ភ្នំពេញៈ «​ស្ត្រី និង​ការអភិវឌ្ឍ​ក្នុង​បរិការណ៍​កូវីដ​១៩» គឺជា​ប្រធានបទ​នៃ​ទិវា​អន្តរជាតិ​នារី​ ៨ ​មីនា ​លើក​ទី​១១០ ក្នុង​ឆ្នាំ​ ២០២១ ​នេះ​ដែលជា​ការបង្ហាញ​ឱ្យ​ឃើញ​ពី​តួនាទី​យ៉ាងសំខាន់​របស់​ស្ត្រី​នៅក្នុង​សង្គមជាតិ ជាពិសេស​ក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩​ នាពេល​បច្ចុប្បន្ន​។ នេះ​ជា​ខ្លឹមសារ​នៅក្នុង​លិខិត​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ក្នុង​ទិវា​អន្តរជាតិ​នារី​។

លោក​ ហ៊ុន សែន បាន​លើកឡើង​ថា សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ រួមទាំង​ស្ត្រី​ផងដែរ គឺ​បាន​កើតមាន​សាជាថ្មី​ឡើងវិញ ក្រោយ​ពីថ្ងៃ​រំដោះ​ ៧ ​មករា ឆ្នាំ​ ១៩៧៩​។ ចាប់តាំងពី​ថ្ងៃ​រំដោះ​ ៧ ​មករា ​រហូត​ដល់ពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្ត​ទុកដាក់​ជានិច្ច​ក្នុង​ការលើកកម្ពស់​ស្ត្រី​រហូត​បង្កើត​បាន​ជា​ពាក្យស្លោក​ថា «​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​»​។

លោក​បាន​មានប្រសាសន៍​ក្នុង​សារលិខិត​បញ្ជាក់ថា​៖ «​ប្រធានបទ ស្ត្រី និង​ការអភិវឌ្ឍ​ក្នុង​បរិការណ៍​កូវីដ​ ១៩ ពិត​ជាមាន​អត្ថន័យ និង​សារៈសំខាន់ ឆ្លើយតប​ទៅនឹង​បរិការណ៍​សេដ្ឋកិច្ច និង​សង្គម​ក្នុង​អំឡុង​នៃ​ការរីករាល​ជំងឺ​កូវីដ​ ១៩ ហើយ​បង្ហាញ​អំពី​ការចូលរួម​យ៉ាងសកម្ម​របស់​ស្ត្រី​ក្នុង​កិច្ចអភិវឌ្ឍ​នៅ​គ្រប់​កម្រិត គ្រប់​វិស័យ និង​គ្រប់​កាលៈទេសៈ​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ ដែល​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​»​។

ឆ្នាំនេះ​ប្រទេស​កម្ពុជា​ពុំបាន​រៀបចំ​យុទ្ធនាការ​ទិវា​សិទ្ធិនារី​អន្តរជាតិ​ ៨ ​មីនា​ ដូច​បណ្តា​ឆ្នាំ​កន្លងទៅ​ទេ ដោយសារ​តែ​បញ្ហា​កូវីដ​ ១៩​ ដែល​នៅតែ​បន្ត​រីករាលដាល ហើយ​តម្រូវ​ឱ្យ​មាន​ការចូលរួម​សហការ​ទាំងអស់​គ្នា ដើម្បី​ទប់ស្កាត់​តាម​វិធានការ​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បាន​ប្រារព្ធ​ទិវា​នេះ​តាមរយៈ​អនឡាញ និង​ការជួបជុំគ្នា​ដោយ​កំណត់​ពី​ចំនួន​អ្នកចូលរួម​ផងដែរ​។

បើតាម​លោក​នាយក​រដ្ឋមន្ត្រី ជានិច្ចកាល រាជរដ្ឋាភិបាល បាន​យកចិត្ត​ទុកដាក់ ក្នុង​ការបង្កើន​សមាមាត្រ​ស្ត្រី​ក្នុង​ស្ថាប័ន​សាធារណៈ ​ដើម្បី​ឱ្យ​ស្ត្រី​បាន​ចូលរួម​កាន់តែ​ច្រើនឡើង​ក្នុង​ការ​ដឹកនាំ និង​ធ្វើ​សេចក្តីសម្រេច​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដែល​ធ្វើឱ្យ​ចំនួន​ស្ត្រី​នៅក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ មានការ​កើនឡើង​គួរឱ្យ​កត់សម្គាល់​ពី​ ១ ​អាណត្តិ​ទៅ ១ ​អាណត្តិ​ទៀត​។

ជាមួយ​គ្នា​នេះដែរ លោកស្រី​ ​ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ក៏បាន​លើកឡើង​​ផងដែរ​ថា​ «៣ ​ការពារ ៣ ​កុំ​» នៅក្នុង​តួនាទី​របស់​ស្ត្រី​នៃ​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ដែល​រំលេច​ពី​វីរភាព និង​តួនាទី​របស់​ស្ត្រី​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩​។

លោកស្រី​ថ្លែងថា នៅក្នុង​បរិបទ​នៃ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ស្ត្រី​នៅ​កម្ពុជា​បាននិង​កំពុង​តែ​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​ការទទួល​ខុសត្រូវ ចំពោះ​មុខ​នៃ​ការទប់ស្កាត់​ការចម្លង​ជំងឺ​ដ៏កាចសាហាវ​នេះ​សម្រាប់​ខ្លួនឯង​ផង គ្រួសារ​ផង និង​សហគមន៍​ផង​។

លោកស្រី​ ឱ វណ្ណឌីន បាន​បញ្ជាក់ថា​៖ «​ការអនុវត្ត​នូវ​វិធានការ​សុខាភិបាល​របស់​ស្ត្រី​នៅក្នុង​បរិបទ​នៃ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​ បច្ចុប្បន្ននេះ​គឺ​រឹតតែ​តម្រូវឱ្យ​ស្ត្រី​គ្រប់រូប​មាន​ការខិតខំ​បន្ថែមទៀត​ក្នុង​ការណែនាំ​គ្រប់គ្រង​ដល់​សមាជិក​ក្រុមគ្រួសារ​ខ្លួន​ឱ្យ​បាន​ល្អប្រសើរ ហើយ​សំខាន់បំផុត​នោះ​គឺ​ធ្វើការ​អប់រំ​ណែនាំ​ស្វាមី​កូនចៅ និង​សមាជិក​គ្រួសារ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ការអនុវត្ត​ឱ្យ​ខាង​តែ​បាន​នូវ ៣ ​ការពារ និង​ ៣ ​កុំ ដែលជា​វិធានការ​ដ៏មាន​ប្រសិទ្ធភាព​ខ្ពស់​»​។

នៅក្នុង​សារលិខិត​របស់​លោក​ ហ៊ុន សែន ​បាន​ឱ្យ​ដឹងថា នៅក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ ស្ត្រី​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​មាន​ការកើនឡើង​។

ចំណែក​នៅក្នុង​វិស័យ​មុខងារសាធារណៈ​ចំនួន​មន្ត្រីរាជការ​ជា​ស្ត្រី​កើនឡើង ៣២ ​ភាគរយ​ នៅ​ឆ្នាំ​ ២០០៧ ដល់​ ៤១ ​ភាគរយ​ នៅក្នុង​ឆ្នាំ​ ២០២០ ​ហើយ​សមាមាត្រ​ស្ត្រី​ជា​មន្ត្រីរាជការ​ក្នុង​តួនាទី​ធ្វើ​សេចក្តី​សម្រេច​បាន​កើនឡើង​ដល់​ ២៤ ​ភាគរយ ​នៅ​ឆ្នាំ​ ២០១៩​។

ជាមួយ​គ្នា​នេះ​នៅ​ថ្នាក់ក្រោម​ជាតិ​មាន​ស្ត្រី​ជា​អភិបាលខេត្ត​ចំនួន​ ២ ​រូប​ស្ត្រី​ជា​អភិបាលក្រុង ស្រុក​ខណ្ឌ​ ៦ ​រូប និង​ស្ត្រី​ជា​មេឃុំ-ចៅសង្កាត់ កើនឡើង​ពី ៤២ ​រូប នៅ​ឆ្នាំ​ ២០០២ ទៅ​ ១៣០ ​រូប​នៅក្នុង​ឆ្នាំ​ ២០១៧​។

គិត​ចាប់តាំងពី​ឆ្នាំ​ ២០០៦ ស្ត្រី​ក្នុង​កងកម្លាំង​បេសកកម្ម​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​មាន​ចំនួន ៣៨៧ ​នាក់ ​ក្នុង​ចំណោម​កងកម្លាំង​សរុប​ចំនួន​ ៧ ០៤០ ​នាក់​៕