ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារជាតិ​បាន​ឲ្យ​ដឹងថា អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ចេញ​បទបញ្ជា​ដល់​កងទ័ព​ទាំងអស់ មិន​អនុញ្ញាត​ឲ្យ​យក​អាវុធ និង ស្លៀកពាក់​ឯកសណ្ឋាន​យោធា និង​មធ្យោបាយ​ប្រើប្រាស់​របស់​កងយោធពល​ខេមរភូមិន្ទ​ចូល​ទៅ​កាន់​កន្លែង​សាធារណៈ​ដែលមាន​ការប្រមូលផ្ដុំ​មហាជន​ច្រើន​ និង​បម្រើ​ដល់​វិស័យ​ឯកជន បើ​គ្មាន​ភារកិច្ច​ជាប់​ខ្លួន​នោះ​។

លោក វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​កាលពី​ថ្ងៃទី​ ៣ ខែ​ កញ្ញា ឆ្នាំ​ ២០១៩ បានចេញ​បទបញ្ជា​មិន​អនុញ្ញាត​ឲ្យ​យក​កងកម្លាំង និង​មធ្យោបាយ​ប្រើប្រាស់​របស់​កងយោធពល​ខេមរភូមិន្ទ​ទៅ​បម្រើ​ឲ្យ​វិស័យ​ឯកជន​ឡើយ​។

យោងតាម​បទបញ្ជា​នេះ​លោក វង្ស ពិសេន បាន​បញ្ជាក់ថា មេបញ្ជាការ​ប្រភេទ​ទ័ព និង​ទ័ព​ជំនាញ នាយក​ស្ថាប័ន និង​សាលា ចំណុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​គ្រប់គ្រង​ទ័ព​របស់​ខ្លួន​ជាប់​ជាប្រចាំ​ភ្ជាប់​នូវ​វត្តមាន អវត្តមាន និង​មិន​អនុញ្ញាត​ឱ្យ​យក​កម្លាំង មធ្យោបាយ​របស់​កងទ័ព​ទៅ​បម្រើ​​ការងារ ឬ​យាម​ការពារ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ឯកជន និង​បម្រើ​ការងារ​បុគ្គល​ឯកជន​ឡើយ​។

ហាម​ស្លៀកពាក់​ឯកសណ្ឋាន និង​យក​អាវុធ​ចូល​ភោជនីយដ្ឋាន អគារ​លក់ទំនិញ ដែល​ប្រមូលផ្ដុំ​មហាជន ប្រជាជន​ច្រើន និង​ក្លិប​កម្សាន្ត ដែល​នាំ​ឱ្យ​បាត់​សណ្តាប់ធ្នាប់ និង​វិន័យ​​កងយោធពល​ខេមរភូមិន្ទ លើកលែង​ពេល​ប្រតិបត្តិការ​។

លោក ឈុំ សុជាត អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​បាន​ថ្លែងប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា បទបញ្ជា​នោះ​គឺជា​ការបង្ការ​ទុក​ជាមុន ដើម្បី​ទប់ស្កាត់​មន្ត្រី​កងយោធពល​ខេមរភូមិន្ទ​ណា​ដែល​ហ៊ាន​យក​កងកម្លាំង និង​មធ្យោបាយ​ប្រើប្រាស់​របស់​កងយោធពល​ខេមរភូមិន្ទ​ទៅ​បម្រើ​ឲ្យ​វិស័យ​ឯកជន​ហើយ​ក្រសួង​នឹង​ចាត់​វិធានការ​តឹងរ៉ឹង​តាម​បទបញ្ជា​​ផ្ទៃក្នុង​របស់​កងយោធពល​ខេមរភូមិន្ទ​ចំពោះ​មន្ត្រី​ណា​ដែល​ហ៊ាន​រំលោភ​បទបញ្ជា​នេះ​។

លោក​ ឈុំ សុជាត ​បាន​បញ្ជាក់ថា​៖ «​ដើម្បី​ពង្រឹង​វិន័យ​ក្នុង​ទ័ព​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ហើយ យើង​ចេញ​បទបញ្ជា​ហ្នឹង​ដើម្បី​ឲ្យ​កម្លាំង​ទាំងអស់​គ្រប់គ្រង​កងកម្លាំង​ដែល​មាន​វត្តមាន​ក្នុង​អង្គភាព​ឲ្យ​បាន​ម៉ឺងម៉ាត់ មិន​ឲ្យ​យក​កងកម្លាំង និង​មធ្យោបាយ​ប្រើប្រាស់​របស់​កងយោធពល​ខេមរភូមិន្ទ​ទៅ​បម្រើ​ឲ្យ​វិស័យ​ឯកជន​»​។

លោក​បាន​បន្ថែមថា​៖ «​ការហាម​មន្ត្រី​ដែល​ស្លៀកពាក់​ឯកសណ្ឋាន និង​យក​អាវុធ​ចូល​ភោជនីយដ្ឋាន អគារ​លក់ ទំនិញ​ដែល​ប្រមូលផ្ដុំ​មហាជន​ប្រជាជន​ច្រើន និង​ក្លិប​កម្សាន្ត ដោយសារ​តែ​វា​មិន​សមរម្យ​ដែល​អាច​ធ្វើឲ្យ​ប្រជាពលរដ្ឋ មាន​ការ​ភ័យខ្លាច និង​ប៉ះពាល់​ដល់​ពួកគាត់ ដូច្នេះ​ការហាម​ប្រាម​នេះ គឺជា​ការត្រឹមត្រូវ​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​​ចំពោះ​កងកម្លាំង​ប្រដាប់​អាវុធ​»​។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​អះអាង​ថា កន្លង​មក​មាន​ករណី​ដែល​បុគ្គល​ ឬ​មន្ត្រី​ខ្លះ​បាន​ប្រើ​កងកម្លាំង និង​មធ្យោបាយ​ប្រើប្រាស់​របស់​កងយោធពល​ខេមរភូមិន្ទ​ទៅ​បម្រើ​ឲ្យ​វិស័យ​ឯកជន​ដែល​ធ្វើ​ឲ្យ​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ចេញ​បទបញ្ជា​ហាមប្រាម​មិន​ឲ្យ​មន្ត្រី​ប្រើ​កងកម្លាំង ឬ​យក​មធ្យោបាយ​របស់​អង្គភាព​ទៅ​បម្រើ​វិស័យ​ឯកជន ឬ​ការងារ​ផ្ទាល់​ខ្លួន​។

ការហាម​ប្រាម​ហ្នឹង​ដោយសារ​តែ​កន្លង​មក​វា​មាន​ករណី​បុគ្គល​មួយ​ចំនួន​ដែល​ចូលចិត្ត សម្ញែង​កាំភ្លើង ឋានន្តរស័ក្តិ​របស់​ខ្លួន​។ មន្ត្រី​ ឬ​បុគ្គល​ខ្លះ​ដែល​មាន​កាំភ្លើង ពេលខ្លះ​យក​កាំភ្លើង​តាម​ខ្លួន​ដើម្បី​បន្លាច​គេឯង​។ វា​ជា​ការ​ល្អ​ដែល​ដាក់ចេញ​បទបញ្ជា​បែបនេះ តែ​ត្រូវដាក់​ទោសទណ្ឌ​តឹងរ៉ឹង​ចំពោះ​ជន​ណា​ដែល​បាន​បាញ់​បោះ​សេរី ដោយសារ​កន្លងមក​ពុំ​ឃើញ​មាន​ការដាក់ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ដល់​អ្នក​ទាំង​នោះទេ​។

លោក​បាន​បន្ថែម​ថា​កត្តា​ដែល​ធ្វើឲ្យ​មាន​មន្ត្រី ឬ​បុគ្គល​មួយ​ចំនួន​ប្រើប្រាស់​កងកម្លាំង និង​មធ្យោបាយ​ប្រើប្រាស់​របស់​កងយោធពល​ខេមរភូមិន្ទ​ទៅ​បម្រើ​ឲ្យ​វិស័យ​ឯកជន​ដោយសារ​តែ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​មួយ​ចំនួន​នៅ​មាន​កម្រិត​។ មធ្យោបាយ​ធ្វើ​ដំណើរ​ខ្លះ​របស់​ឯកជន ប៉ុន្តែ​ដោយសារ​តែ​ការគ្រប់គ្រង​ស្លាក​លេខ​របស់​កងកម្លាំង​នៅ​មាន​ភាព​ធូររលុង​ដែល​អាច​ធ្វើឲ្យ​បុគ្គល​នោះ​អាច​សុំ​ស្លាក​លេខ ខ.ម ឬ នប ឬ​ស្លាក​លេខ​រដ្ឋ​ដែល​ឃើញ​មាន​ច្រើន​។ គេ​ធ្វើ​បែប​នេះ​ការពារ​មធ្យោបាយ​របស់​ពួកគេ​។

លោក​ ស៊ឹង សែនករុណា ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ថ្លែង​ថា​ ប្រសិន​បើ​អគ្គបញ្ជាការ​កងទ័ព​មាន​វិធានការ​តឹងរ៉ឹង​ប្រកប​ដោយ​ប្រសិទ្ធ​នោះ​វា​នឹង​ជួយ​ទប់ស្កាត់​ការយក​កងកម្លាំង និង​មធ្យោបាយ​ប្រើប្រាស់​របស់​កងយោធពល​ខេមរភូមិន្ទ​ទៅ​បម្រើ​ឲ្យ​វិស័យ​ឯកជន​បាន​ហើយ​៕