ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​កម្លាំង​ប្រដាប់អាវុធ​ទាំង​នគរបាល និង​យោធា អះអាង​ថា​កម្លាំង​អាជ្ញាធរ​ត្រៀម​រួចជាស្រេច​សម្រាប់​អនុវត្ត​ដីកា​របស់​តុលាការ​ដើម្បី​ចាប់ខ្លួន​លោក​ សម រង្ស៊ី ប្រធានស្តីទី​នៃ​អតីត​បក្សប្រឆាំង ខណៈ​ថ្នាក់​ដឹកនាំ​សំខាន់ៗ​មួយចំនួន​នៃ​គណបក្ស​នេះ​បានធ្វើ​ដំណើរ​មក​ដល់​ប្រទេស ​ថៃ និង​ខ្លះទៀត​កំពុង​ស្ថិត​ក្នុងប្រទេស​តំបន់​អាស៊ី ហើយ​នៅពេល​ក្រុម​ប្រឆាំង​នេះ ឆ្លងកាត់​ចូល​មក​កម្ពុជា​តាម​ព្រំដែន​កម្ពុជា-ថៃ នឹង​ចាប់​តែម្តង​។

លោក​ សម រង្ស៊ី កាលពី​យប់​ថ្ងៃទី​ ១៨ តុលា ថ្លែង​តាមរយៈ​បទសម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី​ថា ផែនការ​មាតុភូមិនិវត្តន៍​របស់​លោក​នឹង​មិន​ផ្លាស់ប្តូរ​ឡើយ​។ លោក​នឹង​ដឹកនាំ​កម្លាំង​អ្នកគាំទ្រ​របស់​លោក​ធ្វើដំណើរ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ដោយ​ថ្មើរជើង​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ខាងមុខ​នេះ​ដែល​ត្រូវ​នឹង​ខួប​លើក​ទី​ ៦៦ ​នៃ​ទិវា​បុណ្យ​ឯករាជ្យជាតិ​កម្ពុជា ខណៈ​អាជ្ញាធរ​កម្ពុជា​វិញ​បាន​ប្រកាស​ត្រៀម​ចាត់វិធានការ​ច្បាប់​គ្រប់​បែប​យ៉ាង​។

លោក​ សម រង្ស៊ី ថ្លែងថា​៖ «​ថា​ត្រឹម​ ១០ ​ភាគរយ​ចុះ ១០ ​ភាគរយ​នៃ​ ២ ​លាន​នាក់​គឺ​ ២ ​សែន​នាក់​។ បើ​ ២ ​សែន​នាក់ យើង​មក​ប្រមូល​ផ្តុំគ្នា ហើយ​ចូលមក​ប្រទេស​កម្ពុជា យើង​មក​ចាប់ដៃ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ពេល​នោះ​លោក ហ៊ុន សែន វង្វេង​ហើយ​»​។

អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​លោកស្រី មូរ សុខហួរ តាមរយៈ​ហ្វេសប៊ុក​របស់​លោកស្រី​ឱ្យដឹងថា លោកស្រី​រួម​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​ថៃ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​ ១៩ តុលា​។

លោកស្រី​សរសេរ​ថា​៖ «​អ្នកទោស​របប​លោក ហ៊ុន សែន ជួបគ្នា​ហើយ​ត្រៀមខ្លួន​វិល​ចូល​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា​ខាង​មុខ​នេះ​»​។

លោក ខៀវ ​សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ចូលរួម​អនុវត្ត​ដីកា​តុលាការ​ក្នុង​ការចាប់ខ្លួន​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​មួយ​ចំនួន​នៃ​អតីត​គណបក្សប្រឆាំង ប្រសិន​បើ​ពួកគេ​ឈាន​ជើង​ចូល​ទឹកដី​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ឃើញ​សកម្មភាព​របស់​ពួកគាត់​កាន់តែ​ខ្លាំង​ទៅ ហើយ​គាត់​ប្រុង​លេង​មែនទែន ហើយ​បើ​គាត់​ប្រុង​លេង​មែនទែន យើង​ក៏​លេង​មែនទែន​ដែរ​។ កិច្ចការ​របស់​យើង​គឺ​អនុវត្ត​ទៅ​តាម​អ្វី​ដែល​យើង​បាន​កំណត់ បើទោះបី​ជា​រូបភាព​ណាក៏ដោយ​យើង​ត្រូវតែ​ការពារ រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ការពារ​សន្តិភាព​ស្រុកទេស​យើង និង​រដ្ឋាភិបាល​ឲ្យ​បាន​ទោះ​ជា​តម្លៃ​ណាក៏ដោយ​។ សំខាន់​បំផុត​គឺ​ចាប់​អ្នក​ដែល​មាន​ដីកា​ទាំងអស់ ដែល​ប៉ុនប៉ង​មក​ធ្វើការ​ផ្តួលរំលំ​ និង​ធ្វើ​ឲ្យ​ប្រទេស​មាន​ចលាចល​។ ជា​ផ្លូវច្បាប់​ជា​កាតព្វកិច្ច​របស់​យើង​ក្នុង​ការអនុវត្ត​ច្បាប់ ដើម្បី​ការពារ​សន្តិភាព​»​។

លោក​សង្ឃឹមថា នគរបាល​ថៃ​ និង​ជួយ​សហការ​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​ចាប់ខ្លួន​មេខ្លោង​មួយ​ចំនួន​របស់​អតីត​គណបក្សប្រឆាំង​ដើម្បី​ទប់ស្កាត់​ការបង្ក​ចលាចល ហើយ​សមត្ថកិច្ច​កម្ពុជា​នឹង​ចាត់វិធានការ​ជាក់ស្តែង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ​នៅពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ចូល​មក​កាន់​ប្រទេស​ កម្ពុជា​។

លោក​បន្ថែមថា​៖ «​ក្នុងករណី​ដែល​ពិនិត្យ​ឃើញ​ថា ផែនការ​អនុវត្ត​ដើម្បី​មក​បង្ក​អុកឡុក​ការផ្តួលរំលំ​ដើម្បី​ឲ្យ​វឹកវរ​ប្រទេស​ជាតិ យើង​មាន​សិទ្ធិ (​បើក​ ឬ​បិទ​ព្រំដែន​)​។ យើង​មិនទាន់​សម្រេច​នៅ​ឡើយ​ទេ យើង​ត្រូវ​ពិនិត្យ​មើ​សសភាពការណ៍​ជាក់ស្តែង​»​។

លោក​ ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កម្លាំង​អាជ្ញាធរ​ត្រៀម​រួចជាស្រេច​សម្រាប់​អនុវត្ត​ដីកា​របស់​តុលាការ​ដើម្បី​ចាប់ខ្លួន​លោក សម រង្ស៊ី និង​អ្នកពាក់ព័ន្ធ​យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ ប៉ុន្តែ​លោក​បដិសេធ​ផ្តល់​ផែនការ​លម្អិត​ទាក់ទង​នឹង​ការចាប់ខ្លួន​នេះ​។

លោក​បញ្ជាក់ថា​៖ «​យើង​ត្រៀម​ទទួល​ពួក​ហ្នឹង​ចូល​ពន្ធនាគារ​។ យើង​បាន​ត្រៀម​ផែនការ​រួចហើយ​ក្នុង​ការអនុវត្ត​ច្បាប់ ហើយ​ផែនការ​រៀប​ម៉េច​ខ្ញុំ​មិន​អាច​ជម្រាប​ជូន​បានទេ​។ វា​ជា​ការសម្ងាត់​របស់​ប៉ូលិស​»​។

លោក​ សុខ ឥសាន សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើកឡើង​ថា ក្រុម​លោក​ សម រង្ស៊ី មិន​ហ៊ាន​ចូល​ស្រុក​នោះទេ ហើយ​បើ​ពួកគេ​ហ៊ាន​ចូល​នោះ​ពួកគេ​នឹង​ស្លាប់​ដោយសារ​តែ​ជាន់គ្នា​ និង​ជាន់មីន​។ លោក​បន្ថែម​ថា​អាជ្ញាធរ​ថៃ​នឹង​ចាប់បញ្ជូន​លោក សម រង្ស៊ី មក​កម្ពុជា​មុន​ពេល​ដែល​លោក​ សម រង្ស៊ី ដើរចូល​កម្ពុជា​ដោយសារ​តែ​ប្រទេស កម្ពុជា និង​ថៃ​មាន​កិច្ចសហការ​ជាមួយ​គ្នា​យ៉ាង​ល្អ​ក្នុង​ការទប់ស្កាត់​បទល្មើស​។

លោក​ចំអក​ដូច្នេះ​ថា​៖ «​ទណ្ឌិត​រត់ចោល​ស្រុក​ថា​មាន​ប្រជាជន​ ២ ​លាន​នាក់​មកពី​ប្រទេស​ថៃ​នឹង​មក​ទទួល​ខ្លួន​ដូច​ស៊ូណាមិ​។ បើ​គគ្រឹកគគ្រេង​ដូច​ស៊ូណាមិ​នឹង​ជាន់គ្នា​ងាប់​អស់ហើយ​។ មានន័យថា ទណ្ឌិត​នេះ​មិន​ហ៊ាន​មក​ចូល​ស្រុក​ខ្មែរ​ទេ​។ មិនទាន់​ឆ្លងដែន​ផង គ្រាន់តែ​ជិត​ព្រំដែន​ហ្នឹង ពួកគេ​ជាន់មីន​ផ្ទុះ​ងាប់​អស់​ខ្លះ ហើយ​បើ​មេ​ទណ្ឌិត​ជិះ​យន្តហោះ​ចុះ​ប្រទេស​ថៃ គេ​នឹង​ចាប់​ច្រក​បាវ ហើយ​បិទ​តែម​ផ្ញើមក​ភ្នំពេញ​»​។

លោក​ឧត្តមសេនីយ៍​ឯក ឯក សំអូន មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​ ៥ ​ថ្លែង​ថា​កម្លាំង​របស់​លោក​បាន​តៀមខ្លួន​រួច​ជាស្រេច ដើម្បី​ចាប់ខ្លួន​ក្រុម​អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល នៅពេល​ពួកគេ​ឈាន​ជើង​ចូល​ទឹកដី​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​កិច្ចការងារ​នេះ​របស់​កងទ័ព​ហើយ​គេ​បានរៀបចំ​ហើយ​អស់ហើយ​។ កម្លាំង​របស់ខ្ញុំ​មិន​មាន​បញ្ហា​អ្វី​ទេ ហើយ​យើង​ត្រៀម​ខ្លួន​សហការ​អនុវត្ត​សាលក្រម​តុលាការ ហើយ​កម្លាំង​របស់​យើង​គ្មាន​នរណា​រវើរវាយ​តាម​ឧបាយកល​របស់​ពួកវា​នោះទេ​»​។

ជាមួយ​គ្នា​នេះ​កាលពី​ថ្ងៃទី ១៧ ខែ​តុលា​អយ្យការ​អមសាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង​បាន​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ​ ដួង ចន្ត្រា និង​គូកន​ពី​បទ​រួម​គំនិត​ក្បត់​តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ករណី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​របស់​កម្ពុជា​។

យោងតាម​សេចក្តី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ១៧ បាន​បញ្ជាក់ថា​៖ «​ឈ្មោះ ដួង ចន្ត្រា ហៅ ត្រា ​ព្រម​ទាំង​គូកន​បាន​បំផុស​បំផុល​ប្រជាពលរដ្ឋ​ដោយ​ចេតនា​តាមរយៈ​បណ្តាញ​សង្គម Facebook ឈ្មោះ Duong Chantra ដើម្បី​ចូលរួម​សកម្មភាព​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ខាងមុខ​»​។

ចៅក្រម​នៃ​សាលា​ដំបូងរាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃទី​ ១៨ ខែ តុលា ឆ្នាំ​ ២០១៩ ដោយ​សម្រេច​ឲ្យ​លោក សម រង្ស៊ី លោក ហូរ វ៉ាន់ និង លោក កាក់ កុម្ភារ ជាប់ពន្ធនាគារ​រយៈពេល​ ២០ ​ខែ​ក្រោម​បទ​ផ្តើម​គំនិត​ឲ្យ​មាន​ការជេរ​ប្រមាថ​ជា​សាធារណ: និង​បទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ និង​បទមជ្ឈិម​ជាអាទិ៍ ខណៈ​សកម្មជន​អតីត​គណបក្សប្រឆាំង​ ២ ​នាក់​ទៀត​ គឺ​លោក​ គង់ ម៉ាស់ និង​លោក​ វឿន គឹមលន់ ត្រូវ​ជាប់​ពន្ធនាគារ​ ១៨ ​ខែ​ក្រោម​បទ​ជេរប្រមាថ​ជា​សាធារណ: និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​បទមជ្ឈិម​ជាអាទិ៍​៕