ភ្នំពេញៈ កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ប្រជាជន​វៀតណាម​គ្រោង​រៀបចំ​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ខែធ្នូ ឆ្នាំ​ ២០១៩ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ ២ នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​។

លោក ​ថោង ​សូលីម៉ូ អ្នកនាំពាក្យ​អគ្គបញ្ជាការ​កងទ័ព​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ប្រជាជន​វៀតណាម​នឹង​ចូលរួម​សមយុទ្ធ​ជាមួយ​គ្នា​ដែល​ត្រូវ​ធ្វើ​ឡើង​នៅតាម​បណ្តោយ​ព្រំដែន​នៅក្នុង​ខេត្ត​ស្វាយរៀង និង​ឡុង​អាន​ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​មាន​ទឹកជំនន់ និង​ភ្លើង​ឆេះ​ព្រៃ ព្រម​ទាំង​ពង្រឹង​ការសហការណ៍​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​អ្នក​ដែល​ចូលរួម​សមយុទ្ធ​គឺជា​កម្លាំង​នៅតាម​បណ្តោយ​ព្រំដែន​។ សមយុទ្ធ​ជាមួយ​គ្នា​នេះ​គឺជា​លើក​ទី​ ១ ដែល​យើង​ធ្វើ​នៅតាម​បណ្តោយ​ព្រំដែន​នៅក្នុង​ខេត្ត​ស្វាយរៀង និង​ខេត្ត​ឡុងអាន​» ។

ទោះជា​យ៉ាងណា​ក្ដី​លោក សូលីម៉ូ ​នៅ​មិនទាន់​អាច​ផ្តល់ព័ត៌មាន​អំពី​ចំនួន​ពិត​នៃ​កងទ័ព​ប្រទេស​ទាំង​ ២ និង​កាលបរិច្ឆេទ​នៃ​ការចាប់ផ្ដើម​សមយុទ្ធ​ពិតប្រាកដ​នោះទេ​។

ជាមួយ​គ្នា​នេះ​ដែរ​លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​ក៏​បាន​សម្ដែង​ការគាំទ្រ​ចំពោះ​ការធ្វើ​សមយុទ្ធ​រួមគ្នា​រវាង​កងទ័ព​កម្ពុជា​វៀតណាម​អំពី​ការសង្គ្រោះ​ពេល​មាន​គ្រោះមហន្ដរាយ​។ នេះ​បើ​តាម​ហ្វេសប៊ុក​របស់​លោក ដែល​បាន​បង្ហោះ​ក្រោយ​បញ្ចប់​ជំនួប​សម្ដែង​ការគួរសម​ជាមួយ​លោក ​ផាន វ៉ាន់ហ្សាង អនុរដ្ឋមន្ត្រី និង​ជា​ប្រធាន​អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​វៀតណាម​នៅ​ល្ងាច​ថ្ងៃទី​ ៣០ ខែ​តុលា ឆ្នាំ​ ២០១៩ នៅក្នុង​វិមាន​សន្ដិភាព​។

លោក ហ៊ុន សែន បាន​ចាត់ទុក​ថា​ការរៀបចំ​សមយុទ្ធ​ក្នុង​ពេល​មាន​គ្រោះមហន្តរាយ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ ១២ ​ខាងមុខ​គឺជា​ការអនុវត្ត​មួយ​ដែល​ផ្ដល់​នូវ​ផលប្រយោជន៍ ដល់​ប្រជាជន​ទាំង​ ២ នៅពេល​ដែល​មាន​គ្រោះមហន្តរាយ ជាពិសេស​ពេល​មាន​ភ្លើង​ឆេះ​ព្រៃ និង​មាន​ទឹកជំនន់​​ជាដើម ដោយហេតុ​ភ្លើង​ឆេះ​ព្រៃ​មិន​ស្គាល់​ព្រំដែន​ទេ ហើយ​ការអនុវត្ត​សមយុទ្ធ​នេះ​គឺ​កងទ័ព​កម្ពុជា​ត្រូវ​ចូល​ទៅ​កាន់​ទឹកដី​វៀតណាម ហើយ​កងទ័ព-វៀតណាម​ត្រូវ​ចូលមក​កាន់​ទឹកដី​កម្ពុជា ដើម្បី​ចៀសវាង​ដល់​ការយល់​ច្រឡំ​គ្នា និង​ធ្វើឲ្យ​មាន​ការ​យល់ដឹង​ដោយ​ទូលំទូលាយ​ផងដែរ​។

លោក ហ៊ុន សែន បាន​ឲ្យ​ដឹងថា​៖ «​សកម្មភាព​មនុស្សធម៌​ក្នុង​សមយុទ្ធ​នេះ គឺ​ភាគី​កម្ពុជា​អាច​ចូលទៅ​ព្យាបាល​ប្រជាជន​វៀតណាម ហើយ​ប្រជាជន​វៀតណាម​អាច​ចូលមក​ព្យាបាល​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ត្រៀម​នៅពេល​ដែល​មាន​គ្រោះមហន្តរាយ ហើយ​ក៏​អាច​ជំរុញ​ឱ្យ​មាន​កម្មវិធី​កីឡា សិល្បៈ ផងដែរ​។ សំខាន់​ជាង​នេះ​គឺ​ធ្វើយ៉ាងណា​បន្ត​កិច្ចសហប្រតិបត្តិការ​ដែលមាន​ស្រាប់ និង​ជំរុញ​បង្ក​លក្ខណៈ​ណា​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​អាច​ប្រកប​អាជីវកម្ម​តាម​ព្រំដែន​បាន​ដោយ​ងាយស្រួល​ផងដែរ​»​។

អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន បាន​ថ្លែងថា ការធ្វើ​សមយុទ្ធ​រវាង​ភាគី​កម្ពុជា និង​វៀតណាម​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ក្នុង​វិស័យ​យោធា ហើយ​ប្រទេស​វៀតណាម គឺជា​មិត្ត​ជិតស្និទ្ធ​របស់​កម្ពុជា​ដោយសារ​តែ​វៀតណាម​តែងតែ​ផ្តល់ជំនួយ​ដល់​កម្ពុជា ទាំង​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស និង​សម្ភារ​លើ​វិស័យ​យោធា​ដល់​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​វា​ជា​រឿង​ធម្មតា​​ទេ​ដែល​ប្រទេស​ទាំង ២ ធ្វើ​សមយុទ្ធ​ជាមួយ​គ្នា​ដោយសារ​តែ​វា​គឺជា​ផ្នែក​មួយ​ក្នុង​ការពង្រឹង​ការងារ​គ្រប់គ្រង និង​ការដោះស្រាយ​គ្រោះមហន្តរាយ​។ វា​នឹង​ជួយ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​»​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​សង្គម និង​នយោបាយ​បាន​ថ្លែងថា សមយុទ្ធ​នេះ​គឺ​ចង់​បង្ហាញថា ទំនាក់ទំនង និង​ការសហការ​រវាង​កងទ័ព​ប្រទេស​កម្ពុជា និង​វៀតណាម​នៅតែ​ជា​មិត្តជិតស្និទ្ធ និង​ទំនាក់ទំនង​នេះ​មិន​មាន​ការប្រែប្រួល​ទេ បើទោះបី​ជា​ប្រទេស​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​ចិន​យ៉ាង​ជិតស្និទ្ធ​ដូចជា​ដែកថែប​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​នេះ​ជា​សកម្មភាព​មួយ​ក្នុង​ការសហការ​គ្នា​រវាង​កងទ័ព​ទាំង​ ២ ជាពិសេស​ក្រោយ​ដែល​មាន​សមយុទ្ធ​រួមគ្នា​រវាង​កងទ័ព​ចិន និង​កងទ័ព​ខ្មែរ​ដើម្បី​សម្ដែង​ថា មិត្តភាព​រវាង​កម្ពុជា និង​វៀតណាម​មិនមាន​ការកែប្រែ​ក្រោយ​មាន​មិត្តភាព​ចិន​»៕