ភ្នំពេញៈ ដោយអមជាមួយនឹងសំឡេងភ្លេង និងការផ្ទុះអាវុធក្រុមបុរសដែលប្រដាប់ដោយអាវុធ និងស្ត្រីដែលបង់កក្រមាក្រហមរបស់ខ្មែរក្រហមបានដើរឆ្លងកាត់វាលពិឃាត ហើយពួកគេបានបាញ់ និងភ្ជង់អាវុធរបស់ខ្លួនទៅរកប្រជាជន។ ឈុតឆាកនេះបានសម្ដែងឡើងដើម្បីរំឭកដល់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ហើយត្រូវបានប្រារព្ធធ្វើឡើងកាលពីម្សិលមិញដើម្បីរំឭក «ទិវាជាតិនៃការចងចាំ» ដែលបានក្លាយជាទិវាជាតិដែលជាថ្ងៃឈប់សម្រាកសាធារណៈនាឆ្នាំនេះ។
ពិធីដែលប្រារព្ធធ្វើឡើងនៅវាលពិឃាតជើងឯកក្នុងខណ្ឌដង្កោ ជាទីកន្លែងដែលប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវបានសម្លាប់ និងបោះចូលទៅក្នុងរណ្តៅក្នុងអំឡុងចុងទសវត្សរ៍ ៧០។ ពិធីនេះមានអ្នកចូលរួមប្រមាណ ២០០០ នាក់។
អ្នកចូលរួមក្នុងពិធីនេះបាននិយាយថារបបខ្មែរក្រហមដែលបានដឹកនាំប្រទេសពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ បានបង្ខំ និងបណ្តេញប្រជាពលរដ្ឋចេញពីទីក្រុងទៅរស់នៅជនបទសម្លាប់អ្នកចេះដឹង លុបបំបាត់ទ្រព្យសម្បត្តិ ទីផ្សារ រូបិយប័ណ្ណ វត្តអារាម វិហារសាសនា ផ្សឹកព្រះសង្ឃ បិទមន្ទីរពេទ្យ សាលារៀន ជំនឿសាសនា និងបង្ខំប្រជាពលរដ្ឋ ឲ្យប្រព្រឹត្តល្មើសនឹងសាសនារបស់ខ្លួនបង្ខំឲ្យធ្វើការងារលើសកម្លាំងទាំងថ្ងៃទាំងយប់ មានការបំបែកបំបាក់គ្រួសារ គំរាមកំហែង បាញ់ និងសម្លាប់ជារៀងរាល់ថ្ងៃហើយប្រជាពលរដ្ឋស្លាប់ដោយសារអត់ឃ្លាន ទុក្ខសោក ឈឺចាប់ និងភាពអយុត្តិធម៌ ពួកគេត្រូវចាប់ដាក់ខ្នោះ អារក វះទ្រូង យកថ្លើម វាយសម្លាប់នឹងចបកាប់ ពូថៅ គល់ឫស្សី ដំបង ឆក់ខ្សែភ្លើង ប្រើធាងត្នោតសម្លាប់មនុស្ស និងទាញក្រចក ព្យួរក។
នៅពេលបន្ទាប់មកពិធីនេះបានអបអរសមិទ្ធផលជាច្រើនដែលត្រូវបានគេអធិប្បាយថាសម្រេចបាន ដោយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចដែលបានជួយមនុស្សចាស់ និងបានកសាងផ្លូវថ្នល់ និងស្ពាន និងបានយកឈ្នះលើរបបព្រៃផ្សៃខ្មែរក្រហម ថែមទាំងបានធ្វើការអភិវឌ្ឍសេដ្ឋកិច្ច ប្រជាធិបតេយ្យ និងស្ថិរភាពនយោបាយ និងគោរពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន។
គណបក្សប្រជាជនកម្ពុជា ជាយូរមកហើយបានហៅខ្លួនឯងថា ជាអ្នកនាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជា ហើយវោហាសាស្ត្រនេះត្រូវបានលើកឡើងជាញឹកញាប់ជាពិសេសនៅមុនការបោះឆ្នោតចូលមកដល់។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីព្រឹត្តិការណ៍នេះថាវាសំខាន់ដែលត្រូវការពារ មិនឲ្យមានការបំផ្លាញសន្តិភាពដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខិតខំប្រយុទ្ធយ៉ាងលំបាកដើម្បីទទួលបាន។
លោកបន្តថា៖ «ដើម្បីការពារមិនឲ្យមានរបបនេះត្រឡប់មកវិញក្នុងប្រទេសកម្ពុជា ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាសូមរក្សាសន្តិភាពដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបូជាតាំងពីលោកអាយុ ១៨ ឆ្នាំ»។
លោកបន្តថា៖ «ដើម្បីរំឭកដល់យុវជនទាំងអស់នៅក្នុងជំនន់ក្រោយដើម្បីការពារ មិនឲ្យរបបនេះត្រឡប់មកវិញ ដោយសាររបបនេះសាហាវព្រៃផ្សៃ និងសម្លាប់ពូជសាសន៍ខ្លួនឯង ដូចដែលបងប្អូនបានឃើញនៅក្នុងឆាកសម្តែង សូម្បីតែម្តាយរបស់ខ្លួនក៏ពួកគេមិនទុកជីវិតឲ្យដែរ ដោយគាត់ជាកូនរបស់អង្គការ គាត់ត្រូវតែសម្លាប់ម្តាយដោយចោទប្រកាន់ថាក្បត់អង្គការ។ នេះជាការឈឺចាប់ និងពិបាកនៅក្នុងរបបខ្មែរក្រហម ហើយយើងបានជួបបទពិសោធជាក់ស្តែង ហើយនេះមិនមែនជារឿងប្រឌិតទេ វាជារឿងពិតដែលបានកើតឡើងនៅក្នុងទឹកដីកម្ពុជា»។
លោកបានបន្ថែមថាប្រជាជនដែលមានវ័យ ៥០ ឆ្នាំពួកគាត់នៅចងចាំអំពីរឿងនេះហើយពួកគាត់មិនចង់ឲ្យវាកើតឡើងម្តងទៀតទេ សូម្បីតែយុវជនជំនាន់នេះក៏មិនចង់ឃើញរបបនេះកើតឡើងម្តងទៀតដែរ។
ការថ្លែងរបស់លោក ឃួង ស្រេង នេះគឺហាក់បីដូចជាបន្ទរតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងថាជ័យជម្នះរបស់គណបក្សប្រឆាំងអាចធ្វើឲ្យប្រទេសជាតិធ្លាក់ទៅរកសង្គ្រាមម្តងទៀត។
លោក ហ៊ុន សែន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកដោយអបអរទិវានេះថា៖ «សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងដល់ពលរដ្ឋក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សជារៀងរហូត»។
អ្នកស្រី គីម លាប អាយុ ៧០ ឆ្នាំក្នុងអំឡុងរបបខ្មែរក្រហមរស់នៅខេត្តបាត់ដំបងបានថ្លែងថា៖ «ថ្ងៃនេះរបបនេះរុងរឿងដោយសារសម្តេចបានជួយសង្គ្រោះយើងទាន់ពេលវេលា ដែលយើងទាំងអស់គ្នាអាចនឹងត្រូវសម្លាប់ក្នុងអំឡុងខ្មែរក្រហម ហើយយើងប៊ិះនឹងគេយកទៅសម្លាប់»។
លោក ជា វ៉ាន់ថា អាយុ ៧០ ឆ្នាំដែលក្មួយប្រុស ៣ នាក់ កូន និងឪពុកក្មេក បានស្លាប់នៅក្នុងខេត្តតាកែវក្នុងអំឡុងរបបខ្មែរក្រហមថ្លែងថា៖ «វាដូចជារូបភាពដែលអ្នកបានឃើញ... ពួកគេប្រើយើងដោយមិនឲ្យអាហារ និងបានបំបែកបំបាក់យើងពីគ្រួសារ ហើយនៅពេលយើងឈឺ យើងមិនមានថ្នាំ និងមិនមានការព្យាបាល... ប្រជាពលរដ្ឋស្លាប់ ឬរស់នៅជាមួយនឹងការឈឺចាប់»។
«ទិវាជាតិនៃការចងចាំ» នេះកាលពីដំបូងត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ ១៩៨៤ ដែលកាលនោះត្រូវបានគេហៅថាជា «ទិវាចងកំហឹង» គឺបង្កើតឡើង ដើម្បីរំឭកឲ្យមានការចងចាំ ចំពោះរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់អស់ជិត ២ លាននាក់ក្នុងអំឡុងដែលរបបនេះបានដឹកនាំប្រទេសអស់រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃគឺចាប់ពីថ្ងៃទី ១៧ មេសាឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ ខែមករាឆ្នាំ ១៩៧៩៕ PS