ភ្នំពេញ៖ លោកស្រី​ ​កុសល​ ​ម៉ាលីដា​ អ្នក​នាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​ឲ្យ​ដឹង​ថា​ កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​ ៣ រូប ដែល​បាន​ឆ្លង​វីរុស​កូវីដ ​១៩​ ​នៅ​ក្នុង​តំបន់​បេសកកម្ម​ ​នៃ​ប្រទេស ​ម៉ាលី ​ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ ខណៈ​ដែល​កង​ទ័ព​មួក​ខៀវ​កម្ពុជា​ដទៃ​ទៀត​ ​កំពុង​បន្ត​តាម​ដាន​សុខភាព​ ​ហើយ​មិន​ទាន់​មាន​ករណី​ឆ្លង​ថ្មី​នៅ​ឡើយ​ទេ​។​

លោកស្រី​ ​កុសល​ ​ម៉ាលីដា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ​ក្នុង​ចំណោម​កង​កម្លាំង​មួក​ខៀវ​របស់​អង្គការ​សហប្រជាជាតិ​ទាំង​អស់​ ​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស ​​ម៉ាលី​ ​ក្នុង​នោះ​មាន ​៣០ ​នាក់​ បាន​ឆ្លង​ជំងឺ​កូវីដ ​១៩ ក្នុង​នោះ​ រួម​​ទាំង​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ ​ចំនួន​ ​៣ ​នាក់។​ លោកស្រី​បន្ត​ថា​ ពួក​គេ​ទាំង ​៣ ​នាក់​ មាន​ប្រុស​ ២ ​នាក់ និង​ស្រី​ម្នាក់​ ​កំពុង​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​​ពិនិត្យ​តាម​​ដាន​នៅ​ក្នុង​តំបន់​បេសកកម្ម​​គីដាល​ ដោយ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​មុន​​បន្ទាប់​ពី​ទទួល​បាន​ការ​ព្យាបាល​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​។​

លោកស្រី​បញ្ជាក់​ថា​៖ ​«​ស្ថានភាព​របស់​ពួក​គាត់ ​៣ នាក់​ ​មាន​ភាព​ធូរ​ស្បើយ​ជាង​មុន​ គាត់​ចាប់​ផ្តើម​មាន​កម្លាំង​កម្តៅ​របស់​គាត់​​ចាប់​ថយ​ពី​ ៣៨ ​អង្សាសេ​ ​មក​នៅ ​៣៧ អង្សាសេ ​ហើយ​ម្នាក់​នោះ​ឃើញ​ ​ធូរ​ស្រាល​ជាង​គេ ​ដោយ​ឡែក​ម្នាក់​ទៀត ឃើញ​មាន​​​អាការ​ក្អក​។​ ​ប៉ុន្តែ​បើ​ធៀប​ទៅ​នឹង​ស្ថានភាព​ពី​មុន ​ការ​យក​សំណាក​មក​ត្រួត​ពិនិត្យ​ហ្នឹង​ ​គឺ​ពួក​គាត់​ធូរ​ច្រើន​ជាង​មុន​»​។

គណនី​ហ្វេសប៊ុក​​កង​អនុសេនា​ធំ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ ​២៣១ ​បំ​ពេញ​បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ាលី​បាន​ឆ្លើយ​តប​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​ហ្វេសប៊ុក​ឆាត​​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ​ពួក​គេ​នៅ​ទី​នោះ​ គឺ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រក្រតី​ ​ប៉ុន្តែ​បាន​បង្វែរ​សំនួរ​ទៅ​ថ្នាក់​លើ​វិញ​។​

គណនី​ដដែល​នោះ ​បាន​បញ្ជាក់​ថា​៖ ​«​អរគុណ​ប្រជាជន​កម្ពុជា​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​មក​លើ​កងកម្លាំង​​រក្សា​សន្តិភាព​ដែល​​បំពេញ​បេសកកម្ម​ ​អ​.​ស​.​ប​»​។​

លោកស្រី​ ​កុសល​ ​ម៉ាលីដា​ ​បាន​អះអាង​ថា​ កងកម្លាំង​រក្សា​សន្តិសុខ​កម្ពុជា​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស ​ម៉ាលី ​ត្រូវ​បាន​បែង​ចែក​មាន​ដូចជា​តំបន់​បាម៉ាកូ​មាន​ម្នាក់​ ​តំបន់​គី​ដាល់​ ​៨២ ​នាក់​ ​តំបន់​ទេសាលីត​ ៧២ ​នាក់, តំបន់​ហ្កាវ​ ​១០៥ ​នាក់​, ​តំបន់​ទុំ​បុក​ទូ​ ​២១ ​នាក់​ ​និង​តំបន់​ម៉ប់ទី​ ​១៨ ​នាក់​។

លោកស្រី​ កុសល​ ​ម៉ាលីដា​ ​បាន​ឲ្យ​ដឹង​ទៀត​ថា ​កងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​ ត្រូវ​បាន​ណែ​នាំ​ឲ្យ​បន្ត​បង្ការ ​និង​ការពារ​ពី​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ ​១៩​ ខណៈ​ដែល​កង​ទ័ព​មួក​ខៀវ​របស់​កម្ពុជា​ ក៏​ត្រូវ​បាន​ណែនាំ​ឲ្យ​ផ្អាក​ការ​ផ្លាស់​ប្តូរ​វេន​គ្នា​ជា​បណ្តោះ​អាសន្ន​ ​រហូត​ដល់​ចុង​ខែ​មិថុនា​ ​ទើប​មាន​ការ​សម្រេច​ជា​ថ្មី​ផង​ដែរ​។​

លោកស្រី​បញ្ជាក់​ថា​៖ ​«​យើង​ធ្វើ​ (​ពិនិត្យ​)​ ក្នុង​ករណី​ដែល​គាត់​បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ផ្ទាល់​ ដែល​កើត​កូវីដ ១៩​ ហើយ​នឹង​មាន​រោគ​សញ្ញា​គួរ​ឲ្យ​កត់​សម្គាល់​។​

លោកស្រី​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម​កម្លាំង​​ដែល​ប្រតិបត្តិការ​នៅ​ប្រទេស ​ម៉ាលី ​ទាំង​មូល​នោះ​មិន​ទាន់​ទទួល​បាន​ដំណឹង​ថា​ មាន​អ្នក​ផ្ទុក​ទៀត ​ឬ​យ៉ាង​ណា​ទេ​។​

តាម​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ ​បច្ចុប្បន្ន​នេះ​កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន ​៧៨៧ ​នាក់​ ក្នុង​នោះ​រួម​មាន​ស្ត្រី​ចំនួន ​៧៦ ​នាក់ ​បាន​និង​កំពុង​បំពេញ​បេសកកម្ម​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​នៅ​តាម​តំបន់​បេសកកម្ម​នានា​រួម​មាន សាធារណរដ្ឋ​ស៊ូដង់​ ​សាធារណ​រដ្ឋ​ស៊ូដង់​ខាង​ត្បូង​ លីបង់​ ​អាហ្វ្រិក​កណ្ដាល​​ ​ម៉ាលី​ និង​នៅ​ប្រទេស ​យេម៉ែន​៕​