មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata (SADIF) បាន​ប្រកាស​ពី​ការ​វិនិយោគ​ចុង ក្រោយ​បំផុត​របស់​ខ្លួន​ក្នុង​ក្រុមហ៊ុន Okra Solar ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​កម្មវិធី​ថាមពល solar ក្នុង ប្រទេស ​កម្ពុជា​ និង​ក្រុមហ៊ុន Sousdey Cambodia ដែល​ជា​កម្មវិធី​ទីផ្សារ​បែប​ឌីជីថល និង​ដំណោះ​ស្រាយ សហគ្រាស​សម្រាប់​ការ​គ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​អតិថិជន​។

តាមរយៈ​ការ​ចូលរួម​ជាមួយ​នឹង​ក្រុមហ៊ុន Morakot Technology, Joonaak Delivery, Nham24 និង Agribuddy ក្រុម​វិនិយោគិន​នៃ​អាជីវកម្ម​ឌីជីថល​ក្នុង​ស្រុក​របស់​​មូលនិធិ SADIF បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន​រហូត​ដល់ ​៦ ​ក្រុមហ៊ុន​។

លោក គឹម បូរ៉ា ដៃគូ​របស់​ក្រុមហ៊ុន Mekong Strategic Partners ជា​ក្រុមហ៊ុន​វិនិយោគ​ដែល​គ្រប់គ្រង មូលនិធិ SADIF បាន​ឲ្យ​ដឹង​ថា​៖ «​ការ​វិនិយោគ​របស់​យើង​ទៅ​ក្នុង​​ក្រុមហ៊ុន Okra បញ្ជាក់​ពី​សារៈសំខាន់​នៃ​របក​គំហើញ​ថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​ទៅ​នឹង​ប្រជា​ពលរដ្ឋ​ដែល​ខ្វះខាត​ការ​ផ្គត់ផ្គង់​បំផុត​ខណៈ​ពេល​ដែល​ពួកគេ​បន្ត​ការ​ចូលរួម​ផ្តល់​នូវ​កំណើន​សេដ្ឋកិច្ច​និង​បង្កើត​ឥទ្ធិពល​ ក្នុង​មាត្រដ្ឋាន​សកល​។ ក្រុមហ៊ុន Sousdey Cambodia ផ្តោត​លើ​ល្បឿន​ក៏​ដូចជា​ទំហំ​ នៃ​កម្មវិធី​ដែល​មាន​មូលដ្ឋាន​លើ AI ដើម្បី​ ដោះ​ស្រាយ​​បញ្ហា​ទាក់ទង​នឹង​ការ​ចូលរួម ​របស់​អតិថិជន​»​។​

MSP រួមជាមួយដៃគូ​វិនិយោគ​ពី Smart Axiata & Forte Insurance។សហការី

ដោយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៦ ក្រុមហ៊ុន Okra ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បែប “Internet of Things (IoT)”​ ដោយ​ជួយ​សហគមន៏​ជនបទ​ដាច់​ស្រយាល​ក្នុង​ការ​ទទួល​បាន​បច្ចេកវិទ្យា ពន្លឺ ព្រះអាទិត្យ ដែល​មាន​តម្លៃ​សមរម្យ​ដោយ​ប្រើ​បច្ចេកវិទ្យា​ថាមពល​​​ចែកចាយ​ទំនើប​។​ កម្មវិធី software របស់​ក្រុមហ៊ុន​នេះ​អាច​យក​បន្ទះ solar និង​អាគុយ ដើម្បី​ដំឡើង​ទៅ​ជា​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​ខ្នាតតូច (Microgrids) ឆ្លាត​វៃ​សម្រាប់​​​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រួសារ​ដាច់​ស្រយាល​ក្នុង​ការ​ប្រើប្រាស់​។

ក្រុមហ៊ុន Okra បាន​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជា​ពលរដ្ឋ​ជាង ​៥០០ ​នាក់ និង​គ្រួសារ​ជាង ​១០០ គ្រួសារ​ក្នុង​ប្រទេស កម្ពុជា។ ក្រុមហ៊ុន​បាន​ផ្ដើម​កម្មវិធី​សាកល្បង​របស់​ខ្លួន​ក្នុង​ប្រទេស​ ​កម្ពុជា ​ហើយ​បាន​ចុះ​អនុស្សណៈ​ យោគយល់​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន​ចែកចាយ​អគ្គិសនី​​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​។​

លោក Afnan Hannan សហ​ស្ថាបនិក​ក្រុមហ៊ុន Okra បាន​មាន​ប្រសាសន៍​ថា​៖ ​«​យើង​មាន​ការ​រំភើប​ខ្លាំង​ណាស់​ក្នុង​ការ​ទទួល​បាន​ការ​គាំទ្រ​ពី​មូលនិធិ​ SADIF​ ។ នេះ​គឺ​ជា​រឿង​​ធម្មតា​មួយ ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Smart ខណៈ​ដែល​យើង​ប្រើ​បណ្តាញ​​​ភ្ជាប់​រួច​ជា​ស្រេច​ដើម្បី​គ្រប់គ្រង និង​ត្រួតពិនិត្យ​ពី​ចម្ងាយ​ទៅ​លើ​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​ខ្នាត​តូច​ដែល​ហៅ​ថា Internet of Things (IoT) microgrids របស់​យើង​។ បណ្ដាញ​ភ្ជាប់ ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ឧបករណ៍​ចាប់​សញ្ញា​ និង​បញ្ជូន​ការ​គ្រប់គ្រង​ដែល​យើង​ត្រូវ​ការ​​ដើម្បី​ធានា​ថា​ សហគមន៍​មាន​លទ្ធភាព​ ប្រើប្រាស់​ថាមពល​»​។​

លោក ថូ​ម៉ាស់ ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata​បញ្ជាក់​ថា​៖ «​អគ្គិសនី​គឺ​ជា​កត្តា​ចាំបាច់​មួយ​សម្រាប់​ជីវភាព​រស់នៅ​របស់​មនុស្ស​ទូទៅ ប៉ុន្តែ​មនុស្ស​ជាង ​១,២ ​ពាន់​លាន​នាក់​នៅ​ក្នុង​ពិភព​លោក​បន្ត​រស់នៅ​ដោយ​គ្មាន​អគ្គិសនី​គ្រប់គ្រាន់​។​ បច្ចេកវិទ្យា​ខុស​ប្លែក​ពី​គេ និង​គំរូ​អាជីវកម្ម​របស់​ក្រុមហ៊ុន Okra មាន​សមត្ថភាព​ផ្គត់ផ្គង់​ និង​ឆ្លើយតប​ជា​វិជ្ជមាន​ដល់​ពលរដ្ឋ​ដែល​រស់នៅ​គ្មាន​អគ្គិសនី​ក្នុង​ប្រទេស ​កម្ពុជា និង​ផ្គត់ផ្គង់​លើស​ពី​នេះ​ទៅ​ទៀត​»​។​

ក្រុមហ៊ុន Sousdey Cambodia ផ្ដល់​ភាពងាយ​​ស្រួល​ក្នុងការ​ទាក់​ទងតាម​ Online រវាងអតិថិជន និងក្រុមហ៊ុននានា។សហការី

តាមរយៈ​ចាប់​ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១៧ ក្រុមហ៊ុន Sousdey Cambodia បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​សម្រាប់​ការ​ប្រើប្រាស់​សេវា​ឆ្លងឆ្លើយ​ស្វ័យ​ប្រវត្តិ​លើ​កម្មវិធី Facebook Messenger របស់​ខ្លួន ​និង​ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​ដែល​បង្កើត​កម្មវិធី Khmer Natural Language Processing និង​ជា​ផ្លាតហ្វម​មួយ​ដែល​ផ្តោត​លើ​កម្មវិធី​ប្រាជ្ញា​សិប្បនិម្មិត ​(AI)​។ សហគ្រាស​ធុន​តូច និង​មធ្យម និង​អជីវកម្ម​ស្ទើរតែ​ទាំង​អស់​ក្នុង​ប្រទេស ​កម្ពុជា ​ប្រើប្រាស់​កម្មវិធី Facebook និង​កម្មវិធី Facebook Messenger ប៉ុន្តែ​ប្រហែល​ពិបាក​ក្នុង​ទាក់ទង​ឲ្យ​មាន​ប្រសិទ្ធភាព​ជាមួយ​អតិថិជន​ជា​ច្រើន​របស់​ពួកគេ​។

លោក Djibril Cisse ស្ថាបនិក​ និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sousdey Cambodia បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​ផ្ដល់​ប្រាក់​ពី​មូលនិធិ ​SADIF ​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​កម្មវិធី​របស់​យើង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ខណៈ​ពេល​ពង្រឹង​ការ​ខិតខំ​ប្រឹងប្រែង​ផ្នែក​លក់​ និង​ទីផ្សារ​ដើម្បី​ពង្រីក​ផលិតផល​របស់​យើង​។ ​ក្រុមហ៊ុន Sousdey Cambodia សង្ឃឹម​ថា​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ Smart​​​ ​ក្រុមហ៊ុន​ Forte និង ក្រុមហ៊ុន MSP ដើម្បី​ជួយ​ដល់​អតិថិជន​សហគ្រាស​ និង​បង្កើត​ផលិតផល​លំដាប់​ថ្នាក់​ពិភព​លោក​របស់​សហគ្រាស​»​។​

លោក Charles Cheo នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte និង​ជា​ក្រុមហ៊ុន​ដៃគូ​របស់​មូលនិធិ SADIF បាន​បន្ថែមថា​៖ «​កំណើន​ទីផ្សារ​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ផ្ដល់​ឱកាស​ដល់​ពាណិជ្ជករ​ដើម្បី​បង្កើត​ទំនាក់ទំនង​ជាមួយ​អតិថិជន​ដ៏​ច្រើន​។ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ចំណុច​អកុសល​ជា​ទូទៅ​ គឺ​ថា​ចាប់​តាំង​ពី​ប្រតិបត្តិការ​ទាំងអស់​ត្រូវ​បាន​ដំណើរការ​ដោយ​ដៃ​បញ្ហា​អាច​កើត​មាន​ឡើង​​នៅ​ក្នុង​​ដំណើរការ​ទាំង​មូល​។ ដំណោះ​ស្រាយ​សហគ្រិន​របស់​ក្រុមហ៊ុន Sousdey មាន​សមត្ថភាព​ក្នុង​ការ​កត់​សម្គាល់​ទាំង​អតិថិជន និង​ពាណិជ្ជករ​»​។​

ក្រុមហ៊ុន Okra Solar ផ្ដល់ដំណោះស្រាយប្រព័ន្ធ Software។ សហការី

ក្រុមហ៊ុន Sousdey ក៏​ជួយ​ឲ្យ​មាន​ដំណើរការ​​ទៅ​លើ​ផ្លាតហ្វម​ផ្ញើសារ និង​វិភាគ​សម្រាប់​ការ​គ្រប់គ្រង​ទំនាក់ទំនង​អថិតិជន​ផង​ដែរ​។ ជា​មួយ​នឹង​ផ្លាតហ្វម​នេះ អតិថិជន​សហគ្រាស​អាច​ប្តូរ​នូវ​ដំណោះ​ស្រាយ​ផ្សេងៗ ដើម្បី​ធ្វើ​អន្តរកម្ម​ជាមួយ​អតិថិជន​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​ការ​ផ្សព្វផ្សាយ​ការ​បញ្ជា​ទិញ​ការ​កក់​ និង​ការ​គាំទ្រ​របស់​អតិថិជន​ក្នុង​ចំណោម​សមត្ថភាព​ជា​ច្រើន​។ សព្វ​ថ្ងៃ​នេះ Sousdey បម្រើ​អតិថិជន​ជាង ​800 ក្រុមហ៊ុន​និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​បាន​សម្របសម្រួល​ជាង 2 លាន​សន្ទនា​តាមរយៈ​ផ្លាតហ្វម​របស់​ខ្លួន​។​

សូម​បញ្ជាក់​ថា SADIF គឺ​ជា​​មូលនិធិ​ឌីជីថល​ដំបូង​គេ​របស់​កម្ពុជា ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Mekong Strategic Partners រួម​ជាមួយ​នឹង​ដៃគូ​វិនិយោគ​ពី​ក្រុមហ៊ុន Smart Axiata និង Forte Insurance​៕