ស្វាយរៀងៈ កងកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ និង​វៀតណាម​ជាច្រើន​នាក់​ បាន​ចូលរួម​សមយុទ្ធ​រួមគ្នា​នៅ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ​នៅក្នុង​ខេត្តស្វាយរៀង​កាលពី​ថ្ងៃ​ម្សិលមិញ​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​ដល់​ពលរដ្ឋ​​ទាំង​សងខាង នៅពេល​មាន​ប្រឈម​នឹង​គ្រោះមហន្តរាយ​ដូចជា ទឹកជំនន់ ការសាយភាយ​សារធាតុគីមី ការរុករក​ និង​ដឹកជញ្ជូន​ជនរងគ្រោះ​ទៅកាន់​ទីទួល​សុវត្ថិភាព និង​មណ្ឌល​សុខាភិបាល​។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​សមភាគី​វៀតណាម​របស់​លោក​ លោក ង៉ូ ស៊ុនលិច្ស បាន​ចូលរួម​ធ្វើ​ជា​អធិបតី​បើក និង​បិទ​លំហាត់​ហ្វឹកហ្វឺន​រួមគ្នា​នោះ​កាលពី​ម្សិលមិញ​ដែរ​។

លោក ទៀ បាញ់ បាន​ថ្លែង​ទៅកាន់​ពិធី​បិទ​លំហាត់​ហ្វឹកហ្វឺន​នាពេល​នោះ​ថា ដំណើរការ​ទទួល​បាន​ផល​ប្រកប​ដោយ​ផ្លែផ្កា​ទៅ​តាម​គំនិត​ផ្តួចផ្តើម​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ​ដែល​បាន​ព្រមព្រៀង​គ្នា​នាពេល​កន្លងមក​ដែលជា​មូលដ្ឋានគ្រឹះ​ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព នៅតាម​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម ក៏ដូចជា​ជំរុញ​ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​រួមចំណែក​ឲ្យ​កាន់តែ​ស៊ីជម្រៅ ការជឿទុកចិត្ត​គ្នា កិច្ចសហប្រតិបត្តិការ និង​ការយោគយល់​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ ២​។

លោក ទៀ បាញ់ ថ្លែងថា​៖ «​ការសម្តែង​ទាំង​លំហាត់​នៅលើ​ទីលាន និង​ការងារ​មនុស្សធម៌​អម្បាញ់មិញ​គឺជា​ការសង្គ្រោះ​គ្រោះមហន្តរាយ​ដែល​បង្កឡើង​ដោយសារ​ការសាយភាយ​សារធាតុគីមី​គឺជា​ឧបទ្ទវហេតុ​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​ការសហការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​មាន​ប្រសិទ្ធភាព​រួមគ្នា​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ជាបន្ទាន់​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​»​។

លោក ទៀ បាញ់ បាន​អះអាង​ថា ការរៀបចំ​លំហាត់​ហ្វឹកហ្វឺន​នេះ​ធ្វើ​ឡើង​សំដៅ​ពង្រឹង​សមត្ថភាព​ផ្លាស់ប្តូរ​បទពិសោធ​ដល់​កងទ័ព អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាជន​នៅតាម​ព្រំដែន​ប្រទេស​ទាំង​ ២ សម្រាប់​ចូលរួម​ឧបទ្ទវហេតុ​នៃ​គ្រោះមហន្តរាយ​ផ្សេងៗ​ទៀត​ដែល​អាច​នឹង​កើតឡើង​ជាយថាហេតុ ដោយ​គ្រោះមហន្តរាយ​ធនធាន​ធម្មជាតិ និង​បច្ចេកវិទ្យា​ដែល​ត្រូវការ​ទាំងអស់​គ្នា​រួមចំណែក​ដើម្បី​ឆ្លើយតប​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា​។

លោក​បាន​ថ្លែងថា​៖ «​ការផ្លាស់ប្តូរ​បទពិសោធ​មួយ​ក្នុង​ការធ្វើ​លំហាត់​រួមគ្នា​លើ​ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ និង​កិច្ចការ​មនុស្សធម៌​សំដៅ​រក្សា​សន្តិភាព សន្តិសុខ សុវត្ថិភាព​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ និង​ជា​ភារកិច្ច​ដែល​បន្ត​រៀបចំ​ជា​រៀងរាល់​ឆ្នាំ​ដោយ​ឈរលើ​មូលដ្ឋាន​ពិធីសារ​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ប្រទេស​ទាំង​ ២»​។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​តាមរយៈ​លំហាត់​រួមគ្នា​នាពេល​នេះ​នឹង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​វិស័យ​ការពារជាតិ​ទាំង​នយោបាយ សន្តិសុខ ការទំនាក់ទំនង​ការទូត​យោធា​ប្រទេស​ទាំង​ ២ កាន់តែ​មាន​កម្រិត​ខ្ពស់​ថែមទៀត​ក្នុង​ការបង្កើន​ការចែករំលែក​ព័ត៌មាន កិច្ចសហការ​សម្របសម្រួល សកម្មភាព​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​បទល្មើស​នានា​នៅ​តាម​ព្រំដែន​ដូចជា​៖ ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស ការនាំ​ចេញចូល​ទំនិញ​ខុសច្បាប់ ការកាប់​ព្រៃឈើ​ខុសច្បាប់​ជាដើម​»​។

លោក ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​លំហាត់​ហ្វឹកហ្វឺន​សង្គ្រោះ​គ្រោះ​មហន្តរាយ​កម្ពុជា-វៀតណាម បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ពេល​ដែល​លោក​ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​លំហាត់​នៅ​រសៀល​ថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ​ ២០១៩ ​ថា គោលការណ៍​នៃ​ការធ្វើ​នេះ គឺ​ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា នៅពេល​ប្រជាពលរដ្ឋ​ជួបប្រទះ​គ្រោះមហន្តរាយ​ ឬ​ឧប្បត្តិហេតុ​ផ្សេងៗ​ដែល​កើតមានឡើង​។

លោក​បាន​បន្តថា​៖ «​គ្រោះថ្នាក់ គ្រោះមហន្តរាយ​តាម​ព្រំដែន វា​ជា​រឿង​ធម្មជាតិ​ដោយ​គ្រោះធម្មជាតិ​នេះ វា​បាន​កើតឡើង​ដោយ​មិនដឹង និង​មិន​ប្រាប់​មុន​ថា កើតឡើង​លើ​អ្វី ហើយ​នៅពេល​ណា​នោះទេ​។ ដូច្នេះ​ដើម្បី​ជួយ​ប្រជាជន​នៅ​តាម​តំបន់​ព្រំដែន ដែល​បាន​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ដោយសារ​ធម្មជាតិ​»​។

លោក​ថា លំហាត់​នោះ​មាន​ការជួយសង្គ្រោះ​ប្រជាជន​នៅពេល​មាន​ទឹកជំនន់​ជន់​លិច ការ​បន្សាប​សារធាតុ​គីមី នាយ​ទាហាន​ជំនាញ​គីមីសាស្ត្រ ធ្វើ​សកម្មភាព​បន្សាប​សារធាតុ​គីមី នៅពេល​មាន​ការសាយភាយ​ជាតិគីមី​ចេញ​ពី​រោងចក្រ និង​កាកសំណល់​សង្គ្រាម​។ ធ្វើការ​រុករក និង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព និង​មណ្ឌល​សុខភាព​៕