ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​មួយ​នេះ ​និង​ក្រុម​ការងារ​កំពុង​នាំ​យក​បច្ចេកវិទ្យា​សម្អាត​ទឹក​ស្អាត​របស់​ខ្លួន​ទៅ​កាន់​ទី​កន្លែង​ដែល​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ខ្លាំង​បំផុត​។

ក្រុមហ៊ុន Water Environment Venture Co., Ltd (WE Venture) ​បាន​ខិតខំ​អភិវឌ្ឍ​គម្រោង​របស់​ខ្លួន​យ៉ាង​ខ្លាំង រួមមាន​ទាំង​ការ​សាងសង់​ស្ថានីយ​សម្អាត​ទឹក​តូចៗ​ដែល​បង្កើត​ឡើង​ដោយ​សហគ្រិន​ក្នុង​ស្រុក ប្រើប្រាស់​គំរូ​អាជីវកម្ម​សង្គម ​និង​បច្ចេកវិទ្យា ​ដែល​មាន​តម្លៃ​ទាប​។​

បច្ចុប្បន្ន​អ្នក​ភូមិ​ដែល​តែងតែ​ខ្វះខាត​​ទឹក​ស្អាត​ប្រើប្រាស់​ពួក​គាត់​អាច​មាន​លទ្ធភាព​ប្រើប្រាស់​ទឹក​ស្អាត​ដែល​មាន​តម្លៃ​សមរម្យ ហើយ​សមិទ្ធផល​នេះ​អាច​សម្រេច​ទៅ​បាន ​គឺ​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​។​

គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន WE Venture ទាំង​សម្រាប់​តំបន់​ជនបទ និង​តាម​ទីប្រជុំជន ​គឺ​ផ្តល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ និង​ស្ថានីយ​សម្អាត​ទឹក​ស្អាត​។​

លោក ចៃ ឡូ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន We Venture បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​ការងារ​របស់​យើង​គឺ​ជួយ​លើក​កម្ពស់​សុខភាព​ និង​បិរស្ថាន ដោយ​កាត់​បន្ថយ​មធ្យោបាយ​ចម្លង​មេរោគ​ជា​ពិសេស​ទាក់ទង​នឹង​ជំងឺ​ក្រិន​ដែល​កើត​លើ​កុមារ ក៏​ដូចជា​ការ​កាត់​បន្ថយ​កាក​សំណល់​ផង​ដែរ​»​។

លោក ចៃ ឡូ៖ គំរូ​អាជីវកម្ម​របស់​ក្រុមហ៊ុន​គឺ​ផ្តោត​លើ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជនបទ។ ​​រូបថត Supplied

យោង​តាម​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​តំបន់​ជនបទ (​ឆ្នាំ ​២០១១-២០២៥) បាន​ឲ្យ​ដឹង​ថា មាន​ប្រជាជន​កម្ពុជា​ប្រមាណ​តែ ​៥០ ​ភាគរយ​ប៉ុណ្ណោះ ​ដែល​មាន​ទឹក​ស្អាត​ប្រើប្រាស់ គឺ​ប្រមាណ​ជាង ៧,៥ ​លាន​នាក់​។​

រដ្ឋាភិបាល​មាន​ផែនការ​ប្រកប​ដោយ​មហិច្ឆតា​ខ្ពស់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​មូល​មាន​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ត្រឹម​ឆ្នាំ ​២០២៥​។

លោក ចៃ ឡូ ថ្លែង​ថា​៖ «​ការ​ទទួល​បាន​ស្ថានីយ​សម្អាត​ទឹក​ស្អាត​ប្រើប្រាស់ ​គឺ​ជា​អ្វី​ដែល​ប្រជាជន​កម្ពុជា​ចង់​បាន​បំផុត​។ ជា​ញឹកញាប់​ការ​ស្ទង់មតិ​​បាន​បង្ហាញ​អំពី​តម្រូវការ​ទឹក​ស្អាត​ និង​ឧបករណ៍​ចម្រោះ​ទឹក​ដ៏​ខ្លាំងក្លា​ នៅ​ស្ទើរ​គ្រប់​ទីកន្លែង​»​។

លោក​បាន​បន្ថែម​ថា​៖ «​គំនិត​ផ្តួចផ្តើម​អាជីវកម្ម​នេះ គឺ​ស្រប​ទៅ​នឹង​គោល​នយោបាយ ​និង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​។ ដូច្នេះ​ហើយ​ឱកាស​​ទីផ្សារ​មាន​ទំហំ​ធំធេង​ណាស់ (​ដោយសារ​តែ​ប្រជាពលរដ្ឋ​ប្រមាណ ៧,៥ ​លាន​នាក់​ទៀត ​នៅ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​)​។

ក្រុមហ៊ុន WE Venture គឺ​ជា​ក្រុមហ៊ុន​កូន​ខ្មែរ ​១០០ ​ភាគរយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង ឆ្នាំ ​២០១៧ ដោយ​ក្រុម​អ្នក​ដែល​មាន​បទពិសោធ​មក​ពី​វិស័យ​ផ្សេងៗ​គ្នា ​ដើម្បី​លើក​កម្ពស់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​តំបន់​ជនបទ​។​

នៅ​ក្នុង ឆ្នាំ ​២០១៩ នេះ​ក្រុមហ៊ុន​បាន​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​បាត់ដំបង ​ហើយ​បច្ចុប្បន្ន​កំពុង​រៀបចំ​គម្រោង​ដំឡើង​ស្ថានីយ​សម្អាត​ទឹក​ថ្មី​ចំនួន ​៣ ទៀត ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។​

ដើម្បី​សម្រេចបាន​តាម​គោលដៅ​របស់​ខ្លួន​ក្រុមហ៊ុន​គ្រោង​នឹង​បង្កើត​ស្ថានីយ​ចម្រោះ​ទឹក​ចំនួន ​៦ ​នៅ​ក្នុង​រយៈពេល ​៤ ​ឆ្នាំ​ខាង​មុខ​។​

លោក ចៃ ឡូ​ រៀបរាប់​ថា​៖ «គំនិត​ផ្តួចផ្តើម​អាជីវកម្ម​នេះ ​គឺ​ផ្តោត​លើ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​ជនបទ​ក្នុង​ប្រទេស​កម្ពុជា ហើយក៏​រាប់​បញ្ចូល​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​គឺ ​(​អ្នក​ដែល​រក​ចំណូល​បាន​​ ​៨ ​ដុល្លារ ​ឬ​តិច​ជាង​នេះ​) ​ផង​ដែរ​»​។

លោក​បន្ត​ថា​៖ «​ការ​ផ្តួចផ្តើម​នេះ ​គឺ​កំណត់​គោលដៅ​ទៅ​លើ​អ្នក​ភូមិ​ណា​ដែល​គ្មាន​លទ្ធភាព​ទទួលបាន​សេវា ទឹក​ស្អាត និង​តំបន់​ដែល​វិនិយោគិន​ឯកជន​មិន​ចង់​វិនិយោគ​ដោយសារ​តែ​ត្រូវ​ចំណាយ​ច្រើន ហើយ​ទទួល បាន​ចំណូល​មក​វិញ​​តិច និង​ប្រើ​រយៈពេល​យូរ​»​។

ក្រុមហ៊ុន WE Venture ធ្វើ​ការ​ជាមួយ​ប្រតិបត្តិករ​ទឹក​ និង​ថាមពល​ដៃគូ​អភិវឌ្ឍន៍​ធនាគារ ក្រុមហ៊ុន​ឯកជន និង​រដ្ឋាភិបាល ​ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត​មាន​សុវត្ថិភាព និង​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា​។​

ដោយ​ប្រើប្រាស់​អ្នក​ជំនាញ​ក្នុង​ស្រុក​ក្រុមហ៊ុន​ក៏​វិនិយោគ​លើ​ថាមពល​ស្អាត​ផង​ដែរ​ ដូចជា​ ថាមពល​ពន្លឺ​ព្រះអាទិត្យ ​និង​ផ្តល់​នូវ​ដំណោះស្រាយ​ចំពោះ​ការ​ខ្ជះខ្ជាយ​ទឹក​។ ចំពោះ​ការ​សាងសង់​ស្ថានីយ​សម្អាត​ទឹក ​១ កន្លែង ​គឺ​ត្រូវ​ចំណាយ​ពេលពី ៧ ​ទៅ ​៨​ខែ ហើយ​ត្រូវ​ចំណាយ​ចន្លោះ​ពី​ ២០០ ០០០ ​ទៅ ២៥០ ០០០​ ដុល្លារ​៕