គ្មាន​អ្វី​ធ្វើឱ្យ​អ្នក​ពិបាកចិត្ត​ជាង នៅពេល​ដែល​អ្នកធ្វើ​ដំណើរ​តាម​ដងផ្លូវ ហើយ​រថយន្ត​របស់​អ្នក​ខូច​អាគុយ​ ឬ​បែក​កង់​នោះទេ ដែល​ធ្វើឱ្យ​ការធ្វើ​ដំណើរ​របស់​អ្នក​ត្រូវ​ជួប​ឧបសគ្គ ហើយ​អ្វីដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ​គឺ​នៅក្នុង​ប្រទេស​កម្ពុជា សេវាកម្ម​ប្តូរ​កង់ និង​ជួសជុល​រថយន្ត​នៅតាម​ដងផ្លូវ​គឺ​នៅមាន​តិចតួច​នៅឡើយ​។

ប៉ុន្តែ​បញ្ហា​នេះ​កំពុង​ត្រូវបាន​ផ្លាស់ប្តូរ​ដោយ​មាន​ក្រុមហ៊ុន​លក់ និង​ប្តូរ​កង់​រថយន្ត​ក្នុងស្រុក Smart Auto ដែល​ធ្វើឱ្យ​លោកអ្នក​អស់​កង្វល់ ខណៈ​សេវា​កម្មនេះ​គឺជា​ឱកាស​ដ៏ប្រសើរ​ក្នុង​ទីផ្សារ​នាពេល​បច្ចុប្បន្ន​។

អ្នកគ្រប់គ្រង​ទូទៅ​នៃ Smart Auto លោក ជា វិបុល មាន​ប្រសាសន៍​ថា​៖ «​រថយន្ត​សេវាកម្ម​របស់ Smart Auto បំពាក់​នូវ​ឧបករណ៍​ទំនើបៗ​គ្រប់គ្រាន់ សម្រាប់​ផ្លាស់ប្តូរ​សម្បក​កង់​រថយន្ត និង​ប្រព័ន្ធ​ថ្លឹង​កង់​ឱ្យ​ស្មើគ្នា ហើយ​រថយន្ត​ផ្តល់​សេវាកម្ម​នេះ​នឹង​ទៅដល់​ទីកន្លែង​ក្នុង​រយៈពេល ៣០ ទៅ ៤៥ នាទី អាស្រ័យ​លើ​ស្ថានភាព​ចរាចរណ៍​។ បុគ្គលិក​របស់​យើង​នឹង​ធ្វើការ​ជួសជុល​កង់​រថយន្ត ឬ​ប្តូរ​អាគុយ​ក្នុង​រយៈពេល​ ១៥ ​ទៅ ២០ ​នាទី អាស្រ័យ​លើ​ទំហំ​នៃ​ការខូចខាត​»​។

«​យើង​គឺជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ផ្តល់នូវ​ផលិតផល និង​សេវាកម្ម​ប្រភេទ​នេះ​ទៅកាន់​ទីផ្សារ​។ ខណៈ​យើង​ទើបតែ​ចាប់ផ្តើម​ប្រតិបត្តិការ​កាលពី​ឆ្នាំមុន ហើយ​អំឡុង​ជំងឺ​កូវីដ​១៩ នេះ​យើង​ទទួលបាន​អតិថិជន​ជាច្រើន ជាពិសេស​សម្រាប់​សេវាកម្ម​ប្តូរ​អាគុយ និង​សម្បក​កង់​រថយន្ត​ចល័ត គឺ​មាន​ភាព​វិជ្ជមាន​ខ្លាំងណាស់​»​។

ការប្តូរ​អាគុយ និង​សម្បក​កង់​រថយន្ត​មាន​ការធានា​ចាប់ពី​ ៦ ដល់​ ១២ ​ខែ​។

តម្រូវការ​សេវាកម្ម​នេះ​រំពឹង​ថា​នឹង​កើនឡើង​។ យោងតាម​របាយការណ៍​ថ្មីៗ​ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​អន្តរជាតិ Acumen Research and Consulting បាន​បង្ហាញថា ទំហំ​ទីផ្សារ​ផ្តល់ជំនួយ​តាម​ចិញ្ចើមផ្លូវ​ជា​សកល​ត្រូវ​បាន​រំពឹងថា​នឹង​កើនឡើង​ដល់​ ២៩ ​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​ ២០២៦ និង​កំពុង​កើនឡើង​ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ​ ៣,៨ ភាគរយ​។ ជាមួយ​នឹង​សេវាកម្ម​ចុងក្រោយ​នេះ Smart Auto កំពុង​ផ្លាស់ប្តូរ​បទពិសោធ​ការបើកបរ​នៅ​កម្ពុជា​។

ការបង្កើត​អាជីវកម្ម​លក់រាយ​សម្បកកង់​រថយន្ត និង​លក់​អាគុយ​តាម​អនឡាញ​ដោយ​ឯករាជ្យ គឺ​ដើម្បី​ផ្តល់​សេវាកម្ម​ប្តូរ​សម្បក​កង់ និង​ប្តូរ​អាគុយ​រថយន្ត​របស់​អតិថិជន​ឱ្យ​កាន់តែ​មាន​ភាពងាយស្រួល ហើយ​ក្រុមហ៊ុន​មាន​ទំនុកចិត្ត​ខ្ពស់​នៅក្នុង​ការផ្តល់​សេវាកម្ម​នេះ​។

លោក វិបុល ថ្លែងថា​៖ «​រឿង​ដំបូង​ដែល​ខ្ញុំ​ជឿជាក់​គឺ​ទទួល​បាន​ការជឿ​ទុកចិត្ត និង​ផ្តល់​ការពេញចិត្ត​ពី​អតិថិជន នេះ​ជា​អ្វីដែល​យើង​កំពុង​ធ្វើ​។ ​នាពេល​អនាគត​យើង​ជឿជាក់​ថា​យើង​អាច​ចាប់យក​ចំណែក​ទីផ្សារ​យ៉ាងហោចណាស់​ ២០ ​ភាគរយ​ពី​ហាង​លក់​រាយ​ធម្មតា​»​។

«​យើង​ជា​ក្រុមហ៊ុន​ឯករាជ្យ​លក់រាយ​សម្បក​កង់​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ដែល​អតិថិជន​អាច​ស្វែងរក​ព័ត៌មាន​គ្រប់​ម៉ាក ទំហំ និង​តម្លៃ​នៃ​សម្បក​កង់​រថយន្ត​ដែល​ពួកគេ​កំពុង​ស្វែងរក​ដើម្បី​បំពេញ​តាម​តម្រូវការ និង​ថវិកា​របស់​ពួកគេ​»​។

លោក ជា វិបុល

លោក​ វិបុល ​បាន​បន្តថា​៖ «​បន្ទាប់ពី​អតិថិជន​បានបញ្ជាក់​ពី​ជម្រើស និង​កាលបរិច្ឆេទ ទីតាំង និង​ពេលវេលា​ដែល​សមស្រប​បំផុត​សម្រាប់​ពួកគេ នោះ​រថយន្ត​សេវាកម្ម​របស់​យើង​នឹង​ទៅដល់​អតិថិជន​ដើម្បី​ប្តូរ​កង់​រថយន្ត​របស់​អតិថិជន​»​។

ហើយក៏​ជួយ​អតិថិជន​ក្នុង​ការសម្រេច​ចិត្តល្អ​បំផុត តាមរយៈ​ការផ្តល់​ព័ត៌មាន ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ពួកគេ ដែល​បង្កើន​ការជឿទុកចិត្ត​របស់​អតិថិជន​បន្ថែមទៀត​ដោយ​ផ្តល់ជូន​នូវ​ផលិតផល​ដែល​មាន​តម្លៃ​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​។

លោក វិបុល បន្ថែម​ថា​៖ «​សម្បក​កង់​ត្រូវ​ប្តូរ​រៀងរាល់​ ៧ ​ម៉ឺន ទៅ​ ៩ ​ម៉ឺន គីឡូម៉ែត្រ​ម្តង​។ របៀប​ប្តូរ​កង់​រថយន្ត​គឺជា​ការសម្រេចចិត្ត​ដ៏ធំ​មួយ​សម្រាប់​ម្ចាស់​យានយន្ត ពីព្រោះ​វា​នឹង​ជះឥទ្ធិពល​ដល់​សុវត្ថិភាព​អ្នកបើកបរ និង​អ្នកដំណើរ​។ អាយុកាល​របស់​អាគុយ​គឺមាន​ចាប់ពី​ ១ ​ទៅ​ ២ ​ឆ្នាំ​»​។ ក្រុមហ៊ុន​ប្តូរ និង​លក់​រថយន្ត​អនឡាញ​ដែល​កំពុង​រីកចម្រើន​មួយ​នេះ​ក៏​កំពុង​ស្វែងរក​ការពង្រីក​សេវាកម្ម និង​វិសាលភាព​របស់ខ្លួន​នៅតាម​ដងផ្លូវ​ផងដែរ​។

«​បច្ចុប្បន្ន យើង​ផ្តល់ជូន​តែ​សេវាកម្ម​ប្តូរ​អាគុយ និង​សម្បក​កង់ចល័ត​នៅក្នុង​រាជធានី​ភ្នំពេញ​ចន្លោះ​ពី​ម៉ោង ៧ ​ព្រឹក ដល់​ម៉ោង​ ៧ ​យប់​តែប៉ុណ្ណោះ​ក្នុង​ ១ ​សប្តាហ៍ ប៉ុន្តែ​យើង​កំពុង​សម្លឹង​រក​ការពង្រីក​សមត្ថភាព​សេវាកម្ម​របស់​យើង​នៅពេលដែល​កម្មវិធី​ទូរស័ព្ទ​ចល័ត​របស់​យើង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស​នាពេល​អនាគត​ដ៏ខ្លី​»​។

លោក​ វីបុល ​ថ្លែងថា​៖ «​ដើម្បី​ធ្វើឱ្យ​សេវាកម្ម​របស់​យើង​កាន់តែ​ងាយស្រួល​សម្រាប់​ម្ចាស់​រថយន្ត យើង​ក៏​មាន​គម្រោង​ដែល​កំពុង​ដំណើរការ សម្រាប់​ក្រុមហ៊ុន Smart Auto ក្នុង​ការបង្កើត​ក្លិប​មួយ​ដែល​សមាជិក​ត្រូវបាន​គិតថ្លៃ​សេវា​ជាវ​ប្រចាំ​ឆ្នាំ ដើម្បី​រីករាយ​នឹង​សេវាកម្ម​ដែល​ផ្តល់ជូន​ក៏​ដូចជា​សេវាកម្ម​ជំនួយ​បន្ថែម​តាម​ដងផ្លូវ​ដោយ​ឥតគិតថ្លៃ​»​។

លោក វិបុល ជឿជាក់​ថា Smart Auto គឺជា​គំរូ​អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព​មួយ​ដែល​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ការរីកចម្រើន​បន្ថែមទៀត នៅពេល​ដែល​កម្ពុជា​ចាប់យក​ឧស្សាហកម្ម ៤.០ ។ «​អតិថិជន​បច្ចុប្បន្ន​កំពុង​ស្វែងរក​វិធី​កាន់តែ​ងាយស្រួល​ជាង​មុន​ក្នុង​ការទិញ​ទំនិញ​ខណៈ​អតិថិជន​ក៏កំពុង​ងាក​ទៅរក​វេទិកា​ឌីជីថល​។ វេទិកា​ឌីជីថល​នេះ​ក៏​រួមបញ្ចូល​ទាំង​ការទិញ​គ្រឿងបន្លាស់​រថយន្ត​ដូចជា​សម្បក​កង់ និង​អាគុយ​តាម​អនឡាញ​ផងដែរ​»​។ «​ជាមួយ​នឹង​ការណែនាំ​បច្ចេកវិទ្យា 5G តម្រូវការ​នឹង​កាន់តែ​បន្ត​កើនឡើង ខណៈ​អតិថិជន​កាន់តែច្រើន​នឹង​ងាក​មក​ទិញ​ទំនិញ​តាម​អនឡាញ​ដោយផ្ទាល់​ពី​ហាង​លក់រាយ​។ ជាមួយ Smart Auto យើង​នៅតែ​បន្ត​បង្កើន​ការជឿទុកចិត្ត និង​ពង្រីក​សេវាកម្ម​របស់​យើង ហើយ​យើង​ឈរ​នៅ​ទីតាំង​ល្អឥតខ្ចោះ ដើម្បី​រីកចម្រើន​ទៅមុខ​»៕