កំពង់ស្ពឺៈ សមយុទ្ធ​យោធា​រួម​គ្នា​រវាង​ចិន និង​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា នាគ​មាស​ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​យោធា​មកពី​ប្រទេស​ទាំង​ ២ ​ធ្វើ​សមយុទ្ធ​រួម​គ្នា​បាញ់​គ្រាប់​ពិត​នៅឯ​ភ្នំ​ធំ​ម្រះព្រៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ហើយ​មន្ត្រី​មកពី​ប្រទេស​ទាំង​ ២ ​បាន​សម្តែង​ការសរសើរ​ដល់​ការពង្រីក​ទំនាក់ទំនង​នេះ​។

ការធ្វើ​សមយុទ្ធ​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី​ ១៥ ខែ​មីនា​ក្រោម​ប្រធានបទ​ប្រឆាំង​ភេរវកម្ម និង​មនុស្សធម៌​។ ក្នុង​សមយុទ្ធ​នោះ​ទាហាន​រាប់រយ​នាក់​បាន​ចូលរួម​បាញ់​គ្រាប់​ពិត​ចំនួន ២០ ០០០ ​គ្រាប់​។

លោក​ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​ថ្លែង​ថា សមយុទ្ធ​លើ​ទីលាន​មាន​ស៊ើបការណ៍​ភូមិសាស្ត្រ ការរាវ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ការ​ដោះ​គ្រាប់បែក​គីមី ការបន្សាប​សារធាតុ​គីមី​ពុល និង​ប្រតិបត្តិការ​វាយកម្ទេច​ជំរំ​ភេរវករ​តាមរយៈ​ការបាញ់​ពីលើ​ឧទ្ធម្ភាគចក្រ កាំភ្លើង​ត្បាល់​បាញ់​គាំទ្រ រថពាសដែក ថ្មើរជើង​វាយកម្ទេច​ទីតាំង ព្រមទាំង​ប្រើ​ឧទ្ធម្ភាគចក្រ​ទម្លាក់​កម្លាំង​ដើម្បី​រំដោះ​ចំណាប់​ខ្លាំង និង​ការងារ​មនុស្សធម៌​ជាដើម​។ មាន​ការ​សម្តែង​លោត​ឆត្រយោង​ពី​លើ​អាកាស ការសម្តែង​ក្បាច់គុន​ដែល​ទាហាន​កម្ពុជា និង​ចិន​រាប់រយ​នាក់​ចូលរួម មុន​ពេល​ក្បួន​ឧទ្ធម្ភាគចក្រ​ ៨ គ្រឿង​ហោះ​សំកាំង​ពីលើ​វេទិកា ជាមួយ​ទង់ជាតិ​ប្រទេស​ទាំង​ ២ ​ជាដើម​។

រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ ទៀ បាញ់​ និង​ឯកអគ្គរដ្ឋទូត​ចិន​លោក​​ Xiong Bo បាន​ធ្វើការ​ត្រួតពិនិត្យ​ប្រតិបត្តិការ​នេះ​កាលពី​ព្រឹក​ម្សិលមិញ​។

លោក​ ទៀ បាញ់​ថ្លែង​នៅក្នុង​សុន្ទរកថា​ថា​៖ «​ជា​ជំនួយ​របស់​ចិន​មិន​ត្រឹមតែ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ជួយ​ពង្រឹង​ឯករាជ្យ និង​ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា​ផង​ដែរ​។ ទំនាក់​ទំនង​កម្ពុជា-ចិន ដែល​មាន​ភាព​គ្រប់​ជ្រុងជ្រោយ និង​ការអភិវឌ្ឍ​ស៊ីជម្រៅ​បាន​ផ្ដល់​ប្រយោជន៍​សន្ធឹក​សន្ធាប់​សម្រាប់​ប្រជាជន និង​កងទ័ព​ប្រទេស​ទាំង​ ២ រួមចំណែក​ជា​វិជ្ជមាន​ដល់​​សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់ និង​សកលលោក​»​។

លោក​បន្ត​ថា​៖ «​កងយោធពល​ខេមរភូមិន្ទ​នៅតែ​ចាត់ទុក​ថា លំហាត់​ហ្វឹកហ្វឺន គឺជា​ការងារ​ដ៏មាន​សារៈសំខាន់​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​យោធិន ដែល​ជា​ជ្រុង​អាទិភាព​មួយ​នៃ​ការកែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ​ក្នុង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ផែនការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ សំដៅ​ធ្វើ​ទំនើបកម្ម និង​បង្កើត​សមត្ថភាព វិជ្ជាជីវៈ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ដើម្បី​ធានា​កិច្ចការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​អធិបតេយ្យភាព​ជាតិ បូរណភាព​ដែនដី សន្តិភាព សន្តិសុខ សុត្ថិភាព និង​សណ្ដាប់ធ្នាប់​សង្គម​នៅ​កម្ពុជា​»​។

នៅក្នុង​សន្និសីទ​រួមគ្នា​ក្រោយ​បិទ​បញ្ចប់​ការធ្វើ​សមយុទ្ធ​យោធា​នោះ​សំនួរ​ត្រូវ​បាន​គេ​រៀបចំ​រួចជាស្រេច​ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកសួរ​។

នៅពេល​សួរ​អំពី​គោលបំណង​នៃ​ការធ្វើ​សមយុទ្ធ​នេះ​មេបញ្ជាការរង​នៃ​កងទ័ព​ជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​លោក ចូវ សុងហឺរ (Zhou Songhe) បាន​ថ្លែងថា​សម្ព័ន្ធមិត្ត​ទាំង​ ២៖ «​ចង់បង្ហាញ​ប្រទេស​ខាង​ក្រៅ​ថា ចិន និង​កម្ពុជា​នឹង​សហការ​គ្នា​ដើម្បី​រក្សា​សន្តិសុខ និង​សន្តិភាព​»​។

លោក​ថ្លែង​តាមរយៈ​អ្នក​បកប្រែ​ថា​៖ «​យើង​ចង់​ឲ្យ​ប្រទេស​ខាង​ក្រៅ​មើលឃើញ​ពី​លំហាត់​នាគមាស​ឆ្នាំ​នេះ យើង​មាន​ប្រធានបទ​សំខាន់ៗ គឺ​​ប្រឆាំង​ភេរវកម្ម ហើយ​ការប្រឆាំង​​ភេរវកម្ម​ជា​ប្រធានបទ​នៃ​ប្រទេស​លើ​សកលលោក​។ យើង​ចង់​បង្ហាញ​ឲ្យ​ប្រទេស​ក្រៅ​ឃើញ​ថា ប្រទេស​ចិន និង​ប្រទេស​កម្ពុជា​មាន​ការសហការ​គ្នា​ក្នុង​ការរក្សា​សន្តិសុខ សន្តិភាព​របស់​ប្រទេស​ជាតិ​។ ទី​ ២ គឺ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រទេស​យើង​ទាំង​ ២ ​មាន​សមត្ថភាព​ប្រឆាំង​ភេរវកម្ម​។ សារៈសំខាន់​សមយុទ្ធ​លើក​នេះ​ត្រូវ​តែ​ឲ្យ​ភេរវករ​លើ​ពិភពលោក​មាន​ការភ័យខ្លាច​»​។

វគ្គ​បញ្ចប់​កងទ័ព​កម្ពុជា-ចិន​សមយុទ្ធ​វាយ​ចូល​ជំរំ​ភេរវករ​។ហេង ជីវ័ន

កម្ពុជា​បាន​ងាក​ទៅ​រក​ទីក្រុង​ប៉េកាំង​វិញ​កាន់តែ​ខ្លាំង​ ខណៈ​ដែល​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន​គឺ​ប្រទេស​លោក​ខាង​លិច​កំពុង​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការបង្ក្រាប​លើ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​។

លោក Jon Grevatt អ្នកវិភាគ​ផ្នែក​កិច្ចការ​ការពារជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែង​ថា​ការធ្វើ​សមយុទ្ធ​យោធា​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​បាន​កើន​ឡើង​ជា​ញឹកញាប់​ជាពិសេស​ជាមួយ​ប្រទេស​ចិន​ដែល​បាន​ធ្វើ​សមយុទ្ធ​បែប​នេះ​ស្ទើរតែ​គ្រប់​ប្រទេស​ទៅ​ហើយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។

លោក Grevatt បន្ត​ថា​៖ «​ការធ្វើ​សមយុទ្ធ​នេះ​គឺ​មិនមែន​ត្រឹម​តែ​បង្ហាញ​កម្លាំង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​បង្ហាញ​អំពី​ទំនាក់ទំនង​រវាង​មន្ត្រី​យោធា​ជាន់ខ្ពស់ និង​កម្រិត​នៃ​ការសន្ទនា​ថែម​ទៀត​ផង​»​។ លោក​បាន​កត់សម្គាល់​ថា ការលុបចោល​ការធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី​កាលពី​ពេល​ថ្មីៗ​នេះ​គឺ​វា​បាន​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​ជិតស្និទ្ធ​របស់​ខ្លួន​ក្នុង​ការ​ងាក​ទៅ​រក​ប្រទេស​ចិន​។

លោក Grevatt បន្ត​ថា​៖ «​ពួកគេ​កំពុង​បង្ហាញ​ភាព​ជា​ដៃគូ​ជិតស្និទ្ធ និង​រឹងមាំ​ហើយ​ពួកគេ​មាន​ជំនាញ ជាពិសេស​កម្លាំង​យោធា​បំពាក់​សម្ភារ​គ្រប់គ្រាន់​»​។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក Xiong Bo បាន​លើក​ឡើង​អំពី​តម្រូវការ​សម្រាប់​ការគាំទ្រ​របស់​កម្ពុជា​ចំពោះ​បញ្ហា​ប្រឈម​ក្នុង​តំបន់​។ លោក​ក៏​ចាត់ទុក​កម្ពុជា​ជា​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ​។

លោក​ថ្លែង​តាមរយៈ​អ្នក​បកប្រែ​ថា​៖ «​ចំនួន​ទាហាន និង​ទ្រង់ទ្រាយ​បរិក្ខារ​នៃ​កងទ័ព​ទាំង​ ២ ​បាន​ឈាន​ដល់​កម្រិត​ប្រវត្តិសាស្ត្រ​មួយ​​នេះ នាយទាហាន និង​ពលទាហាន​ប្រទេស​ទាំង​ ២ ​សហការគ្នា​យ៉ាង​ជិតស្និទ្ធ ដោយ​ធ្វើការ​ចម្រុះ​គ្នា​ដែល​បាន​ទទួល​ភាពជោគជ័យ​ក្នុង​លំហាត់​...​។ តាមរយៈ​លំហាត់​លើក​នេះ​ភាគី​ទាំង​ ២ ​បាន​លើក​កម្ពស់​ដោយ​ប្រសិទ្ធភាព និង​គុណភាព​នយោបាយ និង​យោធា បច្ចេកទេស វិទ្យាសាស្ត្រ​រៀងៗ​ខ្លួន ហើយ​ក៏​បាន​បង្កើត​មិត្តភាព​រវាង​ទាហាន​នៃ​ប្រទេស​ទាំង​ ២ ពង្រឹង​សមត្ថភាព​ប្រយុទ្ធ​រវាង​ទាហាន​នៃ​កងទ័ព​ប្រទេស​ទាំង​ ២ ​។ ខ្ញុំ​សង្ឃឹម​ថា កងទ័ព​ទាំង​ ២ ​កាន់តែ​ស៊ីជម្រៅ​នៃ​ការផ្លាស់ប្ដូរ និង​កិច្ចសហប្រតិបត្តិការ​បន្តបន្ទាប់​ដើម្បី​រួមចំណែក​នៅ​ក្នុង​ការជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ អភិវឌ្ឍ និង​រួម​គ្នា​ប្រឈម​បញ្ហា​ក្នុង​តំបន់​ និង​រក្សាសុខ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​»៕ NS