ភ្នំពេញៈ ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​កម្មវិធី​ «​ពានរង្វាន់​ដឹងគុណ​» ​ដល់​អ្នកសារព័ត៌មាន ដែល​លះបង់​កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ចូលរួម​លើកកម្ពស់​វិស័យ​សារព័ត៌​មាន​នៅ​កម្ពុជា​រយៈពេល​ ៥ ​ទសវត្សរ៍​មកហើយ ចាប់ពី​ទសវត្សរ៍ ឆ្នាំ​ ១៩៧០ មកដល់​បច្ចុប្បន្ន​។ ពានរង្វាន់​នេះ​បែងចែក​ជា​ ២ គឺ​ពានរង្វាន់​ជយលាភី​ចំនួន​ ៥ ​នាក់ និង​ពានរង្វាន់​កិត្តិយស​ចំនួន​ ៥ ​នាក់​។

លោក​ ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​ឱ្យដឹងថា នេះ​ជា​លើកដំបូង​ក្នុង​ការរៀបចំ​កម្មវិធី​សម្រាប់​ការលើក​ទឹកចិត្ត​អ្នកសារព័ត៌មាន​។ គណៈកម្មការ​រៀបចំ​កម្មវិធី គ្រោង​ជ្រើសរើស​អ្នកសារព័ត៌មាន​ទាំងអស់ ជាពិសេស​អ្នកសារព័ត៌មាន​ជើងចាស់​ដើម្បី​សិក្សា​អំពី​ជីវប្រវត្តិ ស្នាដៃ ការងារ និង​លក្ខណសម្បត្តិ​ដាក់ជូន​គណៈកម្មការ​វាយតម្លៃ​ពិនិត្យ​។

លោក​ ផុស សុវណ្ណ ថ្លែង​ថា​៖ «​សម្រាប់​អ្នកសារព័ត៌មាន​ជើងចាស់​ទាំងអស់​គឺ​យើង​គិតថា គាត់​ធ្វើ​សារព័ត៌មាន​តាំងពី​ពេល​នោះ​មក​រហូត​មក​ដល់​ពេលនេះ​គាត់​អត់ឈប់​ទេ ហើយ​សម្រាប់​អ្នក​សារព័ត៌មាន​ថ្មីៗ​នៅ​ទសវត្សរ៍​ចុងក្រោយ នេះ គឺ​រើស​តែ​អ្នក​បាន​សញ្ញាបត្រ​ត្រឹមត្រូវ ហើយ​កំពុង​បំពេញការងារ​ក្នុង​អង្គភាព​សារព័ត៌មាន​»​។

បើតាម​លោក​ ផុស សុវណ្ណ ទាក់ទង​នឹង​ការជ្រើសរើស​នេះ គណៈកម្មការ​គ្រោង​ជ្រើសរើស​ ១ ​ទសវត្សរ៍​យក​ ២ ​នាក់​ គឺ​អ្នកទទួល​ពាន​ជយលាភី​ម្នាក់ និង​អ្នកទទួលពាន​កិត្តិយស​ម្នាក់​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​ចុងក្រោយ រាប់​ចាប់ពី​ឆ្នាំ​ ១៩៧០ ​មក​។ ការរៀបចំ​ឆ្នាំ​ដំបូង​នេះ​មាន​គណៈកម្មការ​ចំនួន ៥ ​រូប​ដែល​មកពី​ក្រសួង​ព័ត៌មាន ក្លិប​អ្នកកាសែត​កម្ពុជា freshnews សារព័ត៌មាន​ថ្មីៗ និង​សារព័ត៌មាន​ត្នោត​។ កម្មវិធី​នេះ​គ្រោង​រៀបចំ​ឱ្យ​បាន​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។

លោក​ គង់ វន អ្នកយកព័ត៌មាន​ជើងចាស់​កម្ពុជា​ដែល​ធ្លាប់​ចុះយក​ព័ត៌មាន​ក្នុងសម័យ​ឆ្នាំ​ ១៩៧០ ឱ្យដឹងថា ការចុះ​យក​ព័ត៌មាន​ក្នុងអំឡុង​ឆ្នាំ​ ១៩៧០ គឺ​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់ ជាពិសេស​នៅពេល​អ្នក​សារព័ត៌​ចូលទៅ​ចំ​កន្លែង សមរភូមិ​ដែល​មិន​បានដឹង​មុន ហើយ​អ្នកកាសែត​នៅតែ​មានះ​ចូលទៅ​ដើម្បី​ស្វែងរក​ព័ត៌មាន​។

«​អាជ្ញាធរ​ក្នុងសម័យ​នោះ​គឺ​គេ​លាក់​ការ ជួនកាល​មាន​ការប្រយុទ្ធ​គ្នា​ខ្លាំង ប៉ុន្តែ​គេ​បែរជា​ប្រាប់ថា​អត់​សូវ​មាន​ទេ មាន​តិចតួច​អ៊ីចឹងទៅ​។ ហ្នឹង​ជា​ឧបសគ្គ​មួយ តែ​នៅ​អាច​បាន​ព័ត៌មាន​ខ្លះ​ពី​អ្នក​រត់គេច​ខ្លួន ចុះឡើង​អីហ្នឹង​ប្រាប់​ថា មាន​គេ​បាញ់​គ្នា​ខ្លាំង​អ៊ីចេះ​ ១ អ៊ីចុះ​ ១ អ៊ីចឹងទៅ​។ គាត់​អត់​ព្រម​តាម​គាត់​ចូល​ទៅ​គ្រោះថ្នាក់​អ៊ីចឹង​មែន​»​។ នេះ​ជា​ការបញ្ជាក់​របស់​លោក​ គង់ វន​។

បើតាម​លោក​ គង់ វន អ្នកយក​ព័ត៌មាន​ក្នុង​សម័យ​ ១៩៧០ គឺមាន​ការប្រកួតប្រជែង​ដណ្តើម​គ្នា​ចូល​យក​ព័ត៌មាន មិន​រវល់​គិត​ខ្លាច​គ្រោះថ្នាក់​បង្កឡើង​ដោយ​ប្រការ​ណាមួយ​ឡើយ ទោះបី​ជាមាន​អ្នក​ប្រាប់ថា ខាងមុខ​មាន​គ្រោះថ្នាក់​យ៉ាងណា​ក៏ដោយ​។

អ្នកកាសែត​រូបនេះ​ថ្លែងថា​៖ «​បើ​ឃើញ​គេ​ឃាត់​ថា ឥឡូវ​ខាងមុខ​មាន​គេ​បាញ់​គ្នា​ខ្លាំង​អ៊ីចឹង អត់​មាន​អ្នកណា​មិន​ហ៊ាន​ទៅ​ទេ ព្រោះ​សុទ្ធតែជា​អ្នកសារព័ត៌មាន បម្រើ​ឱ្យ​ទីភ្នាក់ងារ​ព័ត៌មាន ដូចជា យូភីអាយ អេភី អាសង់ ហ្វ្រង់ហ្វ្រែស​អ៊ីចឹង​ទៅ ហើយ​ខាង​ខ្ញុំ​ហ្នឹង​ក្យូដូ គេ​មិន​ឱ្យទៅ​ក៏​នៅតែ​ទៅ ចូលៗ​ទៅ​ប៉ះ​ជាប់​អ៊ីចឹង​ទៅ​ហ្នឹង​បទពិសោធ​ខ្ញុំ​» ។

លោក​ មណ្ឌល កែវ អ្នកយក​ព័ត៌មាន​ជើងចាស់​ម្នាក់ទៀត​ដែល​ចាប់ផ្តើម​ការងារ​ជា​អ្នកកាសែត​ដំបូង​នៅ​ឆ្នាំ​ ១៩៨៥ បាន​ថ្លែងថា​ការចុះ​យក​ព័ត៌មាន​ក្នុងសម័យ​នោះ មិនមាន​ភាពងាយស្រួល​ដូច​ក្នុង​សម័យ​ថ្មី​នេះ​ទេ​។ កង់ គឺជា​មធ្យោបាយ​ធ្វើដំណើរ​ចុះ​ទៅ​ប្រមូល​ព័ត៌មាន ហើយ​ត្រូវ​ប្រញាប់​ត្រឡប់​មក​ទីស្នាក់ការ​វិញ​ដើម្បី​សរសេរ​ព័ត៌មាន សម្រាប់​ដាក់​ចេញ​ផ្សាយ​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​យើង​ថត​ជួប​សម្ភាស​បាន​ព័ត៌មាន​ហើយ គឺ​យើង​ត្រូវ​រូតរះ​ជិះ​កង់​ត្រឡប់មក​ទីស្នាក់ការ​វិញ​ដើម្បី​អង្គុយ​សរសេរ មិន​ដូច​បច្ចុប្បន្ន​អាច​សរសេរ​នៅ​ទីណា​ក៏បាន​នោះទេ​»​។

អ្នកកាសែត​ជើងចាស់​រូបនេះ​សម្តែង​ការគាំទ្រ​ចំពោះ​ការបង្កើត​ឱ្យ​មាន​កម្មវិធី​ផ្តល់​ពានរង្វាន់​ដឹងគុណ​សម្រាប់​អ្នកសារព័ត៌មាន ព្រោះ​កន្លងមក​កម្មវិធី​បែប​នេះ​ធ្លាប់​មាន​តែ​លក្ខណៈ​តូចតាច​មិន​សមរម្យ​ទៅនឹង​គុណបំណាច់​អ្នកសារព័ត៌មាន​។

លោក​ថ្លែងថា​៖ «​មែនទែន​ទៅ​អ្នកសារព័ត៌មាន​ជា​អ្នក​ដែល​ចូលរួម​ធំធេង​ណាស់​ក្នុង​ការកែលម្អ​សង្គម​ក្នុង​ការធ្វើ​ខ្លួន​ជា​កញ្ចក់ ដើម្បី​ឆ្លុះបញ្ចាំង​នូវ​ចំណុច​ខ្វះខាត​របស់​សង្គម គួរ​ណាស់​តែ​ត្រូវ​បាន​ទទួល​ការគិតគូរ ទទួល​នូវ​គុណបំណាច់​របស់​អ្នក​សារព័ត៌មាន​ក្នុង​ការកែលម្អ​សង្គម​»​។

លោក​ ពុយ គា អ្នកសារព័ត៌មាន​ជើងចាស់​នៅ​កម្ពុជា​ដែរ​នោះ​ថ្លែង​ថា ការលើកទឹកចិត្ត​ដល់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ជា​រឿង​សំខាន់ ព្រោះ​អ្នកសារព័ត៌មាន​ដើរតួនាទី​សំខាន់​ក្នុង​ការផ្សព្វផ្សាយ​ទូលំទូលាយ​ដល់​មហាជន ពលរដ្ឋ​ទូទៅ​ក៏​ដូចជា​ថ្នាក់ដឹកនាំ​។

«​មាន​ព័ត៌មាន​ច្រើនណាស់​ដែល​ខ្វះចន្លោះ​មិនបាន​ទៅដល់​ថ្នាក់ដឹកនាំ ហើយ​មិន​បានមក​ដល់​ថ្នាក់ក្រោម​វិញ​។ អ៊ីចឹង​អ្នកសារព័ត៌មាន​មាន​តួនាទី​សំខាន់​ណាស់​ដែល​ជួយ​រំលេច ជួយ​បំភ្លឺ ជួយ​បំពេញ​នូវ​ការចង់បាន ចង់ដឹង ចង់​ឮ​ពី​ប្រជាពលរដ្ឋ ហើយ​និង​ថ្នាក់ដឹកនាំ​ដែរ​»​។ នេះ​ជា​ការលើក​ឡើង​របស់​លោក​ ពុយ គា៕