ក្រុមហ៊ុន Silverlake Axis ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី កំពុង​ព្យាយាម​ហក់​ចូលក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ដែល​កំពុង​រីកចម្រើន ជា​វិស័យ​ដែល​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​បច្ចេកវិទ្យា​ និង​ការច្នៃប្រឌិត​ថ្មីៗ ដើម្បី​ធ្វើឱ្យ​ឧស្សាហកម្ម​មួយ​នេះ​កាន់តែ​រីកចម្រើន​។

ក្រុមហ៊ុន Silverlake Axis ជា​ក្រុមហ៊ុន​ជំនាញ​ក្នុង​ការផ្តល់​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យា​ធនាគារ​បាន​រៀបចំ​សិក្ខាសាលា​មួយ​ដែល​មាន​ឈ្មោះថា​៖ «​ការតភ្ជាប់​ទៅកាន់​ពិភព​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​» ​នៅឯ​ស្ថានទូត​ម៉ាឡេស៊ី​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៣០ ខែ​តុលា​កន្លង​ទៅ​សម្រាប់​សហគមន៍​ធនាគារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ប្រទេស​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ទទួល​យក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នេះ​។ សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ សេវា​ផ្ទេរប្រាក់​ឆាប់រហ័ស និង​ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក កំពុង​ធ្វើឱ្យ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង ដោយមាន​ក្រុមហ៊ុន​ជាច្រើន​ត្រូវបាន​បង្កើតឡើង ដើម្បី​នាំ​បរិយាប័ន្ន​ហិរញ្ញវត្ថុ ជាពិសេស​សម្រាប់​អ្នក​មិនទាន់​មាន​គណនី​ធនាគារ​។

លោក​បណ្ឌិត ឃូ វុឍ្ឍី​៖ កម្ពុជា​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ទទួល​យក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ។

បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅតែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅ​ឡើយ នេះ​បើ​យោងតាម​អ្នកជំនាញ​ខាង​ឧស្សាហកម្ម​មួយ​នេះ ប៉ុន្តែ​វា​ទំនង​ឈាន​ទៅ​រក​ការរីកចម្រើន​ខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ខណៈ​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​បាន​ធ្វើការ​រួមគ្នា​ដើម្បី​លើកកម្ពស់​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព​ឲ្យ​ទៅដល់​បណ្តា​ខេត្ត​ឆ្ងាយៗ​។

«​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហរិញ្ញវត្ថុ (FinTech) នៅ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ ខណៈ​គំនិត​ផ្តួចផ្តើម​ភាគច្រើន​ត្រូវបាន​គេ​សង្កេតឃើញ​មានតែ​នៅក្នុង​វិស័យ​ធនាគារ​ប៉ុណ្ណោះ ជាពិសេស​ក្នុង​ប្រតិបត្តិ​ការទូទាត់ និង​ផ្ទេរប្រាក់​»​។

លោក​បណ្ឌិត ឃូ វុឍ្ឍី អគ្គនាយករង​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​នោះ​ថា​៖ «​ដូច្នេះ​ខ្ញុំ​គិតថា​ដំណើរ​វិវឌ្ឍន៍​នឹង​លឿន នៅពេល​ប្រព័ន្ធ​អេកូបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ត្រូវបាន​អភិវឌ្ឍ​កាន់តែ​ខ្លាំង និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ជា​ប្រព័ន្ធ​។ តាមពិត​សមាសធាតុ​ចាំបាច់​ជាច្រើន​សម្រាប់​អភិវឌ្ឍ​ប្រព័ន្ធ​អេកូ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​គឺ​មាន​រួចហើយ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

សិក្ខាសាលា​៖ «​ការតភ្ជាប់​ទៅកាន់​ពិភព​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​» ​ត្រូវ​បាន​ធ្វើឡើង​នៅ​ស្ថានទូត​ម៉ាឡេស៊ី​។

ប្រទេស​កម្ពុជា​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ប្រព័ន្ធ​ទូទាត់​បែប​ឌីជីថល ហើយ​ធនាគារកណ្តាល​មាន​មហិច្ឆតា​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​អេកូបច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ប្រជាជន​វ័យក្មេង​ដែល​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​នៅក្នុង​ប្រទេស​។

ជាមួយ​នឹង​ធនាគារពាណិជ្ជ​ប្រមាណ​ ៤០ ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ ៧៨ ​ដែល​កំពុង​ប្រតិបត្តិការ​រួមគ្នា​នៅក្នុង​សេដ្ឋកិច្ចកម្ពុជា ដើម្បី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ដែល​កំពុង​រីកចម្រើន​នោះ ការដាក់​បញ្ចូល​បច្ចេកវិទ្យា​ទំនើប​ទៅក្នុង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​គឺ​ពិត​ជា​សំខាន់​ណាស់​។

សាច់ប្រាក់​នៅតែ​ជា​កម្លាំង​ជំរុញ​ដ៏សំខាន់ ខណៈ​ប្រតិបត្តិការ​គណនី​ប្រមាណ​ ៧០ ​ភាគរយ​ជា​សាច់ប្រាក់​។

លោក Andrew៖ ក្រុមហ៊ុន Silverlake ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួយ​ធនាគារ​លើ​ប្រព័ន្ធ​ឌីជីថល​។

នៅក្នុង​សុន្ទរកថា​ស្វាគមន៍​របស់​ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ឯកឧត្តម​មានប្រសាសន៍​ថា​៖ «​មាន​ការលើក​ទឹកចិត្ត​កាន់តែ​ច្រើន​សម្រាប់​ធនាគារ ដើម្បី​លើកកម្ពស់​បទពិសោធ​របស់​អតិថិជន​តាមរយៈ​បច្ចេកវិទ្យា​ និង​ឌីជីថល ធ្វើឲ្យ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​ដែល​មិន​ត្រឹមតែ​ជា​ឧបករណ៍​ធនាគារ​តាម​អនឡាញ​ដ៏មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​ដំណើរការ​កាន់តែ​ប្រសើរ ដើម្បី​កាត់បន្ថយ​តម្លៃ​ប្រតិបត្តិការ និង​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​ផងដែរ​។ ដូច្នេះ​យើង​មើលឃើញ​អនាគត​ដ៏ភ្លឺស្វាង​សម្រាប់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​។

ថ្លែង​នៅក្នុង​ពិធី​នោះ​ដែរ​លោក Andrew Tan នាយក​គ្រប់គ្រង​ក្រុមហ៊ុន Silverlake Axis បាន​បន្ថែមថា​៖ «​កំណើន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ការផ្លាស់ប្តូរ​តម្រូវការ​របស់​អតិថិជន និង​កំណើន​ទិន្នន័យ​បាន​ធ្វើឲ្យ​គ្រប់គ្នា​ផ្លាស់ប្តូរ​ទៅរក​សេវា​ធនាគារ​បែប​ឌីជីថល​»​។

លោក​ថ្លែងថា​៖ «​យើង​ទទួលស្គាល់ថា​ធនាគារ​បាន​វិវត្ត​ច្រើន​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ជាមួយ​នឹង​ស្ថានភាព​នៃ​ប្រព័ន្ធ​កេរដំណែល​ផ្ទាល់ខ្លួន​។ ដោយបាន​ធ្វើការ​នៅក្នុង​ទីផ្សារ​នេះ​អស់​រយៈពេល​ ៣០ ​ឆ្នាំ​មកហើយ​នោះ យើង​មាន​ជំហរ​រឹងមាំ​នៅក្នុង​ការជួយ​ធនាគារ​ឲ្យ​ធ្វើការ​ផ្ទេរ​ប្រតិបត្តិការ​បែប​ប្រពៃណី​របស់​ពួកគេ ទៅ​ប្រតិបត្តិការ​តាមបែប​ឌីជីថល​វិញ​»​។

ក្រុមហ៊ុន​មាន​ផ្តល់ជូន​នូវ​វេទិកា​ដំណោះស្រាយ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ធនាគារ​ភាគច្រើន គឺ​កម្មវិធី Straight through Banking platform, Mobius និង Symmetri ៕