មិនថានៅទីកន្លែងណាក្នុងបណ្តាប្រទេសជាច្រើន ស្រាបៀរដែលមានលក្ខណពិសេស គុណភាពខ្ពស់ និងមានរសជាតិឈ្ងុយឆ្ងាញ់តែងតែជាជម្រើសរបស់អតិថិជន ដូចស្រាបៀរ Red Bus Amber Ale ដែលផលិតនៅកម្ពុជាជាដើម។
ប្រភេទស្រាបៀរត្រូវបានផលិតក្នុងរោងចក្រស្រាបៀរតូចៗតាមរបៀបបុរាណ ដោយមិនប្រើម៉ាស៊ីនទំនើបហើយផលិតក្នុងចំនួនតិច ឬហៅថា craft beer កាន់តែពេញនិយមនៅក្នុងប្រទេសកម្ពុជាដូចជាស្រាបៀរ Red Bus របស់ក្រុមហ៊ុន Stone Head ដែលផ្តល់ឲ្យអ្នកនិយមពិសាស្រាបៀរនូវបទពិសោធនៃរសជាតិកាន់តែច្រើនជម្រើស។
លោក Steve Cannon អគ្គនាយកក្រុមហ៊ុន Stone Head បានឲ្យដឹងថា ការចាប់ផ្តើមដំណើរការ ការផលិត craft beer នេះគឺដើម្បីចូលទៅក្នុងពិភពលោកនៃគុណភាព និងគុណតម្លៃ។
«មិនថាអ្នកមានអារម្មណ៍យ៉ាងណាមិនថា អ្នកទទួលទានម្ហូបអ្វី ឬមិនថាអ្នកនៅជាមួយអ្នកណា ស្រាបៀរតែងតែនៅជាប់ជានិច្ច។ ប្រសិនបើគេត្រូវការលើសពីស្តង់ដាស្រាបៀរនោះ craft beer គឺជាចម្រើសរបស់ពួកគេ ដោយសារតែវាមានរសជាតិពិសេស និងច្រើនជម្រើស»។
«សម្រាប់អ្នកដែលស្វែងរកស្រាបៀរដែលផលិតលក្ខណៈបុរាណ យើងមានប្រភេទស្រាបៀរ IPAs,pale, amber ales និង witbiers។ ស្រាបៀរម៉ាក IPAs តែងតែជាជម្រើសដ៏លេចធ្លោមួយនៅក្នុងចំណោមស្រាបៀរផ្សេងទៀត។ លក្ខណពិសេសនៃស្រាបៀរ Smiling Evil Pale Ale របស់យើងក៏កំពុងទទួលបានការពេញនិយមក៏ដូចជាស្រាបៀរ The Dark Side, Hazelnut និង Chocolate Stout ជាដើម។
លោកបន្តថា៖ «ខណៈដែលមនុស្សមួយចំនួនស៊ាំទៅនឹងរសជាតិស្រាបៀរដែលផលិតលក្ខណៈទំនើបនៅមានមនុស្សមួយចំនួនក៏ងាកមកគាំទ្រ craft beer ទោះបីវាមានតម្លៃខ្ពស់ជាងបន្តិចក្តី ដោយសារតែវាមានរស់ជាតិឈ្ងុយឆ្ងាញ់ និងមានជាច្រើនជម្រើស»។
លោក Cannon ថ្លែងថា៖ «ខ្ញុំគិតថាអតិថិជនតែងតែស្វែងរកស្រាបៀរបែបនេះ។ កាលពីមុនពួកគេប្រហែលមិនធ្លាប់ដឹងអំពីអាថ៌កំបាំងរស់ជាតិស្រាបៀរបែបនេះទេ ប៉ុន្តែឥឡូវ craft beer តែងជាជម្រើសប្រកបដោយភាពបត់បែន»។
បង្កើតឡើងនៅខេត្តកោះកុងក្នុងឆ្នាំ ២០១៥ និងផ្គត់ផ្គង់ទីផ្សារថៃចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Stone Head បានចាប់ផ្តើមលក់នៅកម្ពុជាកាលពីខែឧសភាឆ្នាំមុនហើយបានផ្គត់ផ្គង់ច្រើនជាង ៦០ ទីតាំងនៅទូទាំងប្រទេស ដោយផលិតបាន ១៦ ០០០ លីត្រ ក្នុង ១ ខែ។
«យើងគិតថា វាជាពេលវេលាដ៏ត្រឹមត្រូវ ដើម្បីផ្តល់ឱ្យអ្នកចូលចិត្តពិសាស្រាបៀរនៅកម្ពុជានូវឱកាសកាន់តែច្រើនប្រកបដោយមោទនភាពនៅក្នុងជម្រើសរបស់ពួកគេក្នុងការគាំទ្រស្រាបៀរក្នុងស្រុកដែលផលិតមានលក្ខណពិសេស»។
លោក Cannon ថ្លែងថា៖ «មានទាំងជនបរទេស និងទីផ្សារទេសចរណ៍ដ៏ធំនៅទីនេះ ក៏ដូចជាអ្នកដែលមានជីវភាពមធ្យមកើនឡើង ដូច្នេះពួកគេតែងតែស្វែងរកស្រាបៀរដែលមានរសជាតិពិសេស»។
លោកបន្ថែមថាលោកស្វាគមន៍ដៃគូប្រកួតប្រជែងស្រាបៀររបស់ក្រុមហ៊ុន Stone Head ដោយលើកឡើងថាមានក្រុមហ៊ុនផលិត craft beer នេះកាន់តែច្រើននោះនឹងផ្តល់ជម្រើសកាន់តែសម្បូរបែប។
« Craft beer គឺជាសហគមន៍មួយហើយបើមានក្រុមហ៊ុនផលិតស្រាបៀរបែបនេះកាន់តែច្រើនមានន័យថានឹងមានជម្រើសកាន់តែច្រើនសម្រាប់អ្នកចូលចិត្តពិសាស្រាបៀរ។ យើងបានចាប់ផ្តើមផលិតនៅក្នុងប្រទេសកម្ពុជាជាមួយនឹងការប្តេជ្ញាចិត្តដើម្បីក្លាយជាយីហោ craft beer លេខមួយក៏ដូចជាគាំទ្ររាល់ប្រតិបត្តិការដែលយើងចាប់ដៃគូជាមួយ។ ចំណុចសំខាន់របស់យើង គឺគុណភាព និងតម្លៃ។
«យើងប្រើតែគ្រឿងផ្សំដែលមានគុណភាពល្អបំផុតប៉ុណ្ណោះ។ ផ្កា hops សម្រាប់ផលិតស្រាបៀរនេះគឺយើងនាំចូលពីប្រភពផ្សេងៗគ្នាជាពិសេសគឺនាំចូលពីប្រទេសអាល្លឺម៉ង់ក៏ដូចជាប្រទេសនូវែលសេឡង់ គឺផ្កា Montueka hops ដែលត្រូវបានប្រើសម្រាប់ផលិតស្រា Smiling Evil Pale Ale ដែលផ្តល់រសជាតិក្រអូបឈ្ងុយឆ្ងាញ់»។
លោក Cannon បន្តថាយើងស្វែងរកគ្រឿងផ្សំដែលមានគុណភាពល្អបំផុតសម្រាប់ផលិតស្រាបៀរឲ្យមានគុណភាពខ្ពស់។
លោក Elliot Grace នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Stone Head ថ្លែងថា ទស្សនវិជ្ជារបស់ក្រុមហ៊ុនគឺចាត់ទុកអតិថិជនជា «ដៃគូ» ជាជាងអតិថិជន។
«សេវាកម្មអតិថិជនគឺជាគន្លឹះសំខាន់សម្រាប់យើង។ មិនមែនត្រឹមតែសម្រាប់អ្នកប្រើប្រាស់ចុងក្រោយដែលទិញដោយផ្ទាល់តាមរយៈគេហទំព័ររបស់យើងជាមួយការដឹកជញ្ជូនដោយឥតគិតថ្លៃនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មានដៃគូលក់រាយផងដែរ។
លោក Grace បានពន្យល់ថា៖ «យើងចង់បានទំនាក់ទំនងជាមួយដៃគូទាំងអស់ ដូច្នេះយើងអាចជួយអាជីវកម្មរបស់ពួកគេឱ្យរីកចម្រើន។ យើងពិតជាជឿជាក់ថាវាចាំបាច់ក្នុងការធ្វើការរួមគ្នា ដើម្បីទទួលបានជោគជ័យ» ដោយទទួលបានពានរង្វាន់ជាច្រើនក្នុងនោះមានពានរង្វាន់ World''s Best Beer 2017 នៅក្នុងកម្មវិធី World Beer Awards ក្នុងទីក្រុងឡុងដ៍សម្រាប់ស្រាបៀរ The Dark Side Stout របស់ខ្លួន លោក Cannon ថ្លែងថា ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនគឺផ្តោតលើគុណភាពដែលឆ្លុះបញ្ចាំងនៅក្នុងបាវចនារបស់ខ្លួនគឺ «រឿងអស្ចារ្យត្រូវការពេលវេលា»។
«គុណភាពការងារធ្វើដោយដៃគឺត្រូវការពេលវេលា។ អ្វីដែលត្រូវផលិតគឺមិនអាចប្រញាប់ប្រញាល់បានទេ។ ប្រសិនបើអ្នកមានការប្តេជ្ញាដូចយើងនោះនឹងផលិតបានស្រាបៀរដែលល្អបំផុតទាំងរូបមន្ត និងបច្ចេកទេស»។
លោក Cannon ថ្លែងថា រាល់ស្រាបៀរនៅក្នុងដប និងកែវត្រូវតែមានគុណភាពល្អដើម្បីផ្តល់ដល់អតិថិជន ហើយសហគមន៍ craft beer ទាំងមូលបានប្រកាន់ខ្ជាប់នូវគុណតម្លៃនៃគុណភាព»៕