ភ្នំពេញៈ ប្រឡាយ​លូទឹក​ស្អុ​យ​​បឹង​ត្របែក ដែល​កាល​​ពី​មុន​​ពេ​ញ​ខាប់​ទៅ​ដោយ​សំរាម​ ដែល​​ក្នុង ១ ថ្ងៃៗ​ក្រុម ​«យុវជន​​សំរាម» ខំប្រឹង​ប្រមូល​ស្ទើរ​តែ​មិន​​ចង់​អស់​នោះ​ ប៉ុន្តែ​​នៅ​ពេល​នេះ​ស្ទើរ​តែ​​លែង​មាន​សំរាម​ទៀត​ហើយ​ ដែល​​នេះ​ជា​ជោគជ័យ​មួយ​ធ្វើ​ឲ្យ​ក្រុម​យុវជន​សំរាម​​ប្រកាស​ចងក្រង​បង្កើត​បណ្តាញ​ប្រមូល​សំរាម​នៅ​ទូទាំង​ប្រទេស។

អស់​រយៈពេល​ជាង ៤ ខែ ​មក​ហើយដែល​យុវជន​ស្ម័គ្រចិត្ត ១ ក្រុម បាន​ដាក់​ឈ្មោះ​ពួកគេ​ថា ជា «យុវជន​សំរាម» បាន​នាំគ្នា​ប្រមូល​សំរាម ​នៅក្នុង​ប្រឡាយ​លូ​ទឹក​ស្អុយ​បឹង​ត្របែ​​ក ហើយ​រហូ​ត​មក​ទល់​ពេល​នេះ ​លទ្ធ​​ផ​ល​ដែល​ទទួលបាន​គឺ​​ដូច​ការ​រំពឹ​ងទុក ព្រោះ​ក្នុង​ប្រឡាយ មិនសូវ​មាន​សំរាម​ដូច​មុន​ទៀត​ទេ​ ហើ​យ​ការ​ទុកដាក់​សំរាម​របស់​ពលរដ្ឋ​នៅតាម​ប្រឡា​យ​ក៏មា​ន​​របៀប​ជាង​មុន​ផងដែរ។

ទោះ​យ៉ាង​ណា​ក៏​យុវជន​សំរា​ម ដែលមាន​គ្នា​ជាង ២០ នាក់​ នៅតែ​មិនទាន់​ពេញ​ចិត្តនឹង​លទ្ធផល​នេះ​នៅឡើយ ដោយ​ពួកគេ​អះអាងថា នឹង​បង្កើត​បណ្តាញ​ឲ្យ​បាន​ច្រើនឬ​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំងប្រទេសដើម្បី​ពង្រី​ក​យុទ្ធ​នាការសម្អាត​បរិស្ថាន​ជា​ទៀងទាត់ដោយ​ធ្វើយ៉ាងណា​ឲ្យ​មា​ន​អ្នក​រើស​សំរាមច្រើន​ជាង​អ្នក​បោះ​សំរាម​ចោល។

លោក សាន ដា​រ៉ា​វិត ស្ថាបនិ​ក​​នៃ​ក្រុម «យុវជន​សំរាម» បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អា​​ទិត្យ ស្របពេល​ដែល​​រូបលោ​ក​ និង​សមាជិក​ក្រុម​ កំពុង​កែច្នៃ​សំរាម​ឲ្យ​ទៅជា​របស់​មាន​ប្រយោ​ជន៍​នៅក្នុង​រោង​ជួល ​១ កន្លែង ​​ក្បែរ​ប្រឡាយ​លូទឹក​ស្អុ​យ​បឹង​​ត្របែក​​ថា អ្វីដែល​ទទួល​បាន​ក្នុង​ពេលនេះគឺ​ទើបតែ​បា​ន ១០ ភាគរយ​ប៉ុណ្ណោះ នៃ​ម​ហិ​ច្ឆតា​របស់​ពួកលោក​ ដែល​ចង់​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​ថាជា​ប្រទេស​ដែល​មានការ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ។

ដោយ​ចង់​ឲ្យ​សម្រេច​​នូវ​ក្តី​​​ស្រ​មៃ​នេះ យុវជន​រូបនេះថ្លែង​ថា ជំហាន​បន្ត​ ពួកលោក​​នឹង​ព្យា​យាម​វិ​វ​ត្តខ្លួនឲ្យ​មាន​សមាជិក​ច្រើន និង​ធំ​ជាង​នេះ ដោយ​ការ​ចងក្រង​បណ្តាញឬ​បង្កើត​ជា​​សហគមន៍មួយដែល​នឹង​មាន​​អ្នក​ចូលរួម​គ្រប់​ទិសទី។

លោក ដា​រ៉ា​វិត បញ្ជា​ក់ថា៖ «យើង​ចង់​បង្កើត​សហគមន៍​សម្អាត​បរិស្ថា​ន ដែល​យើង​ព្យាយាម​បង្កើត​សមា​ជិក​អ្នក​រើស​សំរាម ដោយ​អ្នកណាៗ ក៏​អាច​ចូលរួម​សកម្ម​​​ភាព​ទាំងនេះ​បាន បើ​ទោះ​បី​ធ្វើ​នៅ​កន្លែង​ណាក៏ដោយដូច​ជា១សប្តាហ៍​ម្តង​អី យើង​ប្រកាស​យុទ្ធនាការ​សម្អាត​បរិស្ថាន។ យើង​បើកទូលាយ​ឲ្យ​គ្រប់គ្នា​ចូល​រួម​មិន​ប្រកាន់​អាយុ ឬភេទ ជារៀង​រាល់​​​ចុង​សប្តាហ៍នៅ​តាម​ទីសា​ធារណៈ​នានា»។

ដា​រ៉ា​វិត ​និយាយ​ថា ស្រប​ពេ​ល​​ដែល​សំរាម​នៅ​ក្នុង​ប្រឡាយ​មិន​សូវ​មាន​ច្រើន​ ក្រុម​របស់​លោក​ ក៏​​បាន​បង្កើត​គំនិត​ក្នុង​ការច្នៃ​សំរាម​ឲ្យទៅជា​របស់​ប្រើ​​ប្រាស់​បាន ហើយក៏​កំពុង​តែ​​​រួម​​គ្នា កសាង​ហាង​កាហ្វេ​បរិស្ថាន ដោយ​មិន​ផ្តោតទៅលើ​ប្រាក់​ចំណូល​​នោះទេ តែ​អាច​ចូលរួម​ជួយ​ទ្រទ្រង់​ដល់ក្រុម​ប្រមូល​សំរាម​បាន​ក្នុង​សកម្មភាព​​នាពេល​ខាង​មុខ។

យុវជន​ម្នាក់​ទៀត ដែល​ចូល​រួមគាំទ្រ​សកម្មភាព​នេះ​ដែរ​ លោ​ក អៀម ប៊ុនហួរ បាន​និយាយ​ថា ពួកលោក​​នៅតែមាន​ម​ហិច្ឆ​តា​រួមគ្នាដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រទេ​ស​កម្ពុជា គ្មាន​សំរាម បើទោះជា​ប្រឡាយ​ដែល​ពួក​លោក​កំពុង​​ប្រមូល​សំរាម​​រាល់ថ្ងៃបាន​ផ្លា​ស់​​ប្តូរ​រូបរាង​ថ្មី​ក៏ដោយ។ យុវជន​រូបនេះប្តេជ្ញាថា ដរាប​ណាកម្ពុ​ជា នៅតែមាន​សំរាម​ពួក​លោក​នៅ​តែ​បន្តសកម្មភាព​ប្រមូល​សំរាម​ជា​ទៀងទាត់ និង​ចង់​ឲ្យ​យុវជន​ទាំងអស់ ធ្វើជា​ប្រចាំដូច​ពួក​លោក​ដែរ។

យុវជនវ័យ ១៩ ឆ្នាំ រូបនេះ​បញ្ជាក់ថា៖ «ខ្ញុំធ្លាប់ចូលក្រុម​ផ្សេងដែល​ធ្វើ​ការសម្អាត​ដូច​គ្នាគេ​ធ្វើ​តែមួយ​ឆាវ ក៏​ឈប់ ប៉ុន្តែ នៅទីនេះ យើង​ប្តេជ្ញាចិត្ត​ថា ធ្វើ ​(សម្អាត) ទាល់តែ​ស្អាត​។ ខ្ញុំ​សប្បាយចិត្តដែល​ឃើញ​ប្រឡា​យ​ពីមុន​សុទ្ធតែ​សំរាម តែ​ឥឡូវ​បា​ន​ស្អាត។ ប៉ុន្តែ​ ប៉ុណ្ណឹង​ ខ្ញុំ​គិតថា មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ក្តី​ស្រ​មៃរបស់​ពួក​ខ្ញុំ​ទេ ខ្ញុំ​ចង់បាន​ច្រើនជាង​ហ្នឹង​ទៀតគឺ​ចង់​ឲ្យ​ទឹ​ក​លូ​ហ្នឹង​ស្អាតហើយក៏​មិន​មែ​ន​ធ្វើ​តែ​ ១ កន្លែង​ហ្នឹង​ដែរ»។

លោក ប៊ុន សុភ័ក្ត្រ អភិបាល​រង​ខណ្ឌ​ចំការ​មន បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ក្នុង​នាម​អាជ្ញាធរ​ តែង​ចូល​រួម​គាំទ្ររាល់​សកម្ម​ភាព​ណាដែ​ល​​មាន​សារប្រយោជន៍​ដល់​សង្គ​ម ជា​ពិសេស​សកម្មភាព​របស់​ក្រុម​​យុវ​ជន​ប្រមូល​សំរាម​ទាំង​នេះ។ លោក​បន្ត​ថា ការ​ចូល​រួម​​ជាមួ​យ​​អាជ្ញាធរ​នាពេល​កន្លង​មក បាន​ធ្វើ​ឲ្យ​សំរាម​នៅ​ក្នុង​ប្រឡា​យ​ ស្ទើរតែ​គ្មានខណៈ​លោកក៏គាំទ្រ​​ផង​ដែរ ចំពោះ​ផែនការ​របស់​យុវជន​សំរាម ដែល​ចង់​បង្កើត​សហគមន៍​ឬ​បណ្តាញ​របស់​ខ្លួន។

លោក​បញ្ជាក់​ថា​៖ «ល្អ​ណា​ស់ ធ្វើ​អ៊ីចឹង​ទៅ យើង​បង្កើ​ត​ជា​សហគមន៍​ចង​ក្រង​គ្នាជា​បណ្តា​ញ ហើយ​កាន់​តែល្អ​មែន​ទែន គឺឲ្យ​អាជ្ញាធ​រ យើង​បាន​ដឹង​ឮ ដើម្បី​បាន​ចូល​រួម​ជាមួយ​ផង​ដោយ​ធ្វើ​យ៉ា​ង​ណា​ឲ្យ​ប្រឡាយ​ស្អាត ហើយ​មិន​មែន​ស្អា​តតែ​​កន្លែង​ហ្នឹង​ទេគ្រប់​ប្រឡាយ​​នៅ​​ក្នុង​ទីក្រុង​ភ្នំពេញ​យើង ចូល​រួម​ជួយ​សម្អាត​ទាំងអស់​គ្នា»។

ចាប់​តាំងពី​ខែមីនា​មក ក្រុម​​​យុវជន​សំរាម បានដាក់​វេន​គ្នា​ប្រចាំការ​ក្នុង​កា​រ​​ប្រមូល​​សំរាម​ពី​ប្រឡាយ​លូទឹក​ស្អុយ​បឹង​ ត្របែ​ក​ជា​រៀង​រាល់ពេលហើ​យ​​ថ្មីៗនេះពួកគេ​ក៏បាន​ប្រកាស​ពី​យុទ្ធនាការ​ថ្មី ដោយ​ក្នុង ​១​ សប្ដា​ហ៍ ចុះទៅ​ចង​ក្រង និង​ប្រមូល​សំរាមនៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ។ សកម្ម​ភាព​ទាំង​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​តាម​ប្រឡាយ និង​មជ្ឈដ្ឋាន​ទូទៅ​កោត​សរសើរ និង​ចង់​ឲ្យ​ពួកគេ​បន្ត​សកម្មភាព​បែបនេះ​បន្ត​ទៀ​ត ដើម្បី​ជា​គំរូ​ដល់​ពលរដ្ឋ​ដទៃ។

អ្នកស្រី សោម ច័ន្ទ អាយុ ៦​៨ ឆ្នាំ ដែល​រស់​នៅតាម​បណ្តោយ​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក​ជាង ១០​ ឆ្នាំ​មកហើយ​នោះ ​និយាយ​ថា ដំបូង​ឡើយអ្នក​ស្រី​​មិន​ជឿ​នោះទេ​ថា​ ពួក​គេ​​ធ្វើ​បា​ន ព្រោះ​ស្មាន​តែ​ដូច​អ្នកមុនៗ ដែល​មក​ប្រមូល​សំរា​ម​តែមួយ​ភ្លែតក៏​ឈប់​ទៅវិញ ប៉ុន្តែ​ពួក​គេ​ទាំង​អស់​នេះបាន​ធ្វើ​បាន​ជោគជ័យ​ ព្រោះតែ​ប្រឡាយគ្មា​ន​សំរាម​ដូច​មុន​ទៀត​ទេ។

ស្ត្រី​ចំណាស់ដែលមាន​មុខ​របរ​ជា​អ្នក​ធ្វើ​នំ​លក់​​រូបនេះ​​បន្ត​ថា អ្នក​ស្រី​​ពេញ​ចិត្ត ពេល​​ឃើញ​សកម្ម​ភាព​​រប​ស់​ក្រុម​យុវជន​ប្រមូល​សំរាម​។ «ប្លែក​និយាយ​មិន​ប្លែកម៉េច​ ក្នុ​ង​ប្រឡាយ​គ្មាន​សំរា​ម​ទេហើយ​​ពួកយើង​អ្នក​​រស់​នៅ​តាម​ហ្នឹ​ង​ក៏​ប្រុងប្រយ័ត្ន​ជាង​មុន រឿង​សំរា​ម​រឿ​ង​​អី គឺ​ទុកដាក់​បាន​ត្រឹមត្រូវ។ គេ​ខំ​សម្អាត ខំ​​អី យើង​ត្រូវតែ​មើល​គេហើយ​គេ​ដូច​ជា​បង្រៀន​យើង​អ៊ីចឹ​ងឲ្យ​ចេះ​ស្អាត​ចេះ​អី»។

ដូច​គ្នា​នេះ​ដែរ​ ប្រជាពលរដ្ឋ​នៅតាម​ប្រឡាយ​ជាច្រើន​នាក់ ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស សុទ្ធតែ​ទទួល​ស្គាល់​ថា សក​ម្ម​​ភាព​របស់​ក្រុម​យុវជន​សំរាម​ បាន​ធ្វើ​ឲ្យ​ប្រឡាយ ដែល​ពី​មុន​ពេញ​ខាប់​ទៅ​ដោយ​​សំរាមបា​ន​​ផ្លាស់ប្តូរ​រូប​រាង​ថ្មី ​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅតាម​ប្រឡាយ បាន​ផ្លាស់​ប្តូរ​​ឥរិយា​បថដោយ​ការចូលរួម​ដោ​យ​ផ្ទាល់​ក្នុងការ​ទុក​ដាក់​សំរាម​ដែល​ប្រើ​​ប្រាស់​រួច​ក្នុង​ផ្ទះ បាន​ល្អ​ជាង​មុន និង​មិន​បោះ​​ចោល​ក្នុង​ប្រឡាយ​ដូចមុន។

ជា​មួយ​នឹង​ការ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​​ផែន​ការ​ប្រមូល​សំរាម​នេះ លោក​ សាន ដារ៉ាវិត បញ្ជាក់​ថា៖ «មា​ន​ហេតុផល​ច្រើន ដែល​ប្រឡាយ​លែង​មាន​សំរាម គឺមាន​ការ​ចុះ​អប់រំ​របស់​អាជ្ញាធរ​ជា​ប្រចាំ​ នៅ​តាម​បណ្តោយ​ប្រឡាយ និង​ផ្សារ​ជា​ដើម ហើយ​អាជ្ញាធរ ក៏គាត់​ជួយ​កាយ ជួយ​ប្រមូល​អីយូរ​ៗ​ទៅ ក៏ទម្លាប់​នៃ​ការ​បោះ​​សំរា​ម​ចូល​លូវា​លែង​សូវមាន​។ យើង​រីក​រាយក្នុង​រយៈ​ពេល ១ ខែ​ចុង​ក្រោយ​នេះ អត់​មាន​សំរាម ហូរ​មក​ដូច​កាល​ពីមុន​ទៀត»៕