ព្រះសីហនុៈ ក្រុម «យុវជន​សំរាម» បាន​ប្រមូល​កន្ទុយបារី​ប្រមាណ​ជិត ១ ម៉ឺន​កន្ទុយបារី ក្នុង​រយៈពេល ២ សប្តាហ៍ នៅ​តាម​ឆ្នេរ​អូ​ឈើ​ទាល បន្ទាប់ពី​ពួក​​គេបាន​បើក​​យុទ្ធនាការ​​ប្រមូ​​ល​កន្ទុយ​បារី​ឲ្យ​បាន ១ លាន​ពី​តាម​ឆ្នេរ​សមុទ្រ​​កម្ពុជា ដើម្បី​ចូលរួម​ការពារ​សោភណភាព និង​ការពារ​ជីវចម្រុះក្នុង​តំបន់​ទេស​ចរណ៍​ជាប់​មាត់​សមុទ្រ​ដ៏ល្បី​ល្បាញ​មួយ​នេះ។

បើតាម​ការប្រកាស​នៅតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​រប​ស់ ​​«យុវជន​សំរាម» កាលពី​ចុង​សប្តា​ហ៍មុន​​ សកម្មភាព​ប្រមូល​កន្ទុយបារី​នៅ​ឆ្នេរ​អូរ​ឈើទាល គឺធ្វើឡើង​រាល់​ចុង​សប្តាហ៍ ដោ​យ​មាន​ការចូលរួម​ពី​យុវជន​ស្ម័គ្រ​​ចិត្ត​ មកពី​​ភ្នំពេញ និង​យុវជន​​រស់នៅ​ខេត្ត​ព្រះសីហនុ​ផ្ទាល់។

ក្នុង​រយៈ​ពេល ២ សប្តាហ៍​មក​នេះ ក្រុមយុវជន​សំរាម បានរួម​គ្នា​ប្រមូល​កន្ទុយបារី​បាន​ប្រមា​ណ ៩ ៨៥៦ កន្ទុយបារី ដោយ​ប្រើ​ដៃ​ដើម្បី​រើស​ម្តងមួយៗ​ដាក់​ចូ​ល​​ទៅក្នុង​ដប​របស់​ពួកគេ ដែល​យុទ្ធនាការ​នេះមាន​ឈ្មោះ​ថា «បេសកកម្ម ១ លាន​កន្ទុយ​បារី​ នៅលើ​ឆ្នេរ​សមុទ្រ​កម្ពុជា»។

នេះបើ​តាមយុវជន ផល សុភ័​ក្ត្រ សមាជិក​ម្នាក់​នៃ​ក្រុម ​«យុវជន​សំរាម» ថ្លែង​ពី​ម្សិល​មិញ​។ យុវ​ជន​វ័យ ២៩ ឆ្នាំ​រូបនេះ លើក​ឡើ​ងថា ដោយ​សារតែ​មើល​ឃើញ​ពី​ការ​បោះ​ចោល​កន្ទុយ​បារី​ពាស​វាល​ពា​សកាល​ ពី​សំណាក់​​ទេស​​ចរ​បរទេសនិង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួ​ន ទើប​ក្រុមយុវជន​សំរាម​បាន​​បង្កើត​យុទ្ធនាការ​នេះ​ឡើង។

លោក​បន្តថា ជាទូទៅ​សារ​​ធាតុ​នៅ​ក្នុង​កន្ទុយ​បារី​ ពិត​ជា​មាន​ផលប៉ះពាល់​អាក្រក់ ដល់​ជីវចម្រុះ​ខ្លាំងណាស់​ដូច្នេះ​សង្ឃឹម​ថា ទង្វើ​នេះគឺជា​សារ​មួយ​ឲ្យ​​មានការ​ប​ញ្ឈប់​ការ​បោះចោល​កន្ទុយ​បារី​ពាសវាល​ពាសកា​ល ជាពិសេស​តាម​ឆ្នេរសមុទ្រ។

លោក ផល សុភ័ក្ត្រ បញ្ជាក់ថា៖ «និយាយ​រួម​ទៅគោលដៅ​រប​ស់​យើងគឺ​មិនមែន​ចង់​រើ​ស (កន្ទុ​យ​​បារី) ឲ្យ​គ្រប់ ១ លាន​ហ្នឹង​ទេ គឺ​ចង់​បញ្ឈប់​ឲ្យ​ពួកគាត់ ដែលជា​ជនជាតិ​ចិន ខ្មែរ អីហ្នឹង ឈប់​បោះ​កន្ទុយ​​បារី​ចោលនៅ​កន្លែ​ង​ឆ្នេរសមុទ្រដោយ​ឲ្យ​ពួកគាត់រ​ក​អី​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ ដូច​ជា​ប៊ីដុង​ទឹក។ ពួក​ខ្ញុំ​រើស​ហ្នឹង មិនមែន​រើស​ឲ្យ​តែ​បាន ១ លាន​ហ្នឹង​ទេ គឺ​គោលបំណង​ធំ​របស់​ពួក​ខ្ញុំ គឺ​អត់​ចង់​ឲ្យ​មានការ​បោះ​​ចោល​កន្ទុយ​បារី​លើ​ឆ្នេរ​អ៊ីចឹង»។

កាលពី​ពាក់កណ្តាល​ខែ​កក្ក​ដា លោក សាន ដា​រ៉ា​វិត ស្ថាបនិក​នៃ​ក្រុម «យុវជន​សំរាម» បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុ​ក​របស់​លោក​​ថា កន្ទុយ​បារី​មាន​សារ​ជា​​តិ​ញៀននិងសារជាតិ​គីមី​ជា​ច្រើន​​ប្រភេទ​ផ្សេងទៀត ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សត្វ​សមុទ្រ និង​មនុស្ស​ដែល​ចុះ​លេង​ទឹក​នៅ​​ទីនោះ​ផងដែរ។ «គ្រប់ពេល​ដែ​ល​មាន​រល​ក​បោក​បក់​មកកាន់​ឆ្នេរ​ក៏​បា​ន​​នាំយក​សារជាតិនីកូទីន​និង​កន្ទុ​​​យ​បារី​ស្នោ​ទាំងនោះ​ទៅ​ក្នុង​​សមុ​ទ្រ​វិញដូច្នេះ​កន្ទុយ​បារីឬ​សារ​ជា​តិ​គីមី​ទាំង​នោះ​ អាច​នឹ​ង​​ក្លាយ​ជា​ចំណី​ត្រី​សមុទ្រ»។

បើ​តាម​របាយការណ៍អង្គ​​ការ NGO Ocean Conservancy កន្ទុយបារី គឺ​ជា​​សារធាតុ​គីមី​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​សត្វ​សមុទ្រ និង​ជា​ប្រភព​ធំ​បំផុ​ត​ នៃ​សំរាម​ក្នុង​មហា​សមុទ្រ​។ ការ​បំពុល​លើ​មហា​សមុទ្រគឺជា​បញ្ហា​​ដ៏​ធ្ងន់ធ្ងរ​មួយហើយ​វា​កំពុង តែ​ចោ​ទ​ជា​បញ្ហា និង​ក្លាយជា​ព័ត៌មាន​ដ៏​ក្ដៅ​គគុក​​ផងដែរ។

ជាមួយ​នឹង​សកម្ម​ភាព​របស់ ​«យុវជន​សំរាម» អង្គការ UN​DP Cambodia បាន​បង្ហោះ​​​លើ​ទំព័​​រ​​ហ្វេ​ស​ប៊ុក​​ថា កន្ទុយ​បារី​មួយ​ដើ​ម អាច​ប្រើ​រយៈពេល​រហូត​ដល់ ១​០ ឆ្នាំ ដើម្បី​រលាយ។ ជា​មួយ​នឹង​ការ​បង្ហោះ​សារ​បែបនេះអង្គការ​នេះ ក៏បាន​កោត​សរសើរ​ ចំពោះ​​សកម្មភាព «យុវជន​សំរាម» ដែ​ល​បាន​ប្រកាស​ពី​យុទ្ធ​នា​​​ការ​ក្នុង​ការដើរ​រើស​សំរាមឬ​កន្ទុ​យ​បារី​នៅ​តាម​ឆ្នេរ​សមុទ្រ​​ផងដែរ​។

លោក ឃាង ភារ​ម្យ អ្នក​នាំ​​ពាក្យ​សាលាខេត្ត​ព្រះសីហនុ ថ្លែង​ថា សកម្មភាព​ទាំង​នេះ គឺ​ជាការ​ឆ្លុះ​ប​ញ្ចាំ​ង​ពី​ការ​ចូល​រួម​របស់​យុវជន ដែល​មិនអាច​ខ្វះ​បាន សម្រាប់​អាជ្ញាធរ។ លោ​ក​បន្ត​ថា អាជ្ញាធរ តែង​តែ​ចូលរួម​គាំទ្រ និង​លើក​ទឹក​ចិត្ត​ ឲ្យ​ពួក​គាត់​បន្ត​សកម្មភាព​បែប​នេះ បន្ថែម​ទៀត។

លោក​បន្ត​ថា៖ «ចំពោះ​បញ្ហា​បរិស្ថាន ការ​ចូល​រួម​ពីយុវជន ពីវិស័យ​ឯកជន ពីស្ថាប័ន​នានាគឺយើង​គាំទ្រ ព្រោះ​យើង​មាន​ចក្ខុ​វិស័យ​ដូចគ្នា ដោយ​ធ្វើយ៉ា​ងម៉េច​ឲ្យ​បរិស្ថាន​យើង​​ស្អាត ជាពិសេស​នៅ​ក្នុង​តំបន់​ឆ្នេរ។ មិន​ថា ការ​បំពុល​សំរាម មិន​ថា ក្លិន​ស្អុយ មិនថា​កន្ទុយ​បារី​ហ្នឹង​ទេ គឺ​ជា​សកម្ម​​ភាព​របស់​ពល​រដ្ឋហ្នឹង គឺជា​សកម្ម​ភាព​ដែល​ល្អ ដែល​រដ្ឋ​​បាល​ខេត្ត​ចូលរួម​គាំទ្រ»។

នៅ​ថ្ងៃទី ៣ នៃ​យុទ្ធ​នាការ​ប្រមូ​ល​​កន្ទុយ​បារី​ក្នុង​សប្តាហ៍​នេះ​ក្រុម ​«យុវជន​សំរាម» ដែ​ល​​នឹង​បន្ត​យុទ្ធនាការ​ ដើរ​រើស​កន្ទុយ​បារី​តាម​ឆ្នេរ​សមុទ្រ​បន្ត​ទៀ​ត រំពឹង​ថានឹង​មាន​អ្នកចូលរួម​សក​ម្ម​ភា​ព​នេះ​កាន់​តែ​ច្រើន​ ដើម្បី​ប្រមូល​កន្ទុយបារី​ឲ្យ​អស់ពី​មាត់​សមុ​ទ្រ​​កម្ពុជាហើយនឹង​ធ្វើ​ឲ្យ​តំបន់​ទេស​​​ចរណ៍​តាម​មា​ត់​​សមុទ្រ​មួយ​នេះ មាន​សោភណ​ភាព ​មាន​ខ្យល់​អាកាស​បរិ​សុ​​ទ្ធ ដោយ​គ្មាន​សំរា​ម​ដើម្បី​ទាក់​ទា​ញ​ទេស​ចរឲ្យ​កា​ន់​តែច្រើន​ចូល​ទៅ​កម្សាន្ត៕