
លោក ហង់ ជួន ណារ៉ុន (ឆ្វេង) រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការជាមួយក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបចំកិច្ចប្រជុំដំបូងរវាងក្រុមការងាររបស់ខ្លួន ដើម្បីពិនិត្យពិភាក្សាការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជានៅកម្រិតបឋមសិក្សា កម្រិតមធ្យមបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងអប់រំ កាលពីថ្ងៃចន្ទ។
ក្នុងកិច្ចប្រជុំដំបូងរវាង លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង លោក អឹុម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃចន្ទ នៅសាលសន្និសីទក្រុមប្រឹក្សាធម្មនុញ្ញភ្នំពេញ គឺក្នុងកិច្ចប្រជុំនេះ លោកហង់ ជួនណារ៉ុន បានគាំទ្រទាំងស្រុងការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជាសម្រាប់សិស្សសិក្សា។
លោករដ្ឋមន្រ្ដីថ្លែងថា៖ «ឯកភាពគ្នាបង្កើតក្រុមការងារចម្រុះ ប្រជុំពិភាក្សារៀបចំឯកសារ ហើយនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់នាថ្ងៃខាងមុខ»។
ជាមួយគ្នានេះ លោក អឹុម ឈុនលឹម បានអបអរសាទរនូវកំណែទម្រង់វិស័យអប់រំ ដែលបានទទួលជោគជ័យគួរឱ្យកត់សម្គាល់។
លោកថា៖ «នេះជាឱកាសពេជ្រ ដែលកម្ពុជាបានរៀបចំការបញ្ចូលបទប្បញ្ញត្តិគ្រឹះដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សារបស់ជាតិ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា កាលពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៩ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋមន្ត្រីក្រសួងអប់រំ បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈ នៃការព្រមព្រៀងស្តីពីការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ។
ក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំ យល់ឃើញថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលបុគ្គលគ្រប់រូបត្រូវគោរពប្រតិបត្តិតាម ក្នុងឋានៈជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។
លោកបន្ថែមថា ការយល់ដឹងអំពីគោលការណ៍ធំៗ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាមូលដ្ឋានគ្រឹះចាំបាច់ និងមានសារៈសំខាន់ ក្នុងការកសាងចំណេះដឹងទូទៅសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងការពង្រឹងមនសិការស្នេហាជាតិនិងសីលធម៌សង្គម។
លោក សុវាចា បញ្ជាក់ថា៖ «ការបញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួនដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងកម្មវិធីសិក្សា គឺជាយន្តការមួយដ៏មានប្រសិទ្ធភាព និងវិសាលភាពទូលំទូលាយក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព»។
អ្នកនាំពាក្យរូបនេះ បន្ថែមថា៖ «ក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំខ្លឹមសារគោលនិងខ្លឹមសារមេរៀន ដែលពាក់ព័ន្ធនឹងបទប្បញ្ញត្តិគ្រឹះរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវដាក់ក្នុងកម្មវិធីសិក្សាទាំង ៣ កម្រិតខាងលើ»។
លោកថា ដោយឡែកក្រសួងអប់រំ នឹងបោះពុម្ភផ្សាយខ្លឹមសារគោល និងខ្លឹមសារមេរៀន ដែលពាក់ព័ន្ធនឹងបទប្បញ្ញត្តិគ្រឹះរដ្ឋធម្មនុញ្ញនេះ ទៅក្នុងមុខវិជ្ជាណាមួយដែលសមស្រប សម្រាប់កម្មវិធីសិក្សាទាំង ៣ កម្រិតនេះ។
លោក សុវាចា បញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ និង ក្រសួងអប់រំ ឯកភាពគ្នាបង្កើតក្រុមការងារចម្រុះមួយដើម្បីបំពេញការងារនេះ ហើយលទ្ធផលដែលសម្រេចបាន ត្រូវមានការឯកភាពជាចុងក្រោយ ដោយប្រធានស្ថាប័នទាំង ២។
ឯក្រុមការងារបច្ចេកទេសចម្រុះកំពុងរៀបចំផែនការសកម្មភាពសម្រាប់ឆ្លើយតបទៅនឹងអនុស្សរណៈនៃការព្រមព្រៀងខាងលើ។ ផែនការសកម្មភាព នឹងបង្ហាញ ពីដំណើរការលម្អិត និងក្របខ័ណ្ឌពេលវេលាការងារ៕