សំខាន់​មួយ​សម្រាប់​បារ៍​លំដាប់​ខ្ពស់ សណ្ឋាគារ​អន្តរជាតិ និង​សណ្ឋាគារ​ប្រភេទ boutique»​។

លោក Zylla មានប្រសាសន៍​ថា​៖ «​ថ្ងៃ​ណាមួយ​ខ្ញុំ​ចង់​នាំយក​បទពិសោធ​នៃ​ការទទួល​ទាន​ស្រាបៀរ​របស់​រដ្ឋ Bavarian មកកាន់​ប្រទេស​កម្ពុជា​តាមរយៈ​ការបើក​ហាង Paulaner wirstshaus លក្ខណៈ​អាល្លឺម៉ង់​»៕