ភ្នំពេញៈ បណ្ដាញ​ដឹកនាំ​ដោយ​កុមារ​ និង​យុវជន​ចំនួន​ ៣ ​ជាមួយ​អង្គការ​ធ្វើការងារ​ផ្នែក​កុមារ​ម្សិលមិញ​រួម​គ្នា​ធ្វើ​យុទ្ធនាការ​ «​តោះ​ចូលរៀន​វិញ​» ​ដើម្បី​រក​ការគាំទ្រ​ពី​អ្នកពាក់ព័ន្ធ​ក្នុង​ការធានា​ចំពោះ​ការត្រឡប់​ចូលរៀន​វិញ​របស់​កុមារ​គ្រប់រូប និង​ទប់ស្កាត់​ការបោះបង់​ការសិក្សា​របស់​កុមារ បន្ទាប់ពី​ពួកគេ​រកឃើញ​ ៩៧% ​នៃ​កុមារ​ ២៣៩ ​នាក់​ តាម​រាជធានី ខេត្ដ​ចំនួន​ ១៥ បាន​រង​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ការរស់នៅ​ព្រោះ​វិបត្ដិ​ជំងឺ​កូវីដ​ ១៩​។

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ស្ដីពី​ការធ្វើ​យុទ្ធនាការ​របស់​បណ្ដាញ​ដឹកនាំ​ដោយ​កុមារ និង​យុវជន​ទាំង​ ៣ រួមទាំង​បណ្ដាញ​កុមារ​អ្នកតស៊ូ​មតិ​ (Child Advocate- Network) ​ក្រុម​តំណាង​យុវវ័យ និង​យុវជន​ (AYRG) ​និង​សមាគម​ចលនា​កុមារ​ និង​យុវជន​កម្ពុជា​ដើម្បី សិទ្ធិ​កុមារ​ (CCYMCR) ​បង្ហាញ​ថា ការធ្វើ​យុទ្ធនាការ​នេះ​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​អ្នកបង្កើត​គោលនយោបាយ​។

ក្នុងនោះ​មាន​ដៃគូ​អភិវឌ្ឍន៍​នានា សាធារណជន និង​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ​ក្នុង​ការធានា​ការត្រឡប់​ចូលរៀន​វិញ​របស់​កុមារ​គ្រប់ៗ​រូប​។ គោលបំណង គឺ​ដើម្បី​ទប់ស្កាត់​ការបោះបង់​ការសិក្សា និង​ការជួញដូរ​កម្លាំង​ពលកម្ម​លើ​កុមារ បន្ទាប់ពី​សាលារៀន​ទូទាំង​ប្រទេស​កម្ពុជា​ត្រូវបាន​បិទ​ក្នុង​រយៈពេល​យូរ​ដោយសារ​ជំងឺ​កូវីដ​ ១៩​។

សេចក្ដី​ប្រកាស​បង្ហាញ​ថា​៖ «​តាម​ការស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​បណ្តាញ ដែល​ដឹកនាំ​ដោយ​កុមារ​ និង​យុវជន​ស្តីពី​ផលប៉ះពាល់​នៃ​វិបត្តិ​កូវីដ​១៩ ចំពោះ​កុមារ​ និង​មនុស្ស​វ័យក្មេង​នៅ​កម្ពុជា​ ៩៧% នៃ​កុមារ​ ២៣៩ ​នាក់​ ដែល​បាន​ធ្វើការ​ស្ទង់មតិ​បង្ហាញថា ជំងឺ​កូវីដ ​១៩​ បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​ដោយ​ ៤៨ ​ភាគរយ ​នៃ​ពួកគេ​បង្ហាញ​ថា​ជីវិត​របស់​ពួកគេ​ត្រូវ​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​ដោយ​ជំងឺ​កូវីដ​ ១៩»​។

កញ្ញា​ ហួ បុប្ផា ប្រធាន​ក្រុមគាំទ្រ កុមារ និង​យុវជន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា តាម​ការស្ទង់មតិ​ដែល​រកឃើញ​បង្ហាញ​ថា កុមារ និង​មនុស្ស​ពេញវ័យ​ដែល​បាន​បោះបង់ចោល​ការសិក្សា ព្រោះ​ពួកគាត់​បាន​ទទួល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ក្រោយ​ពេល​ពួកគាត់​រៀន​តាម​អនឡាញ​ក្នុង​អំឡុងពេល​ជំងឺ​កូវីដ​ ១៩​ នេះ​។

កញ្ញា​បន្ដថា​៖ «​ដូច្នេះ​ពួកយើង​ចង់​ឲ្យ​ពួកគាត់​ត្រឡប់​ទៅ​ចូលរៀន​វិញ ដោយ​អនុវត្ដ​ការថែរក្សា​អនាម័យ និង​គោលការណ៍​ណែនាំ​របស់​ក្រសួង​ពាក់ព័ន្ធ​។ ព្រោះ​យើង​មិន​ចង់ឃើញ​អត្រា​នៃ​ការបោះបង់ចោល​ការសិក្សា​របស់​កុមារ និង​មនុស្ស​ពេញវ័យ​ក្នុង​អំឡុងពេល​វិបត្ដិ​ជំងឺ​កូវីដ​ ១៩ ​នេះ​ទេ​»​។

បុប្ផា បន្ថែម​ថា​ការសិក្សា​ពី​ផ្ទះ​តាមរយៈ​អនឡាញ​មាន​ផលវិបាក និង​ផលប៉ះពាល់​ជាច្រើន​ក្នុង​នោះ​មាន​ផលវិបាក​នៃ​សេវា​អ៊ីនធឺណិត អាណាព្យាបាល​ក្នុង​គ្រួសារ​បង្គាប់​ឲ្យ​កុមារ និង​មនុស្ស​ពេញវ័យ​ធ្វើការងារ ដែល​ប៉ះពាល់​ដល់​ពលកម្ម​កុមារ​នាំឲ្យ​កុមារ​មិនអាច​សិក្សា​បាន​ជាប់លាប់​ឡើយ​។

លោក​ ធន់ ពិទិ អនុប្រធាន​ក្រុម​គាំទ្រ​កុមារ​ និង​យុវជន​និយាយ​ថា ក្រោយ​បញ្ចប់​យុទ្ធនាការ​ បណ្ដាញ ដឹកនាំ​ដោយ​កុមារ និង​យុវជន និង​បន្ត​ជួប​ជាមួយ​ក្រសួង និង​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​គ្នា​លើ​បញ្ហា​ដែល​កំពុង​កើតមានឡើង​ចំពោះ​កុមារ និង​មនុស្ស​ពេញវ័យ​នេះ​។

លោក​ថ្លែងថា​៖ «​យុទ្ធនាការ​នេះ​គឺ​យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ​ទៅកាន់​សាធារណជន ដើម្បី​ចូលរួម​ទប់ស្កាត់​ការបោះបង់​ការសិក្សា​របស់​កុមារ និង​មនុស្សពេញវ័យ​ក្នុង​វិបត្ដិ​ជំងឺ​កូវីដ​​ ១៩ ​នេះ​»​។

លោក​ថា តាមរយៈ​ការមើលឃើញ​បញ្ហា​ប្រឈម​របស់​កុមារ និង​មនុស្សពេញវ័យ ដែល​បាន​បោះបង់​ការសិក្សា​អំឡុងពេល​វិបត្ដិ ជំងឺ​កូវីដ​ ១៩ ទើប​បណ្ដាញ​ដឹកនាំ​ដោយ​កុមារ​ និង​យុវជន​ចង់​នាំ​សំឡេង និង​ផល​លំបាក​របស់​ពួកគេ​ទៅកាន់​អ្នកពាក់ព័ន្ធ​ឲ្យ​បានដឹង និង រួមគ្នា​ស្វែងរក​ដំណោះស្រាយ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​ក្រសួង​អប់រំ ស្វាគមន៍​មតិយោបល់ និង​កិច្ចសហការ​វិជ្ជមាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ការចូលរួម​ចំណែក​ការងារ​កំណែទម្រង់​អប់រំ យុវជន និង​កីឡា តាម​គ្រប់​រូបភាព​»៕