ភ្នំពេញ​ៈ នៅពេលដែល​មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា​ចំនួន​ ៣ នាក់​ បាន​ទៅ​ជួប​រូប​លោក​​នៅ​មណ្ឌល​ឃុំឃាំង​ជនភៀសខ្លួន​នៅ​រដ្ឋ Pennsylvania កាលពី​ខែ​ឧសភា លោក James ដែលជា​ជន​ត្រូវបាន​និរទេស​ម្នាក់​ក្នុង​ចំណោម ៣០ នាក់​ដែល​ទើបតែ​ត្រូវបាន​ប​ញ្ជួ​ន​មកពី​សហរដ្ឋអាមេរិក​ បាន​ឲ្យ​ដឹងថា​ ពួកគេ​និយាយ​វិជ្ជមានច្រើន អំពី​ប្រទេស​កម្ពុជា។

លោក​ថ្លែងថា​ ពួកគេ​បាន​ប្រាប់​លោក​​ថា ​ប្រទេសក្រ​កម្ពុជា​ បាន​ផ្លាស់ប្តូរ​យ៉ាងច្រើន​លែង​ជា​ទឹកដី​ដែល​ម្ដាយ​របស់​លោក​​ត្រូវ​រត់គេច​ចេញពី​ភាព​ភ័យ​រន្ធត់​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​និង​សង្គ្រាម​ទៀតហើយ។

លោក​រៀប​រាប់​ថា៖«នៅពេលដែល​មន្ត្រី​កម្ពុជា​ មកជួប​ពួកយើង​ ពួកគេ​បាន​ប្រាប់​យើង​ថា​ នឹងមាន​រោងចក្រ​ចម្រាញ់​ប្រេង​នៅទីនេះ​ ដូច្នេះហើយ​ នឹងមាន​អាជីវកម្ម​ជាច្រើន​ ដែល​ពួកគេ​ត្រូវការ​អ្នកធ្វើ​ការដែល​ចេះ​និយាយ​ភាសា​អង់គ្លេស​​ និង​ភាសាខ្មែរ»។

លោក James ថ្លែងថា៖«ពួកគេ​និយាយថា​ ខ្ញុំ​ក៏​អាច​ស្វែងរក​គ្រួសារ​ថ្មី​មួយ​នៅទីនេះ​បានដែរ​ គឺអាច​រក​ភរិយា​ដ៏​ល្អ​​ម្នាក់​បាន»។

ខណៈដែល​កំពុង​គិត​អំពី​អ្វីដែល​មន្ត្រី​កម្ពុជា​ បាន​និយាយ​អំពី​ការតាំង​ទីលំនៅ​ថ្មី​របស់លោក​​នេះ លោក James សម្តែង​ការព្រួយបារម្ភ​ថា​ លោក​​នឹងមិន​អាច​ជួប​មុខម្តាយ​របស់លោក​​បាន​ទៀត​ទេ​ នៅពេល​លោក​​ចាក​ចេញពី​សហ​រដ្ឋ​អាមេរិក។

លោក​ថ្លែងថា៖«ការចងចាំ​របស់​ម្តាយ​ខ្ញុំ​ គឺ​ពិតជា​រឿង​ដ៏​សោកសៅ​ណាស់។ ម្តាយ​របស់ខ្ញុំ​ គាត់​មិន​ចង់​វិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ទេ។ គាត់​នឹងមិន​វិលត្រឡប់​មកកាន់​ទីនេះ​វិញ​ទេ។ ការចងចាំ​របស់គាត់​ អំពី​ប្រទេស​កម្ពុជា​ គឺជា​រឿង​ដ៏​ឈឺចាប់​បំផុត​ ដូចជា​ការរត់​គេចចេញពី​​សង្គ្រាម ហើយ​នេះ​គឺការចងចាំ​ដែល​គាត់​ព្យាយាម​មិន​គិត​អំពី​វា​ទេ»។

លោក ​James គឺជា​ជន​ដែល​ត្រូវបាន​ប​ញ្ជួ​ន​មកកម្ពុជា​វិញ​ម្នាក់​ ក្នុងចំណោម​ជនកម្ពុជា​ដែល​ត្រូវបាន​បញ្ជូន​មកកាន់​ប្រទេស​​កម្ពុជា​វិញ​ចំនួន ៣០ នាក់​កាលពីពេលថ្មីៗនេះ និង​ក្នុង​ចំណោម​ប្រជា​ជន​កម្ពុជា ​​ ចំនួន ៧២៧ នាក់​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ គិត​ចាប់តាំងពី​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ត្រូវបាន​ចុះហត្ថលេខា​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ២០០២។

កិច្ចព្រម​ព្រៀង​នោះ បាន​អនុញ្ញាតឱ្យ​សហរដ្ឋអាមេរិក​ បញ្ជូន​ពលរដ្ឋ​កម្ពុជា​ ដែល​ត្រូវបាន​ផ្តន្ទាទោស​អំពី​បទ​ឧក្រិដ្ឋផ្សេងៗ​ ត្រឡប់​មកវិញ​ ដែល​ភាគច្រើន​នៃ​ពួកគេ​ បាន​ទៅដល់​សហរដ្ឋអាមេរិក​ ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន​ រត់​គេច​ពី​សង្គ្រាម​នៅពេលដែល​ពួកគេ​​នៅ​ជា​កុមារ​នៅឡើយ​ ហើយ​ពួក​គេ​​មិន​ចេះ​និយាយ​ភាសា​ខ្មែរ មិន​ដឹង​ពី​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ និង​​មិន​ដែល​ធ្លាប់​បាន​មក​កាន់​ប្រទេស​កម្ពុជា​​ទេ។

លោក James បន្តថា៖«ម្តាយ​របស់ខ្ញុំ​ នឹង​មិន​វិល​ត្រលប់មក​ប្រទេស​កម្ពុជា​វិញ​ទេ។ ដូច្នេះហើយ​ប្រសិនបើ​ខ្ញុំ​រស់​នៅ​ទីនេះ នោះ​ខ្ញុំ​នឹង​មិន​អាច​បាន​ជួប​មុខ​គាត់​ម្តង​ទៀត​ទេ»។

ម្តាយ​របស់​លោក​​បានក្លាយ​ជា​ពលរដ្ឋ​អាមេរិក​ នៅ​ពេល​គាត់​មាន​អាយុ​ទើបតែ ៦ ឆ្នាំ​ប៉ុណ្ណោះ។

បុរសម្នាក់ទៀតឈ្មោះ Dan ទើបតែ​ត្រូវបាន​ប​ញ្ជួ​ន​ត្រឡប់​មក​វិញ​កាល​ពីពេលថ្មីៗ​នេះ​ដែរ​ លោក​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ឧក្រិដ្ឋ លក់​កញ្ឆា​នៅ​ឆ្នាំ ២០០១ នៅពេលដែល​​លោក​​មាន​អាយុ១៩ឆ្នាំ។ លោ​បាន​ជាប់​ពន្ធនា​គា​រ​ចំនួន ៣ ឆ្នាំ ហើយ​នៅ​ពេល​នេះ​ លោក​​មាន​អាយុ​៣៧​ឆ្នាំ​ហើយ។

Dan ត្រូវបាន​សាច់​ញា​តិជួយឧបត្ថម្ភ​ធានា​ឲ្យ​ទៅ​រស់នៅ​សហរដ្ឋ​អា​មេ​រិច ​នៅពេលដែល​លោក​​ទើបតែ​មាន​អាយុ ១ ឆ្នាំ​ប៉ុណ្ណោះ ហើយ​ជា​លទ្ធផល​ លោក​បាន​​បន្សល់ទុក​កូន​ចំនួន ៥ នាក់​និង​ភរិយា​របស់​លោក​​រស់នៅ​ទីនោះ។

លោក​រៀបរាប់ថា៖«ខ្ញុំ​បាន​សុំ​អង្វរ​គេ​កុំឱ្យ​បញ្ជូន​ខ្ញុំ​ត្រឡប់មកវិញ​។ ខ្ញុំ​បាន​សួរ​ពួកគេ​ថា បើ​សិន​គេ​បញ្ជូន​ខ្ញុំ​ត្រឡប់​មក ​តើ​ពួកគេ​អាច​បញ្ជូន​ខ្ញុំ​ត្រឡប់​ទៅវិញ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​បានទេ ដើម្បី​ឲ្យ​ខ្ញុំ​អាច​មើលថែ​ម្តាយ​ចាស់ជរា​របស់ខ្ញុំ​ ដែល​កំពុង​មាន​ជំងឺ​និង​មាន​អាយុ ៧១ ឆ្នាំ​ហើយ​នោះ ពីព្រោះ​បារម្ភ​ខ្លាច​គាត់​ស្លាប់ ? ប៉ុន្តែ​ពួកគេ​មិនបាន​ខ្វល់​ខ្វាយ​អំពី​បញ្ហា​របស់​យើង​ទេ។ គេ​មិន​ខ្វ​ល់​អំពី​ពួក​យើង​ទេ»។

លោក Dan ត្រូវ​បាន​បញ្ជូនទៅ​មណ្ឌល​ឃុំ​ឃាំង​នៅក្នុង​ខែ​មេសា។

លោក James និយាយ​ថា លោក​​ត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល ៤ ខែ។ បន្ទាប់ពី​រយៈពេល​ពីរ​ខែ​ ពួកគេ​បាន​ប្រាប់​លោក​​ថា ​ឯកសារ​ធ្វើដំណើរ​របស់លោក​​មក​ពី​ប្រទេស​កម្ពុជា​បានមក​ដល់​ហើយ នៅពេលនោះ​លោក​ខូច​ចិត្ត​យ៉ាងខ្លាំង។

លោក​រៀប​រាប់ថា៖«នៅពេល​ចាក​ចេញពី​យន្តហោះ​ ខ្ញុំមាន​អារម្មណ៍​ថា ​ខ្ញុំ​មិនមែនជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ពិបាក​ខ្លាំង​ណាស់។ ខ្ញុំ​មិន​ចង់​ចាក​ចេញ​ពី​ព្រលាន​យន្ត​ហោះ​ទេ»។

លោក​ថ្លែងថា៖«វា​លំបាក​ណាស់​សម្រាប់​ពួកយើង​ ដែល​រស់នៅ​ទីនេះ​ ដោយ​គ្មាន​ក្រុមគ្រួសារ​របស់​យើង​រស់នៅ​ជាមួយ។ ជា​រៀងរាល់​ព្រឹក​ នៅពេលដែល​ខ្ញុំ​ក្រោក​ឡើង ខ្ញុំ​បាន​សួរ​ដល់​ព្រះ​ជា​ម្ចាស់​ថា ហេតុអ្វី​បានជា​ពួកគេ​ធ្វើបែបនេះ​ចំពោះ​ខ្ញុំ។ ប៉ុន្តែ​តើ​ខ្ញុំ​អាចធ្វើ​អ្វី​បាន? ម្តាយ​របស់ខ្ញុំ​យំ​ជា​រៀងរាល់ថ្ងៃ។ វា​ពិតជា​ពិបាក​ណាស់»។

នៅ​ថ្ងៃទី ២២ ខែសីហា​ ប្រធាន​អគ្គ​នាយក​ដ្ឋាន​​អត្តសញ្ញាណ​កម្ម​កម្ពុជា​ បាន​ទៅ​ទទួល​ជន​ត្រូវ​ប​ញ្ជួ​ន​ត្រឡប់​មក​វិញ​​ពី​ព្រលានយន្ដ​ហោះ ហើយ​បា​នប​ញ្ជួ​ន​ពួកគេ​បន្តទៅ​កាន់អង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង ឬ​ហៅ​កាត់​ថា​ខ្វាវ (KVAO) ។ នេះ​គឺជា​លើក​ទីមួយ​ហើយ​ ដែល​ពួកគេ​ជាន់​លើទឹក​ដី​កម្ពុជា។

អង្គការ KVAO ដែល​ទទួលបាន​ជំនួយ​ពី​សហរដ្ឋ​អា​មេ​រិក​ និង​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០០២ បាន​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា ​ដែល​ត្រូវបាន​និរទេស​ខ្លួន​មកពី​សហរដ្ឋអាមេរិក​វិញ។ អង្គការ​នេះ បាន​ជួយ​ទាំង​លិខិតស្នាម​និង​ការងារ​ក៏ដូច​ជា​ជួយ​ពួកគេ ​ឲ្យ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ផង​ដែរ។

Dan និយាយថា៖«ពួកយើង​មិនអាច​អាន​និង​សរសេរ​ភាសា​ខ្មែរ​បានទេ។ អង្គការ​បាន​ជួយផ្តល់​ចំណីអាហារ​ឲ្យ​ពួកយើង និង​រក​កន្លែង​ឲ្យ​ពួកយើង​រស់នៅ។ [ប្រជាជន] ក្នុង​តំបន់​ជាច្រើន​ គឺ​ក្រីក្រ​ខ្លាំងណាស់ ​ហើយ​ពួកគេ​មិន​ទទួល​បាន​ជំនួយ​ដូច​យើង​ទទួល​បានទេ​ ដូច្នេះហើយ​ខ្ញុំ​មាន​អារម្មណ៍​​អៀន​ខ្លួន​ណាស់»។

លោក James និយាយ​ថា៖«ខ្ញុំ​មិន​ចង់​ក្លាយជា​ប្រភេទ​មនុស្ស​ដែល​មិនចេះដឹងគុណ​នៅពេល​គេ​បាន​ជួយ​យើង​ទេ»។

លោក James មាន​បទពិសោធ​ការងារ​ភោជនីយដ្ឋាន​ ដែល​លោក​​ធ្លាប់​ធ្វើការ​នៅ​សហរដ្ឋអាមេរិក ដូច្នេះហើយ​លោក​​នឹង​ស្វែង​រក​ការងារ​នៅក្នុង​វិស័យ​នេះ។

លោក​និយាយ​ថា​ លោក​​សុខ​ចិត្ត​ចាប់​ផ្តើម​ពី​ចំណុច​ក្រោម​ទៅវិញ។

លោក​ ប្រុក​ ម៉ៃ​ ​អ្នក​នាំពាក្យ​អគ្គនាយក​ដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ ​បាន​ថ្លែងថា​ នាយកដ្ឋាន​របស់​លោក ​នឹង​ចេញ​សំបុត្រ​កំណើត​ឲ្យ​អ្នក​ដែល​​ត្រូវបាន​ប​ញ្ជួ​ន​មក​វិញ​​ទាំង​៣០​នាក់​នោះ។ ជាង​ពាក់ក​ណ្តាល​នៃ​ពួក​គេ​ បាន​ជួបជុំ​ជា​មួយ​សាច់​ញាតិ​របស់​ពួកគេ​រួច​ហើយ។

លោក​ថ្លែង​ថា​៖«យើង​កំពុង​ដំណើរ​​ការ​ធ្វើ​សំបុត្រកំណើត​សម្រាប់​ពួកគេ​ ពីព្រោះ​ពួកគេ​ ទើបតែ​មកដល់។ ដូច្នេះ​នៅ​សប្តាហ៍​ក្រោយ​ ពួក​គេ​នឹង​អាច​ទទួល​បាន​សំបុត្រ​កំណើត​របស់​ពួកគេ ហើយ​ពួកគេ​ក៏​នឹង​ទទួលបាន​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​ពួកគេ​ផង​ដែរ។ ពួក​គេ​នឹង​ក្លាយ​ជា​ពល​រដ្ឋ​កម្ពុជា»៕ NS