ភ្នំពេញៈជនជាប់ចោទ៣នាក់ កាលពីម្សិលមិញបានបដិសេធក្នុងសវនាការតុលាការកំពូលចំពោះការចោទប្រកាន់ពីករណីចាប់រំលោភសេពសន្ថវៈ រួចអារ ក សម្លាប់នារីម្នាក់ ប្រព្រឹត្តនៅភូមិ -ឃុំ ត្រពាំងថ្ម ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងឆ្នាំ ២០១៤ ជាសំណុំរឿងដែលតុលាការថ្នាក់ក្រោមផ្តន្ទាទោសជាប់គុកម្នាក់ៗ ៣០ ឆ្នាំ។
ជនជាប់ចោទទាំង៣នាក់រួមមាន ឈ្មោះ តុប ហ៊ីម អាយុ ៤០ ឆ្នាំ, ឈ្មោះ ប៉ិន ស៊ង អាយុ ៣០ ឆ្នាំនិងឈ្មោះ នាង សេងហ៊ួរ អាយុ ១៩ ឆ្នាំ បានឆ្លើយក្នុងបន្ទប់សវនាការ ដូចៗគ្នាថា ការចោទពួកគេថាចាប់រំលោភរួចសម្លាប់ស្ត្រីរងគ្រោះឈ្មោះ សិទ្ធិគឹមស្រូយ នោះមិនពិតទេ ព្រោះនៅថ្ងៃកើតហេតុពួកគេមិននៅជុំគ្នាទេ ប៉ុន្តែថាស្ត្រីរងគ្រោះរស់នៅ ភូមិជាមួយគ្នាមែន ។
ក្រុមជនជាប់ចោទឆ្លើយថា៖ «ពួកខ្ញុំប្តឹងសារទុក្ខមកតុលាការកំពូលពេលនេះព្រោះមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់សាលាដំបូងខេត្តកំពង់ចាម និងសាលាឧទ្ធរណ៍ទេ » ។
លោកព្រះរាជអាជ្ញា ឌុច គឹមសន តំណាងមហាអយ្យការសន្និដ្ឋានថា៖ «យោងតាមអង្គហេតុនិងរបាយការណ៍បង្ហាញថាយោងតែលើចម្លើយរបស់សាក្សីតែម្នាក់ ឈ្មោះ ពៅ ពន្លក ក្នុងការឆ្លើយដាក់បន្ទុកលើក្រុមជនជាប់ចោទតែប៉ុណ្ណោះ។ដូច្នេះ ខ្ញុំស្នើសុំឲ្យក្រុមប្រឹក្សាជំនុំជម្រះបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍ដើម្បីជម្រះឡើងវិញ» ។
ក្នុងបន្ទប់សវនាការ លោកមេធាវី ម៉ម ស៊ីដាណា និងលោក មេធាវី ស៊ុន ប៊ុនណារិទ្ធ ដែលការពារសិទ្ធិឲ្យជនជាប់ចោទទាំង៣នាក់បានសន្និដ្ឋានថា ក្នុងរឿងនេះកូនក្តីរបស់លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ ព្រោះក្រោយថ្ងៃកើត នគរបាលឃុំត្រពាំងថ្ម បានកោះហៅកូនក្តី ទាំង៣នាក់ទៅឆ្លើយបំភ្លឺ ហើយក៏ឲ្យត្រឡប់មកផ្ទះរៀងៗខ្លួនវិញ ដោយសមត្ថកិច្ចយល់ថា ពួកគេ មិនមែនជាជនដៃដល់។ ប៉ុន្តែក្រោយមក ខាងអាវុធហត្ថស្រុកជើងព្រៃ បានកោះហៅពួកគេម្តងទៀត ដោយមានតែក្មេងម្នាក់ ឈ្មោះ ពៅ ពន្លក ឲ្យឆ្លើយជាសាក្សីប៉ុណ្ណោះហើយចាប់ខ្លួនពួកគេតែម្តង ។
ទាំងលោក ម៉ម ស៊ីដាណា និងលោក មេធាវី ស៊ុន ប៊ុនណារិទ្ធ បានសន្និដ្ឋានថា៖ « រឿងនេះខាងប៉ូលិសដែលជាសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ រកមិនឃើញថា កូនក្តីខ្ញុំមានកំហុសទេ ប៉ុន្តែមិនដឹងយ៉ាងម៉េច បានជាខាងប៉េអឹម គេយកក្មេងជាអនីតិជនមកឆ្លើយដាក់បន្ទុកកូនក្តីខ្ញុំវិញ។យ៉ាងណា ខ្ញុំសុំតុលាការបង្វិលសុំណុំរឿងនេះទៅសាលាឧទ្ធរណ៍ជំនុំជម្រះឡើងវិញ » ។
បើតាមកំណត់ហេតុតុលាការបង្ហាញថា កាលពីរសៀលថ្ងៃ ២៥ តុលាឆ្នាំ ២០១៤ នារីរងគ្រោះឈ្មោះ សិទ្ធិ គឹមស្រូ អាយុ ២៤ ឆ្នាំ នៅភូមិត្រពាំង ឃុំត្រពាំងគ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានទៅឃ្វាលគោនៅវាលស្រែក្បែរភូមិ។ ឯជនជាប់ចោទ ឈ្មោះ តុប ហ៊ីម អាយុ ៤០ ឆ្នាំ កំពុងរកត្រីនៅបឹងក្បែរនោះ ខណៈជនជាប់ចោទ ២ នាក់ទៀត ឈ្មោះ ប៉ិន ស៊ង អាយុ ៣០ ឆ្នាំ និងឈ្មោះ នាង សេងហ៊ួរ អាយុ ១៩ ឆ្នាំ ក៏ចិញ្ចឹមទានៅក្បែរនោះដែរ។
កំណត់ហេតុដដែលថា ដោយក្រុមជនជាប់ចោទឃើញនារីរងគ្រោះនៅម្នាក់ឯង និងនៅទីស្ងាត់ផងនោះ ពួកគេក៏ព្រួតគ្នាចាប់រំលោភរហូតបានសម្រេចរៀងៗខ្លួន បន្ទាប់មកក៏ចាប់នាងអារ-ក សម្លាប់ចោល ដោយសារពួកគេ និងនារីរងគ្រោះស្គាល់គ្នា។
ក្រោយពីមានការផ្អើលថាមានមនុស្សស្លាប់នគរបាលស្រុកបានចុះស្រាវជ្រាវនិងបានឃាត់ខ្លួនអ្នកទាំង៣នាក់។
សំណុំរឿងនេះ ត្រូវសាលាដំបូងខេត្តកំពង់ចាម ផ្តន្ទាទោសកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៦ ឲ្យពួកគេជាប់គុកម្នាក់ៗ ៣០ ឆ្នាំ ដោយចោទពីបទ «រំលោភសេពសន្ថវៈ និងឃាតកម្មគិតទុកជាមុន» និងបង្គាប់ឲ្យរួមគ្នាសងជំងឺចិត្តទៅគ្រួសារនារីរងគ្រោះ ៨០ លាន រៀល៕